ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​លោក​ Trump ​ នឹង​ត្រូវ​យក​មក​កាត់ទោស​អំពី​មុខនាទី​លោក​ទាក់ទង​ការ​វាយ​ប្រហារ​សភា​ឬ​ទេ?​


រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​មួយ​នៅ​ទី​ក្រុង​ Las Vegas សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​មួយ​នៅ​ទី​ក្រុង​ Las Vegas សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។

​នៅ​ពេល​ដែល​គណៈ​កម្មាធិការ​សភា​សហរដ្ឋ​អាមេរិក​ដែល​ពិនិត្យ​មើល​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៦​ ខែមករា ឆ្នាំ​២០២១ ​លើ​វិមាន​សភា​ Capitol ​បញ្ចប់​សវនាការ​សាធារណៈ​ទី​មួយ​របស់​ពួក​គេ​ក្នុង​សប្តាហ៍​នេះ​នោះ​ ​ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​នឹង​សម្ពាធ​ខ្លាំង​ជាង​មុន​ឱ្យ​យក​អតីត​ប្រធានាធិបតី​លោក​ Donald Trump ​ទៅកាត់​ទោស​ក្នុង​ការ​ទាក់ទង​ជាមួយ​ការ​វាយ​ប្រហារ​ដែល​មាន​ការ​បង្ហូរ​ឈាម​នោះ។​

ក្រសួង​យុត្តិធម៌​បាន​ចោទ​ប្រកាន់​ពួក​អ្នក​គាំទ្រ​លោក ​Trump ​ជាង​៨០០​នាក់​ដែល​មាន​ការ​ទាក់ទិន​ជា​មួយ​កុបកម្មហើយ​កំពុង​ស៊ើប​អង្កេត​ជន​ឯ​ទៀតៗ​ដែល​មាន​ការ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ដែរ។​

តែ​គេ​មិន​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា​តើ​ក្រសួង​នេះ​នឹង​ចាត់​វិធានការ​មិន​ធ្លាប់​មាន​ពី​មុន​ ក្នុង​ការ​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​ម្នាក់​ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​ដោយ​គណៈកម្មាធិការ​មួយ​ឬយ៉ាងណា។​

លោក ​William Banks ​ធ្វើការ​នៅ​ក្រុម​ប្រឹក្សា​សាស្ត្រាចារ្យ​ច្បាប់​ល្បី​ឈ្មោះ​នៅ​សាកល​វិទ្យាល័យ​ Syracuse។​ លោក​បាន​និយាយ​ថា៖​ «យើង​មិន​ដឹង​ទេ​ថា​តើ​នឹង​មាន​ការ​កាត់​ទោស​ដែល​ជា​លទ្ធផល​ដោយ​ផ្ទាល់​នៃ​សវនាការ​ទាំង​នេះ​ឬ​ទេ‍»។​

ដូច​នេះ​មិនមែន​មាន​ន័យ​ថា ​លោក​ Trump ​មិន​ស្ថិត​ក្នុង​គ្រោះថ្នាក់​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ នៅ​ពេល​ដែល​គណៈកម្មាធិការ​ដែល​មាន​សមាជិក​ប្រាំបួន​នាក់​បាន​បើក​សវនាការ​តាម​ទូរទស្សន៍​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៩​ ខែ​មិថុនា​នោះ​ អនុ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​គឺ​តំណាងរាស្រ្ត​គណបក្ស​សាធារណ​រដ្ឋ​អ្នកស្រី​ Liz Cheney​ បាន​សន្យា​ថា​ នឹង​បង្ហាញ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ អតីត​ប្រធានាធិបតី​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​ «ផែន​ការ​ប្រាំពីរ​ផ្នែក​ដ៏​ស្មុគ្រស្មាញ​ដើម្បី​បដិសេធ​លទ្ធផល​ការ​បោះឆ្នោត​ប្រធានាធិបតី​និង​ រារាំង​ការ​ផ្ទេរ​អំណាច​ប្រធានាធិបតី»។​

នៅ​ក្នុង​សវនាការ​៧​លើក​ គណៈកម្មាធិការ​ពីរ​គណបក្ស​ដែល​មាន​ពួក​អ្នក​ប្រជា​ធិបតេយ្យ​៧​នាក់​និង​ពួកអ្នក​សាធារណ​រដ្ឋ​២​នាក់​ជា​សមាជិក​នោះ​ បាន​លាត​ត្រដាង​ផែនការ​នោះដោយ​បង្ហាញ​ការ​រក​ឃើញ​ពី​បទ​សម្ភាសន៍​ជាង​មួយ​ពាន់​និង​ឯកសារ​ជាង​១២៥.០០០ច្បាប់៕

XS
SM
MD
LG