ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ស្នើឱ្យ​ពលរដ្ឋ​អាមេរិក ច្រានចោល​ភាព​ជ្រុលនិយម​ ​នៅ​​មុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ខាង​ក្រៅ​អគារ​ប្រវត្តិសាស្ត្រ Independence Hall ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ខាង​ក្រៅ​អគារ​ប្រវត្តិសាស្ត្រ Independence Hall ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២២។

នៅក្នុង​សុន្ទរកថាមួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ខាង​ក្រៅ​សាល​ប្រជុំ​ឯករាជ្យ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ព្រមាន​ថា​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ពីក្រុមសមាជិកគណបក្ស​សាធារណរដ្ឋ ដែលគាំទ្រអតីត​ប្រធានាធិបតី​អាមេរិក ​លោក Donald Trump។

ដោយ​នៅ​សល់​តែ​ជាង​២​ខែ​មុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ដែលនឹង​កំណត់​ថា​ តើ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែរក្សា​ការ​គ្រប់គ្រង​សភា​អាមេរិក​ឬ​យ៉ាង​ណា​នោះ​ មេដឹកនាំ​គណបក្ស​នេះ គឺ​លោក​ប្រធានាធិបតី Joe Biden ​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​រាប់រយនាក់​ថា​លទ្ធិប្រជាធិបតេយ្យក្នុង​សហរដ្ឋអាមេរិក កំពុង​«ស្ថិត​ក្នុង​ហានិភ័យ​មួយ»។​ លោក​ប្រធានាធិបតី​ Biden តាមធម្មតា​ជៀងវាង​មិន​និយាយ​ឈ្មោះ​លោក​អតីត​ប្រធានាធិបតី Donald Trump ដោយ​ចំៗ ប៉ុន្តែ​ក្នុង​សុន្ទរកថា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោកមិន​បាន​ជៀស​វាង​ទេ។​ ​

លោក Biden និយាយ​ថា៖​ «លោក Donald Trump និង​ក្រុម​សមាជិក​គណបក្ស​សាធារណរដ្ឋ​ ​ដែលចង់​ធ្វើ​ឱ្យ​អាមេរិកាំង​អស្ចារ្យឡើងវិញ​នោះ តំណាង​ឱ្យ​ភាព​ជ្រុលនិយម ដែល​គំរាមកំហែងដល់​មូលដ្ឋាន​គ្រឹះ​នៃ​របប​សាធារណរដ្ឋ​របស់​យើង»។

នៅក្នុងសុន្ទរកថា​ដែលមាន​រយៈពេល​២៤​នាទី​ លោក Biden ក៏​បាន​ព្រមាន​ផង​ដែរ អំពី​ការ​កើន​ឡើង​នូវ​វោហារសាស្ត្រ​នយោបាយដ៏​មានគ្រោះថ្នាក់។លោក​ថ្លែងថា៖​ «ខ្ញុំ​ចង់​និយាយ​រឿង​នេះ​ដោយ​ត្រង់ៗ​និង​ងាយស្រួល គឺថា​មិន​ត្រូវមានអំពើ​ហិង្សា​នយោបាយនៅ​ក្នុង​ប្រទេស​អាមេរិក​ទេ។ គឺ​ខ្លី​តែ​ប៉ុណ្ណឹង។ មិន​ត្រូវ​មាននោះ​ទេ។​ ​

នៅ​មុន​ការ​ថ្លែង​សុន្ទរកថា​របស់​លោក Biden មេដឹកនាំសំឡេង​ភាគតិច​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា​អាមេរិក លោក​ Kevin McCarthy ដែល​បាន​ស្ថិត​នៅ​ក្នុងរដ្ឋ Pennsylvania ដែរ​នោះ បាន​និយាយ​ថា​ គឺ​លោក Biden នោះ​ទេ ដែល​ជា​អ្នក​វាយ​ប្រហារទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​ ហើយ​ថា​ គោលនយោបាយ​របស់​លោក Biden «បាន​ធ្វើឱ្យ​ដួងព្រលឹងរបស់​អាមេរិក​រងរបួស»៕

XS
SM
MD
LG