ការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយស.រ.អាចេញពីប្រទេសតួកគី ត្រូវបានធ្វើជាថ្មីម្តងទៀតប្រឆាំងនឹងពួករដ្ឋឥស្លាម បន្ទាប់ពីដែនអាកាសនៃប្រទេសនេះត្រូវបានបិទក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រ។
កិច្ចប្រតិបត្តិការតាមអាកាសប្រឆាំងនឹងពួករដ្ឋឥស្លាមត្រូវបានបង្អាក់ជាបណ្តោះអាសន្នដោយរដ្ឋាភិបាលតួកគី បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ។
ដោយប្រើពាក្យកាត់ដើម្បីពណ៌នាពួករដ្ឋឥស្លាម លោក Peter Cook អ្នកនាំពាក្យក្រសួងការពារប្រទេសស.រ.អាបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនិយាយថា អាជ្ញាធរតួកគីបានបើកជាថ្មីនូវដែនអាកាសរបស់ខ្លួនសម្រាប់កងយន្តហោះយោធាកាលពីថ្ងៃអាទិត្យ «ហើយកិច្ចប្រតិបត្តិការតាមអាកាសរបស់ក្រុមចម្រុះប្រឆាំងនឹងពួករដ្ឋឥស្លាមត្រូវបានធ្វើជាថ្មីឡើងវិញនៅក្នុងមូលដ្ឋានទាំងអស់នៃកងទ័ពអាកាសក្នុងប្រទេសតួកគី»។
ប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្តធំមួយរបស់ស.រ.អានៅក្នុងតំបន់នោះ បានអនុញ្ញាតឲ្យស.រ.អាប្រើប្រាស់មូលដ្ឋានកងទ័ពអាកាស Incirlik នៅក្នុងក្រុង Adana ដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងពួករដ្ឋឥស្លាម។
លោក Cook បាននិយាយថា អាគារស.រ.អានៅក្នុងមូលដ្ឋានកងទ័ពអាកាសនេះនៅតែធ្វើប្រតិបត្តិការដោយប្រើកម្លាំងភ្លើងអគ្គិសនីក្នុងមូលដ្ឋាននោះហើយសង្ឃឹមថា កម្លាំងភ្លើងអគ្គិសនីពាណិជ្ជកម្មនឹងត្រូវធ្វើឲ្យមានជាថ្មីឡើងវិញ។
នៅពេលជាមួយគ្នានេះ អាជ្ញាធរតួកគីបានឃាត់ខ្លួនឧត្តមសេនីយ៍ Bekir Ercan Van មេបញ្ជាការនៃមូលដ្ឋានកងទ័ពអាកាស Incirlik ព្រមទាំងទាហាន១០នាក់ និងនាយប៉ូលិសម្នាក់ដោយសារមុខនាទីរបស់ពួកគេក្នុងការប៉ុនប៉ងរដ្ឋប្រហារដែលទទួលបរាជ័យនោះ។
ទីភ្នាក់ងារព័ត៌មានឯកជន DHA នៃប្រទេសតួកគីបានបង្ហាញវីដេអូពីឧត្តមសេនីយ៍រូបនេះជាប់ខ្នោះ នៅពេលលោកបានត្រូវរុញច្រានចូលទៅក្នុងរថយន្តមួយគ្រឿងនៅខាងក្រៅសាលាក្តីមួយ៕