សហរដ្ឋអាមេរិកបានសម្រេចកាត់បន្ថយជំនួយទៅប្រទេសកម្ពុជាដោយសារតែគណបក្សកាន់អំណាចបានធ្វើសកម្មភាពប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យដែលក្នុងនោះមានការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ។
សេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា៖
«ការថយចុះនាពេលថ្មីៗនេះនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបានបង្កឱ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងនោះគឺរួមទាំងការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈដែលមិនបានតំណាងឱ្យឆន្ទៈពិតប្រាកដរបស់ពលរដ្ឋកម្ពុជា។ ការដើរថយក្រោយនេះបង្ខំឱ្យសហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញនូវជំនួយរបស់ខ្លួនទៅប្រទេសកម្ពុជាដើម្បីធានាថា ប្រាក់ដែលបានមកពីអ្នកបង់ពន្ធអាមេរិកាំងមិនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រឥរិយាបទប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យទេ»។
ជំនួយដែលត្រូវព្យួរនិងកាត់បន្ថយគឺជាកម្មវិធីជំនួយរបស់ក្រសួងរតនាគារ កម្មវិធីជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) និងជំនួយយោធា។ បើតាមទីភ្នាក់ងារ AFP រាយការណ៍ឱ្យដឹងថា ជំនួយដែលត្រូវប៉ះពាល់មានទឹកប្រាក់ប្រហែល៨,៣លានដុល្លារ។
ជំនួយទាំងនេះគាំទ្រដល់អគ្គនាយកដ្ឋានពន្ធដារ គាំទ្រដល់សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលកម្ពុជានៅថ្នាក់មូលដ្ឋាននិងយោធារបស់កម្ពុជា។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេនៅពេលដែល VOA ទាក់ទងដោយលោកថា នឹងត្រូវពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំក្រសួងការបរទេសសិនមុននឹងឆ្លើយតបជាផ្លូវការ។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ការណ៍ដែលយកការបោះឆ្នោតព្រឹទ្ធសភាមកជាហេតុផលគឺមិនត្រឹមត្រូវទេដោយសារតែការបោះឆ្នោតនោះអសកលហើយស្របតាមច្បាប់។
លោកបន្ថែមថា៖
«ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន។ អ្នកខ្លះចោទថា ជាការបោះឆ្នោតដោយបក្សតែមួយដែលខ្លាំងហើយបក្សដទៃទៀតមិនសូវមានកម្លាំង ប៉ុន្តែវាជាការបោះឆ្នោតមួយប្រកបដោយលទ្ធិប្រជាធិបតេយ្យរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានការអនុម័តដោយច្បាប់»។
លោក អាឡាំង ឡូវឹនសល (Alan Lowenthal) អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានប្រាប់ VOA តាមសារអេឡិកត្រូនិកថា លោក ហ៊ុន សែន គឺជាមនុស្សតែម្នាក់គត់ដែលទទួលខុសត្រូវចំពោះការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ។
លោក អាឡាំង ឡូវឹនសល បានបន្ថែមថា៖
«ការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិត្រូវតែអាស្រ័យលើលោក ហ៊ុន សែន ថាតើគាត់គោរពតាមកិច្ចព្រមព្រៀងដែលគាត់ខ្លួនឯងបានចុះហត្ថលេខាក្នុងការរៀបចំការបោះឆ្នោតមួយដែលសេរីនិងត្រឹមត្រូវឬទេ? នេះគឺជាការការពារនិងថែរក្សាសិទ្ធិមនុស្សជាសាកលដែលមានដូចជាធានាដល់ក្រុមអ្នកប្រឆាំងនិងសិទ្ធិសេរីភាពនៃសារព័ត៌មានសម្រាប់ពលរដ្ឋកម្ពុជា»។
