ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា «ប្រតិបត្តិការ​យោធា» របស់​ខ្លួន​នឹង​ជោគជ័យ បន្ទាប់ពី​អ៊ុយក្រែន​ដណ្ដើម​បាន​ដែនដី​មួយ​ចំនួន​មក​វិញ


រូបឯកសារ៖ ទាហាន​អ៊ុយក្រែនត្រៀម​ដឹក​ជញ្ជូន​រថក្រោះ​រុស្ស៊ី​ដែល​ដណ្ដើម​បាន​នៅ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​តបត​មួយ ក្នុង​អំឡុងពេល​នៃ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២។ (Handout via REUTERS)
រូបឯកសារ៖ ទាហាន​អ៊ុយក្រែនត្រៀម​ដឹក​ជញ្ជូន​រថក្រោះ​រុស្ស៊ី​ដែល​ដណ្ដើម​បាន​នៅ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​តបត​មួយ ក្នុង​អំឡុងពេល​នៃ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២។ (Handout via REUTERS)

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​រុស្ស៊ី​នឹង​សម្រេច​បាន​តាម​គោល​បំណង​របស់​ខ្លួន​ទាំង​អស់​នៅ​ក្នុង «ប្រតិបត្តិការ​យោធា» របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាល​រុស្ស៊ី​អះអាង​ដូច្នេះ បន្ទាប់ពី​កងទ័ព​អ៊ុយក្រែន​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​នៅ​សមរភូមិ​នៅ​ក្នុង​តំបន់ Kharkiv។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​បដិសេធ​មិន​ឆ្លើយតប​ដោយ​ផ្ទាល់​ចំពោះ​សំណួរ​ដែល​អ្នក​យក​ព័ត៌មាន​សួរ​ថា​តើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មាន​ជំនឿ​ទុក​ចិត្ត​ឬ​ទេ​នៅ​ក្នុង​ការ​ដឹកនាំ​យោធា​របស់​លោក​នេះ ដោយ​លោក​បាន​ឆ្លើយ​ថា «ប្រតិបត្តិការ​ពិសេស» របស់​កងទ័ព​រុស្ស៊ី​នឹង​បន្ត​រហូត​ទាល់តែ​សម្រេច​បាន​តាម​គោល​បំណង​របស់​ខ្លួន។

លោក Peskov បាន​បន្ថែម​ថា លោក Putin បាន​ទាក់ទង​ជាប់លាប់​ជាមួយ​នឹង​មេបញ្ជាការ​យោធា​រុស្ស៊ី​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​គេ​តែងតែ​ជូន​ដំណឹង​ដល់​លោក​អំពី​ដំណើរ​វិវឌ្ឍន៍​យោធា​នៅ​ទីនោះ។

នេះ​គឺ​ជា​ប្រតិកម្ម​លើក​ដំបូង​បង្អស់​ពី​រដ្ឋាភិបាល​រុស្ស៊ី​ចំពោះ​ការ​វាយបក​តបត​ទៅ​វិញ​ដូច​ផ្លេកបន្ទោរ​របស់​កងទ័ព​អ៊ុយក្រែន​កាលពី​សប្ដាហ៍​មុន ដែល​នៅ​ក្នុង​ការ​វាយបក​នោះ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​អះអាង​ថា ខ្លួន​បាន​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​ដែនដី​ជាង ៣.០០០ គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

លោក Peskov ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​រុស្ស៊ី​មិន​ឃើញ​មាន​ក្ដី​រំពឹង​ណា​មួយ​ថា​នឹង​មាន​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន ឬ​ក៏​មិន​ឃើញ​មាន​ហេតុផល​ណា​មួយ​សម្រាប់​ការ​ចរចា​នោះ​ដែរ៕

XS
SM
MD
LG