មនុស្សជាង២០០នាក់មកពីវិស័យធុរកិច្ច អ្នកកាទូត អ្នកអភិរក្ស ការកម្សាន្ត សហគមន៏ទេសចរ និងសហគមន៍សប្បុរសធម៌ បានចូលរួមក្នុងកិច្ចពិភាក្សាមួយដែលមានឈ្មោះ Giants Club Summit នៅក្បែរភ្នំកេនយ៉ាចាប់ពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី១ ខែឧសភា។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីស្វែងរកដំណោះស្រាយបញ្ឈប់ការសម្លាប់សត្វដំរីនៅទ្វីបអាហ្រ្វិក។
ហើយសំខាន់ជាងនេះទៅទៀត គឺអាចដើម្បីឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលតម្លើងសាច់ដុំរបស់ខ្លួនក្នុងការជួយគាំទ្រករណីនេះ។
ប្រធានាធិបតីប្រទេសកេនយ៉ា លោក Kenyatta បានបើកកិច្ចប្រជុំនេះដោយថ្លែងថា «ការការពារសត្វដំរីធំៗរបស់យើងទាមទារឲ្យមានការរួមបញ្ជូលនៃគំនិតរបស់ចាស់ព្រឹទ្ធាចារ្យ ក៏ដូចជាក្តីសង្ឃឹមនៃយុវជនយើង។ យើងមិនបានបោះបង់កេរ្តិ៍តំណែលរបស់យើងទៅឲ្យទីផ្សារនោះទេ ប៉ុន្តែថ្ងៃនេះយើងនឹងចាប់ផ្តើមឈានជំហានដ៏ធំមួយ។ ជំហានទាំងនេះនឹងលើកតម្កើងបុព្វបុរសរបស់យើង និងជំរុញឲ្យយុវជនស្គាល់អំពីតម្លៃចាំបាច់នៃកេរ្តិ៏ដំណែលជាតិរបស់យើង»។
វត្តមានរបស់លោកប្រធានាធិបតី Kenyatta ក្នុងកិច្ចប្រជុំកំពូលរួមជាមួយនឹងប្រធានាធិបតីប្រទេសអ៊ូហ្គង់ដា លោក Yoweri Museveni និងប្រធានាធិបតីប្រទេសហ្គាបុង លោក Ali Bongo Ondimba បានធ្វើឲ្យកម្មវិធីនេះឈានដល់កម្រិតកំពូល។
វាគ្មិនបានផ្តោតលើបញ្ហាដូចជាសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលត្រឹមត្រូវ និងការជំរុញលើកទឹកចិត្តអ្នកការពារសត្វព្រៃ ស្ថាបនាប្រព័ន្ធតុលាការដ៏រឹងមាំមួយ និងស្វាគមន៍ដល់សហគមន៏ដែលខិតខំប្រឹងប្រែងអភិរក្ស។
ប៉ុន្តែលោក Richard Leakey ប្រធានអង្គការសេវាសត្វព្រៃនៅប្រទេសកេនយ៉ាបានសង្កត់ធ្ងន់ថា ទីផ្សារគឺជាដំណោះស្រាយនៃបញ្ហា។ តម្លៃនៃភ្លុកដំរីគឺប្រហែល៥០០ដុល្លារក្នុងមួយគីឡូក្រាម ហើយអាចនឹងថ្លៃជាងនេះនៅពេលដែលវាទៅដល់គោលដៅ។
លោកបាននិយាយថា «ដូច្នេះការអំពាវនាវរបស់ខ្ញុំគឺ ការបិទទីផ្សារដំរីចោលទាំងអស់។ មិនត្រូវឲ្យមានការជួញដូរភ្លុកដំរីឆ្លងកាត់ព្រំដែនអន្តរជាតិតែទៅទៀតនោះទេ»។
គាត់បានជំរុញបណ្តាប្រទេសអាហ្រ្វិកទាំងអស់ដែលមានស្តុកភ្លុកដំរីទុកបំផ្លាញវាចោល។
អ្នកអភិរក្សជាច្រើនបានព្រមានថា សត្វដំរីអាចនឹងផុតពូជប្រសិនបើយើងមិនបញ្ឈប់ទេ។ មានដំរីជាច្រើនបានស្លាប់ដោយសារធម្មជាតិ ឬការសម្លាប់ខុសច្បាប់នៅទ្វីបអាហ្រ្វិកជាងចំនួនដែលវាកើត។ ហើយការបាត់បង់ដំរីព្រៃគឺធ្ងន់ធ្ងរជាងការបាត់បង់ដំរីតំបន់វាលស្មៅទៅទៀត ដោយតាមការប៉ាន់ស្មាន ៧០ភាគរយនៃសត្វទាំងនេះត្រូវបានបាត់បង់ក្នុងរយៈពេល១០ឆ្នាំមកនេះ។
សរុបមកសត្វដំរីនៅទ្វីបអាហ្វ្រិកសល់ប្រហែល៤០០.០០០ក្បាលប៉ុណ្ណោះ។
ក្រុមមន្រ្តីបានដាក់បង្ហាញគំនិតផ្តួចផ្តើមការពារដំរីសម្រាប់ប្រទេសកេនយ៉ា ប្រទេសអ៊ូហ្គង់ដា ប្រទេសហ្គាបុង និងប្រទេសបុតស្វាណានៅក្នុងកិច្ចប្រជុំកំពូលដែលរួមមាន ការបង្កើនមូលនិធិសម្រាប់ការការពារជួរមុខ ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពច្បាប់ បច្ចេកវិទ្យា ការស៊ើបការណ៍សម្ងាត់ កសាងរបងអគ្គិសនី និងបង្កើតមូលនិធិទាយជ្ជទានសម្រាប់តំបន់ការពារក៏ដូចជាការវិនិយោគផ្សេងៗ៕
ប្រែសម្រួលដោយ ទុំ ម្លិះ