កំណត់និពន្ធ៖ អស់រយៈពេលជាងមួយឆ្នាំហើយ ដែលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលជាគំនិតផ្ដួចផ្ដើមនៃការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ នាំមុខដោយចិនប៉េកាំង បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។ ការផ្ដោត និងវិសាលភាពការងារស្រដៀងគ្នានឹងធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីដែរ ក៏ប៉ុន្តែ ធនាគារAIIB មានរបៀបធ្វើការដាច់ដោយឡែក ពោលគឺមិនប៉ះពាល់ និងមិនតម្រូវឱ្យប្រទេសទទួលថវិកា ធ្វើនេះធ្វើនោះ តាមដែលខ្លួនចង់បាន ជាលក្ខខណ្ឌតម្រូវនោះទេ។ នៅក្រៅព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅរាជធានីភ្នំពេញកាលពីសប្ដាហ៍កន្លងទៅ លោក អូន ឆេងប៉រ នៃVOA បានសម្ភាសន៍លោក Joachim von Amsberg អនុប្រធានទទួលបន្ទុកផ្នែកគោលនយោបាយ និងវិនិយោគ របស់ AIIB អំពីការងារ និងការរំពឹងទុកទៅថ្ងៃអនាគតរបស់ធនាគារថ្មីមួយនេះ។ ខាងក្រោមនេះ គឺជាបទសម្ភាសន៍ជាសំឡេង និងខ្លឹមសារនៃបទសម្ភាសន៍នេះទាំងស្រុង ដែលត្រូវបានបកប្រែជាភាសាខ្មែរ៖
VOA៖ បើមានធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ជាដើម កំពុងបំពេញប្រតិបត្តិការផ្ដល់កម្ចី និងធនធានដល់ការអភិវឌ្ឍនៅសព្វទិសទីទៅហើយ ហេតុអ្វីចាំបាច់មានការបង្កើតឱ្យមានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ថែមទៀត?
លោក Joachim von Amsberg៖ តម្រូវការផ្នែកហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធមានទំហំធំធេងណាស់ ដែលធនាគារអភិវឌ្ឍដែលកំពុងដំណើរការទាំងឡាយទាំងពួង មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ និងទាន់តាមតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នេះបានទេ។ ហេដ្ឋារចនាសម្ព័ន្ធនេះ សំដៅទៅលើ ផ្នែកថាមពល ផ្លូវថ្នល់ ផ្លូវដែក ធារាសាស្ត្រ និងផ្នែកទូរគមនាគមន៍។
មូលហេតុមួយផ្សេងទៀត នោះគឺដោយសារបណ្ដាប្រទេសនៅតំបន់អាស៊ីដែលមានសេដ្ឋកិច្ចលូតលាស់លឿនរហ័ស បាននឹងកំពុងប្រមូលចងក្រងគ្នាជាសម្លេងដ៏លាន់ឮ ដើម្បីឱ្យមតិយោបល់របស់ពួកគេមានទម្ងន់ទៅលើការសម្រេចចិត្តលើបញ្ហាសកលលោកនានា ក្នុងក្របខណ្ឌធនាគារអភិវឌ្ឍ។
វាមានការលំបាកក្នុងការទៅកែលក្ខន្តិកៈ និងសម្រួលសមាមាត្រភាគហ៊ុននៅធនាគារអភិវឌ្ឍដែលមានស្រាប់ ឱ្យស្របទៅតាមតថភាពសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មីចុងក្រោយនេះ ដែលបណ្ដាប្រទេសមានសេដ្ឋកិច្ចទើបលូតលាស់ មានតួនាទីកាន់តែធំធេង។
អ៊ីចឹងយើងមានប្រធានរឿងសំខាន់ពីរនាំឱ្យយើងបង្កើតធនាគារនេះឡើង គឺទីមួយផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទីពីរធ្វើឱ្យបណ្ដាប្រទេសកំពុងលូតលាស់នៅអាស៊ី អាចឡើងដឹកនាំស្ថាប័នអន្តរជាតិ ដើម្បីបំពេញបង្គ្រប់តម្រូវការរបស់ពួកគេ។
VOA៖ គេឃើញភាពគាប់ជួនចំពេលតែមួយ នៃការបង្កើត ធនាគារAIIB និងគំនិតផ្ដួចផ្ដើមនយោបាយការបរទេសរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង «ខ្សែក្រវាត់មួយ ផ្លូវមួយ»។ តើគម្រោងទាំងពីរនេះដែលសុទ្ធតែផ្ដួចផ្ដើមដោយប្រទេសចិន មានការជាប់ទាក់ទងគ្នាកម្រិតណាទៅបាទ?
