ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​ជាមួយ​តាលីបង់


ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​ក្នុង​ទីក្រុង​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​៣០ មិថុនា ២០១៨។
ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​ក្នុង​ទីក្រុង​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​៣០ មិថុនា ២០១៨។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ថ្លែង​ថា បទ​ឈប់​បាញ់​គ្នា​របស់​រដ្ឋាភិបាល​ឯកតោភាគី​ជាមួយ​នឹង​តាលីបង់​បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ថ្លែង​ថា បទ​ឈប់​បាញ់​គ្នា​របស់​រដ្ឋាភិបាល​ឯកតោភាគី​ជាមួយ​នឹង​តាលីបង់​បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ។

លោក Ashraf Ghani ថ្លែង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖«បទ​ឈប់​បាញ់​គ្នា​បាន​បញ្ចប់​ហើយ។ កង​កម្លាំង​សន្តិសុខ​និង​កង​កម្លាំង​ការពារ​របស់​អាហ្វហ្គានីស្ថាន​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​របស់​ពួកគេ​ឡើង​វិញ​បាន​ហើយ»។

លោក​ប្រធានាធិបតី​ថ្លែង​បន្ថែម​ថា៖«ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​តាលីបង់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ថា​តើ​ពួកគេ​ចង់​បន្ត​កាប់​សម្លាប់​គ្នា ឬ​ចូល​រួម​នៅ​ក្នុង​ដំណើរការ​សន្តិភាព»។

ក្រុម​បះបោរ​បាន​សម្លាប់​ពួក​អាហ្វហ្គានីស្ថាន​អស់​ជា​ច្រើន​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ទូទាំង​ប្រទេស​ ចាប់​តាំង​ពី​បទ​ឈប់​បាញ់​គ្នា​បណ្តោះ​អាសន្ន​ត្រូវ​បាន​បញ្ចប់ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ Eid-al-Fitr ដែល​ជា​បុណ្យ​ប្រចាំ​ឆ្នាំ​របស់​ពួក​ម៉ូស្លីម​មាន​រយៈ​ពេល​៣​ថ្ងៃ ធ្វើ​ឡើង​នៅ​ដើម​ខែមិថុនា​នេះ។

ការ​ពន្យា​ពេល​វាយ​ប្រហារ​របស់​ពួក​បះបោរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទ​ឈប់​បាញ់​គ្នា​រយៈពេល​មួយ​សប្តាហ៍​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ក្រោយ​មក​បាន​ពន្យា​ដល់​១០ថ្ងៃ​ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ។

កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី Ghani ជំរុញ​ឲ្យ​តាលីបង់​ពន្យា​ពេល​បទ​ឈប់​បាញ់​គ្នា​របស់​ពួកគេ ហើយ​លោក​បាន​ថ្លែង​ថា​ លោក​ត្រៀម​លក្ខណៈ​រួច​រាល់​ដើម្បី​ធ្វើ​កិច្ច​ចរចា​សន្តិភាព​ជាមួយ​នឹង​មេដឹកនាំ​របស់​ក្រុម​បះបោរ​គឺ​លោក Hibatullah Akhunzada «នៅ​កន្លែង​ណា​ក៏​បាន​តាម​ដែល​លោក​ចង់»។

ប៉ុន្តែ​តាលីបង់​បាន​ច្រានចោល​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដោយ​ថា​ជា​អាយ៉ង​របស់​អាមេរិក ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​នឹង​អាមេរិក​ដើម្បី​បញ្ចប់​ជម្លោះ​នេះ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បដិសេធ​ធ្វើ​កិច្ច​ចរចា​ជាមួយ​នឹង​ក្រុម​បះបោរ​ ហើយ​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​សន្តិភាព​ដែល​ត្រូវ​ស្ថិត​ក្រោម​«ការ​ដឹកនាំ​របស់​អាហ្វហ្គានីស្ថាន»៕

XS
SM
MD
LG