នៅក្នុងរយៈពេល ១០ឆ្នាំ ចាប់តាំងពីការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់ចិនមក កម្ពុជាបានទទួលកម្ចីដ៏សម្បើមដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រួមមានស្ពាន ថ្នល់ និងព្រលានយន្តហោះជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទៅប្រទេសចិននាដើមសប្តាហ៍ក្រោយ ដើម្បីចូលរួមអបអរខួប ១០ឆ្នាំ នៃគម្រោងមួយនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ វេទិកានេះនឹងមានការចូលរួមពីមេដឹកនាំ ក៏ដូចជាតំណាងប្រទេសប្រមាណ ១៥០។
រដ្ឋាភិបាលកម្ពុជាដែលកាន់តែស្និទ្ធនឹងប្រទេសចិន បានសរសើរគម្រោង BRI នេះ បើទោះមានភាពចម្រូងចម្រាសនៃការលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងត្រឡប់វិញ។
អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលកម្ពុជា លោក មាស សុភ័ណ្ឌ ប្រាប់វីអូអេថា គំនិតផ្ដួចផ្ដើម BRI «ពិតជាបានចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យមានការរីកចម្រើនលូតលាស់ តាមរយៈការកសាងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដែលបានចូលរួមក្នុងគម្រោង BRI លើគ្រប់វិស័យដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម ។ល»។
កាលពីខែកញ្ញា លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយលោកបានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រនយោបាយចិនតែមួយ គាំទ្រគំនិតផ្តួចផ្តើមរបស់ចិនជាលក្ខណៈអន្តរជាតិ រួមគ្នាប្រឆាំងនឹងការធ្វើនយោបាយក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ក្រៅពីនេះ មេដឹកនាំកម្ពុជានិងចិន បានប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពដែកថែប ដែលមានរយៈពេលជាង៦០ឆ្នាំ និងបានឯកភាពបន្ស៊ីចូលគ្នានូវយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក៏បានចុះហត្ថលើឯកសារចំនួន ១៥ និងកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។
កម្ពុជាមានគម្រោងផ្សេងទៀត ក្រោមកម្ចីរបស់ចិន រួមមានគម្រោងផ្លូវល្បឿនលឿន ស្ពានឆ្លងកាត់ទន្លេមេគង្គ និងគម្រោងផ្លូវដែកដែលកំពុងសិក្សា។ កាលពីខែមិថុនា កម្ពុជា បានបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅទីក្រុងបាវិត ក្នុងខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ដោយមានការចំណាយប្រមាណ១.៦៣០លានដុល្លារអាមេរិក ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន។
របាយការណ៍របស់អង្គការវេទិកាអនាគត (Future Forum) ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២២ បង្ហាញថា គម្រោងមួយចំនួននៅកម្ពុជាដែលទទួលមូលនិធិពីប្រទេសចិន ក្រោមគំនិតផ្តួចផ្តើម BRI ប្រឈមនឹងបញ្ហាសំខាន់ៗ ដូចជាបញ្ហាតម្លាភាព និរន្តរភាព និងការបំពានច្បាប់។ របាយការណ៍នេះត្រូវបានចងក្រង ដោយសិក្សាគម្រោងចំនួន ៣ នៅកម្ពុជា រួមមានទំនប់វារីអគ្គិសនីតាតៃ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ផ្លូវជាតិលេខ ៦។
