ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​អ.ស.ប.​ការពារ​ការ​ចាប់ខ្លួន​លោក​កើត សារ៉ាយ ថា​គោរព​ទៅ​តាម​ច្បាប់


រូបឯកសារ៖ ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ថ្លែងនៅក្នុងរបៀបវារៈមួយនៅអង្គកាសហប្រជាជាតិ ប្រទេសស្វីស កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ (Facebook/Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)
រូបឯកសារ៖ ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ថ្លែងនៅក្នុងរបៀបវារៈមួយនៅអង្គកាសហប្រជាជាតិ ប្រទេសស្វីស កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ (Facebook/Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)

តំណាង​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​ការពារ​ការ​ចាប់​ខ្លួន​លោក ​កើត សារ៉ាយ ថា​ជា​ការ​វិធានការស្រប​ទៅ​តាម​ច្បាប់ និង​បទល្មើស​ដែល​មាន ពោល​គឺ​មិន​មែន​ដោយ​សារ​សម្ពន្ធភាព​ជា​មួយ​អង្គការ​សិទ្ធិ​មនុស្ស​ណា​មួយ​ឡើយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជាប្រចាំអង្គការ​សហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ។​

ការ​លើក​ឡើង​នេះ​កើត​ឡើង​ក្រោយ​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី ១៩ ​ខែមេសា ឆ្នាំ​ ២០២៤ អំពាវនាវ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​យាយី និង​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក យីម លាងហ៊ី អាយុ ៣៧ ​ឆ្នាំ អនុប្រធាន​នៃ​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ ដែល​មាន​លោក កើត សារ៉ាយ ជា​ប្រធាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ចាប់​ខ្លួនលោក កើត សារ៉ាយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​មិនមែន​ជា​ការ​អនុវត្តស្រប​ទៅ​តាម​ច្បាប់​នោះ​ទេ។ លោក​ថា ការ​ឃាត់​ខ្លួន​នេះ​គឺ​ជា​ការ​រឹត​ត្បឹត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​គំរាម​កំហែង​មិន​ឱ្យ​ពលរដ្ឋ​លូក​ដៃ​ចូល​ទៅ​ក្នុង​បញ្ហា​សង្គម​។

លោក​លើក​ឡើង​ថា៖ «យើង​យល់​ថា ​ការ​ឃុំ​ខ្លួន​លោក​កើត សារ៉ាយ​នេះ​រឹត​ត្បិត​សេរី​ភាព​បញ្ចញ​មតិ គឺ​ជា​ការ​គំរាម​កំហែង​មិន​ឱ្យ​សាធារណជន មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្វាយខ្វល់​ពី​រឿង​យុត្តិធម៌​សង្គម អំពី​បញ្ញា​នៅ​ក្នុង​សង្គម​ហ្នឹង​ឯង»។

ផ្ទុយពីការ​បកស្រាយ​របស់​តំណាង​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជាលោក អ៊ិន តារា ​លោក ​យីម លាង​ហ៊ី​ បាន​សម្តែង​ការ​គាំទ្រ​ទៅ​នឹងសេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ដែល​ថា​ កម្ពុជា​មាន​ការ​រំលោភបំពាន​លើអ្នក​ការពារ​សិទ្ធិមនុស្ស។ លោក​បន្ថែម​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិ​បាលគិតគូរ​ និង​ពិចារណាឡើង​វិញ លើ​ការបើក​លម្ហ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា។

ប្រធាន​សមាគម​ការ​ពារសិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​នាម​លោក​ជា​អ្នក​ឃ្លាំង​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​មាន​ការ​សោក​ស្ដាយ​ចំពោះ​ស្ថានបេសកម្ម​អចិន្រ្ដៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ដែល​បានធ្វើ​ការបដិសេធ​ និង​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក​ក៏​បាន​លើក​ឡើង​អំពីករណី​លោក ​កើត សារ៉ាយ​ ថា មេដឹកនាំ​សមាគមរូបនោះ​ គ្រាន់តែចុះ​ទៅ​ជួប​ និង​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​វិហារ​ ដែល​ជា​ភារកិច្ច​ស្រប​ទៅ​តាម​កិច្ច​ការ​របស់​អង្គ​ការ​សង្គម​ស៊ីវិល មិន​មែន​ជា​ការ​ញុះញង់ ឬ​បង្ក​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម​នោះ​ទេ​។

លោក​ថា៖ «ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​បេសកកម្ម​យើង​គឺ​ដើម្បី​ទៅ​រក​ការ​ពិត​ថា ​តើរឿង​ពិត​វា​មាន​បញ្ហា​អ្វី​ដែល​រហូត​មាន​ការ​បណ្តេញ​ចេញ ​មាន​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង រហូត​ដល់​មាន​ប្រជា​ពលរដ្ឋ​ភៀស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ព្រៃ ថា​តើ​វា​ពិត​មែន​ឬ​យ៉ាង​ដូចម្តេច? នេះ​ជា​តួនាទី​ និង​បេសកកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ផ្ទុយ​ទៅ​វិញ​បែរ​ជា​អាជ្ញាធរ​ទៅ​ចោទ​ប្រកាន់​ថា​លោក កើត សារ៉ាយ ​ទៅ​ជា​ញុះញង់ ទៅ​ជា​បង្ក​ភាព​វឹកវរ​អ្វី​ដល់​សង្គម​ទៅ​វិញ»។

