ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាដហុក​ខកចិត្ត​ដែល​អាជ្ញាធរ​កំពង់ចាម​ឱ្យ​សមាគម​ទម្លាក់​បដា​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ


រូបឯកសារ៖ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ផ្តល់បទសម្ភាសន៍នៅក្បែរព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី២៩ មីនា ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ផ្តល់បទសម្ភាសន៍នៅក្បែរព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី២៩ មីនា ២០២៣។ (លាស់ លីបលីប/វីអូអេ)

មន្ត្រីសមាគម​អាដហុក​ ចាត់​ទុក​ទង្វើ​របស់​សមត្ថ​កិច្ច​ខេត្ត​កំពង់​ចាម​ដែល​ឱ្យ​បុគ្គលិក​សមា​គម​ដក​បដា ទាម​ទារ​ឱ្យ​ដោះ​លែង​លោក កើត​ សារ៉ាយ ចេញ​ពី​មុខ​សមាគមថា​បាន​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សិទ្ធិ​ និង​សេរី​ភាព​បញ្ចេញ​មតិ​។

លោក យិន ម៉េងលី ​អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ​និង​ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កាលពី​ថ្ងៃទី​ ៨ ​ខែកក្កដា លោក ​ចាន់ រស្មី ​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់​ចាម និង​មន្ត្រី​ប៉ុស្តិ៍នគរបាល​សង្កាត់​វាលវង់មួយ​ចំនួន​ទៀត​ ​បាន​ប្រាប់​ឱ្យ​បុគ្គលិក​សមា​គម​អាដហុក​ប្រចាំ​ខេត្ត​ ដក​បដា​ទាមទារ​ឱ្យ​ដោះ​លែង លោក កើត​ សារ៉ាយ ​ចេញ​ពី​មុខ​សមា​គម ខណៈអាជ្ញាធរ ​មិន​បាន​បញ្ជាក់​មូល​ហេតុ​ថា​ ការ​ចង​បដា​បែប​នេះខុស​ច្បាប់​បែប​ណាឡើយ។ ​លោកថា ​ការ​ដក​បដា​នោះ ​គឺដោយ​សារ​អាជ្ញាធរ​ប្រាប់​មន្ត្រី​សមាគម​ថា ​បើ​មិន​ដោះ​បដា​នោះ​ចេញ​ទេ​ ​គឺ​ពួកគេ​នឹង​មិន​ចាក​ចេញ​ពី​សមាគម​នោះ​ទេ​។

លោក​ថ្លែង​ថា៖ «​គាត់​សុំ​ឱ្យ​យើង​ដោះ​បដា​ដែល​ចង​ហ្នឹង​ចេញ​ពី​ទី​ស្នាក់ការ​។ ​ពេល​ហ្នឹង​សហការី​ខ្ញុំ​គាត់​នៅ​ ហាក់​បី​គាត់​ស្លន់​ស្លោ ​គាត់​ភ័យ ​នៅ​ពេល​ដែល​សមត្ថកិច្ច​ឱ្យ​ដោះ​ គាត់​ដោះ​ដែរ​។ តែ​គាត់ថា​ សមត្ថ​កិច្ច​ថា​បើ​មិន​ដោះ ​គាត់​អត់​ទៅវិញទេ គាត់​នៅ​ហ្នឹង​រហូត​ហ្មង​។ ដល់​សហការី​ខ្ញុំ​ជា​ស្ត្រី ​គាត់​ហាក់​បីដូចជា ​គាត់​ភ័យ​ស្លន់ស្លោ គាត់​ក៏​ដោះ​ទៅ​។​ យើង​មើល​ឃើញ​ថា ​តើការ​ចង​បដា​របស់​អង្គការ​សមាគម​នេះ ​ខុស​ហ្នឹង​អ្វី? ​មាន​បទ​ល្មើស​អ្វី​កើត​ឡើង​? ​ហើយ​សមត្ថ​កិច្ច​គប្បីតែ​បង្ហាញ​ព្រោះ​សមត្ថ​កិច្ច ជា​អ្នក​អនុវត្ត​ច្បាប់​ អ៊ីចឹង​សមត្ថកិច្ច​មិនមែន​ជា​អ្នក​អនុវត្ត​បទ​បញ្ជា​ទេ»។

