លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានជួបនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងក្រុង Ankara ជាមួយលោកនាយករដ្ឋមន្ត្រី Turquie Binali Yildirim។ នេះជាការបើកដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដែលធ្វើឡើងនៅពេលដែលស.រ.អ.ពិនិត្យមើលវិធានការបន្ទាប់ ក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីយកជ័យជម្នះលើពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម និងធ្វើឱ្យវិបត្តិជនភៀសខ្លួនមានស្ថិរភាពជាមួយពួកសម្ព័ន្ធមិត្តនៅក្នុងតំបន់។
លោក Tillerson ក៏មានកំណត់ជួបជាមួយលោកប្រធានាធិបតី Recep Tayyip Erdogan និងលោករដ្ឋមន្ត្រីការបរទេស Mevlut Cavusoglu ផងដែរ។ គេរំពឹងថាកិច្ចចរចានឹងមានការជំរុញករណីរបស់ប្រទេសតួកគីដើម្បីឱ្យស.រ.អា.ធ្វើបត្យាប័នបព្វជិតឥស្លាម Fethullah Gulen ដែលអាជ្ញាធរតួកគី បានចោទប្រកាន់ថានៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលមិនទទួលបានជោគជ័យកាលពីឆ្នាំទៅមិញ។
នៅពេលបន្ទាប់មកនៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកការទូតកំពូលស.រ.អា.នឹងជំរុញពួកសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ឱ្យបង្កើនចំណាយខាងការពារប្រទេសនៅក្នុងជំនួបលើកទីមួយរបស់លោកជាមួយពួកសមភាគីមកពីប្លុកសន្តិសុខនេះ។
កងកម្លាំងដឹកនាំដោយស.រ.អា.កំពុងបង្កើនយុទ្ធនាការរបស់ពួកគេដើម្បីវាយយកមកវិញនូវក្រុង Raqqa ពីពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ការធ្វើឱ្យមានស្ថិរភាពក្នុងតំបន់ដែលពួកជនសកម្មប្រយុទ្ធបានរត់ចេញ និងការធ្វើឱ្យពួកជនភៀសខ្លួនវិលត្រឡប់ទៅកាន់ផ្ទះសម្បែងពួកគេវិញ ជាអាទិភាពក្នុងរបៀបវារៈសម្រាប់ស.រ.អា. និងពួកដៃគូក្នុងក្រុមចម្រុះប្រឆាំងនឹងពួករដ្ឋឥស្លាម៕