ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ផ្តល់​ការគាំទ្រ​ដល់​ជំនួយ​អាមេរិក​ឲ្យ​រក្សាទុក​សម្លៀក​បំពាក់​អ្នកទោស​គុក​ទួលស្លែង


សម្លៀក​បំពាក់​ចាស់ៗ​របស់​ជនរងគ្រោះ​មន្ទីរ​ស-២១។ (ហ៊ុល រស្មី/VOA)
សម្លៀក​បំពាក់​ចាស់ៗ​របស់​ជនរងគ្រោះ​មន្ទីរ​ស-២១។ (ហ៊ុល រស្មី/VOA)

ក្រុម​ជន​រងគ្រោះ​នៃ​របបខ្មែរ​ក្រហម​ ថា​ ការ​ផ្តល់​ជំនួយ​សម្រាប់​រក្សា​ទុក​សម្លៀក​បំពាក់​ ឬរបស់​របរ​ប្រើប្រាស់​ផ្សេង​ៗទៀត​របស់​ជនរងគ្រោះក្នុង​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​ ឬហៅកាត់​ថា មន្ទីរ​ស-២១​ មាន​សារសំខាន់ក្នុង​ការរំឭក​ និង​ចងចាំ​អំពី​របប​ខ្មែរក្រហម​ និង​ការ​សិក្សា​ស្រាវជ្រាវ​ពី​យុគសម័យ​ដ៏ខ្មៅ​ងងឹត​នេះ។

លោក ជុំ ម៉ី ជនរងគ្រោះ​នៅ​គុក​ទួលស្លែង អង្គុយ​នៅ​កន្លែង​លក់​សៀវភៅ​របស់​លោក​នៅ​សារមន្ទីរ​ទួលស្លែង នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
លោក ជុំ ម៉ី ជនរងគ្រោះ​នៅ​គុក​ទួលស្លែង អង្គុយ​នៅ​កន្លែង​លក់​សៀវភៅ​របស់​លោក​នៅ​សារមន្ទីរ​ទួលស្លែង នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

លោក​ជុំ ម៉ី វ័យ​៨៨ ឆ្នាំ​ ជនរងគ្រោះ​មួយ​រូប​ដែលបាន​រស់​រាន​មាន​ជីវិតពីអតីត​មន្ទីរ​ស-២១ របស់​របប​ខ្មែរ​ក្រហម​ បាន​មានប្រសាសន៍ថា​៖

«អានេះ​វា បើតាម​គំនិត​ខ្ញុំក្មួយ​ វាសំខាន់​ណាស់​អាហ្នឹង​ សំខាន់​យ៉ាង​ម៉េច​ សំខាន់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ ឲ្យ​គាត់​បាន​ដឹង​ការណ៍​ពិត​ បើយើង​មិន​ថែរក្សា​សម្ភារៈ​ហ្នឹង​ទេ​ សម្ភារៈ​ហ្នឹង​វា​អាលាយ​បាត់​បង់​អស់​ អីចឹង​ក្មេង​ៗ​ជំនាន់​ក្រោយ​គាត់​អត់​បាន​ដឹង​ រឿង​អី​ទេ»។

អតីតជន​រងគ្រោះដែល​បាន​រួចផុត​ពី​ការស្លាប់​នៅ​ក្នុង​អតីត​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​រូបនេះ​ មាន​វត្តមាន​នៅ​ក្នុង​ពិធីនៃការ​ចុះកិច្ច​ព្រមព្រៀង​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ស្តី​ពី​ «ការ​អភិរក្ស និង​រៀប​ចំ​ឯកសារ​កាតាឡុក​ នៃសម្លៀក​បំពាក់​ជន​រងគ្រោះនៅ​មន្ទីរ​ឃុំឃាំង​ស-២១»​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅនេះ​។ ការចុះកិច្ច​ព្រមព្រៀង​នេះ​ នឹង​បើក​ផ្លូវ​ឲ្យមានការ​អភិរក្ស​វត្ថុ​ជាតិ​ពន្ធុ​ នា​សតវត្សរ៍​ទី​២០​ នៅ​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ដំណាក់​កាល​ទី​២​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ថ្លែង​សុន្ទរកថា នៅ​មុន​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការអភិរក្ស និង​រៀបចំ​ឯកសារ​កាតាឡុក​នៃ​សម្លៀក​បំពាក់​ជនរងគ្រោះ​នៅ​មន្ទីរ​ស-២១ នៅ​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០ នៅ​សារមន្ទីរ​ទួលស្លែង។ (ហ៊ុល រស្មី/VOA)
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ថ្លែង​សុន្ទរកថា នៅ​មុន​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការអភិរក្ស និង​រៀបចំ​ឯកសារ​កាតាឡុក​នៃ​សម្លៀក​បំពាក់​ជនរងគ្រោះ​នៅ​មន្ទីរ​ស-២១ នៅ​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០ នៅ​សារមន្ទីរ​ទួលស្លែង។ (ហ៊ុល រស្មី/VOA)

