ក្រុមសកម្មប្រយុទ្ធតាលីបាន់បានសម្លាប់មនុស្សប្រមាណ២០នាក់នៅក្នុងការវាយប្រហារដោយកាំភ្លើង និងការវាយប្រហារអត្តឃាតកាលពីថ្ងៃសៅរ៍ដែលបណ្តាលឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខ នៅប៉ុន្មានសប្តាហ៍មុនកងកម្លាំងអន្តរជាតិភាគច្រើនដកថយចេញពីប្រទេសនេះ។
នៅក្នុងប៉ែកខាងត្បូងនៃប្រទេស Afghanistan ក្រុមសកម្មប្រយុទ្ធបានបាញ់សម្លាប់ពលករ១២នាក់ដែលកំពុងបោសសម្អាតគ្រាប់មីននៅក្នុងខេត្ត Helmand បណ្តាលឱ្យមានការបាញ់កាំភ្លើងតគ្នាជាមួយប៉ូលីស។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថាអ្នកវាយប្រហារបួននាក់បានត្រូវសម្លាប់នៅក្នុងការបាញ់កាំភ្លើងតគ្នាហើយបីនាក់ទៀតបានត្រូវចាប់ខ្លួន។
កាលពីពេលមុននេះកាលពីថ្ងៃសៅរ៍ ប៉ូលីស Afghanistan បាននិយាយថាក្រុមប្រដាប់អាវុធបានបាញ់សម្លាប់លោក Atiqullah Rawoofi មន្ត្រីជាន់ខ្ពស់នៃតុលាការកំពូលប្រទេស Afghanistan នៅជិតផ្ទះលោកនៅក្នុងតំបន់ជាយក្រុងមួយនៃរដ្ឋធានីកាប៊ុល។ ក្រុមតាលីបាន់បានអះអាងទាមទារការទទួលខុសត្រូវដល់ការសម្លាប់លោក Rawoofi ក៏ប៉ុន្តែមិនបាននិយាយទេអំពីហេតុដូចម្តេចបានជាលោកបានត្រូវវាយប្រហារ។
នៅក្នុងក្រុងកាប៊ុល ការផ្ទុះមួយបានបំផ្លាញទ្បានក្រុងមួយគ្រឿងដែលដឹកក្រុមបុគ្គលិកកងទ័ពរដ្ឋាភិបាល Afghanistan បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៦នាក់ស្លាប់ និងធ្វើឱ្យមនុស្សជាង១២នាក់ទៀតត្រូវរបួស។
នៅក្នុងព្រឹត្តិការណ៍មួយដាច់ដោយទ្បែក ក្រុមចម្រុះអន្តរជាតិបាននិយាយកាលពីថ្ងៃសៅរ៍ថាការវាយប្រហារមួយដោយក្រុមតាលីបាន់នៅជិតចំណតយន្តហោះស.រ.អ. Bagram នៅខាងជើងក្រុងកាប៊ុលកាលពីថ្ងៃសុក្របាននាំឱ្យទាហានអូតង់ពីរនាក់បាត់បង់ជីវិត៕