បើតាមវេទិកាអនាគត គិតត្រឹមខែមិថុនា ឆ្នាំ ២០២១ ចិនបានសាងសង់ស្ពានចំនួន ៨ និងផ្លូវប្រវែងប្រមាណ ៣២០០គីឡូម៉ែត្រ ដោយប្រាក់កម្ចីសម្បទានជាង ៣ពាន់លានដុល្លារអាមេរិក។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់វីអូអេថា គំនិតផ្តួចផ្តើម BRI មានប្រយោជន៍សម្រាប់កម្ពុជា ប៉ុន្តែលោកថា ការសាងសង់ផ្លូវថ្នល់ភាគច្រើនគឺក្រោមរូបភាពកម្ពុជាខ្ចីបុលពីចិន ដោយត្រូវភ្ជាប់ជាមួយអត្រាការប្រាក់ និងត្រូវបង់សងត្រឡប់ទៅវិញ។ លោកថា វាមិនដូចជំនួយរបស់ជប៉ុនដែលកសាងផ្លូវថ្នល់ឱ្យកម្ពុជានោះទេ។
លោកបន្ថែមថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមរូបភាពវិនិយោគ «សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (BOT: Build-Operate-Transfer) ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ក្នុងរយៈពេលវិនិយោគចំនួន ៥០ឆ្នាំ ក៏មិនទាន់ផ្តល់អត្ថប្រយោជន៍ពេញលេញសម្រាប់ពលរដ្ឋនោះដែរ ព្រោះពលរដ្ឋត្រូវចំណាយថវិកាទើបអាចប្រើប្រាស់បាន។
លោកថ្លែងថា៖ «ខ្ញុំនៅតែមើលឃើញអត្ថប្រយោជន៍ BRI មានកម្រិត បានន័យថាវាមិនបានផ្តល់ឱ្យពលរដ្ឋកម្ពុជាទាំងស្រុងពេញលេញ អត់បង់លុយឯណា។ យើងបង់លុយ ដូចជំនួយផ្លូវល្បឿនលឿន Highwayកំពង់សោម-ភ្នំពេញអ៊ីចឹង។ វាត្រូវការបង់លុយ មិនមែន Free វាមិនមែនសេវាឥតគិតថ្លៃឯណា។ យើងគិតមើល អានេះជាបញ្ហាមួយដែលចោទ[ជា]ឧបសគ្គសម្រាប់ពលរដ្ឋកម្ពុជាដែរ»។
បន្ថែមពីនេះ លោក ឯម សុវណ្ណារ៉ា លើកឡើងថា អ្នកនយោបាយកម្ពុជា គួរតែថ្លឹងថ្លែងយ៉ាងណារក្សាឱ្យបាននូវនយោបាយការបរទេសជាមួយប្រទេសផ្សេង ខណៈទទួលបានកម្ចីច្រើនពីចិន ដោយសារទំនាក់ទំនងស្អិតរមួត។
លោកថ្លែងថា៖ «BRI គំនិតផ្តួចផ្តើមផ្លូវនិងខ្សែនេះ វាផ្តល់ផលប្រយោជន៍ហើយ[សម្រាប់]កម្ពុជា។ ក៏ប៉ុន្តែបើសិនជាយើងមិនអាចរក្សាបាននូវតុល្យភាពនៃទំនាក់ទំនងជាមួយលោកខាងលិចទេ ឬយើងខ្លួនឯង ប្រាសចាកនឹងខ្លឹមសារច្បាប់ ដែលយើងបានចុះហត្ថលេខា ដែលយើងបានអនុវត្តហ្នឹងគឺបានន័យថា យើងនឹងបាត់បង់អត្ថប្រយោជន៍ជាមួយលោកខាងលិចហើយ។ លោកខាងលិចទាមទារឱ្យយើងឈរជំហរអព្យាក្រឹត ជាពិសេសទៅលើទីតាំងភូមិសាស្រ្ត»។
អ្នកស្រាវជ្រាវឈ្មោះ Jing Jing Luo និងលោក ឃាង អ៊ុន (Kheang Un) បានសរសេរកាលពីឆ្នាំ ២០២១ នៅក្នុងឯកសារសិក្សាមួយឈ្មោះ Contemporary Southeast Asia ថា ការវិនិយោគនិងជំនួយរបស់ចិន គឺជាកាំបិតមុខពីរសម្រាប់គណបក្សប្រជាជនកម្ពុជា។