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ W. Patrick Murphy ​បាន​មានប្រសាសន៍​នៅ​មុនពិធី​ចុះកិច្ច​ព្រម​ព្រៀង​ដែលមាន​ការ​ចូលរួម​ពី​លោកស្រី​ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​ថា​ ការ​រក្សា​ទុក​សម្លៀក​បំពាក់​របស់​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ នឹង​រួម​ចំណែក​ដល់​ការទប់​ស្កាត់​ការ​វិល​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​។

«​ទាំង​អស់នេះគឺជាវត្ថុ​វិសេស។ វត្ថុ​ទាំង​នេះ​ ក៏អាច​ត្រូវ​បាន​បញ្ជាក់​ឲ្យដឹង​ពី​ភស្តុតាង​ដែល​គេ​អាច​មើល​ឃើញ​នឹង​ភ្នែក​ថា​ មាន​អ្វីដែល​ធ្លាប់​បាន​កើតឡើង។​ វត្ថុ​ទាំង​អស់​នេះ​ អាច​អប់រំ​យើង​ទាំង​អស់​គ្នា​ក្នុង​ពេល​នេះ​ និង​ទៅអនាគត​។ អ្នកជំនាន់​ក្រោយ​នឹង​ពិត​ជា​ត្រូវការ​ការ​អប់រំ​អំពីរឿងនេះ​ ដើម្បី​ដឹង​ឲ្យ​ប្រាកដ​អំពី​អ្វីដែល​ធ្លាប់​បាន​កើត​ឡើង​ ហើយ​នឹង​ថាតើ​យើង​ត្រូវ​ធ្វើយ៉ាង​ដូច​ម្តេច​ដើម្បី​ធានា​ថា​រឿងរ៉ាវ​នេះ​នឹង​មិន​កើត​ឡើង​ម្តងទៀត»។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​កម្ពុជា​ និង​អ្នកស្រី​ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ស្តាប់​ការពន្យល់​ពី​របៀប​ថែទាំ​សម្លៀក​បំពាក់​ចាស់ៗ​របស់​ជនរងគ្រោះ​មន្ទីរ​ស-២១ ពី​អ្នកជំនាញ។ (ហ៊ុល រស្មី/VOA)
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​កម្ពុជា​ និង​អ្នកស្រី​ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ស្តាប់​ការពន្យល់​ពី​របៀប​ថែទាំ​សម្លៀក​បំពាក់​ចាស់ៗ​របស់​ជនរងគ្រោះ​មន្ទីរ​ស-២១ ពី​អ្នកជំនាញ។ (ហ៊ុល រស្មី/VOA)

