ទីក្រុងប៊ែរឡាំង ទីក្រុងប៉ារីស និងទីក្រុងឡុងដ៏ គឺជាទិសដៅរួមសម្រាប់សិល្បករអាហ្រ្វិក ដែលព្យាយាមបង្កើតអាជីពរបស់ពួកគេ និងសាងកេរ្ត៍ឈ្មោះ។ ប៉ុន្តែ នៅពេលពួកគេផ្តោតការយកចិត្តទុកដាក់តែនៅបស្ចិមប្រទេសនោះ ពួកគេប្រឈមនឹងការដែលត្រូវគេបំភ្លេចចោលនៅឯប្រទេសកំណើត។ ការណ៍នេះ នាំឲ្យមានការបំផុសគំនិតឲ្យគិតគូរដល់ការបង្ហាញស្នាដៃរបស់ខ្លួននៅឯប្រទេសកំណើតនេះ ចាប់ផ្តើមឲ្យធ្វើឡើងនៅទូទាំងទ្វីបអាហ្វ្រិក។
មនុស្សរាប់រយនាក់មកពីជុំវិញពិភពលោក បានប្រមូលផ្តុំគ្នានៅឯសារមន្ទីរ Museum of Black Civilizations ក្នុងទីក្រុងដាកា ដើម្បីចូលរួមពិធីបើកការតាំងពិព័រណ៍សិល្បៈសហសម័យមួយដែលមានឈ្មោះថា «Prête-moi ton rêve» ដែលមានន័យថា «ឲ្យខ្ញុំសុំ ខ្ចីក្តីសុបិនរបស់អ្នក»។ ភ្ញៀវដែលចូលរួម ស្លៀកពាក់រូបប្រពៃណីរបស់អាហ្វ្រិកដែលមានពណ៌ស្រស់ឆើត និងមានរូបផ្សេងៗនៅលើសាច់ក្រណាត់ ដែលទាក់ទាញអ្នកថតរូប។ មានស្នាដៃជាង ១០០ របស់សិល្បករ ៣០ នាក់ មកពី ១៥ ប្រទេសនៅទ្វីបអាហ្វ្រិក ដែលរួមមានប្រទេសកូតឌីវ័រ កុងហ្គោ ម៉ារ៉ុក និងម៉ាលី ជាដើម។
សម្រាប់សិល្បករជាច្រើន ឱកាសដើម្បីបង្ហាញស្នាដៃរបស់ពួកគេដល់ជនជាតិអាហ្វ្រិកដទៃទៀតគឺជា ឱកាសដ៏កម្រមួយ។
លោក Fihr Kettani គឺជាអគ្គលេខាធិការនៃមូលនិធិសម្រាប់ការអភិវឌ្ឍវប្បធម៌អាហ្វ្រិកសម័យទំនើប ហើយលោកជាអ្នករៀបចំការតាំងពិព័រណ៍នេះ។ លោកបាននិយាយថា គោលដៅនៃការតាំងពិព័រណ៍នេះ គឺដើម្បីប្រមូលផ្តុំនូវស្នាដៃសិល្បៈអាហ្រ្វិកសម័យទំនើបល្អជាងគេ និងបង្ហាញស្នាដៃទាំងនោះដល់ទស្សនិកជនអាហ្វ្រិក។
លោក Fihr Kettani បានថ្លែងថា លោកនិងអ្នករៀបចំការតាំងពិព័រណ៍ផ្សេងទៀត ដឹងថា សិល្បករទាំងនេះទទួលបានជោគជ័យនៅទីក្រុងប៉ារីស នៅប្រទេសអ៊ីតាលី នៅទីក្រុងឡុងដ៍ និងនៅទីក្រុងញូយ៉ក ប៉ុន្តែ ស្នាដៃរបស់ពួកគេមិនទាន់បានទទួលស្គាល់ដល់កម្រិតនោះនៅប្រទេសកំណើតរបស់ពួកគេនៅឡើយទេ។ ដូច្នេះហើយបានជា លោកនិងអ្នករៀបចំការតាំងពិព័រណ៍ផ្សេងទៀត ក៏មានគំនិតនាំសិល្បករ និងស្នាដៃរបស់ពួកទាំងនោះទៅប្រទេសកំណើតរបស់ពួកគេ។ គំនិតនេះ គឺដើម្បីឲ្យស្នាដៃទាំងនោះ ត្រូវបានទទួលស្គាល់នៅទ្វីបអាហ្រ្វិក និងដើម្បីឱ្យជនជាតិអាហ្វ្រិកទូទៅមានចំណែកនៅក្នុងការទទួលបានជោគជ័យរបស់សិល្បករទាំងនោះ។
ការតាំងពិព័រណ៌ចល័តនេះ នឹងបន្តទៅទីក្រុងចំនួន៧ ក្នុងទ្វីបអាហ្រ្វិក ក្នុងរយៈពេលមួយឆ្នាំ។ ក្នុងចំណោមទីក្រុងទាំង៧នោះ ក្រៅពីទីក្រុងដាកានៅប្រទេសសេណេហ្កាល់ គឺទីក្រុងCasablanca Abidjan Lagos Addis Ababa Cape Town និង Marrakech។ ការតាំងពិព័រណ៌ចល័តនេះ ក៏មានបំណងដើម្បីឲ្យមានការបង្រួបបង្រួមវប្បធម៌ និងទំនៀមទម្លាប់ជនជាតិភាគតិចដែលមានការពាក់ព័ន្ធគ្នានៅទ្វីបនេះផងដែរ ក្នុងគ្រាដែលមានការអបអរដល់សិល្បៈអាហ្រ្វិកនៅកន្លែងប្រភពដើមរបស់វា។
លោកYacouba Konate ((Ya-kou-bah Kaun-ah-té)) គឺជាអ្នកអភិរក្សការតាំងពិព័រណ៍នេះម្នាក់។ លោកថ្លែងថា លោកសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងជួយដល់សិល្បករអាហ្រ្វិកដែលល្បីល្បាញជាអន្តរជាតិ ឲ្យបង្កើតទំនាក់ទំនងជាមួយអ្នកជិតខាងរបស់ពួកគេនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
លោកនិយាយថា ទ្វីបអាហ្រ្វិកជាញឹកញាប់ត្រូវបានអ្នករៀបចំពិព័រណ៍បំភ្លេចចោល។
ការតាំងពិព័រណ៍របស់ពួកគេ បានធ្វើឡើងនៅទីក្រុងប៉ារីស នៅទីក្រុង Dusseldorf នៃប្រទេសអាល្លឺម៉ង់ និងទីក្រុងឡុងដ៏ ក៏ប៉ុន្តែគ្មាននរណាម្នាក់គិតអំពីភាពចាំបាច់ ឬ ចាប់អារម្មណ៍ថា នឹងបង្ហាញស្នាដៃរបស់សិល្បៈករអាហ្វ្រិកនៅទ្វីបអាហ្វ្រិកនោះទេ។
ទោះបីនៅពេលដែលអ្នករៀបចំការតាំងពិព័រណ៍ គិតគូរអំពីការតាំងពិព័រណ៍ចល័តនេះនៅទ្វីបអាហ្វ្រិកក៏ដោយ ក៏លោក Konate បាននិយាយថា ពួកគេងាយនឹងបោះបង់គម្រោងនោះចោល ដោយលើកហេតុផលថា វាមិនអាចទៅរួចទេដោយសារតែមិនមានកន្លែង និងថវិកាគ្រប់គ្រាន់។
លោកនិយាយថា លោក និងអ្នករៀបចំការតាំងពិព័រណ៍ ចង់ជម្នះបញ្ហានិងឧបសគ្គទាំងនេះជាមួយគ្នា ហើយបន្ទាប់មកក៏ឃើញបន្តិចម្តងៗថា ពួកលោកអាចជម្នះឧបសគ្គទាំងនោះបាន ហើយនឹងបង្ហាញថា កិច្ចការនោះ ពិតជាអាចធ្វើទៅបាន។
សិល្បករដែលលេចធ្លោជាងគេគឺជាងចម្លាក់ជនជាតិកូតឌីវ័រ លោក Siriki Ky ((Seer-ee-kee Kee))។ លោកបាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់លោក និងសិល្បករដទៃទៀត ដែលស្នាដៃរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយជនជាតិអាហ្វ្រិក។
លោកនិយាយថា លោកនិងសិល្បៈករដទៃទៀត ធ្វើការច្រើននៅបស្ចិមប្រទេសនិងនៅក្រៅទ្វីបអាហ្វ្រិក។ នោះហើយ ជាមូលហេតុដែលពួកគេចង់ចូលរួមក្នុងការតាំងពិព័រណ៍នេះ ដើម្បីឲ្យអ្នកជិតខាង និងឪពុកម្តាយរបស់ពួកគេ អាចមើលឃើញស្នាដៃរបស់ពួកគេ និងយល់យ៉ាងណាចំពោះស្នាដៃទាំងនោះ ហើយសម្រេចចិត្តថាតើចូលចិត្តស្នាដៃរបស់ពួកគេដែរ ឬ យ៉ាងណា ឬ យ៉ាងហោចណាស់ពួកគេដឹងថាសាច់ញាតិ ឬ អ្នកជិតខាងរបស់ពួកគេ កំពុងធ្វើកិច្ចការសិល្បៈទាំងនេះ។
ការតាំងពិព័រណ៍នេះ នឹងមាននៅសារមន្ទីរ Musee des Civilizations Noires ក្នុងទីក្រុងដាកា រហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០នេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់