ក្រុមប្រឹក្សាអាហ្វហ្គានីស្ថាននឹងជួបប្រជុំក្រុមជំនុំនៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថានឹងត្រូវធ្វើយ៉ាងណាចំពោះឧបសគ្គចុងក្រោយមុននឹងការចរចាសន្តិភាពអាចចាប់ផ្តើម។ ឧបសគ្គនោះគឺការដោះលែងអ្នកទោសក្រុមតាលីបានចំនួន៤០០នាក់។
ក្រុមអ្នកចរចាសហរដ្ឋអាមេរិកនិងតាលីបាន បានព្រមព្រៀងគ្នាកាលពីដើមឆ្នាំនេះថា ការចរចាសន្តិភាពអាចប្រព្រឹត្តទៅបានក្រោមលក្ខខណ្ឌថា រដ្ឋាភិបាលក្រុងកាប៊ុលដោះលែងអ្នកទោសរបស់ក្រុមតាលីបានចំនួន៥.០០០នាក់ហើយក្រុមតាលីបានដោះលែងអ្នកទោសរបស់រដ្ឋាភិបាលចំនួន១.០០០នាក់ដែលក្រុមសកម្មប្រយុទ្ធបានចាប់ធ្វើជាចំណាប់ខ្មាំង។
រដ្ឋាភិបាលបានដោះលែងអ្នកទោសចំនួន៤.៦០០នាក់រីឯក្រុមតាលីបាន បានដោះលែងអ្នកទោសទាំងអស់ហើយ។
លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថានបានថ្លែងថា បទល្មើសរបស់អ្នកទោសនៃក្រុមតាលីបានដែលនៅសេសល់មានកម្រិតធ្ងន់ធ្ងរខ្លាំងពេកដែលទាមទារឲ្យមានការសម្រេចពីក្រុមប្រឹក្សាទំនៀមទម្លាប់ដែលរួមមានមេដឹកនាំចាស់ទុំមកពីក្រុមកុលសម្ព័ន្ធផ្សេងៗ ក្រុមនិងបក្សពួកនៃជាតិពន្ធុនានា។
លោកMike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា៖ «យើងទទួលស្គាល់ថាការដោះលែងអ្នកទោសទាំងនេះមិនសូវមានប្រជាប្រិយ៍ភាពទេ។ ប៉ុន្តែសកម្មភាពដ៏លំបាកនេះនឹងនាំទៅសម្រេចបានលទ្ធផលដ៏សំខាន់ក្នុងរយៈពេលវែងដែលពលរដ្ឋអាហ្វហ្គានីស្ថាននិងមិត្តភក្តិអាហ្វហ្គានីស្ថានចង់បាន នោះគឺការកាត់បន្ថយហិង្សានិងការចរចាដោយផ្ទាល់ដែលនឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនិងការបញ្ចប់សង្គ្រាម»៕