សំណល់​ក្រណាត់​ជាច្រើន​ រួមមាន​សម្លៀក​បំពាក់​ចាស់​ៗ គឺ​ខោអាវ​ និង​មួក​ជាដើម​នោះ​ ត្រូវ​បាន​យក​មកដាក់​បង្ហាញ​ក្នុង​ពិធី​ចុះកិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​រៀប​ចំ​ឯកសារ​កាតាឡុក​ នៃសម្លៀក​បំពាក់​ជន​រងគ្រោះនៅ​មន្ទីរ​ឃុំឃាំង​ស-២១​ ដែល​បាន​ធ្វើ​ឡើង​នៅ​ជាន់​ទីបី​នៃអគារ​មួយ​របស់​សារ​មន្ទីរ​ទួលស្លែង​។ ​លោក​ស្រី​ភឿង​ សកុណា​ និងលោក​W. Patrick Murphy បាន​ចំណាយ​ពេល​ប្រមាណ​ជា​ជាង​២០នាទី​ ដើរ​ពិនិត្យ​ក្រណាត់​ទាំងនោះ​ និង​ស្តាប់​ការ​ពន្យល់ពី​អ្នកជំនាញ​អំពីការ​ប្រើ​ប្រាស់​វត្ថុធាតុ​ដើម​ផ្សេង​ទៀត​ ដើម្បី​ការ​ពារ​ក្រណាត់​ទាំង​នោះ​ពី​ការ​ពុក​ផុយ។

លោក​ស្រី​ភឿង​ សកុណា​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ អ្នកស្រី​រំពឹង​ថា​ សហរដ្ឋ​អាមេរិក​

នឹងបន្តផ្តល់​ជំនួយ​សម្រាប់​ដំណាក់​កាល​ទី​បី​ ដែល​ជំនួយនោះ​នឹង​អាច​ពង្រីក​សមត្ថភាព​នៃការ​រក្សា​របស់​របរ​របស់​ជន​គ្រោះ​ក្នុង​គុក​ទួល​ស្លែងឲ្យ​បាន​ស្ថិត​នៅ​យូរអង្វែង​។

អ្នកស្រី ភឿង សកុណា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ថ្លែង​សុន្ទរកថា នៅ​មុន​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការអភិរក្ស និង​រៀបចំ​ឯកសារ​កាតាឡុក​នៃ​សម្លៀក​បំពាក់​ជនរងគ្រោះ​នៅ​មន្ទីរ​ស-២១ នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០ នៅ​សារមន្ទីរ​ទួលស្លែង។ (ហ៊ុល រស្មី/VOA)
អ្នកស្រី ភឿង សកុណា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ថ្លែង​សុន្ទរកថា នៅ​មុន​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការអភិរក្ស និង​រៀបចំ​ឯកសារ​កាតាឡុក​នៃ​សម្លៀក​បំពាក់​ជនរងគ្រោះ​នៅ​មន្ទីរ​ស-២១ នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០ នៅ​សារមន្ទីរ​ទួលស្លែង។ (ហ៊ុល រស្មី/VOA)

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ ការ​រក្សាទុក​ឲ្យបាន​យូរអង្វែង​នៃ​សំណល់​ក្រណាត់​នេះ​ នឹង​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ទូទៅ​បាន​ស្វែង​យល់​ពីទុក្ខ​វេទនា​ និង​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅក្នុង​សម័យ​ខ្មែរ​ក្រហម​។

«បើតាម​រយៈ​ខោ​អាវ​យើង​បាន​ឃើញ​នូវ​ភាព​លំបាក​វេទនា​ ភាព​ខ្វះ​ខាត​ ជួន​កាល​ខោ​មួយ​ប៉ះរាប់​រយ​ប្រណះ​ ហ្នឹង​ហើយ​ រហែក​រញ៉េរញ៉ៃ​ យើង​បាន​ឃើញ​ហើយ​ តាម​រយៈ​ខោ​អាវ​ យើង​ឃើញ​ភាព​ក្រ​លំបាក​ របស់​ប្រជាជន​យើង​នៅ​ក្នុង​សម័យ​នេះហើយ។​ ហើយ​ក្រៅពី​ហ្នឹង​ វាមាន​ប្រវត្តិ​ ដូច​ជា​មាន​មួក​ខ្លះ​ មានឈ្មោះ​ ​នឹងក៏​ជា​ការ​ចាំបាច់​ដែរ​ បង្ហាញ​នូវ​បុគ្គលម្នាក់​ៗ​ផង​ បង្ហាញ​នូវប្រវត្តិ​របស់​ប្រទេស​យើង​ផង​ ភាព​ឈឺ​ចាប់​នៅ​ក្នុង​កន្លែង​ទួល​ស្លែង​ហ្នឹង​ផង​ អីចឹង​បាន​ជា​ខ្ញុំ​យល់​ថា​ សារៈ​សំខាន់​នេះ​ មិន​សម្រាប់​តែ​ចំពោះ​ខ្មែរ​ទេ​ សម្រាប់​មនុស្ស​ជាតិ​តែហ្មង»។

