ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ប្រកាស​ផ្តាច់​ខ្លួន​ចេញពី​លោក​សម រង្ស៊ី លោក​អ៊ូ ច័ន្ទឫទ្ធិ​ ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ


រូបឯកសារ៖ លោក ​អ៊ូ ច័ន្ទរិទ្ធិ ប្រធាន​គណកម្មាធិការ​វិន័យ​​នៃ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​ នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​ នៅរាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក ​អ៊ូ ច័ន្ទរិទ្ធិ ប្រធាន​គណកម្មាធិការ​វិន័យ​​នៃ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​ នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​ នៅរាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម ​សីហមុនី ​បាន​ប្រោស​ព្រះរាជ​ទាន​ការលើក​លែង​ទោស​លោក ​ អ៊ូ ច័ន្ទឫទ្ធិ​ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បន្ទាប់​ពី​លោក​បាន​សសេរ​លិខិត​មួយ​ច្បាប់​ ប្រកាស​ផ្ដាច់ខ្លួន​និង​ស្នើ​ឱ្យ​លោក ​ហ៊ុន សែន​ ធ្វើ​អន្ដរាគមន៍លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​អស់​នៅ​តុលាការ។​

លោក អ៊ូ ច័ន្ទឫទ្ធិ អតីត​តំណាង​រាស្រ្ដ​មណ្ឌល​ខេត្ត​កណ្តាល​នៃអតីតគណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​ជំទាស់​នេះចំនួន​ ៩​រូប​ ដែល​ត្រូវ​បាន​តុលាការ​ប្រទេស​កម្ពុជា​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​ម្នាក់ៗ​ ចាប់​ពី​ ២០​ដល់​២២​ឆ្នាំ​ កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០២១​ ពី​បទ​ឧបឃាត​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​អំឡុង​ឆ្នាំ​ ២០១៩ នៅ​ពេល​លោក ​សម រង្ស៊ី​ ប្រកាស​វិល​ត្រឡប់​ចូល​ប្រទេស​វិញ។​

ការ​ប្រោស​ព្រះ​រាជទាន​ការលើក​លែង​ទោស​លោក ​អ៊ូ ច័ន្ទឫទ្ធិ​ ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​អតីត​គណបក្ស​ជំទាស់​ផង​នោះ​ និង​លោក ទុំ ប៊ុនថន ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​នៅ​រាជធានី​ភ្នំពេញ ​ធ្វើ​ឡើង​នៅ​ក្នុងព្រះរាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហស្ត​លេខា​ដោយ​ព្រះមហា​ក្សត្រ​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា ​ឆ្នាំ​ ២០២៣​នេះ។​

បើ​តាម​លិខិត​មួយ​ធ្វើ​នៅ​សហ​រដ្ឋ​អាមេរិក ​និងចុះ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ លោក​ អ៊ូ ច័ន្ទឫទ្ធិ​ បាន​បញ្ជាក់លោក​នាយក​មន្ត្រី ហ៊ុន សែន​ ឱ្យ​ដឹង​ថា​ ហេតុផលដែល​លោក​បាន​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ខាង​ក្រៅ​ប្រទេស​ជាមួយ​លោក​ សម រង្ស៊ី​ ដោយ​សារ​លោក​មើល​ឃើញ​ថា ការ​ផ្តេកផ្តួល​ទៅ​លើ​បរទេស​មិន​អាច​នាំមក​នូវ​ការ​បង្រួប​បង្រួម​ជាតិ​បាន​នោះ​ឡើយ។​

លោក​ អ៊ូ ច័ន្ទឫទ្ធិ ​បាន​សរសេរ​ថា៖​ «ខ្ញុំ​បាទ​បាន​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ខាង​ក្រៅ​ប្រទេស​ជាមួយ​លោក​ សម រង្ស៊ី​ និង​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សារ​អស់​ជំនឿ​ទៅ​លើ​គោល​នយោបាយ​បរទេស​និយម​ ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ និង​ផ្សះ​ផ្សា​ជាតិ​បាន»។​

ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​ស្នើ​សុំ​ឱ្យលោក​ ហ៊ុន សែន​ ផ្តល់កិច្ច​អន្ដរាគមន៍ដើម្បី​មាន​ការ​លើក​លែង​ទោស​ដើម្បី​ឱ្យ​លោក​មាន​សេរីភាព​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

បើ​តាម​សាល​ក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​ចុះ​ថ្ងៃ​ទី​ ១​ ខែ​មីនា​ ឆ្នាំ​២០២១ ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ អ៊ូ ច័ន្ទឫទ្ធិ​ ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ ២០ឆ្នាំ។​

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​លោក​ អ៊ូ ច័ន្ទឫទ្ធិ ​ដើម្បី​សុំការ​អត្ថាធិប្បាយ​បាន​ទេ​ ទាំងតាម​ទូរសព្ទ​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ មក​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។