លោក Joachim von Amsberg៖ «ខ្សែក្រវាត់មួយ ផ្លូវមួយ» និងធនាគារAIIB ជាប្រធានរឿងពីរខុសពីគ្នាស្រឡះ ក៏ប៉ុន្តែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ខុសគ្នាដោយសារតែ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ជាគំនិតផ្ដួចផ្ដើមយ៉ាងធំទូលំទូលាយ របស់ចិនដើម្បីលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម ជាពិសេស រវាងបណ្ដាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិច។
រីឯAIIBវិញជាធនាគារ ដែលមានក្របខណ្ឌផ្លូវច្បាប់ និងបែបបទអភិបាលកិច្ចប្រទាក់ក្រឡាច្បាស់លាស់ និងជាកម្មសិទ្ធិរបស់រដ្ឋជាសមាជិកចំនួនដល់ទៅ៧០ប្រទេស។ ហេតុនេះយើងជា អង្គការពហុភាគី ដឹកនាំដោយសមាជិកទាំងអស់ មិនមែនមានតែសមាជិកមួយឬពីរដឹកនាំនោះទេ។
ប៉ុន្តែគំនិតផ្ដួចផ្ដើមទាំងពីរនេះ មានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ ពីព្រោះរដ្ឋជាសមាជិករបស់យើងជាច្រើន មានទីតាំងភូមិសាស្ត្រតាមបណ្ដាច្រករបៀងនៃ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ម្ល៉ោះហើយ យើងរំពឹងថានឹងមានករណីដែលរដ្ឋជាសមាជិករបស់យើងខ្លះ នឹងបង្ហាញជូនយើង ដើម្បីសុំស្នើទឹកប្រាក់ ទៅអនុវត្តគម្រោងដែលជាផ្នែកនៃ «ខ្សែក្រវាត់មួយ ផ្លូវមួយ»។ ហើយនឹងពិនិត្យលទ្ធភាពផ្ដល់ជូននូវកម្ចី ពីព្រោះពួកគេមានអាទិភាពដោយហេតុថាពួកគេជាសមាជិកនៃធនាគាររបស់យើង មិនមែនដោយសារតែពួកគេជាផ្នែកនៃ«ខ្សែក្រវាត់មួយ ផ្លូវមួយ»នោះទេ។
VOA៖ ការអនុវត្តការងាររបស់ធនាគារអភិវឌ្ឍមុនៗ តែងមានភ្ជាប់កម្ចីហិរញ្ញវត្ថុ ជាមួយនឹងការតម្រូវនានាដល់ប្រទេសទទួលកម្ចី ឱ្យកែលម្អលើផ្នែកផ្សេងៗ ដូចជាទាមទារឱ្យគោរពសិទ្ធិមនុស្ស កែទម្រង់ធានាអភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ តើធនាគារAIIB នឹងមានឥរិយាបថស្រដៀងគ្នានេះទេ?
