សម្រាប់អ្នករួចជីវិតឆ្លងកាត់របបខ្មែរក្រហមដ៏ឃោរឃៅ ការស្លាប់របស់មេដឹកនាំពេជ្ឈឃាដគឺសមមិត្តឌុច ប្រធានគុកទទួលស្លែង បាននាំមកនូវយុត្តិធម៌បន្ថែមទៀតសម្រាប់ទុក្ខវេទនារបស់ពួកគេ។ ប៉ុន្តែសម្រាប់យុវជនក្មេងៗ ការយល់ដឹងអំពីព្រឹត្តិការណ៍ដែលបានបំផ្លាញប្រទេសកម្ពុជា និងធ្វើឱ្យពិភពលោករន្ធត់នោះ កំពុងរសាត់ទៅៗនៅក្នុងប្រទេសនេះ ដែលភាគច្រើននៃប្រជាជន១៦លាននាក់ កើតក្រោយការដួលរលំនៃរបបនេះ កាលពីជាង៤០ឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក កាំង ហ្គេកអ៊ាវ ឬ សមមិត្ត ឌុច ដែលបានស្លាប់កាលពីថ្ងៃពុធ គឺជាសមាជិកដំបូងនៃមេដឹកនាំខ្មែរក្រហមដែលត្រូវប្រឈមមុខនឹងការជំនុំជម្រះចំពោះតួនាទីរបស់គាត់នៅក្នុងរបបដែលត្រូវបានស្តីបន្ទោសចំពោះការស្លាប់មនុស្សយ៉ាងហោចណាស់១លាន ៧សែននាក់ ពីឆ្នាំ១៩៧៥ ដល់១៩៧៩។
ក្នុងឆ្នាំ២០១០ សាលាក្តីដែលគាំទ្រដោយអ.ស.ប. បានរកឃើញថា លោកកាំង ហ្គេកអ៊ាវ ឬ សមមិត្ត ឌុច មានពិរុទ្ធពីបទឃាតកម្មទ្រង់ទ្រាយធំ ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅគុកទួលស្លែង។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា លោកសង្ឃឹមថា យុវជន នឹងបានយល់ដឹងអំពីទណ្ឌកម្មនិងមរណភាពរបស់ឌុច។ ការស្លាប់របស់គាត់នាំមកនូវទម្រង់យុត្តិធម៌មួយចំនួនដល់អ្នកនៅរស់ ហើយប្រហែលជាធ្វើឲ្យព្រលឹងអ្នកស្លាប់បានស្ងប់ចិត្ត។
លោក លាង ផេង អាយុ២៥ឆ្នាំ បាននិយាយថា គាត់ដឹងអំពីការស្លាប់របស់ឌុច ប៉ុន្តែគាត់មិនបានដឹងថា ឌុចត្រូវបានផ្តន្ទាទោសពីបទឧក្រិដអ្វីនោះទេ។ លោក លាង ផេង វិស្វករវិទ្យាសាស្ត្រ បាននិយាយដែរថា គាត់មិនច្បាស់ថា មរណភាពរបស់ឌុចមានន័យយ៉ាងណានោះទេ៕