នេះជាទណ្ឌកម្មថ្មីបន្ថែមទៀតបន្ទាប់ពីសេតវិមានបានប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកាដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងជនទាំងឡាយណាដែលរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារតាំងពីខែកញ្ញាហើយបានរំលាយគណបក្សប្រឆាំងដ៏ធំនេះកាលពីខែវិច្ឆិកាក្រោមបទចោទប្រកាន់ថាមានឃុបឃិតនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប៉ុន្តែគណបក្សសង្គ្រោះជាតិនិងសហរដ្ឋអាមេរិកបានប្រកែកថាជាការចោទប្រកាន់ដែលមិនពិតទេ។
គណបក្សសង្គ្រោះជាតិមានអ្នកគាំទ្រជាងបីលាននាក់ដែលត្រូវជាជាង៤០ភាគរយនៃចំនួនអ្នកដែលបានបោះឆ្នោតទាំងអស់។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានសម្តែងការសោកស្តាយដែលកម្ពុជារឹតបន្តឹងស្ថានការណ៍រហូតដល់មានទណ្ឌកម្ម។
លោកបានបន្ថែមថា៖
«ខ្ញុំមានការសោកស្តាយមែនទែនព្រោះយើងដឹងហើយថា ក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់សង្គមនិងការងារផ្សេងៗជាច្រើនរាប់ពាន់លានដុល្លារ។ ហើយអ្វីដែលសហរដ្ឋអាមេរិកផ្តល់ឱ្យប្រទេសកម្ពុជាហ្នឹងគឺសហរដ្ឋអាមេរិកចង់ឱ្យមានការគោរពសិទ្ធិមនុស្សមានប្រជាធិបតេយ្យពិតប្រាកដគឺអត់មានអ្វីផ្សេងដូចប្រទេសកុម្មុយនិស្តទេ ប៉ុន្តែឥឡូវនេះដោយសារតែទង្វើរបស់លោក ហ៊ុន សែន បំផ្លាញលទ្ធិប្រជាធិបតេយ្យ សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្វើឱ្យសហរដ្ឋអាមេរិកកាត់ផ្តាច់ជំនួយ។ នេះគឺជាការសោកស្តាយ»។
លោក អេង ឆៃអ៊ាង យល់ថាពេលវេលាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជានៅមិនទាន់ហួសពេលទេបើសិនជាលោក ហ៊ុន សែន កែប្រែទាន់ពេល។
លោកបានបន្ថែមថា៖
«យើងសូមអំពាវនាវឱ្យលោក ហ៊ុន សែន គិតឡើងវិញអំពីរឿងនេះ បើសិនជាយើងចង់ឱ្យប្រទេសកម្ពុជាយើងទទួលបានការអភិវឌ្ឍទទួលបានការទទួលស្គាល់ដឹងឮពីប្រទេសមហាអំណាចសេរីដែលមានប្រជាធិបតេយ្យគួរតែលោក ហ៊ុន សែន ពិចារណានូវទង្វើរបស់ខ្លួនឡើងវិញមិនត្រូវទុកបណ្តោយឱ្យកម្ពុជានៅឯកា ហើយឱ្យកម្ពុជាសេពគប់តែប្រទេសកុម្មុយនិស្តទេ។ វាអត់មានផលចំណេញដល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋកម្ពុជាទេ»។
សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងយល់ថា សម្ពាធពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មថ្មីថែមទៀតដល់កម្ពុជាគឺដើម្បីជួយឱ្យលទ្ធិប្រជាធិបតេយ្យបានប្រសើរឡើងវិញ។
លោក យ័ប គឹមទុង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានបញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំយល់ថា អំពើដែលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចសព្វថ្ងៃហ្នឹងកំពុងតែដើរផ្លូវខុសនាំប្រជាជនយើងឱ្យមានការវេទនាទៅថ្ងៃមុខពីព្រោះអនុវត្តអ្វីៗអត់មានយុត្តិធម៌ ជាពិសេសអត់មានអនុវត្តលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវធ្វើឱ្យប្រទេសដទៃទៀតគេមើលទៅឃើញថា នេះជាការគាបសង្កត់លើប្រជាជនម្ល៉ោះហើយគេមិនអាចនៅស្ងៀមបានត្រូវជួយដោយធ្វើសម្ពាធលើប្រទេសខ្មែរយើង»។
ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជាង១.០០០លានដុល្លារដើម្បីធ្វើឱ្យប្រទេសកម្ពុជាបានប្រសើរឡើងដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចនិងលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
យ៉ាងណាក៏ដោយនៅមានគម្រោងជាច្រើនទៀតដែលសហរដ្ឋអាមេរិកនៅគាំទ្រ គឺលើផ្នែកសុខាភិបាល កសិកម្ម ការដោះមីន លើកកម្ពស់សង្គមស៊ីវិល និងវិស័យសំខាន់ៗដទៃទៀត៕
រាយការណ៍បន្ថែមដោយ សុខ ខេមរា