កាលពី ១០ ឆ្នាំមុន នៅពេលដែលសារមន្ទីរឯកជនមួយក្នុងប្រទេសបេណាំង នៃទ្វីបអាហ្វ្រិក ដាក់តាំងបង្ហាញវត្ថុសិល្បៈដែលមានអាយុកាលតាំងពីជំនាន់អតីតរាជាណាចក្រDahomeyបុរាណមក គេឃើញមានជនជាតិបេណាំងប្រមាណ ២ សែន ៥ ម៉ឺននាក់ សម្រុកទៅមើលការតាំងពិព័រណ៍ខាងលើ ដែលចំនួននេះជាចំនួនអ្នកមកទស្សនាដ៏ធំសម្បើមមួយសម្រាប់ប្រទេសដ៏តូចក្នុងតំបន់អាហ្វ្រិកខាងលិចមួយនេះ។
ចំណុចសំខាន់គឺថា ទោះបីជាវត្ថុសិល្បៈទាំងនេះជាផ្នែកមួយនៃបេតិកភណ្ឌរបស់ប្រទេសបេណាំងក៏ដោយ ក៏វាមិនមែនជាកម្មសិទ្ធិរបស់ប្រទេសមួយនេះនោះទេ ប៉ុន្តែជាវត្ថុសិល្បៈដែលបានខ្ចីមកពីប្រទេសបារាំង ដែលជាអតីតមហាអំណាចដាក់អាណានិគមលើប្រទេសបេណាំង។
នៅពេលដែលប្រទេសបេណាំងតាំងពិព័រណ៍វត្ថុសិល្បៈសម័យ Dahomey នេះនៅពេលក្រោយ ប្រទេសនេះប្រហែលជាធ្វើឡើងក្នុងកាលៈទេសៈផ្ទុយស្រឡះពីនេះ ដោយសារប្រទេសបារាំងបានសន្យាប្រគល់រាជវត្ថុបុរាណចំនួន ២៦ ឲ្យប្រទេសបេណាំងវិញ។ វត្ថុបុរាណទាំងនោះត្រូវបានទាហានបារាំងរឹបអូសយកកាលពីឆ្នាំ ១៨៩២។
ការប្រគល់ជូនបែបនេះត្រូវបានគេយល់ឃើញថាអាចជាចំណុចរបត់មួយក្នុងការទាមទារជាទូទៅឱ្យមានការប្រគល់មកវិញនូវវត្ថុបុរាណនានា ដែលត្រូវបានយកចេញពីទ្វីបអាហ្វ្រិកដែលជាទីកន្លែងដើម។
អ្នកស្រី Marie Cecile Zinsou ជនជាតិបេណាំងកាត់បារាំង និងដែលត្រូវបានចាត់ទុកថាជាអ្នកតស៊ូមតិនាំមុខមួយរូបនៅទ្វីបអាហ្វ្រិកនៅក្នុងការការទាមទារឱ្យមានការសងត្រឡប់មកវិញនូវវត្ថុបុរាណ បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រសិនបើប្រទេសបេណាំងទទួលជោគជ័យនៅក្នុងការដាក់តាំងបង្ហាញនូវវត្ថុបេតិកភណ្ឌរបស់ខ្លួននោះ ខ្ញុំគិតថា អ្វីគ្រប់យ៉ាងមុខតែជានឹងផ្លាស់ប្ដូរជាមិនខាន»។
អ្នកស្រី Zinsou ដែលមូលនិធិ Zinsou របស់អ្នកស្រីបានរៀបចំការតាំងពិព័រណ៍វត្ថុបុរាណសម័យ Dahomey កាលពីឆ្នាំ ២០០៦ បានបន្ថែមថា៖ «បន្ទាប់មក អ្នកនឹងឃើញឧទាហរណ៍ជាក់ស្ដែងមួយអំពីវិធីដែលបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកបានទទួលវត្ថុបេតិកភណ្ឌរបស់ពួកគេត្រឡប់មកវិញ និងតាំងបង្ហាញជូនសាធារណជនទស្សនា។ នោះ មហាជននឹងជឿជាក់លើរឿងនេះជាមិនខាន»។
លោក Macron ស្នើឲ្យប្រគល់វត្ថុបុរាណទាំងនេះ