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ជាសកម្មជនម្នាក់ដែលតែងតែចេញមុខទាមទារយុត្តិធម៌សង្គម។ (ស៊ុន ណារិន/វីអូអេ)
លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ជាសកម្មជនម្នាក់ដែលតែងតែចេញមុខទាមទារយុត្តិធម៌សង្គម។ (ស៊ុន ណារិន/វីអូអេ)

ប្រធាន​សមាគម​ការ​ពារសិទ្ធិ​មនុស្ស​អាដហុក​រូប​នេះ​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទទួល​យក​ការ​ពិត​ដើម្បី​ចូល​រួម​ដោះស្រាយ​ និង​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​អំ សំអាត ​យល់​ឃើញ​ថា​នេះ​មិនមែន​ជា​លើក​ទី​ ១ ទេ ​ដែល​កម្ពុជា​ច្រាន​ចោល​ការ​លើកឡើង​របស់​អន្តរជាតិ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​។

ទាក់​ទិន​នឹង​សំណុំរឿង​លោក​កើត​ សារ៉ាយ​ អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះកត់​សម្គាល់​ថា លោក កើត សារ៉ាយ គ្រាន់​តែ​ជា​សកម្មជន​សកម្ម​ក្នុង​ការការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ​ ក៏ដូច​ជា​ការ​ចូលរួម​ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​។ ហើយ​សកម្មភាព​របស់​លោកដែល​ធ្វើ​កន្លង​មកនោះត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិវាយតម្លៃ​ថា​គ្រាន់​តែ​ជាការ​បំពេញ​ការងារ​របស់អ្នក​ការពារ​សិទ្ធិមនុស្ស បរិស្ថាន​និង​ធនធាន​ធម្មជាតិ​តែ​ប៉ុណ្ណោះ​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា ថ្លែងថា កម្ពុជា​មាន​ច្បាប់​ដែល​បាន​ចែង​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​អំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ គឺ​អនុញ្ញាត​តែ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ ហើយជន​ណា​ដែល​ប្រព្រឹត្ត​ហួស​កំណត់​ពី​ព្រំដែន​ច្បាប់​គឺ​ត្រូវ​ទទួល​រង​ការ​ចាប់​ខ្លួន​មក​ផ្តន្ទា​ទោស​នៅចំពោះ​មុខតុលាការ​។

លោក​បាន​សង្កត់​ធ្ងន់​ថា​ រដ្ឋាភិបាល​តែង​តែ​អនុវត្ត និង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ដែលមាន​ជា​ធរមាន​ ដោយមិន​បាន​ធ្វើ​ទុក្ខ​បុកម្នេញ ឬ​បំបិទ​សិទ្ធិ​សេរី​ភាព​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ​។

គួរ​បញ្ជាក់​ថា អ្នក​ជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី ១៩ ខែមេសា ឆ្នាំ ២០២៤ នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​អំពាវ​នាវ​ឱ្យ​កម្ពុជា​បញ្ចប់​រាល់​ទង្វើ​នៃ​ការ​យាយី​ និង​ការ​កាត់​ទោស​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្មជន​សង្គម​ស៊ីវិល​ ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​អនុវត្ត​សិទ្ធិ​ និង​នយោបាយ​របស់​ពួកគេ​ដោយ​សេរី។

ក្នុង​នោះ​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ក៏​យល់​ថា​ការ​ចាប់​ខ្លួន​របស់​លោក កើត សារ៉ាយ​ គឺជា​ផ្នែកមួយ​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផង​ដែរ។ អ្នកជំនាញ​ បានអំពាវ​នាវ​ឱ្យ​រដ្ឋាកិបាល​កម្ពុជា​លុប​ចោល​នូវ​ច្បាប់​ជាតិខ្លះដែល​មាន​លក្ខណៈ​រឹតត្បិតសិទ្ធិ​ជាមូលដ្ឋាន​របស់​ពល​រដ្ឋ​ ព្រម​ទាំង​បញ្ឈប់​ការ​អនុវត្ត​នានា​ដូច​កាល​ពី​អតីតកាល​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ប៉ុន្តែតំណាង​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​ប្រទេស​កម្ពុជា​នៅទីក្រុង​ហ្សឺណែវ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ច្រាន​ចោលចំពោះ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ។ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះនៅថ្ងៃ​ទី​ ២០ ខែ​មេសា ឆ្នាំ ​២០២៤។ ​

សេចក្តី​ថ្លែង​ការណ៍ដដែល​ក៏​បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ថា​ជា​ការ​អនុវត្តទៅ​តាម​ច្បាប់ ទៅ​តាម​បទ​លើ្មស​មិនមែន​ដោយ​សារ​សម្ពន្ធភាព​របស់​លោក កើត សារ៉ាយ​ ជាមួយ​អង្គ​ការ​សិទិ្ធ​មនុស្ស​នោះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា​៖​«ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បង្ក​ឱ្យ មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៨៨ មាត្រា ​៤៩៤ និង​មាត្រា​ ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ គឺ​មិនមែន​ដោយ​សម្ព័ន្ធ​របស់​គាត់​ជាមួយ​អង្គការ​ពួន​ជ្រក​ក្រោម​ ស្លាក​សិទ្ធិ​មនុស្ស​ណាមួយ​នោះ​ឡើយ​»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG