ពលរដ្ឋអាមេរិកាំងភាគច្រើនយល់ដឹងពីពលរដ្ឋប៉ាឡេស្ទីន ដោយសារតែជម្លោះជាច្រើនទសវត្សរ៍របស់ពួកគេជាមួយអ៊ីស្រាអ៊ែល។ ដើម្បីបន្ថែមការយល់ដឹងទៀតអំពីពលរដ្ឋប៉ាឡេស្ទីន សារមន្ទីរមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កំពុងតែបង្ហាញអំពីវប្បធម៌និងកេរដំណែលរបស់ប៉ាឡេស្ទីន ដោយបង្ហាញវត្ថុបុរាណម្តងមួយៗ។
សម្រាប់ពលរដ្ឋអាមេរិកាំងជាច្រើន អ្វីដែលពួកគេបានដឹងអំពីដែនដីប៉ាឡេស្ទីន និងពលរដ្ឋរបស់ដែនដីនេះ គឺតែទិដ្ឋភាពជម្លោះរយៈពេលយូររវាងជនជាតិប៉ាឡេស្ទីននេះ និងជនជាតិអ៊ីស្រាអ៊ែលតែប៉ុណ្ណោះ។
នោះហើយជាមូលហេតុ ដែលស្ថាបនិកនៃសារមន្ទីរពលរដ្ឋប៉ាឡេស្ទីនក្នុងរដ្ឋធានីវ៉ាស៊ីនតោន គិតថា សារមន្ទីរនេះ មានសារៈសំខាន់ខ្លាំងណាស់។ នៅសារមន្ទីរនេះ មានដាក់តាំងវត្ថុបុរាណ ឯកសារប្រវត្តិសាស្រ្ត និងវប្បធម៌។
លោក Bshara Nassar ជាស្ថាបនិកសារមន្ទីរពលរដ្ឋប៉ាឡេស្ទីន។ លោកថ្លែងថា៖
«យើងបង្ហាញថា ប៉ាឡេស្ទីនជាមនុស្សជាតិ យើងបង្ហាញថា ប៉ាឡេស្ទីនជាសហគ្រិន ជាសិល្បៈករ ហើយនោះហើយ ជាមូលហេតុ ដែលខ្ញុំបានសម្រេចចិត្តបង្កើតសារមន្ទីរនេះឡើង។ វា គឺជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនអាចប្រាប់រឿងរ៉ាវរបស់ពួកគេបាន»។
នៅពេលដែលភ្ញៀវចូលមកសារមន្ទីរនេះ វត្ថុមុនដំបូងគេដែលគេបានឃើញគឺថូទឹកពណ៌ខៀវ។ ថូទឹកនេះ ធ្វើពីកែវមកពីក្រុង Hebron ដែលជាក្រុងមួយនៅតំបន់ West Bank ល្បីខាងធ្វើវត្ថុដែលធ្វើពីកែវ។
ជញ្ជាំងសារមន្ទីរនេះ ពេញទៅដោយរូបថត គំនូរ និងវត្ថុសិល្បៈផ្សេងៗទៀត ដែលរៀបរាប់អំពីរឿងរ៉ាវរបស់ប៉ាឡេស្ទីន ដែលអាចផ្តល់ភាពរីករាយដល់ភ្ញៀវដែលមកទស្សនា។
អ្នកនាង Sara ជាភ្ញៀវដែលមកទស្សនា ថ្លែងថា៖
«ខ្ញុំបានអានច្រើនអំពីប្រវត្តិរបស់ដែនដីប៉ាឡេស្ទីន។ អ្វីដែលខ្ញុំចង់ដឹងបន្ថែមនោះ គឺវប្បធម៌របស់ពួកគេ គឺអ្វីៗ ដែលតំណាងឲ្យពួកគេ និងបង្ហាញអំពីអត្តសញ្ញាណជាពលរដ្ឋរបស់ពួកគេ»។
លោក Mark Gorman ជាភ្ញៀវដែលមកទស្សនាម្នាក់ទៀត ថ្លែងថា៖
«អ្វីដែលខ្ញុំមិនបានដឹងពីមុន គឺនិម្មិតសញ្ញានៃសោរ។ សោរផ្ទះដែលជនភៀសខ្លួនប៉ាឡេស្ទីន ត្រូវចាកចេញ»។
ស្ថាបនិកសារមន្ទីរបានដឹងយ៉ាងច្បាស់ថា នឹងមានអ្នកខ្លះ នឹងគិតថាសារមន្ទីរនេះ ឆ្លុះបញ្ចាំងពីហេតុផលនយោបាយទាក់ទងនឹងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ប៉ុន្តែ ស្ថាបនិក និងអ្នកធ្វើការនៅក្នុងសារមន្ទីរនេះ អះអាងថា ការបង្កើតសារមន្ទីរនេះ គឺគ្មានហេតុផលនយោបាយនោះទេ។
អ្នកនាង Hanadi ដែលជាអ្នកធ្វើការស្ម័គ្រចិត្តនៅក្នុងសារមន្ទីរនេះ បាននិយាយថា អ្នកនាងចង់ជួយអប់រំមនុស្សអំពី ដែនដីប៉ាឡេស្ទីននិងប្រវត្តិសាស្រ្តក្នុងតំបន់។
លោក Bshara សង្ឃឹមថា សារមន្ទីរនេះ នឹងទាក់ទាញភ្ញៀវគ្រប់ប្រភេទឲ្យមកទស្សនា ហើយវាជាចំណុចផ្តើមការសន្ទនាអំពីប្រវត្តិសាស្រ្តប៉ាឡេស្ទីន និងវប្បធម៌សម្បូរបែបរបស់ដែនដីនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់