បើ​តាម​លោក ​យិន ម៉េងលី​ ការ​ចង​បដា​ដែល​មាន​សរសេរ​ពាក្យ​ថា ​«ដោះលែង ​លោក កើត សារ៉ាយ​» ​គឺជាសេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ ដែល​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ និង​ស្រប​តាមកតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិ​នយោ​បាយ​ជាដើម។

លោក យិន ម៉េងលី ​បន្ថែម​ថា​ សមត្ថកិច្ច​ខេត្ត​កំពង់​ចាម​ ក៏​ត​ម្រូវឱ្យ​បុគ្គលិក​របស់​សមាគម​អាដហុកប្រចាំ​ខេត្ត​កំពង់​ចាម ​សរសេរ​ប្រវត្តិ​រូប​ផ្ទាល់​ខ្លួន​យក​ទៅឱ្យ​សមត្ថ​កិច្ច នៅ​ត្រឹម​ថ្ងៃពុធ​នេះ​ ដែល​លោក​ថា​ការណ៍​នេះ ផ្ទុយ​នឹង​លក្ខ​ន្តិកៈ​ដែល​សមាគម​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ​ចាត់​ទុកសកម្ម​ភាព​របស់​អាជ្ញាធរថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ ​និង​សេរី​ភាព​បញ្ចេញ​មតិ ​ខណៈ​លោកទាមទារ​ឱ្យសមត្ថកិច្ច​អនុវត្ត​តាមច្បាប់ ​ជាជាង​អនុវត្ត​តាម​តែ​បទ​បញ្ជា​។

លោក​បន្ថែម​ថា៖ ​«សកម្មភាព​ធ្វើ​របៀប​នេះ​ហើយ ​ដែល​ចេះ​តែ​មាន​បញ្ហា​កើត​ឡើង​។ សិទ្ធិ ​និង​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​រួម​តូច​ទៅៗ​។ ​នេះ​ជា​ចំណុច​ទាំង​អស់​ហ្នឹង»​។

លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន​បន្ទាប់ពី​លោក​បាន​ផ្សព្វ​ផ្សាយ ​និង​ផ្តល់​បទ​សម្ភាសន៍​ទៅ​អ្នកសារ​ព័ត៌មាន​អំពី​វិវាទ​ដីធ្លី​ដ៏​រសើប​នៅ​ឃុំ​ស្រយង់ និង​ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ ​កាល​ពី​ថ្ងៃទី​ ៥ ​ខែ​មេសា ឆ្នាំ​ ២០២៤​។ ក្រោយ​ការ​ចាប់​ខ្លួន​ ក្រុម​សង្គម​ស៊ីវិល​ដែល​រួម​មានសមាគ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​លីកាដូ​ បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក សារ៉ាយ តាម​រយៈ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍ និង​ការ​ចងបដា «​ដោះ​លែង​លោក កើត សារ៉ាយ» ​តាម​ស្នាក់ការ​របស់​ខ្លួន​ជាដើម។

លោក ​ចាន់ រស្មី ​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់​ចាម​ ដែល​បាន​ចុះ​ទៅ​ទីតាំង​សមាគម​អាដ​ហុក​បដិសេដ​ថា អាជ្ញាធរមិន​បាន​ប​ញ្ជាឱ្យ​បុគ្គលិក​អាដហុក ​ដក​បដា​ទាម​ទារ​ឱ្យ​ដោះ​លែង​លោក កើត សារ៉ាយ​ ចេញ​ពី​មុខ​សមាគម​នោះ​ទេ ​គឺ​អាជ្ញាធរ គ្រាន់​តែសំណូម​ពរតែ​ប៉ុណ្ណោះ​។​ ​

