រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញពីសក្តានុពលនៃបច្ចេកវិទ្យារបស់ខ្លួននៅសមុទ្រចិនខាងត្បូងកាលពីខែមុន ពេលដែលទូកសង្រ្គោះមួយរបស់ខ្លួនរើសបានយន្តហោះស្រាវជ្រាវវិទ្យាសាស្រ្តដ្រូនរបស់អាមេរិក នៅក្រោមសមុទ្រចម្ងាយ៩៣គ.មពីប្រទេសហ្វីលីពីន ជាទីដែលមានកងទ័ពជើងទឹកខ្សោយជាងគេ ដោយនិយាយថាខ្លួនមិនបានដឹងពីឧប្បត្តិហេតុនេះទេ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការតវ៉ារឿងនេះ ហើយប្រទេសចិនដែលបានចោទប្រកាន់រដ្ឋធានីវ៉ាស៊ីនតោនថា បានព្យាយាមពង្រីកដែនដី បានបញ្ជូនយន្តហោះដ្រូននេះទៅឲ្យអាមេរិកវិញ។
សមត្ថភាពក្នុងការត្រួតពិនិត្យសកម្មភាពនៅសមុទ្រចិនខាងត្បូង
អ្នកវិភាគនិយាយថា ប្រទេសចិនអាចរកឃើញសកម្មភាពរបស់ប្រទេសផ្សេងៗ យ៉ាងជំនាញជាមួយនឹងបច្ចេកវិទ្យាទំនើបដូចជាប្រព័ន្ធរ៉ាដា យន្តហោះដ្រូន និងយ៉ាងហោចណាស់ប្រព័ន្ធផ្កាយរណបដែលគ្របដណ្តប់ផ្នែកជាច្រើននៃប្រជុំកោះ Spratlys និង Paracel។ ប្រទេសផ្សេងទៀតខ្វះទាំងថវិកា ទាំងបច្ចេកទេស ក្នុងការប្រកួតជាមួយបច្ចេកវិទ្យាដែនសមុទ្ររបស់ប្រទេសចិន ដែលបច្ចេកវិទ្យានេះត្រូវបានលាតត្រដាងចាប់តាំងពីឆ្នាំ២០១០ តែមិនបានបង្ហាញពីចំនួនថវិកានោះទេ។
លោកស្រី Yun Sun សហការីជាន់ខ្ពស់នៅ East Asia Program របស់មជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថ្លែងថា៖
«ចិនអាចប្រើបច្ចេកវិទ្យារបស់ពួកគេ ឬប្រើប្រាស់ការការពារដើម្បីទាមទារថា ខ្លួនបានពង្រឹងការត្រួតពិនិត្យ ឬរដ្ឋបាល ឬក៏ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង។ នេះអាចជាបញ្ហាមួយនៅពេលអនាគត»។
បច្ចេកវិទ្យាខ្ពស់ពង្រឹងការទាមទារតាមផ្លូវច្បាប់ចំពោះសមុទ្រ
លោកស្រី Sun និយាយថាការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទំនងជាជួយគាំទ្រដល់ការប្រជែងទាមទារតាមផ្លូវច្បាប់ណាមួយរបស់ក្រុងប៉េកាំង ក្នុងពេលអនាគត។ តុលាការអាជ្ញាកណ្តាលអន្តរជាតិបានកាត់សេចក្តីប្រឆាំងនឹងការទាមទាររបស់ចិនលើដែនសមុទ្រប្រហែល៩៥ ភាគរយ ដោយពឹងផ្អែកលើកំណត់ត្រាប្រវត្តិសាស្រ្ត។ ចិនបានបដិសេធមិនព្រមទទួលសាលក្រមនេះទេ។
«ចិនអាចបង្កើតបានបញ្ជីរៀបរាប់ឧបករណ៍ដែលពួកគេបានដាក់ពង្រាយក្នុងតំបន់ ហើយវាអាចបង្ហាញពីអធិបតេយ្យភាពរបស់ពួកគេ»។
សមុទ្រក្នុងតំបន់ត្រូពិកដែលគ្របដណ្តប់ដែនទឹកជាង៩លានគីឡូម៉ែត្រការេ លាតសន្ធឹងទៅភាគនិរតីពីកោះតៃវ៉ាន់កាត់ប្រទេសចិនទៅដល់ប្រទេសសិង្ហបុរី។ សមុទ្រនេះសម្បូរដោយមច្ឆជាតិ ផ្លូវទឹកសម្រាប់ដឹកជញ្ជូន ហើយនឹងប្រេងឥន្ធនៈហ្វូស៊ីល។ ប្រទេសព្រុយណេ ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ និងប្រទេសហ្វីលីពីនក៏បានធ្វើការទាមទារដែរ។ សហរដ្ឋអាមេរិកមិនមែនជាអ្នកទាមទារនោះទេប៉ុន្តែបានទទូចសុំសេរីភាពក្នុងការធ្វើនាវាចរ។ បច្ចេកវិទ្យាយោធាអាមេរិក យ៉ាងហោចណាស់ក៏អាចប្រកួតជាមួយចិនដែរ។ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបានពង្រាយឧបករណ៍ណាមួយនៅសមុទ្រចិនខាងត្បូងឡើយ។
ប្រទេសចិននាំមុខគេក្នុងការពង្រាយបច្ចេកវិទ្យាទំនើប