អ្នកស្រាវជ្រាវទាំងពីររូបបានសរសេរថា៖ «ការភ្ជាប់ទំនាក់ទំនងរបស់ចិនអាចពង្រឹង និងធ្វើឱ្យមានភាពកម្សោយនៃភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា គឺថា វាអាចជួយធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តែការវិនិយោគរបស់ចិនខ្លះ មានឥទ្ធិពលអវិជ្ជមានផ្នែកសេដ្ឋកិច្ចសង្គមលើសាធារណជនកម្ពុជា ដូច្នេះវាមានផលប៉ះពាល់ខ្លាំងទៅលើភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកំពុងមានភាពតានតឹងជាសាកលជាមួយប្រទេសចិន បានព្រមានប្រទេសនានាប្រឆាំងនឹងការខ្ចីបំណុលយ៉ាងច្រើនសម្បើម ក្រោមយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង BRI របស់ប្រទេសចិន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា គំនិតផ្តួចផ្តើម BRI គឺជាអន្ទាក់បំណុល និងអាចនាំឱ្យប្រទេសទាំងនោះបាត់បង់ការគ្រប់គ្រងទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលដាក់ជាទ្រព្យបញ្ចាំ ដោយលើកឡើងករណីនៅប្រទេសស្រីលង្កា ដែលធ្លាក់ក្នុងអន្ទាក់ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រប់គ្រងកំពង់ផែសំខាន់ ក្រោយមិនអាចបង់សងត្រឡប់មកវិញ។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា បានការពារថា ការខ្ចីអាចគ្រប់គ្រងបាន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងឯកសារផ្លូវការរបស់ខ្លួនថាបំណុលបរទេសបច្ចុប្បន្ន មានប្រមាណ ១០ពាន់លានដុល្លារ ប្រមាណ ៣៥%នៃផលិតផលក្នុងស្រុកសរុប (GDP)។ បំណុលដែលកម្ពុជាជំពាក់ចិន ស្មើជាង ៤០%នៃបំណុលសរុប ដែលជាបំណុលច្រើនជាងគេបំផុត។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២។
កាលពីឆ្នាំ២០១៩ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនទាន់ឈានដល់កម្រិតដែលត្រូវព្រួយបារម្ភនោះទេចំពោះបំណុលពីចិន តាមរយៈគម្រោងខ្សែក្រវាត់ពាណិជ្ជកម្មចិន BRI។
លោក ហ៊ុន សែន បានថ្លែងកាលនោះថា៖ «ខ្ញុំអាចបញ្ជាក់បានថា មិនដល់កម្រិតនោះទេ។ ប៉ុន្តែរឿងប្រទេសដទៃ មិនមែនគ្រាន់តែប្រទេសខ្លះជំពាក់បំណុលគេរហូតទៅដល់ ២០០ ភាគរយ ៣០០ ភាគរយ ឬ ៥០០ ភាគរយនៃផលិតផលសរុបក្នុងស្រុក GDP ប៉ុន្តែមិនមែនបានជំពាក់ចិនឯណា។ វាមិនមែនជាអន្ទាក់របស់ចិនទេ។ ប្រទេសខ្លះអត់ទាំងជំពាក់ចិនផង ប៉ុន្តែជំពាក់តាំងពីមុនពេលដែលចិនមាននយោបាយផ្លូវនិងខ្សែក្រវាត់ឯណោះ»។
លោក ហ៊ុន សែន ក៏បានបញ្ជាក់អំពីលទ្ធភាពក្នុងការរក្សាអធិបតេយ្យភាពរបស់កម្ពុជា ក្នុងការខ្ចីបំណុលឥណទានពីប្រទេសដទៃ និងការគោរពរបស់ប្រទេសចិនចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ប្រាក់កម្ចីទាំងនោះ។
ស្ថានទូតចិនប្រចាំនៅកម្ពុជាមិនបានឆ្លើយតបនឹងសំណួរដែលវីអូអេ បានសួរតាមសារអ៊ីមែលនោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានសរសើរជំនួយរបស់ចិនថា មិនមានភ្ជាប់លក្ខខណ្ឌអ្វីឡើយ ខណៈទំនាក់ទំនងជាមួយប្រទេសលោកខាងលិចបានធ្លាក់ចុះកាន់តែខ្លាំង ក្រោយមានការបង្ក្រាបនយោបាយលើក្រុមប្រឆាំង និងការប្រើប្រាស់វិធានការផ្លូវច្បាប់លើគណបក្សប្រឆាំង៕