នៅថ្ងៃចន្ទនេះ ការវាយប្រហារបន្តគ្នាមួយ ទៅលើគោលដៅដែលជាក្រុមប៉ូលីសនិងទាហាន នៅក្នុងប្រទេសតួកគី បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ ខណៈពេលមានការបាញ់កាំភ្លើងវាយប្រហារលើស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងធំបំផុតនៃប្រទេសនេះ។
មិនមានមនុស្សត្រូវរបួសទេ នៅពេលដែលមនុស្សពីរនាក់បានបាញ់កាំភ្លើងដាក់ស្ថានកុងស៊ុលអាមេរិកនៅក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល (Istanbul)។ ក្រុមវាយប្រហារបានរត់គេចខ្លួនពីកន្លែងកើតហេតុ នៅពេលក្រុមប៉ូលីសបាញ់តបតវិញ ក៏ប៉ុន្តែនៅពេលបន្ទាប់មកបូលីសបានចាប់ខ្លួនស្រ្តីម្នាក់ ដែលជាស្ត្រីក្នុងបណ្តាអ្នកវាយប្រហារនោះ។
កាលពីប៉ុន្មានម៉ោងមុននោះ នៅក្នុងផ្នែកមួយទៀតនៃរដ្ឋធានីអ៊ីស្តង់ប៊ុល មាន គ្រាប់បែកមួយបានផ្ទុះនៅឯស្ថានីយ៍ប៉ូលីសមួយកន្លែង បណ្តាលឲ្យមនុស្សយ៉ាងតិចណាស់១០នាក់ត្រូវរបួស ដោយមានរួមបញ្ចូលទាំងប៉ូលីស១០នាក់ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋបានដកស្រង់សម្តីក្រុមប៉ូលីស ដែលបានបន្ទោស «ក្រុមភេរវជន» ថាជាអ្នកវាយប្រហារ។
នៅនឹងកន្លែងកើតហេតុនោះដែរ ក្រុមប៉ូលីសបានទាក់ទិននឹងការបាញ់តគ្នាមួយទៀតជាមួយអ្នកវាយប្រហារពីរនាក់នៅពេលបន្ទាប់មក ហើយបានសម្លាប់ជនទាំងពីរនាក់នោះ។
នៅពេលជាមួយគ្នានោះ នៅក្នុងប៉ែកខាងត្បូងនៃប្រទេសតួកគី គ្រាប់បែកមួយគ្រាប់នៅតាមដងផ្លូវបានផ្ទុះនៅក្នុងខេត្ត Sirnak នៅថ្ងៃចន្ទនេះ នាំឲ្យប៉ូលីសបួននាក់បានបាត់បង់ជីវិត៕