នៅ​ក្រោម​ដំណាក់​កាលទី​២​នៃ​ការ​អភិរក្ស​ និង​រៀប​ចំ​ឯកសារ​កាតាឡុក​នៃសំណល់​ក្រណាត់​សល់​នៅ​ក្នុងមន្ទីរ​ឃុំឃាំង​ស-២១នេះ​ ​សហរដ្ឋ​អាមេរិក​ បានផ្តល់​ថវិកា​ចំនួន​៧៥០០០​ ដុល្លារ​អាមេរិក។

លោក​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​W. Patrick Murphy​ បាន​មាន​ប្រសាសន៍ថា​ ថវិកា​ដែល​ផ្តល់​ជូន​គម្រោង​ការ​អភិរក្សនេះ​ បាន​កើន​ដល់​ជាង​១៣ម៉ឺន​ដុល្លារ​អាមេរិក​ ​គិត​ត្រឹម​ការ​អនុវត្តន៍​គម្រោង​ដំណាក់​កាល​ទីពីរនេះ។

មន្ត្រី​ផ្នែក​ព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ថា​ ការ​ផ្តល់​មូលនិធិ​ បន្ថែម​ដល់​គម្រោង​រក្សា​ក្រណាត់​ចាស់ៗ​ ឬ​សម្លៀក​បំពាក់​ចាស់ៗនៅ​ក្នុងអតីត​គុក​ទួលស្លែង​ នឹងធ្វើ​ឡើង​ទៅតាម​ការ​ដាក់​សំណើ​ពីភាគី​សារមន្ទីរ​ទួលស្លែង។ ​

រូបឯកសារ៖ លោក​ ឆាំង យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ក្នុង​អំឡុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​VOA​នៅ​សណ្ឋាគារ Beacon ក្នុង​រដ្ឋ​ធានី Washington កាល​ពី​ថ្ងៃសុក្រ ទី១២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហុង ចិន្តា​/VOA)
រូបឯកសារ៖ លោក​ ឆាំង យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ក្នុង​អំឡុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​VOA​នៅ​សណ្ឋាគារ Beacon ក្នុង​រដ្ឋ​ធានី Washington កាល​ពី​ថ្ងៃសុក្រ ទី១២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហុង ចិន្តា​/VOA)

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ ឆាំង យុ ​ ដែល​ជា​ជ័យ​លាភីពាន​រង្វាន់ ​Ramon Magsasay Award ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ហ្វ៊ីលីពីន​ បាន​ចាត់​ថាទុកការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់ប្រាក់​ជំនួយ​សម្រាប់​រក្សាទុក​សម្លៀក​បំពាក់​ និង​វត្ថុ​ផ្សេងៗ​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​មន្ទីរឃុំ​ឃាំងស-២១​ នេះ​ជា​ «ទង្វើ​ដ៏ប្រពៃ​»មួយ។

លោក​បាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​ក្នុង​ន័យ​ដើម​ថា​៖ «ការ​រក្សាទុក​ និង​ការយល់​ដឹង​ពី​ប្រវត្តិ​ខ្មែរ​ក្រហម​ អាច​បង្កើត​បាន​មូលដ្ឋាន​នៃ​ក្តី​សង្ឃឹម​ សេចក្តី​ប្រាថ្នា​ ភាព​ជា​បងប្អូន​ ហើយ​វា​អាច​ត្រូវ​បាន​គេយក​មកប្រើ​ប្រាស់​ជា​ឧបករណ៍​អប់​រំ​ ដើម្បី​ពន្យល់​ពី​កំហុស​ឆ្គង​ ភាព​ខ្វះ​ខាត​ និង​អំពើ​អាក្រក់ក្នុង​សង្គម​»។

