ធនាគារពហុភាគីដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានជម្នះលើក្រុមអ្នករិះគន់ក្នុងរយៈពេលមួយឆ្នាំមកនេះដោយបានបង្ហាញនូវការងារល្អខ្លាំងដែលក្នុងនោះរួមមានការផ្តល់ហិរញ្ញប្បទានដល់គម្រោងនានានៅក្នុងប្រទេសជាង១០។
ធនាគារថ្មីដែលមានឈ្មោះថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍ថ្មីបានផ្តល់នូវភាពស្របច្បាប់ខាងនយោបាយថ្មីដល់ប្រទេសចិន និងជួយជំរុញផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់រដ្ឋបាលទីក្រុងប៉េកាំងទៅមុខទៀតតាមរយៈការផ្តល់ថវិកាចំនួន៣ពាន់លានដុល្លារដល់គម្រោងនានាក្រោមកម្មវិធីដែលមានឈ្មោះថា ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ។
ប៉ុន្តែសំណួរនៅត្រង់ថាតើធនាគារទាំងនេះអាចជួយប្រទេសចិនប្រយុទ្ធនឹងសកម្មភាពប្រទុស្តរាយដែលគំរាមដោយលោកប្រធានាធិបតីដូណល់ ត្រាំនៃសហរដ្ឋអាមេរិកបានដែរឬទេ។
លោក Jin Liqun ប្រធានធនាគារ AIIB បានរំលឹករដ្ឋបាលទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះថា ទ្វារនៅតែចំហរសម្រាប់សហរដ្ឋអាមេរិកចូលរួមក្នុងធនាគារនេះ។ រដ្ឋបាលលោកប្រធានាធិបតីអូបាម៉ាបានសម្រេចមិនចូលរួមជាមួយនឹងធនាគារនេះទេ បើទោះបីជាមានប្រទេសចំនួន៥៦បានចូលរួមជាសមាជិកដែលក្នុងនោះមានទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាប្រទេសកាណាដា អង់គ្លេស និងអូស្ត្រាលី។
លោក Jacob Kirkegaard អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson បានប្រាប់ VOA ថា៖ «ធនាគារ AIIB គឺជាស្ថាប័នមួយដែលនឹងជួយប្រទេសចិនទទួលបានគាំទ្រពីប្រទេសដទៃបើសិនជាមានការប្រឈមមុខដោយផ្ទាល់ណាមួយជាមួយនឹងលោកត្រាំ»។
លោកបានបន្ថែមថា៖ «ការបង្កើតធនាគារ AIIB និងការបង្ហាញថាទីក្រុងប៉េកាំងមានចេតនាក្នុងការអនុវត្តតាមច្បាប់ដែលមានស្រាប់គឺបានជួយប្រទេសចិនក្នុងពេលដែលលោកត្រាំហាក់ដូចជាដើរខុសពីតួនាទីជាប្រពៃណីរបស់អាមេរិកាំង និងច្បាប់អន្តរជាតិដទៃជាច្រើនទៀតដែលខ្លួនបានជួយបង្កើតឡើង»។
ប៉ុន្តែលោកបានបន្ថែមថាផលប្រយោជន៍គឺភាគច្រើនខាងផ្នែកការទូត និងនយោបាយព្រោះធនាគារ AIIB នឹងមិនផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចពិសេសណាមួយដល់ប្រទេសចិនទេនៅពេលណាដែលមានការប្រឈមមុខទ្វេភាគីជាមួយនឹងលោកត្រាំ៕