លោក Collin Koh អ្នកស្រាវជ្រាវផ្នែកសន្តិសុខសមុទ្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang Technological University នៅប្រទេសសិង្ហបុរីបាននិយាយថា ប្រទេសវៀតណាមដែលមានជម្លោះដែនសមុទ្រជាមួយចិនម្តងម្កាលតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកនេះ មានបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់លើផ្ទៃសមុទ្រ ប៉ុន្តែខ្វះខាតបច្ចេកវិទ្យាទំនើបក្រោមទឹកដូចប្រទេសចិន។ ចំណែកបច្ចេកវិទ្យាក្នុងប្រទេសដែលទាមទារផ្សេងទៀត គឺកាន់តែយឺតយ៉ាវជាងនេះទៅទៀត។
«ប្រទេសដែលទាមទារឯទៀតៗតិចឬច្រើន ពួកគេ នៅតែជាប់គាំងជាមួយប្រព័ន្ធតាមដានបែបប្រពៃណីដូចជាករណីបច្ចេកវិទ្យាតាមអាកាស និងលើផ្ទៃសមុទ្រ។ នៅទីនេះយើងកំពុងប្រឈមនឹងការរីកសាយអាវុធនៃបច្ចេកវិទ្យាថ្មីដែលមិនមានលក្ខណៈដូចគ្នានិងមិនស្មើគ្នានៅសមុទ្រចិនខាងត្បូង»។
បច្ចេកវិទ្យាប្រទេសចិនអាចកំណត់បានថាតើកោះតូចៗមួយណាសមស្របសម្រាប់វិស័យទេសចរ ពាណិជ្ជកម្ម ឬការទាមទារដីកោះ នេះបើតាមការឲ្យដឹងរបស់លោកស្រី Sun។ បច្ចេកវិទ្យាទាំងនោះភាគច្រើនគឺដំឡើងនៅតាមផ្ទះ។ ឧបករណ៍ទំនើបៗរបស់ចិនត្រូវបានគេរំពឹងថាថ្ងៃណាមួយអាចនឹងបង្កើតជាឧបសគ្គជុំវិញសម្ភារៈយោធាដែលមានស្រាប់នៅដែនសមុទ្រ។
បច្ចេកវិទ្យាទំនើបជួយដល់ការទាមទារអធិបតេយ្យភាព
សារព័ត៌មានផ្លូវការ China Daily បានរាយការណ៍ថា ១ខែបន្ទាប់ពីការចេញសាលក្រមរបស់តុលាការពិភពលោកប្រឆាំងនឹងការទាមទាររបស់ចិន ទីក្រុងប៉េកាំងបានដាក់ពង្រាយប្រព័ន្ធផ្កាយរណបរបស់ខ្លួនចំនួន៣ដើម្បីចាប់យករូបភាព ដែលមានគុណភាពខ្ពស់របស់ប្រជុំកោះតូចៗ នាវាផ្សេងៗ អណ្តូងប្រេង និងអាកាសធាតុនៅសមុទ្រ។
លោកស្រី Sun និយាយថាចិនប្រហែលជាអញ្ជើញអ្នកតំណាងបរទេសជាច្រើនដើម្បីមកធ្វើទស្សនកិច្ចការតម្លើងបច្ចេកវិទ្យាទំនើបមួយនាពេលអនាគតនៅដែនសមុទ្រ ហើយនេះក៏ដើម្បីអួតពីការទាមទារអធិបតេយ្យភាពរបស់ខ្លួនផងដែរ។
ប្រទេសទាមទារឯទៀតជាពិសេសវៀតណាម និងហ្វីលីពីនបានតវ៉ាប្រឆាំងនឹងការដាក់យោធារបស់ចិននៅដែនសមុទ្រ ជាពិសេសនៅពេលដែលនាវារបស់ចិនចូលក្នុងដែនសេដ្ឋកិច្ចពិសេសនៅក្នុងមហាសមុទ្រដែលបានកំណត់ដោយប្រទេសទាំងនោះ។
លោក Ibrahim Suffian ប្រធានកម្មវិធីរបស់មជ្ឈមណ្ឌលដែលធ្វើការស្ទង់មតិឈ្មោះថា Merdeka Center មានមូលដ្ឋានទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីបាននិយាយថា នៅម៉ាឡេស៊ីដែលទាមទារផ្នែកនៃប្រជុំកោះ Spratlys និងដែលបានជាប់ចំណាត់ថ្នាក់កំពូលជាអ្នករុករកឧស្ម័ន និងប្រេងនៅសមុទ្រនោះ ពលរដ្ឋនៃប្រទេសនេះជាច្រើនបារម្ភពីការរីកចម្រើននៃបច្ចេកវិទ្យារបស់ចិន។
«មានការយល់ដឹងជាទូទៅមួយដែលថាប្រទេសម៉ាឡេស៊ីជាប្រទេសតូចមួយដែលសមត្ថភាពនៅមានកម្រិត ដូច្នេះយុទ្ធសាស្រ្តល្អបំផុតគឺការជៀសវាងពីជម្លោះ។ ពួកគេមិនពេញចិត្តនឹងគំនិតដែលចិននឹងបង្កើនអាវុធយោធានិងបច្ចេកវិទ្យាក្នុងតំបន់នោះទេ។ ពួកគេក៏មិនចង់ឲ្យប្រទេសមហាអំណាចផ្សេងទៀតដូចជាសហរដ្ឋអាមេរិកមានវត្តមានកាន់តែច្រើននោះផងដែរ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