អតីត​ជនរងគ្រោះ​ និង​ជាអ្នករស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​រូប​នេះ​ បាន​បន្ថែមថា៖ «​ប្រាក់​ជំនួយនេះ​ មាន​ទំហំតូច​ ប៉ុន្តែ​ជំហាន​តូច​ៗនេះ​ គឺ​ពេលខ្លះមាន​ឥទ្ធិពល​ច្រើន​ជាង​ ការ​លោត​ផ្លោះ​»។

លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ នៅ​សារមន្ទីរ​ទួលស្លែង។ (ហ៊ុល រស្មី/VOA)
លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ នៅ​សារមន្ទីរ​ទួលស្លែង។ (ហ៊ុល រស្មី/VOA)

លោក ​ឆាយ វិសុទ្ធ​ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង បានប្រាប់​ក្រុម​អ្នក​កាសែត​ ថា​ ការ​រក្សា​ទុក​របស់​របរ​ដែល​ជនគ្រោះ​ក្នុងសម័យ​ខ្មែរ​ក្រហម​ធ្លាប់​បានប្រើប្រាស់​នឹង​ក្លាយជា​ទុន​សំខាន់​មួយ​សម្រាប់​អ្នកសិក្សា​ស្រាវ​ជ្រាវ ដែល​មាន​បំណង​ស្វែង​យល់​ពីប្រវត្តិ​កម្ពុជា​ប្រជាធិប​តេយ្យ​។

«រឿង​ដែល​ធំ​មែន​ទែន​ គឺ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ អាហ្នឹង​context ​[បរិការណ៍​]​មួយ​ធំ​មែនទែន ពីព្រោះ​យើង​មិន​អាច​ដាក់​តាំង​ខោរអាវ​ទាំង​អស់​ហ្នឹង​បាន​ទេ។ ​យើង​អត់​អាច​ដាក់​តាំង​បាន​ទេ​ ពីព្រោះ​យើង​បារម្ភ​ រឿង​សុវត្ថិភាព​ រឿងៗមិនមែន​រឿង​សុវត្ថិភាព​គេលួច​ទេ​ គឺរឿង​ទាក់​ទង​នឹង​ការ​ខូច​ខាត​ ពី​សំណើម ​ពី​អាកាស​ធាតុ​ ព្រោះ​ស្រុក​យើង​ក្តៅហើយ​សើម​ អីចឹងទៅវា​ងាយ​ស្រួល​ពុក​ផុយ​មែន​ទែន»។

បើ​យោង​តាម​ឯកសារ​ទទួលបាន​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ឲ្យដឹងថា​ មនុស្ស​ចំនួន១៧៩៦១នាក់​ត្រូវ​បាន​គេចាប់​ខ្លួន​ទៅឃុំ​ក្នុងមន្ទីរ​ស-២១។ ​ជនបរទេស​ជាច្រើន​នាក់​ក៏ត្រូវបាន​យក​មក​ឃុំ​ខ្លួន​ និង​សម្លាប់​ចោល​នៅ​ក្នុង​មន្ទីរ​ស-២១នេះ​ ដែល​ក្នុងនោះមាន​ជនជាតិ​អារ៉ាប់​ អូស្ត្រាលី​ អង់គ្លេស​ បារំាង​ ឥណ្ឌា​ ឡាវ​ ណូវែលសេឡង់​ ​ថៃ វៀតណាម​ និង​ជនជាតិ​អាមេរិកាំង​។

ឯកសារ​ដដែល​នោះ​ ឲ្យដឹងទៀតថា ​ជនជាតិ​វៀតណាម​ចំនួន​៧២៨នាក់ ដែល​ក្នុងចំនួន​នោះ​ មាន​២៥៤​នាក់​ត្រូវបាន​ចោទថា​ ជាអ្នកស៊ើប​ការណ៍​ និង​ផ្សេង​ទៀត​ត្រូវបាន​គេ​ពណ៌នាថា​ ជាទាហាន​ និង​ជន​ស៊ីវិល។