ប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​លោក​ អ៊ូ ច័ន្ទរ័ត្ន​ យល់​ថា ការ​ប្រកាស​របស់​លោក ​អ៊ូ ច័ន្ទឫទ្ធិ ​មិន​មាន​បំណង​ចូល​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ គ្រាន់​តែចង់​មាន​សិទ្ធិ​អាច​ចេញ​ចូល​ប្រទេស​កម្ពុជា​បាន​ប៉ុណ្ណោះ។​ លោក​បញ្ជាក់​ថា លោក​និង​ប្អូន​ប្រុស​មិន​ដែល​ប្រឆាំង​ស្លាប់​រស់​ជាមួយ​គណបក្ស​ បុគ្គល ឬ​ក្រុម​ណា​មួយ​ឡើយ​ ហើយ​ការ​ស្នើ​សុំ​លើក​លែង​ទោស​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​នយោបាយ។​

លោក​បន្ថែម​ថា៖ «កន្លង​មក​តាម​រយៈ​សកម្មភាព​ក្តី​ ជា​ឆន្ទៈ​ជា​ចេតនារបស់​លោក ​អ៊ូ ច័ន្ទឫទ្ធិ​ ក្តី ខ្ញុំ​ក្ដី​មិន​មែន​ជា​អ្នក​ទៅ​ប្រឆាំង​អី​ស្លាប់​រស់​ មានគំនុំ​គំកួន មិន​មាន​ទេ​ គ្រាន់​តែ​យើង​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក ​អ៊ូ ច័ន្ទឫទ្ធិ​ បាន​ស្នើ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ទើប​លោក​បាន​ទទួល​កិច្ច​អន្ត​រាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បន្ថែម​ថា​ គណបក្ស​ប្រឆាំង​កំពុង​រក​កល​នឹង​ដួល​ស្លាប់​ ខណៈ​មនុស្ស​ជំនិត​មួយ​ចំនួន​របស់​លោក​ សម រង្ស៊ី បាន​ប្រកាស​ផ្ដាច់​ខ្លួន​ និង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «ទេ​ ឥឡូវ​មិន​បាច់​និយាយ​អី​ទេ​ ការ​លើក​លែង​ទោស​ដោយ​សារ​ អ៊ូ ច័ន្ទឫទ្ធិ​ មក​សុំ​ចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ»។​

លោក​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា អ៊ូ ច័ន្ទឫទ្ធិ ​ជា​អ្នក​ជិត​ស្និទ្ធបំផុត​ ហើយ​ជា​អ្នក​ស្មោះត្រង់​បំផុត​ហើយ​ជាមួយ​ទណ្ឌិត​ សម រង្ស៊ី។ ឥឡូវ​យក​ អ៊ូ ច័ន្ទឫទ្ធិ ​មក​ទៀត​ សួរ​ថា តើ​ពួក​ប្រឆាំង​មាន​អី​និយាយ​ទៀត?​ អស់​ពី​ខ្លួន​ហើយ​ឥឡូវ​នេះ!​ នៅសល់​តែ អេង ឆៃអ៊ាង​ ហើយ​នឹង​យាយ ​ហួរ មួយ​ទេ​ ហើយ​បើ​ អេង ឆៃអ៊ាង ​និង​យាយ​ ហួរ​ មក​ទៀត​ អាហ្នឹង​ចប់​បណ្ដោយ។ អាហ្នឹង​ងាប់​ឈរ​ មិនមែន​ងាប់​ដេក​ទេ»។​

ការ​សម្រេច​របស់​លោក ​អ៊ូ ច័ន្ទឫទ្ធិ​ ក្នុង​ការ​ផ្ដាច់​ខ្លួន​ពី​លោក ​សម រង្ស៊ី ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជោគជ័យ​មួយ​ជំហាន​ទៀត​នៃ​យុទ្ធសាស្ត្រ​ IF ​របស់​លោក​នាយក​រដ្ឋមន្រ្ដី ​ហ៊ុន សែន។ ​យុទ្ធសាស្ត្រ​ IF ដែល​មាន​ន័យ​ថា ការ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ឯង ​និង​ដល់​ទី​បញ្ចប់​នេះ​ធ្លាប់​ត្រូវ​លោក​ប្រើ​ជាមួយ​គូ​ប្រជែង​នយោបាយ​ផ្សេង​ទៀត​កាលពី​ពេល​កន្លង​មក។

កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​តុលា​ ឆ្នាំ ២០២២​ លោក​ ហ៊ុន សែន​ បាន​ប្រកាស​ថា ​លោក​នឹង​ស្នើ​សុំ​ព្រះ​មហាក្សត្រលើក​លែង​ទោស​មនុស្ស​ជំនិត​ និង​អ្នក​គាំទ្រ​លោក​ សម រង្ស៊ី​ ប្រសិន​បើ​ពួក​គេ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​លោក​ សម រង្ស៊ី​ ដែល​លោក​ចាត់​ទុក​ថា​ជា​ជន​ក្បត់​ជាតិ​បី​ជំនាន់​នោះ៕

XS
SM
MD
LG