ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញវិធានការមួយចំនួន ដើម្បីសម្រួលដល់ផលិតកម្មដំណាំស្វាយចន្ទី ដែលកំពុងមានតម្រូវការពីទីផ្សារអន្តរជាតិ។ នេះបើយោងតាមសេចក្តីណែនាំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
សេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ «សមាគមស្វាយចន្ទីវៀតណាម ស្តីពីការជំរុញផលិតកម្មស្វាយចន្ទីកម្ពុជាសម្រាប់ការនាំចេញ» កាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០១៨កន្លងទៅនេះ។ ទន្ទឹមនឹងនេះ ភាគីសមាគមស្វាយចន្ទីវៀតណាមបានយល់ព្រមផ្តល់ប្រភេទពូជស្វាយចន្ទីគាំទ្របចេ្ចកទេសនិងប្រមូលទិញផលិតផលស្វាយចន្ទីពីកសិករ ឬសហគមន៍កសិកម្ម ដោយអនុវត្តតាមគោលការណ៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ដើម្បីបង្កើនផលិតកម្មដំណាំស្វាយចន្ទីឲ្យមានប្រសិទ្ធភាពខ្ពស់លោក វេង សាខុន បានផ្តល់ការណែនាំមួយចំនួន រួមមាន ពិនិត្យ សិក្សាអំពីសក្តានុពលជាយុទ្ធសាស្ត្រនិងតំណត់តំបន់ដាំដុះដំណាំស្វាយចន្ទី សម្រាប់ប្រជាកសិករនិងសហគមន៍កសិកម្ម ធ្វើការផលិតនិងភ្ជាប់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មតាមកិច្ចសន្យាក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញផលិតកម្មស្វាយចន្ទីកម្ពុជា សម្រាប់ការនាំចេញ ជាមួយសមាគមស្វាយចន្ទីវៀតណាម។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានជំរុញឲ្យមានការសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធជាមួយសមាគមស្វាយចន្ទីវៀតណាម ក្នុងការជ្រើសរើសក្រុមផលិត ការផ្តល់បច្ចេកទេសទំនើបជូនដល់ក្រុមកសិករ ឬសហគមន៍កសិកម្ម ដើម្បីដាំដុះដំណាំស្វាយចន្ទីជំនួសប្រភេទ ដំណាំណាដែលផ្តល់ទិន្នផលទាបដែលមិនសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានចំពោះមុខនិងទៅអនាគត។
ចំពោះសេចក្តីណែនាំចុងក្រោយ លិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបានសរសេរក្នុងន័យដើមថា៖
«ធ្វើការណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមកសិករឬសហគមន៍កសិកម្ម ព្រមទាំងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យចូលរួមបង្កើនផលិតកម្មដំណាំស្វាយចន្ទី ជាមួយសមាគមស្វាយចន្ទីវៀតណាមឲ្យបានល្អប្រសើរ ដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារនាំចេញ»។
ដោយឡែក កាលពីសបា្តហ៍មុននេះ លោក ប៉ុល សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានរាយការណ៍ប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អំពីស្ថានភាពនៃផលិតកម្ម និងតម្លៃកៅស៊ូ។
យោងតាមរបាយការណ៍របស់លោក ប៉ុល សុផា ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨ បានឲ្យដឹងថា កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤៣៦,៣៣៩ ហិកតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ១៧០ ២៣០ហិកតា ស្មើនឹង៣៩.០១ភាគរយ និងផ្ទៃដីថែទាំមានចំនួន ២៦៦,១០៩ ហិកតា ស្មើនឹង៦០.៩៨ភាគរយ។
របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងបន្ត ថា បរិមាណផលិតផលសម្រេចបានក្នុងរយៈពេល១២ខែ មានចំនួន ១៩៣,២៨៦តោន បានកើនឡើង ចំនួន ៤៨ ០៨៧តោន ស្មើនឹង៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បរិមាណបញ្ចេញលក់ក្នុងរយៈពេល១២ខែមានចំនួន ១៨៨,៨៣២តោន បានកើនឡើងចំនួន ៤៣,៧៣២ តោន ស្មើនឹង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន។
របាយការណ៍ដដែលបានសរសេរបញ្ជាក់ពីតម្លៃរបស់កៅស៊ូ ក្នុងន័យដើមថា៖
«តម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងរយៈពេល១២ ខែ គឺ១ ៥៨៦ ដុល្លារក្នុងមួយតោន បានកើនឡើង ៣០៣ដុល្លារក្នុងមួយតោន ស្មើនឹង២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
ទាក់ទិនបញ្ហាកសិកម្មនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែបានស្នើឲ្យប្រទេសឥណ្ឌាជួយពង្រឹងវិស័យកសិកម្មកម្ពុជា តាមរយៈប្រព័ន្ធព័ត៌មានវិទ្យារបស់ឥណ្ឌា ក្នុងការពិនិត្យមើលគុណភាពដី និងបែងចែកតំបន់ដាំដុះ។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក ទៅកាន់ប្រទេសឥណ្ឌា ដែលមានរយៈពេលបីថ្ងៃ គឺគិតចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៧មករា ឆ្នាំ ២០១៨នេះ។
យោងតាមការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលឧត្ដមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហារូបត្ថម្ភ ដែលទទួលបានការឧបត្ថម្ភពីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជាហៅកាត់ថា(USAID) បានឲ្យដឹងថា ៨០ភាគរយនៃប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជា បានធ្វើការដោយផ្ទាល់និងដោយប្រយោលជាមួយកសិកម្ម។ ៦៥ភាគរយ នៃមុខរបររបស់ប្រជាជន គឺពាក់ព័ន្ធនឹងវិស័យកសិកម្ម ហើយវិស័យនេះបានចូលរួមចំណែក៣២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ២០១៣។ ប្រទេសកម្ពុជាមានផ្ទៃដីប្រមាណ ៣,៧ លានហិកតា សម្រាប់ការងារដំាដុះ៕