លោក ​ចាន់ រស្មី ​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា៖ ​«ការលើក​ស្លាក​ហ្នឹង សុំ​ឱ្យ​ដោះ​លែង លោក កើត សារ៉ាយ ​អ៊ីចឹង​ហ្ហេ៎? ​អាហ្នឹង​ ខ្ញុំ​បាន​ចុះទៅ​ហ្នឹង​មែន​ គ្រាន់​ថា​ពាក់ព័ន្ធ​រឿង​ហ្នឹង​គ្រាន់​ជា​ការ​សំណូមពរ​ទេ ដោយ​សារ​រឿង​ហ្នឹង​វាមិន​កើត​លើ​ទឹកដី​កំពង់​ចាម​ទេ វា​កើត​នៅ​ភ្នំពេញ។​ ក្រោយ​មកក៏​មាន​ការ​ឯកភាព​យល់​ព្រម​ពីគាត់ ពី​សមាគម​ ឯក​ភាព​គ្នា​ទម្លាក់​ទៅ ​ដោយ​សារ​វា​មិន​មែន​នៅលើ​ទឹកដី​ហ្នឹង»។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់​ចាម​រូប​នេះ​បន្ថែម​ថា ​អាជ្ញាធរក៏មិន​បាន​បញ្ជា​ឱ្យ​បុគ្គលិក​របស់​សមាគម​អាដហុកប្រចាំ​ខេត្ត​កំពង់​ចាម ​សរសេរ​ប្រវត្តិ​រូបផ្ទាល់​ខ្លួន​ឱ្យ​សមត្ថ​កិច្ច​នោះ​ដែរ​។

លោក​បន្ថែមថា៖ ​«ពេលខ្ញុំ​ចុះ​ទៅដូច​ជា​មិន​មាន​ទេ គ្រាន់​តែ​ថា​សុំ​បញ្ជាក់ផ្លាស់​ប្តូរ​ទីតាំង​ដើម្បី​ងាយ​ស្រួល​ក្នុង​កិច្ច​សហការ​ ពេល​មាន​បញ្ហា​អ្វី​ទៅ​ អាជ្ញាធរ​មូលដ្ឋាន​អាច​ជួយ​ អាច​អី​អ៊ីចឹង​»។

ដោយ​ឡែកនៅ​ថ្ងៃពុធនេះ ​នាយប៉ុស្តិ៍​នគរ​បាល​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ​ខេត្ត​ត្បូងឃ្មុំ ​ក៏​បាន​ហៅ​តំណាង​សមាគម​អាដហុក​ប្រចាំ​ខេត្ត ​ឱ្យសហការ ដោយ​ស្នើសុំ​ឱ្យសមាគម​ផ្តល់​តួលេខ​នៃចំនួន​បុគ្គលិក និង​ឈ្មោះ​បុគ្គលិក​ប្រចាំ​ខេត្ត​នោះ ​ប៉ុន្តែ​មន្ត្រី​បុស្តិ៍​នគរបាល មិន​តម្រូវ​ឱ្យ​បុគ្គលិកសរសេរ​ប្រវត្តិ​រូបទេ​។ ​នេះ​បើតាម​លោក យិន ម៉េងលី​។

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ ​២០២៣ ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ចេញផ្សាយ​កាល​ពី​ខែមេសា ឆ្នាំ ​២០២៤ ​បង្ហាញ​ថា ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋា​ន និង​សេរីភាព​សារព័ត៌​មាន​នៅកម្ពុជា​ រងការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ រួម​ទាំង​ការ​គំរាម​កំហែង​នៃ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន ការ​ចាប់ខ្លួន​អ្នក​សារព័ត៌​មាន​ដោយ​អយុត្តិធម៌ ការ​ចាប់​ពិរុទ្ធ​ និង​ការ​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ ដើម្បី​កំណត់​ការ​បញ្ចេញមតិ ការ​រឹត​បន្តឹង​ធ្ងន់ធ្ងរ​លើ​សេរីភាព​អ៊ីន​ធឺណិត​ ការ​ជ្រៀត​ជ្រែក​យ៉ាង​សំខាន់​ចំពោះ​សេរីភាព​នៃ​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី ​និង​សេរីភាព​នៃ​សមាគម​។

​ចំណែក​របាយការណ៍​ប្រចាំ​ឆ្នាំ ២០២៣ ស្តីពី​ការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ដែល​ធ្វើ​ឡើង​រួមគ្នា​រវាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR)​ និង​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មេ​សា ​ឆ្នាំ​ ២០២៤ រក​ឃើញ​ដែរ​ថា ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​ដោយ​សន្តិ​វិធី បាន​ជួប​ប្រទះ​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ឡើងៗ។ ​ក្នុង​នោះ​ ​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ការ​អនុវត្ត​សេរីភាព​មូល​ដ្ឋាន​របស់​ខ្លួន អ្នក​សម្តែង​ម​តិផ្នែក​នយោបាយ​ជំទាស់​បាន​ក្លាយជា​គោលដៅ​រងគ្រោះ និង​ទទួល​រង​នូវ​ការយាយី​តាម​ផ្លូវ​ច្បាប់​ជាដើម​៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG