ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​រង​ការ​រិះ​គន់​ដោយ​សារ​ការ​តែង​តាំង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ដ៏​ចម្រូង​ចម្រាស


លោក Asadullah Khalid​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន ក្នុង​ពេល​ថ្លែង​សុន្ទរកថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨។
លោក Asadullah Khalid​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន ក្នុង​ពេល​ថ្លែង​សុន្ទរកថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨។

អង្គការ​ឃ្លាំ​មើល​សកល​លោក​មួយ​បាន​ទាម​ទារ​កាល​ពី​ថ្ងៃ​ទី ​១២ ខែមករា ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​អាហ្វហ្គានីស្ថាន លោក ​Asadullah Khalid​ ដោយ​ចោទ​ថា​លោក​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។

អង្គការ​ឃ្លាំ​មើល​សកល​លោក​មួយ​បាន​ទាម​ទារ​កាល​ពី​ថ្ងៃ​ទី ​១២ ខែ មករា ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​អាហ្វហ្គានីស្ថាន លោក ​Asadullah Khalid​ ដោយ​ពួក​គេ​និយាយ​ថា ​មាន​ភស្តុតាង​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ដែល​បញ្ជាក់​ថា​ លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។

ការ​តែង​តាំង​លោក ​Khalid ​កាល​ពី​ខែ​ធ្នូ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​របស់​លោកប្រធានាធិបតី ​Ashraf Ghani ​ដែល​លោក​បាន​ចេញ​បញ្ជា​ ​ខណៈ​ដែល​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បរាជ័យ​នៅ​ក្នុង​សមរភូមិប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​តាលីបង់​នៅ​ទូទាំង​ប្រទេស។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ដែល​កាល​ពី​មុន​គ្រប់​គ្រង​ខេត្ត​ Kandahar និង​ Ghazni ដែល​ស្ថិត​ក្រោម​ការ​ប្រយុទ្ធគ្នា​ និង​ធ្លាប់​បម្រើ​ជា​ប្រធាន​ចារកម្ម​អាហ្វហ្គានីស្ថានផង​នោះ​ ក៏​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បញ្ជា​ឲ្យ​សម្លាប់​ក្រុម​ការងារ​អង្គការ​សហប្រជា​ជាតិ​ចំនួន​៥​នាក់ នៅ​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​នៅ​លើ​ដង​ផ្លូវ​មួយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៧ នៅ​ខេត្ត Kandahar ផង​ដែរ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​កត់​សម្គាល់​ថា៖ «ភស្តុតាង​គួរ​ឲ្យ​ទុក​ចិត្ត​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ពាកព័ន្ធ​នឹង​លោក​Khalid នៅ​តែ​ដិតដាម​ក្នុង​ជីវភាព​នយោបាយ​របស់​លោក​រហូត»។

អង្គការ Human Rights Watch បាន​បញ្ជាក់​ទៀត​ថា មាន​ភស្តុតាង​ដ៏​ច្បាស់​មួយ​ទៀត​ដែល​ភ្ជាប់​លោក​ទៅ​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី​និង​ក្មេង​ស្រី​ នៅ​ពេល​លោក​កាន់​តំណែង​ជា​អភិបាល​ខេត្ត Ghazni និង​ខេត្ត ​Kandahar។

របាយការណ៍​របស់​អង្គការ Human Rights Watch ​បាន​បរិហារ​ការ​តែង​តាំង​លោក Khalid ថា​ជា​ការ​វិវត្ត​ឱកាស​និយម​និង​ឥត​មេត្តា​របស់​លោក​ប្រធានាធិបតី Ghani ដើម្បី​ទទួល​បាន​ផល​ចំណេញ​ក្នុង​រយៈ​ពេល​ខ្លី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

អង្គការ​ Human Rights Watch បាន​ឲ្យ​ដឹង​ថា ការ​វិវត្ត​នេះ​គួរ​តែ​ជា​ការ​ដាស់​តឿន​ដ៏​ខ្លាំង​មួយ​មិន​សម្រាប់​តែ​នៅ​ទីក្រុង​កាប៊ុល​ទេ ប៉ុន្តែ​សម្រាប់​ជា​ការ​ដាស់​តឿន​ដល់​ម្ចាស់​ជំនួយ​សំខាន់ៗ​នៅ​ក្នុង​រដ្ឋធានី​នានា​របស់​អាហ្វហ្គានីស្ថាន​ផង​ដែរ។

អង្គការ​សិទ្ធិ​មនុស្ស​នេះ​ថ្លែង​ថា៖ «ពួក​គេ​មិន​និយាយ​អ្វី​ច្រើន​ទេ​រឿង​សិទ្ធិ​មនុស្សសម្រាប់​រដ្ឋាភិបាល​ដែល​កាន់​តែ​រង្គោះ​រង្គើ​ និង​ម្ចាស់​ជំនួយ​ដែល​កំពុង​រក​វិធី​ចាក​ចេញ​ពី​សង្គ្រាម​អាហ្វហ្គានីស្ថាន​ដែល​អូស​បន្លាយ​នោះ»។

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​ឆ្លើយ​តប​ភ្លាមៗ​លើ​របាយការណ៍​លើក​ឡើង​ធ្ងន់ៗ​នេះ​ទេ។

ដើម្បី​ឆ្លើយ​តប​នឹង​ការរិះ​គន់​នេះ ក្នុង​ចំណោម​មន្ត្រី​ជា​ច្រើន​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​លោក ​Khalid ​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ឯករាជ្យ​របស់​អាហ្វហ្គានីស្ថាន​ផង​ដែរ។

លោក Khalid បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​នោះ​ដោយ​និយាយ​ថា៖ «ក្តី​រំពឹង​របស់​ខ្ញុំ​ពី​ទាហាន​របស់​ខ្ញុំ​គឺ​ថា បើ​ទោះ​បី​ជា​ពួក​គេ​តឹងរ៉ឹង​និង​ឈ្លើយ​ដាក់​សត្រូវ​ក៏​ដោយ ក៏​ពួក​គេ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​តាម​តែ​អាចធ្វើ​បាន ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​លើ​ជន​ស៊ីវិល និង​បង្ហាញ​អាកប្បកិរិយា​ល្អ​ទៅ​កាន់​អ្នក​ទោស​សង្គ្រាម ដែល​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​ច្បាប់​និង​សាសនា​របស់​ពួក​គេ»។

របាយការណ៍​របស់​អង្គការអះអាង​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Ghani មិន​បាន​បង្ហាញឆន្ទៈ​ថា​ពួក​គេ​ចង់​ស៊ើប​អង្កេត​ករណី​ព្រហ្មទណ្ឌ​លើ​លោក​ Khalid ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​និង​កាណាដាមាន​អំណាច​តាម​ច្បាប់​របស់​ពួក​គេ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញ​វត្ថុ​និង​ការ​ធ្វើ​ដំណើរ​លើ​លោក​ Khalid។

អង្គការ​ Human Rights Watch ​ថ្លែង​ថា៖ «សហភាព​អឺរ៉ុប​និង​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​គួរ​តែ​ដាក់​ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ​ ដើម្បី​ផ្ញើសារ​យ៉ាង​ច្បាស់​មួយ​ថា ការ​តែងតាំង​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ម្នាក់​ឲ្យ​កាន់​អំណាច​គឺ​មិន​អាច​ទទួល​យក​បាន​ទេ»។

ការ​ចោទ​ប្រកាន់​លើ​លោក​ Khalid កើត​ឡើង​ពី​ដំបូង​តាំង​ពី​ពេល​ដែល​លោក​ជា​អភិបាល​ខេត្ត ​Kandahar​ កាល​ពី​មួយ​ទសវត្សរ៍​មុន​ម៉្លេះ ដែល​ពេល​នោះ​ទាហាន​កាណាដា​រាប់​ពាន់​នាក់​បាន​បោះ​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​យោធា​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​លោក​ នៀម ឆេង

XS
SM
MD
LG