លោក Joachim von Amsberg៖ យើងមិនមានធនធានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការផ្ដល់យោបល់ទៅដល់ប្រទេសទទួលជំនួយ លើប្រធានបទនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទធំជាងនេះ ឬក៏ដល់ផ្នែកទាក់ទងនឹងការកសាងស្ថាប័ននោះទេ។ មែនហើយ វាជាបញ្ហាសំខាន់ ប៉ុន្តែវាមិនមែនជាអ្វីដែលជាការផ្ដោតរបស់ AIIB នោះទេ។ AIIB ផ្ដោតទៅលើការផ្ដល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់។ នេះបានន័យថា យើងនឹងពិនិត្យមើលឱ្យបានដិតដល់ ទៅលើគុណភាពនៃគម្រោងនីមួយៗ ដែលយើងចង់ធ្វើឱ្យបា្រកដថា ក្នុងគម្រោងទាំងនោះ គ្មានអំពើពុករលួយ ហើយគោរពតាមបទដ្ឋាននិយាមស្ដង់ដារខ្ពស់។ តែយើងមិនផ្ដោតទៅលើក្របខណ្ឌដែលធំជាងនេះ ក្នុងប្រទេសទាំងនោះនោះទេ។
VOA៖ AIIB មានសមាជិក៧០ប្រទេសទៅហើយ តែគេមិនទាន់ឃើញសហរដ្ឋអាមេរិក និងជប៉ុនចូលរួមនឹងធនាគារផ្ដួចផ្ដើមដោយចិននេះនៅឡើយទេ។ តើប្រទេសទាំងពីរនេះ បានបង្ហាញនូវចំណាប់អារម្មណ៍អ្វីខ្លះទេ ដល់ការចូលរួមនឹង AIIB?
លោក Joachim von Amsberg៖ តាំងពីដើមរៀងមក AIIB បានបង្កខ្លួនឡើងក្នុងវិធីមួយដែលបើកចំហរ ដោយអញ្ជើញបណ្ដាប្រទេសទាំងអស់ ហើយជាពិសេស បណ្ដារដ្ឋជាសមាជិកនៃធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ឱ្យចូលរួមជាមួយយើង ក្លាយផ្នែកមួយនៃ ធនាគារ AIIB ដែលរួមមានជប៉ុន និងសហរដ្ឋអាមេរិក ក៏ទទួលការអញ្ជើញឱ្យចូលរួមដែរ។
នៅពេលចាប់ផ្ដើមដំបូង មានការកើតឡើងនូវមន្ទិលសង្ស័យខ្លះដែរ ថានេះអាចជាគំនិតផ្ដួចផ្ដើមរបស់ចិនតែម្នាក់ឯង លៃយ៉ាងណាដើម្បីបម្រើប្រយោជន៍នៃប្រជាជាតិចិន។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងទៅ មកទល់នឹងពេលនេះ មន្ទិលសង្ស័យទាំងនោះ បានប្ដូរជាការស្វែងយល់ និងទំនុកចិត្ត មកលើយើង ថាជាអង្គការអន្តរជាតិពិតៗ។
វាត្រូវបានផ្ដួចផ្ដើមបង្កើតដោយប្រទេសចិន ហើយចិនជាភាគហ៊ុនិកធំជាងគេ កាន់ហ៊ុនប្រមាណ២៥%នៃហ៊ុនសរុប និងអំណាចនៃការបោះឆ្នោត។ តែចិននៅត្រឹមតែជាភាគហ៊ុនិកធំជាងគេ ក៏ប៉ុន្តែមិនមែនជាសមាជិកដែលមានឥទ្ធិពលផ្ដាច់មុខនោះទេ។ រាល់ការសម្រេចចិត្តទាំងអស់ត្រូវធ្វើឡើង ទាំងអស់គ្នាក្នុងចំណោមសមាជិកទាំងអស់ ហើយជាការពិតយើងមានគំរូនៃការសម្រេចចិត្ត កុងសង់ស៊ីស ជាគោល ដែលសម្លេងរដ្ឋសមាជិកទាំងអស់សុទ្ធតែមានចំណែក និងមានទម្ងន់។
បន្ថែមពីការមានសមាជិកជាបណ្ដាប្រទេសនៅតំបន់អាស៊ីដែលចូលរួមជាមួយយើងពីដើមទី បណ្ដាប្រទេសអឺរ៉ុបជាច្រើនក៏បានសម្រេចចិត្តចូលរួមជាមួយយើងផងដែរ ក្នុងនាមជាសមាជិកស្ថាបនិក។ ឆ្នាំនេះយើងបានទទួលពាក្យសុំជាសមាជិកបន្ថែម លើសពីចំនួនសមាជិកស្ថាបនិកចំនួន៥៧ ទៅដល់៧០រដ្ឋជាសមាជិកនៅក្នុងឆ្នាំនេះ ហើយនឹងបន្តកើនបន្ថែមទៀត។
ខ្ញុំគិតថានេះជាការឆ្លុះបញ្ចាំងអំពីជំនឿ និងទំនុកចិត្ត ដែលត្រូវបានកសាងជាមូលដ្ឋានថា AIIB ពិតជាបាននឹងកំពុងបម្រើនូវផលប្រយោជន៍ប្រទេសជាសមាជិកទាំងអស់ មិនមែនបម្រើគ្រាន់តែប្រយោជន៍នៃប្រទេសជាភាគហ៊ុនិកធំជាងគេនោះទេ។
VOA៖ តើសហរដ្ឋអាមេរិក មានបានទាក់ទងចង់ចូលរួមនឹងAIIB ឬនៅ?