បន្ទាប់ពីបានតតាំងនឹងការទាមទារឱ្យមានការសងវត្ថុបុរាណទាំងនេះអស់រយៈពេលរាប់ឆ្នាំមក នាពេលបច្ចុប្បន្ននេះ ប្រទេសបារាំងកំពុងបង្កើនសន្ទុះឱ្យមានក្ដីសង្ឃឹមថ្មី ក៏ដូចជាក្ដីបារម្ភផងដែរ ដែលថាវត្ថុសិល្បៈរាប់ម៉ឺន ដែលខ្លួនបានយកពីបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកដែលស្ថិតក្រោមអាណានិគមរបស់ខ្លួនកាលពីអតីតកាល អាចត្រូវប្រគល់ជូនប្រទេសម្ចាស់ដើមវិញ។
ប្រទេសបារាំងបានប្រគល់សងវត្ថុបុរាណដំបូងបង្អស់ឲ្យប្រទេស Burkina Faso កាលពីឆ្នាំ ២០១៧។នៅពេលនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាថានឹងប្រគល់សងវត្ថុបុរាណនានាដោយបណ្ដោះអាសន្ន ឬជាអចិន្ត្រៃយ៍ឲ្យទ្វីបអាហ្វ្រិកវិញនៅក្នុងអំឡុងពេល ៥ ឆ្នាំ។
ស្ថានការណ៍នៃការវិវត្តចុងក្រោយបង្អស់កើតមានឡើងកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលអ្នកសិក្សាស្រាវជ្រាវពីររូបបានចេញផ្សាយនូវរបាយការណ៍បើកផ្លូវមួយ ដែលត្រូវបានចាត់តាំងឱ្យធ្វើដោយលោក Macron។ របាយការណ៍នោះបានផ្ដល់អនុសាសន៍ឱ្យប្រទេសបារាំងប្រគល់សងវិញជាអចិន្ត្រៃយ៍នូវវត្ថុមានតម្លៃនានាដែលខ្លួនយកបានតាមរយៈ «អំពើចោរកម្ម ការលួច ការរឹបអូសយក ការបោកបន្លំ និងការអនុញ្ញាតក្រោមការបង្ខិតបង្ខំ»។
លោក Felwine Sarr ដែលជាសេដ្ឋវិទូជនជាតិសេណេហ្គាល់ និងលោក Bénédicte Savoy ដែលជាប្រវត្តិវិទូជនជាតិបារាំង បានសរសេររួមគ្នាក្នុងរបាយការណ៍ខាងលើថា នៅក្នុងទ្វីបមួយដែលមានប្រជាជនប្រមាណ ៦០ ភាគរយ មានវ័យក្រោម ២០ ឆ្នាំ យុវជនផងក្មេងៗគួរតែមាន «លទ្ធភាពទទួលបានវប្បធម៌ផ្ទាល់របស់ពួកគេ ក៏ដូចជាភាពច្នៃប្រឌិតថ្មី និងដួងព្រលឹងដែលបន្សល់ទុកពីយុគសម័យមុនៗ»។
អ្នកស្រាវជ្រាវទាំងពីរបានសរសេរបន្តទៀតយ៉ាងដូច្នេះថា៖ «មិនខុសអ្វីពីយុវជនបារាំង និងយុវជនអឺរ៉ុបជាទូទៅដែរនោះទេ យុវជនក្នុងទ្វីបអាហ្វ្រិកមានសិទ្ធិទទួលបានបេតិកភណ្ឌសិល្បៈ និងវប្បធម៌របស់ពួកគេ»។
ក្នុងពេលប៉ុន្មានខែថ្មីៗនេះ របាយការណ៍ខាងលើបានបង្កឱ្យមានការទាមទារសងត្រឡប់មកវិញនូវវត្ថុសិល្បៈនៅក្នុងទ្វីបអាហ្វ្រិក បើទោះបីជាភាគច្រើននៃការទាមទារទាំងនោះមិនទាន់ផ្លូវការក៏ដោយ។ បន្ទាប់ពីបានចំណាយពេលអស់រាប់ឆ្នាំមកហើយទាមទារឱ្យមានការសងត្រឡប់មកវិញនូវវត្ថុសិល្បៈរបស់ខ្លួនដែលត្រូវបានលួច ប្រទេសបេណាំងគឺជាប្រទេសដំបូងគេបង្អស់ដែលបានទទួលប្រយោជន៍ពីនេះ។
ប៉ុន្តែ ប្រទេសដទៃទៀតដូចជាប្រទេសកូឌីវ័រ និងប្រទេសសេណេហ្គាល់ជាដើមក៏បានទាមទារឲ្យមានការសងត្រឡប់មកវិញនូវវត្ថុបុរាណរបស់ពួកគេផងដែរ។ ឧទាហរណ៍ដូចជាលោក Abdou Latif Coulibaly រដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសសេណេហ្គាល់ បានលើកឡើងយ៉ាងដូច្នេះថា៖
«បើសិនជាយើងមានវត្ថុសិល្បៈមួយម៉ឺន [ក្នុងប្រទេសបារាំង] យើងចង់បានវិញទាំងមួយម៉ឺន»។
ប្រធានសារមន្ទីរនានានៅក្នុងប្រទេសម៉ាលី និងប្រទេសឆាដ បានប្រកាសថា ប្រទេសរបស់ពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលរក្សាទុកនូវវត្ថុសិល្បៈដែលបច្ចុប្បន្នស្ថិតក្រោមការឃុំគ្រងក្នុងប្រទេសបារាំង និងទីកន្លែងដទៃទៀត។
ចំណែកឯនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញ លោកប្រធានាធិបតី Joseph Kabila បានលើកឡើងថា លោកនឹងស្នើជាផ្លូវការទៅកាន់ប្រទេសបែលហ្ស៊ិក ដែលកាលពីអតីតកាលបានដាក់អាណានិគមលើខ្លួន ឱ្យប្រគល់សងវិញនូវវត្ថុមានតម្លៃនានា ដែលបែលហ្សិកបានយកនៅពេលគ្រប់គ្រងយ៉ាងឃោរឃៅលើប្រទេសកុងហ្គោ។
របាយការណ៍ខាងលើរបស់បារាំងក៏បានបង្កឱ្យមានការចាត់វិធានការមួយចំនួនពីសំណាក់បណ្ដាប្រទេសបស្ចិមលោកផ្សេងទៀតផងដែរ។
កាលពីខែធ្នូ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចមួយក្នុងការគាំទ្រឱ្យមានការបញ្ជូនវត្ថុសិល្បៈមានតម្លៃនានាត្រឡប់ទៅឲ្យប្រទេសដើមវិញ។ មហាសន្និបាតនេះបានអំពាវនាវឱ្យបណ្ដារដ្ឋជាសមាជិកទាំងអស់ឱ្យបង្កើតប្រព័ន្ធផ្ទុយទិន្នន័យ និងបង្កើនការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុសិល្បៈបុរាណ។
សារមន្ទីរអង់គ្លេសបានសន្យាប្រគល់សងវិញនូវគ្រឿងស្ពាន់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទៅឱ្យប្រទេសនីហ្សេរីយ៉ា។ ហើយប្រទេសអាល្លឺម៉ង់កំពុងជួយប្រទេសកេនយ៉ាតាមដានរកមើលវត្ថុសិល្បៈដ៏មានតម្លៃដែលត្រូវបានគេលួចទៅ ដែលគេឃើញមាននៅតាមសារមន្ទីរនៃបណ្ដាបស្ចិមប្រទេសនានា ដែលក្នុងនោះមានទាំងសារមន្ទីរនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។
ការបង្កើនការទាមទារឱ្យមានការប្រគល់សងវិញនូវវត្ថុបុរាណគឺពឹងផ្អែកលើស្ថិតិដ៏ជាក់ច្បាស់មួយ ដែលថានៅពេលបច្ចុប្បន្ននេះ មានវត្ថុសិល្បៈបុរាណរបស់ទ្វីបអាហ្វ្រិកដល់ទៅ ៩០ ភាគរយ កំពុងស្ថិតនៅតាមកន្លែងនានាក្រៅពីទ្វីបមួយនេះ។ ក្នុងនោះមានប្រទេសបារាំងផងដែរ ដែលវត្ថុបុរាណរបស់ទ្វីបអាហ្វ្រិកប្រហែល ៩ ម៉ឺន កំពុងស្ថិតក្នុងសារមន្ទីរនានា ដែលភាគច្រើនស្ថិតក្នុងសារមន្ទីរ Quai Branly Jacques Chirac នៅក្នុងទីក្រុងប៉ារីស។
តើត្រូវទុកវត្ថុសិល្បៈទាំងនោះនៅទីណា?
ព្រមពេលនេះដែរ សារមន្ទីរថ្មីៗកំពុងរីកចម្រើនឡើង ឬក៏កំពុងដំណើរការសាងសង់នៅទូទាំងទ្វីបអាហ្វ្រិក។ បើយោងតាមអ្នកគាំទ្រ ការអះអាងដែលថា ទ្វីបអាហ្វ្រិកមិនអាចរក្សាទុកវត្ថុបុរាណរបស់ខ្លួន គឺជាការអះអាងមិនពិត។
សារមន្ទីរអរិយធម៌ជនជាតិស្បែកខ្មៅ (Museum of Black Civilizations) បានបើកដំណើរការនៅក្នុងរដ្ឋធានីដាកា ប្រទេសសេណេហ្គាល់ កាលពីខែធ្នូ ឆ្នាំមុន។ រីឯប្រទេសកូឌីវ័រវិញ បានបើកឱ្យដំណើរការឡើងវិញនូវសារមន្ទីរជាតិរបស់ខ្លួនកាលពីឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានបិទទ្វារក្នុងអំឡុងពេលសង្គ្រាមស៊ីវិលអូសបន្លាយកាលពីពេលកន្លងទៅ។ ចំណែកឯប្រទេសកាបុង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសបេណាំង ក៏កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ឬក៏ស្ដារឡើងវិញនូវទីតាំងរក្សាទុកតាំងលម្អវត្ថុសិល្បៈរបស់ខ្លួនផងដែរ។
អ្នកស្រី Zinsou បានលើកឡើងយ៉ាងដូច្នេះថា៖ «បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិកទាំងអស់នឹងទទួលរ៉ាប់រងចាត់ចែងវត្ថុបេតិកភណ្ឌរបស់ពួកគេដោយខ្លួនឯងផ្ទាល់ ដែលគ្មានអ្វីគួរឲ្យឆ្ងល់នោះទេ»។
អ្នកស្រី Zinsou បានកត់សម្គាល់ថា ប្រទេសបេណាំងបានប្រកាសថា ខ្លួននឹងបើកសារមន្ទីរថ្មីចំនួន ៣ និងស្ដារឡើងវិញនូវសារមន្ទីរ ៦ កន្លែងផ្សេងទៀតដែលមានស្រាប់។
ក៏ប៉ុន្តែមនុស្សមួយចំនួនទៀតមិនច្បាស់អំពីរឿងនេះទេ។
លោក Alexandre Guigello អ្នកជំនាញផ្នែកវិចិត្រសិល្បៈ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «យើងដឹងថាមានការខ្វះខាតសារមន្ទីរក្នុងទ្វីបអាហ្វ្រិក» ដែលមិនអាចបម្រើឱ្យការងារអភិរក្សជាទូទៅបាន។ ការលើកឡើងរបស់លោកបានឆ្លុះបញ្ចាំងឲ្យឃើញនូវក្ដីបារម្ភជាទូទៅនៅបណ្ដារដ្ឋធានីនានានៅក្នុងទ្វីបអឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងបានបង្ហាញជំហរគាំទ្រចំពោះការផ្ដល់វត្ថុបុរាណជាលក្ខណៈកម្ចីដល់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក ជាជាងការប្រគល់ជូនជាអចិន្ត្រៃយ៍។ រីឯលោក Stephane Martin ប្រធានសារមន្ទីរ Quai Branly Jacques Chirac វិញ បានហៅរបាយការណ៍របស់រដ្ឋាភិបាលអំពីការប្រគល់វត្ថុបុរាណឲ្យទ្វីបអាហ្វ្រិកវិញ ថាជាដំណោះស្រាយមិនល្អ។ លោកបានប្រាប់កាសែតបារាំង La Figaro ថា មាន «វិធីផ្សេងទៀតនៅក្នុងការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយនឹងទ្វីបអាហ្វ្រិក»។
លោក Jean Jacques Aillagonអតីតរដ្ឋមន្ត្រីវប្បធម៌បារាំង ធ្លាប់បានថ្លែងក្នុងសម្ដីធ្ងន់ៗជាងនេះផងនៅក្នុងអត្ថបទបញ្ចេញមតិមួយដែលបានចេញផ្សាយនៅលើទំព័រកាសែត La Figaro ថា ការប្រគល់សងនូវវត្ថុសិល្បៈទាំងនេះនឹង «ធ្វើឲ្យសារមន្ទីរគ្មានអ្វីសល់នោះទេ» គឺសល់តែវត្ថុចម្លងតែប៉ុណ្ណោះ។
តាមការពិត របាយការណ៍ខាងលើបានបង្កឱ្យមានការចោទសួរសំណួរមួយចំនួនអំពីព័ត៌មានលម្អិតទាក់ទិននឹងការប្រគល់សងវិញនូវវត្ថុសិល្បៈដែលមានប្រភពមកពីទ្វីបអាហ្វ្រិក។ ហើយរបាយការណ៍នោះបានស្នើថា ដើម្បីអាចធ្វើដូច្នេះបាន ទាល់តែមានការកែប្រែច្បាប់របស់ប្រទេសបារាំង ដែលបានបញ្ជាក់អំពីភាពមិនអាចទិញដូរ ឬផ្ទេរបាននូវវត្ថុបុរាណសាធារណៈដូចនេះ។
នាង Charline Kopf អ្នកស្រាវជ្រាវថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Oslo ដែលបានធ្វើការវិភាគលើ ការជជែកដេញដោលអំពីរឿងនេះ បាននិយាយដូច្នេះថា៖ «គេនៅមិនទាន់ច្បាស់ទេអំពីអ្វីដែលលោក Macron បានលើកឡើងថាជាការប្រគល់សងវិញជាបណ្ដោះអាសន្ន ឬក៏ពិតប្រាកដនោះ»។
ការបញ្ជូនវត្ថុសិល្បៈទៅកាន់ប្រទេសដើមវិញ ដែលព្រំដែននៃប្រទេសទាំងនោះបានប្រែប្រួលក្នុងរយៈពេលកន្លងមក គឺជាបញ្ហាមួយទៀត។
នាង Charline Kopf បានបន្ថែមថា ទោះបីជាបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកបានទាមទារឲ្យមានការប្រគល់សងនូវវត្ថុបុរាណទាំងនេះក៏ដោយ ក៏ «ពេលខ្លះ ការទាមទារទាំងនេះក៏ធ្វើឡើងដោយសហគមន៍ជនជាតិដើមភាគតិចផងដែរ ហើយវាមិនស៊ីសង្វាក់ឲ្យតាមត្រឹមត្រូវទាល់តែសោះទៅនឹងខ្សែបន្ទាត់ព្រំដែនដែលមានលើផែនទី»។
លោក Robert Jonard ដែលជាឈ្មួញលក់វត្ថុសិល្បៈអាហ្វ្រិកនៅទីក្រុងប៉ារីស បាននិយាយថា អ្នកជួញដូរខ្នាតតូចដូចជារូបលោក មិនសូវជាមានការបារម្ភថាពួកលោកអាចត្រូវបាត់បង់កម្មសិទ្ធិដ៏មានតម្លៃលើសលប់ទាំងអស់នោះទេ។ លោកថា៖ «ភាគច្រើននេះជាការពិភាក្សានៅថ្នាក់លើ ដូចជាពួកអ្នកជំនាញនាំមុខ និងប្រធានសារមន្ទីរជាដើម»។
ដូចអ្នកដែលមានមន្ទិលសង្ស័យផ្សេងទៀតដែរ លោក Jonard ក៏ព្រួយបារម្ភផងដែរអំពីការប្រគល់សងនូវវត្ថុសិល្បៈមានតម្លៃទាំងនេះទៅកាន់ទីកន្លែងដែលវត្ថុទាំងនោះអាចប្រឈមនឹងហានិភ័យនៃការលួចសារជាថ្មី ឬក៏មិនត្រូវបានថែរក្សាឱ្យបានដិតដល់។
លោកអះអាងថាវត្ថុសិល្បៈភាគច្រើនត្រូវបានឆ្លាក់តុបតែងឡើងពីដំបូងសម្រាប់គោលបំណងជាក់ស្ដែងអ្វីមួយ ហើយម្ចាស់ដើមនៃវត្ថុទាំងនោះមិនច្បាស់ក្នុងចិត្តថាតើត្រូវកម្ទេចចោល ឬក៏លក់វត្ថុសិល្បៈទាំងនោះ នៅពេលដែលវាអស់តម្លៃឬក៏យ៉ាងណានោះ។
លោក Jonard បានបន្ថែមយ៉ាងដូច្នេះថា៖ «យើងអាចគិតមើលថាតើនឹងមានរឿងអ្វីកើតឡើងចំពោះសារមន្ទីរនានានៅប្រទេសបារាំង ប្រសិនបើវត្ថុសិល្បៈនានាដែលព្រះចៅ Napoleon បានលួចយកពីប្រទេសអ៊ីតាលីត្រូវបានបញ្ជូនត្រឡប់ទៅឲ្យប្រទេសអ៊ីតាលីវិញនោះ។ ហើយតើសារមន្ទីរនានានៅទូទាំងពិភពលោកនឹងទៅជាយ៉ាងណា ប្រសិនបើប្រទេសនីមួយៗទាមទារវត្ថុសិល្បៈរបស់ខ្លួនត្រឡប់ទៅវិញនោះ?»៕
ប្រែសម្រួលដោយ អូន ឆេងប៉រ