ក្រៅពី​ជនជាតិ​វៀតណាម​ មានអ្នកទោសពលរដ្ឋ​អាមេរិកាំង​បួននាក់​ ក្នុងនោះ​មាន​ពីរនាក់​គឺលោក​ Christopher DeLance និង​លោក​ Harard Bernard បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ស-២១​។ រូបថត​របស់​លោក​ទាំងពីរ​បាន​បន្សល់​ទុក​មកដល់​បច្ចុប្បន្ននេះ។​ ឯកសារ​ដែល​ VOA បានទទួល​នោះ​មិន​បាន​ផ្តល់​ការ​ពន្យល់​លម្អិត​ ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិកាំង​នេះ​ទេ។

ប៉ុន្តែ​បើ​តាម​គេហទំព័រ​របស់​សារមន្ទីរ​ទួល​ស្លែង​ បុរស​ ​ស្ត្រី​ កុមារ និង​ជន​បរទេស​ជាង​១៥.០០០​នាក់ ត្រូវ​បាន​គេ​ឃុំ​ក្នុង​គុក​ទួលស្លែង​ ដែល​ជា​មន្ទីរ​សន្តិសុខ​ដ៏បំផុត​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្រោម​ការ​គ្រប់​គ្រង​ដោយផ្ទាល់​ពីមេដឹកនាំ​ជាន់​ខ្ពស់​របស់​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​។

លោក ​ជុំ ម៉ី​ ជា​អ្នកដែល​ស្ថិត​ក្នុងចំណោម​អ្នកទោស​របស់​មន្ទីរ ស-២១។​ ក្នុងវ័យ​ជរា​ ហើយបានបន្ត​ជីវិត​រស់​នៅ​ដោយការ​លក់​សៀវភៅ​របស់​លោក​ក្នុង​សារមន្ទីរទួលស្លែង​ លោកជុំ ម៉ី​ មានប្រសាសន៍​ថាលោក​មិនចង់​ឃើញ​ការ​បាត់​បង់​ស្លាកស្នាម​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុងមន្ទីរ​សន្តិសុខ​របស់​ក្រុម​មេបក្សកុម្មុយ​នីស្តកម្ពុជា​នោះទេ។

លោក​ក៏បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ជំនួយ​ដើម្បី​រក្សា​ទុក​តឹកតាង​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​សម្រាប់​រូបលោក​ដែល​ជាជនរងគ្រោះ​ និង​មនុស្ស​ជំនាន់​ក្រោយ។

«យើង​ចង់​ឲ្យ​គាត់​បន្ត​ថែម​ទៀត​ក្មួយ​ ព្រោះ​នៅហ្នឹង​ យើង​ត្រូវ​រៀប​ចំ​ទុកដាក់​ថែរក្សា​ រឿងរ៉ាវ​ហ្នឹង​ កុំ​ឲ្យ​វា​បាត់​បង់»។

តុលក់​សៀវភៅ​របស់​លោកជុំ ម៉ី​ ស្ថិត​នៅចំ​មុខនឹង​កន្លែង​ដែល​ភ្ញៀវទេចរ​ឆ្លងកាត់​ចូល​មើល​វត្ថុ​នានា​ រួម​មាន​ឧបករណ៍​ធ្វើ​ទារុណ​កម្ម​អ្នកទោស​នៅ​ក្នុង​អតីត​គុក​ទួល​ស្លែង​ ដែល​កាលពី​មុន​សម័យ​ខ្មែរ​ក្រហម​គឺ​ជាវិទ្យាល័យ​ទួល​ស្វាយព្រៃ​។ ​អ្នក​ទេសច​របរទេស​មួយចំនួន​ បានសុំថតរូប​ជាមួយ​លោក​ជុំ ម៉ី​ បន្ទាប់ពី​ពួកគេ​បាន​ដើរមើល​ ផ្ទាំង​រូបថតរបស់​អ្នកទោស និង​សំណល់​នៃ​សម្លៀក​បំពាក់ ក៏​ដូចជា​របស់របរ​ផ្សេង​ទៀត​ដែល​គេ​បាន​ផ្ដល់​ឲ្យដល់​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ឲ្យដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ​គម្រោង​នៃ​ការ​រក្សា​ទុក​សម្លៀក​បំពាក់​របស់​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​គឺ​អ្នកស្រី​ Julia Brennan​ ដែល​ជា​អ្នក​អភិរក្ស​ក្រណាត់​ដែល មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីន តោន ។ ​អ្នកស្រី​បាន​បង្រៀន​បុគ្គលិក​សារមន្ទីរ​ឲ្យ​ដំណើរ​ការ​គម្រោង​នេះ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​យូរអង្វែង​ទៅ​មុខ​ទៀត។

ការ​អភិរក្ស​ក្រណាត់​នេះ​ រួម​មាន​ការ​រក្សា​ទុក សិក្ខាសាលា​បណ្ដុះបណ្ដាល​ ការ​ដាក់​ចំណាត់​ថ្នាក់​ក្រណាត់​ ការ​ថែទាំ ការ​ចុះបញ្ជី​ និង​ការ​ជ្រើស​រើស​របស់របរ​សម្រាប់​ការ​ដាក់​បង្ហាញ​មាន​រយៈពេល​យូរ​នៃ​វាយនភណ្ឌ​ ឬ​សម្លៀកបំពាក់ចំនួន​ជាង​៥.០០០ របស់​ជន​រងគ្រោះ​សម័យ​ខ្មែរក្រហមដែល​នៅ​សេស​សល់៕

សេចក្តីកែតម្រូវ៖​ លោក​ Harard Bernard គឺជាពលរដ្ឋ​បារាំង​ដែលបាន​ស្លាប់​ក្នុងមន្ទីរឃុំឃាំង​ស-២១។​ ក្នុងចំណោម​ពលរដ្ឋ​អាមេរិកាំង​បួននាក់​ដែលបាន​ស្លាប់​ក្នុងមន្ទីរ​ឃុំឃាំងស-២១​ គឺមានតែ​លោក​ Christopher DeLance ទេ ដែល​ក្រុម​អ្នកស្រាវជ្រាវ​បានរកឃើញ​រូបថតរបស់​លោក។​ ពលរដ្ឋអាមេរិ​កាំង​បីនាក់​ផ្សេងទៀត​ ដែលបាន​ស្លាប់​ក្នុងមន្ទីរស-២១​ មាន​ឈ្មោះ​ James William Clark​ Michael Scott Deeds​ និង Lance McNamara។ រូបថត​របស់​លោក​ Harard Bernard​ ក៏ជា​រូបថត​តែមួយ​គត់​ ដែលក្រុម​អ្នកស្រាវជ្រាវ​បានរក​ឃើញ និងរក្សាទុក​មកដល់​សព្វថ្ងៃនេះ។ យោង​តាមតួលេខ​ថ្មីចុងក្រោយ​ របស់​ការិយាល័យ​សហ​ព្រះអាជ្ញាសាលាក្តី​ខ្មែក្រហម​ ដែល​ផ្តល់​ជូន​មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​ មានអ្នកទោស​សរុប​ចំនួន​ ១៨០៦៣​នាក់​ដែល​ស្ថិត​ក្នុងមន្ទីរ​ឃុំ​ឃាំង​ស-២១។​ ក្នុង​ចំណោម​នោះ​មាន​៥៦០៩នាក់​គឺជាសមាជិក​នៃកងទ័ព​បដិវត្តន៍​កម្ពុជា​ និង ៤៣៧១ នាក់​គឺជាកម្មាភិបាលនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ ឯអ្នកដទៃ​ទៀត​គឺជា​អតីតទាហាន​នៃ របប​សាធារណរដ្ឋ​របស់​លោកលន់​ នល់ និង​ ជនបរទេស​ ក្នុងនោះ​មានពលរដ្ឋ​វៀតណាម​ និង ពលរដ្ឋ​កម្ពុជា​ដែលវិលត្រឡប់មក​ពីបរទេស​ និងពលរដ្ឋ​ខ្មែរ​ដែល​គេចាត់ទុក​ថា​ជា​ប្រជាជន​ថ្មី។

XS
SM
MD
LG