វិបសាយ VICE បានដករូបជនរងគ្រោះគុកទួលស្លែងចេញកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីរងការថ្កោលទោសថា បានយករូបរបស់ជនរងគ្រោះទាំងនោះទៅបន្ថែមពណ៌ថ្មីនិងកាត់តបន្ថែមស្នាមញញឹម និងបានផ្សព្វផ្សាយជាសាធារណៈ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
វិបសាយនេះបានបញ្ជាក់ថា រូបទាំងនេះមិនបានបំពេញទៅតាមស្ដង់ដារនៃដំណើរការនិពន្ធផ្ទៀងផ្ទាត់របស់ខ្លួន ហើយខ្លួនកំពុងស៊ើបអង្កេតលើករណីនេះ។
ការដករូបទាំងនេះចេញបានធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជាបានថ្កោលទោសវិបសាយនេះ ដោយបានបញ្ជាក់ថា ការធ្វើដូច្នេះបានធ្វើឲ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ»។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបានស្នើវិបសាយ VICE ឲ្យដករូបទាំងនោះចេញ និង «សំណូមពរដល់អ្នកស្រាវជ្រាវ វិចិត្រករ និងសាធារណជនកុំឲ្យប្រើប្រាស់រូបថតក្នុងន័យខុសពីការពិតនៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ»។
លោក Matt Loughrey ដែលជាអ្នកកែរូបជនរងគ្រោះទាំងនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Loughrey បាននិយាយថា គម្រោងរបស់លោកដែលបានបន្ថែមពណ៌លើរូបរបស់ជនរងគ្រោះគុកទួលស្លែងមួយចំនួន មានគោលបំណងធ្វើឲ្យពលរដ្ឋកម្ពុជាប្រហែល ១៤.០០០ នាក់ ដែលត្រូវបានសម្លាប់និងធ្វើទារុណកម្មនៅគុកទួលស្លែង មានលក្ខណៈតាមបែបធម្មជាតិរបស់មនុស្ស។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិរទេសខ្លួននៅបរទេស បានសរសេរនៅលើ Twitter ថា៖ «ការប្រើបច្ចេកវិទ្យាដើម្បីកែប្រែ [លក្ខណៈដើមនៃរូប] ជនរងគ្រោះនៃមន្ទីរស-២១ ...គឺជាការប្រមាថមើលងាយធ្ងន់ធ្ងរដល់ព្រលឹងរបស់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍»៕