លោក Joachim von Amsberg៖ យើងមិនទាន់ទទួលបាននូវការចាប់អារម្មណ៍ជាក់លាក់ណាមួយពីសំណាក់សហរដ្ឋអាមេរិកនៅឡើយទេ ក៏ប៉ុន្តែយើងបន្តរក្សាភាពបើកចំហរទទួលដៃពីរ នូវការចាប់អារម្មណ៍របស់ប្រទេសណាក៏ដោយដែលចង់ចូលរួម។
ក្នុងបរិការណ៍ដែលចលនាសេដ្ឋកិច្ចពហុភាគីនិយម កំពុងទទួលរងនូវការគំរាមកំហែង AIIB គឺជានិម្មិតរូបនៃការបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែបោះជំហានទៅមុខ ហើយជាចរន្តអន្តរជាតិនិយម ដែលប្រទេសណាក៏ដោយក៏អាចដឹកនាំឱ្យឆ្ពោះទៅមុខបាន។ ពីមុនគេមានបណ្ដាប្រទេស OECD (អង្គការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច) ដែលដឹកនាំអង្គការស្ថាប័នពហុប្រជាជាតិនានា តែឥឡូវ យើងមាន AIIB ជាតឹកតាងបង្ហាញថា បណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ទាំងឡាយ នៅតំបន់បូព៌ា ក៏អាចដឹកនាំឱ្យមានការបង្កើតអង្គការពហុភាគីអន្តរជាតិបានដែរ។
VOA៖ នៅក្នុងឆ្នាំដំបូងៗរបស់ខ្លួន តើAIIBជួបប្រទះនឹងបញ្ហាអ្វីខ្លះ?
លោក Joachim von Amsberg៖ ខ្ញុំគិតថា បញ្ហាប្រឈមសំខាន់របស់យើង ក្នុងនាមជាអង្គការថ្មី គឺកិច្ចការដែលត្រូវបង្ហាញឱ្យឃើញនូវតម្លៃបន្ថែមរបស់យើង ទៅកាន់អតិថិជនរបស់យើង ដើម្បីបង្ហាញថា យើងអាចដោះស្រាយបញ្ហានៃបដិកម្មហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ។
យើងត្រូវការបង្ហាញថាយើងអាចជួយបង្កើនការបណ្ដាក់ទុន។ យើងត្រូវបង្ហាញថា នៅពេលដែលយើងចូលពាក់ព័ន្ធ វិនិយោគិនដទៃមានអារម្មណ៍ស្ងប់ចិត្តនឹងធ្វើការវិនិយោគរួមគ្នាជាមួយនឹងយើង។អ៊ីចឹងការចូលរួមរបស់យើងបានធ្វើឱ្យគម្រោងទទួលបាននូវផ្លែផ្កា ហើយយើងបានជួយកាត់បន្ថយនូវបដិកម្ម ដោយបង្កើនកាន់តែច្រើនឱ្យមានលំហូរមូលធនចូលទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅបណ្ដាប្រទេសអាស៊ី៕