ជនរងគ្រោះក្នុងសម័យខ្មែរក្រហម បង្ហាញការសោកស្តាយ ដែលពួកគេមិនបានឮចម្លើយសារភាពរបស់លោក អោ អាន បើទោះបីជាពួកគេមិនស្គាល់លោក ដូចមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតនៃរបបខ្មែរក្រហមក៏ដោយ។
ការសម្តែងអារម្មណ៍សោកស្តាយនេះ កើតឡើង ក្រោយពីអតីតកម្មាភិបាលខ្មែរក្រហម លោក អោ អាន បានស្លាប់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ក្នុងអាយុ៨៧ឆ្នាំ នៅខេត្តបាត់ដំបង។ នេះបើយោងតាមលោក នេត ភក្ត្រា អ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម។
រឿងក្តីរបស់លោក អោ អាន ក្នុងសំណុំរឿង០០៤វគ្គ២ ត្រូវបានទម្លាក់ចោលទាំងស្រុង កាលពីខែសីហា ឆ្នាំ២០២០ គឺប្រមាណ៣ខែ មុនពេលលោកស្លាប់។
លោក នេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងប្រាប់VOAថាតុលាការបានសម្រេចចុងក្រោយ គឺថាលោកមិនត្រូវនាំមកកាត់ទោសនោះទេ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងសំណុំរឿងរបស់លោក អោ អាន បានបិទបញ្ចប់នៅចំពោះមុខតុលាការហើយ។ ហើយតុលាការក៏មិនមានយុត្តាធិការអ្វីទៅលើអតីតជនសង្ស័យ លោក អោ អាន នេះទៀតដែរ»។
នៅក្នុងបទសម្ភាសន៍ជាមួយVOAកាលពីចុងឆ្នាំ២០១៩ លោក អោ អាន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ និយាយថាលោកមិនបានប្រព្រឹត្តខុសធ្ងន់ធ្ងរ ដូចការចោទប្រកាន់របស់តុលាការខ្មែរក្រហមនោះទេ។ ខណៈកំពុងសម្អាតដីចម្ការរបស់លោកក្នុងស្រុកកំរៀង ខេត្តបាត់ដំបងក្នុងពេលលោកនៅរស់ លោក អោ អាន បានថ្លែងថាការចោទប្រកាន់លើរូបលោកមិនត្រឹមត្រូវ ហើយលោកក៏មិនមានតំណែងជា«ប្រធាន»អ្វីទេក្នុងសម័យក្រហម។
លោកបានថ្លែងកាលគ្រានោះថា៖ «គេចោទខ្ញុំ សុទ្ធតែខ្ញុំហ្នឹង ប្រធានតំបន់អីណា។ ខ្ញុំមិនមែនទេ។ ខ្ញុំខាងសេដ្ឋកិច្ច គឺដោះស្រាយជីវភាពប្រជាជនហ្នឹង មានតែស្រែ ភ្ជួររាស់ហ្នឹង»។
លោកបានប្រៀបធៀបការចូលរួមជាមួយខ្មែរក្រហម ដូចជាការ«លូកភ្លើង រលាករហូត» អស់រយៈពេលប៉ុន្មានឆ្នាំ ដោយមិនដឹងខ្លួន។ លោកបន្ថែមនៅពេលនោះថា៖ «ខ្ញុំបានបញ្ជាក់ហើយតើថាក្នុងសង្គ្រាម ខ្ញុំប្រព្រឹត្ត បាញ់ទៅ បាញ់មក។ ដល់ក្រោយសង្គ្រាម ខ្ញុំអត់បានប្រព្រឹត្តអ្វីទេ មានតែការធ្វើស្រែ ដោះស្រាយជីវភាពប្រជាជនហ្នឹង។ ខ្ញុំមានបានទៅប្រព្រឹត្តអំពើវិនាសកម្មអ្វីៗ ឧក្រិដ្ឋកម្មអ្វីៗនោះ អត់ទេ»។
ដោយមានការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ ក្នុងការបញ្ជាក់ថាលោក អោ អាន ជា«មេដឹកនាំខ្ពស់បំផុត» ឬ«អ្នកទទួលខុសត្រូវខ្ពស់បំផុត»សម្រាប់នាំមកកាត់ទោស តុលាការក៏បានសម្រេចចុងក្រោយថាទម្លាក់ចោលការចោទប្រកាន់ប្រឆាំងរូបលោក។
បើតាមឯកសាររបស់សាលាក្តីខ្មែរក្រហម លោក អោ អាន មានឈ្មោះហៅក្រៅផ្សេងទៀត ដូចជាឱម យឿង អោ យឿង ឬតា អាន។ លោកកើតក្នុងភូមិតាំងស្វាយ ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ១៩៣៣។ នៅក្នុងសម័យខ្មែរក្រហម លោកមានតួនាទីមួយចំនួន ដូចជាលេខាតំបន់៤១ ផ្នែកភូមិភាគកណ្តាល សមាជិកគណៈកម្មាធិការភូមិភាគកណ្តាល និងអនុលេខាភូមិភាគកណ្តាល ចាប់ពីចុងឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៧៩ មុនពេលការដួលរំលំនៃរបបខ្មែរក្រហម។
បើតាមសាលាក្តីខ្មែរក្រហម លោក អោ អាន ត្រូវបានចោទប្រកាន់ពីបទអំពើប្រល័យពូជសាសន៍លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមទម្រង់ជាការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការដាក់ជាទាសករ ការដាក់ពន្ធនាគារ អំពើទារុណកម្ម អំពើអមនុស្សធម៌ដទៃទៀត រួមមានអាពាហ៍ពិពាហ៍ដោយបង្ខំ ការធ្វើទុក្ខបុកម្នេញ ដោយមូលហេតុនយោបាយ និងសាសនា។
ឯកសាររបស់សាលាក្តីខ្មែរក្រហមឱ្យដឹងទៀតថា លោក កែ ពក ដែលកាលនោះជាលេខាភូមិភាគកណ្តាលនិងជាគណៈកម្មាធិការមជ្ឈិមបក្ស បានតែងតាំងលោក អោ អាន ធ្វើជាលេខាតំបន់៤១ ហើយក្នុងតួនាទីនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ លើកឡើងថា លោក អោ អាន «បានអនុវត្តសិទ្ធិអំណាចផ្នែកយោធា និងស៊ីវិលទាំងស្រុងទៅលើតំបន់៤១»។
ប៉ុន្តែសហចៅក្រមក្រមស៊ើបអង្កេតជាតិ លើកឡើងថា លោក អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់ឡើយ ហើយពុំមានភស្តុតាងបញ្ជាក់ថាលោក អោ អាន ទទួលខុសត្រូវកិច្ចការយោធា សន្តិសុខ ឬសេដ្ឋកិច្ចភូមិភាគ ឬថាបានចូលរួមក្នុងការបង្កើតគោលនយោបាយបក្សឡើយ។
សហចៅក្រមស៊ើបអង្កេតជាតិ លើកឡើងថាលោក អោ អាន បានប្រព្រឹត្តតាមបញ្ជា និងការណែនាំរបស់លោក កែ ពក ដែលជាលេខាភូមិភាគកណ្តាល ក្រោមហេតុផលថាកម្មាភិបាលម្នាក់ ត្រូវតែអនុវត្តដាច់ខាត បើមិនដូច្នោះទេនឹងត្រូវបោសម្អាត។ ឯកសារបញ្ជាក់ថា៖ «អោ អាន ខ្លួនឯងក៏បានបញ្ជាក់ថា ខ្លួនត្រូវតែអនុវត្តតាមបញ្ជាដាច់ខាត ហើយភ័យខ្លាចបាត់បង់ជីវិត ប្រសិនបើខ្លួនមិនអនុវត្តតាម»។
ឯកសារបន្ថែមថា៖ «យោងតាមសហចៅក្រមស៊ើបអង្កេតជាតិ ការចូលរួមរបស់អោ អាន គឺមិនស្វយ័ត មិនសកម្ម មិនបង្កើតថ្មី និងមិនផ្ទាល់ បើប្រៀបធៀបទៅនឹងតួនាទីដោយផ្ទាល់ និងយ៉ាងសកម្មរបស់ឌុច (មេគុកស២១ ឬទួលស្លែង)ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម»។
ការស្លាប់របស់លោក អោ អាន នាំឱ្យជនរងគ្រោះនៅក្នុងសម័យខ្មែរក្រហមបង្ហាញការសោកស្តាយដែលមិនបានឃើញអតីតកម្មាភិបាលខ្មែរក្រហមរូបនោះ សារភាពទោសកំហុស និងរៀបរាប់រឿងរ៉ាវដែលបានកើតឡើង ទុកជាឯកសារសម្រាប់ក្មេងជំនាន់ក្រោយ។
អ្នកស្រី អ៊ុក ផាឡី អាយុ៧០ឆ្នាំ បានបាត់បង់ឪពុកម្តាយ និងបងប្អូនពីរនាក់នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយសារតែឪពុករបស់អ្នកស្រី មានតួនាទីជាទាហានរបស់របបសាធារណរដ្ឋ លន់ នល់។ អ្នកស្រីមានប្រសាសន៍ថាអ្នកស្រីចង់ឃើញការសារភាពរបស់អតីតមេដឹកនាំខ្មែរក្រហម និងការកាត់ទោសពួកគេ បើទោះបីជាអ្នកស្រីមិនស្គាល់ឈ្មោះអោ អាន ក៏ដោយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ពួកហ្នឹង វាអត់ទទួលកំហុសផងហ្នឹង ដល់ហើយស្លាប់ទៅក៏ស្រួលដែរ។ (ពួកគេ)អត់និយាយអីផង។ ខៀវ សំផន ប្រកែកតែរហូត។ អត់ដែលឮថាសុំទោសអីជនរងគ្រោះអីផង។ គិតតែថាអត់ដឹង អត់ដឹងអញ្ចឹង»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអស់ចិត្តហើយក្មួយ បានគេយកឈ្មោះអ្នកធំជំនាន់ហ្នឹង យកមកឱ្យយើងស្គាល់ យើងដឹងពីគំនិតអាក្រក់ ចង់(តាមចិត្ត)ចង់ឱ្យកាត់ទោស។ ឥឡូវចប់ហើយ អស់អីហើយក្មួយ។ ត្រូវសារភាពហៅមកកាត់ទោស។ ប៉ុនឥឡូវវាស្លាប់ហើយ ទៅរកអីទៀតក្មួយ។ មនុស្សស្លាប់បាត់ហើយ គេលែងនិយាយ»។
ចំណែកជនរងគ្រោះម្នាក់ទៀត គឺ លោក យន់ ប៊ីន អាយុ៦៥ឆ្នាំ រស់នៅក្នុងខេត្តត្បូងឃ្មុំ និងជាជនរងគ្រោះម្នាក់ដែលគេយកទៅវាយសម្លាប់ក្នុងរណ្តៅ តែលោកអាចរួចផុតពីការស្លាប់ មានប្រសាសន៍ថា បើទោះបីជាលោកមិនដែលស្គាល់ឈ្មោះ អោ អាន ប៉ុន្តែលោកថាលោកក៏អាចជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ដែលត្រូវតែសារភាពនូវទោសកំហុសដែលធ្វើមកប្រជាជនកម្ពុជា ក្នុងនោះមានការស្លាប់មនុស្ស១លាន៧សែននាក់ តាមរយៈការសម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការ និងការបង្អត់អាហារជាដើម។
លោកមានប្រសាសន៍ថា៖ «ដូចថាចង់ឱ្យឡើងផ្ទាល់និយាយពីរឿងរ៉ាវដែលពួកវា ដែលបានសម្លាប់ប្រជាជន សម្លាប់កម្មាភិបាលអីហ្នឹង។ ខ្ញុំចង់និយាយថាឱ្យរៀបរាប់ ឱ្យទទួលសារភាពដូចកាំង ហ្កេកអ៊ាវ ហៅឌុច អីអ៊ីចឹង។ ខ្ញុំថាអញ្ចឹងអាការពិតហ្នឹង វាត្រូវកប់លុបបាត់ហើយ បើវាស្លាប់បាត់ទៅហើយអញ្ចឹង»។
លោកបន្តថាពួកគេជា«មេឃាតក» មិនមែនជាមនុស្សល្អអ្វីនោះទេ បើទោះបីជាប្រជាជនរស់នៅក្នុងតំបន់ដែលពួកគេរស់នៅ កោតសរសើរលោក អោ អាន ក៏ដោយ។
លោកបញ្ជាក់ថា៖ «បើតាមខ្ញុំគិតមើលទៅ វាអត់សមអ្នកល្អ អ្នកអីទេ ព្រោះអ្នកហ្នឹងសុទ្ធតែមេឃាតកទាំងអស់»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ជំរុញកុំឱ្យបោះបង់ការទាមទាររកយុត្តិធម៌ ទោះជនសង្ស័យឬឧក្រិដ្ឋជនដែលដឹកនាំសម័យខ្មែរក្រហម ស្លាប់ក៏ដោយ ដោយត្រូវទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងកុំឱ្យអំពើនេះកើតឡើងម្តងទៀត។
លោកមានប្រសាសន៍ថា៖ «ការស្លាប់របស់គាត់ហ្នឹង មិនគួរលះបង់ឆន្ទៈដែលទាមទារយុត្តិធម៌ ពីព្រោះវាមានវិធីច្រើនយ៉ាងទៀត ដែលយើងអាចបន្តស្វែងរកយុត្តិធម៌ដែរ»។
លោកបន្ថែមថា៖ «ទោះបីគាត់មិនបាននិយាយ យើងដឹងថាគាត់ជាប់ជំពាក់នៅក្នុងរបបមួយធ្វើឱ្យក្រុមគ្រួសារយើងបាត់បង់ជីវិតដែរ»។
ទោះជាយ៉ាងណា លោក ឆាំង យុ ដែលជាជនរងគ្រោះមួយរូបដែរក្នុងសម័យខ្មែរក្រហម លើកឡើងថា ប្រជាជនត្រូវតែគោរពការសម្រេចរបស់តុលាការខ្មែរក្រហម ព្រោះតុលាការក៏បានកែប្រែការចោទប្រកាន់អ្នកដទៃ ដោយគ្មានភស្តុតាង ដែលមានការលើកឡើងជាហូរហែ មុនពេលមានតុលាការខ្មែរក្រហម ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦។
បើតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ត្រា ក្រៅពីលោក អោ អាន ដែលបានស្លាប់ តុលាការខ្មែរក្រហមបានសម្រេចទម្លាក់បទចោទប្រកាន់លើអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ទៀត គឺអ្នកស្រី អ៊ឹម ចែម ដែលកំពុងរស់នៅក្នុងខេត្តឧត្តរមានជ័យ។
លោកបន្ថែមថានៅមានសំណុំរឿងពីរទៀតនៅតុលាការ គឺពាក់ព័ន្ធនឹងលោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម និងលោក យឹម ទិត្យ។ លោកឱ្យដឹងថាសាលដីកាសម្រេចថាតើលោក មាស មុត រស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នឹងត្រូវនាំមកកាត់ទោស ឬយ៉ាងណា អាចធ្វើឡើងនៅចុងឆ្នាំនេះ។ ចំណែកសាលដីកាលើលោក យឹម ទិត្យ អាចធ្វើឡើងនៅខែមីនា ឆ្នាំ២០២១៕