សមាជិកអង្គការសង្គមស៊ីវិល កំពុងទាមទារឲ្យមានតម្លាភាព និងឲ្យរដ្ឋាភិបាលកេនយ៉ាបង្ហាញថាតើក្រុមហ៊ុនចិននោះ បានឈ្នះការដេញថ្លៃដើម្បីទិញប្រេងយ៉ាងដូចម្តេចនិងថាតើប្រទេសកេនយ៉ាទទួលបានប្រាក់ចំណូលប៉ុន្មានពីការលក់នោះ។
បន្ទាប់ពីការរុករកអស់ជាច្រើនឆ្នាំមក កេនយ៉ាបាននាំចេញប្រេងឆៅជាលើកដំបូងរបស់ខ្លួនកាលពីខែមុន។
នៅពេលដែលមានការរំភើបពីការចូលរួមរបស់កេនយ៉ាក្នុងបញ្ជីរបស់ប្រទេសផលិតប្រេង អង្គការសង្គមស៊ីវិលខ្លះ កំពុងចោទប្រកាន់ថា រដ្ឋាភិបាលបានធ្វើកិច្ចព្រមព្រៀងប្រេងសម្ងាត់ជាមួយក្រុមហ៊ុនចិន។
លោក Charles Wanguhu ជាអ្នកសម្របសម្រួលនៃអង្គការស៊ីវិល Civil Society Platform ស្តីពីប្រេងនិងឧស្ម័នឬ (KCSPOG) ដែលជាក្រុមតស៊ូមតិដែលធ្វើការអំពីបញ្ហាប្រេងនិងឥស្ម័ន។ លោកនិយាយថា ពួកគេចង់ដឹងថាតើកេនយ៉ា នឹងទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតសម្រាប់ធនធានរបស់ខ្លួនដែរឬទេ។
លោក Wanguhu ថ្លែងថា៖ «បញ្ហាពិបាកបំផុតដែលកំពុងបន្តមានឡើងក្នុងផ្នែកនេះ គឺការខ្វះការបញ្ចេញឯកសារត្រឹមត្រូវ។ ដូច្នេះ ក្រសួង បានប្រាប់ឲ្យដឹងថា មានការធ្វើទៅតាមដំណើរការដេញថ្លៃប្រេង ក៏ប៉ុន្តែ ឧទាហរណ៍ យើងមិនអាចចូលទៅមើលឯកសារនៃការដេញថ្លៃស្តីពីក្រុមហ៊ុនផ្សេងទៀត បានដេញថ្លៃហើយថាតើក្រុមហ៊ុនទាំងនោះបានដេញក្នុងតម្លៃប៉ុន្មាននៅពេលដែលពួកគេទទួលយកក្រុមហ៊ុន ChemChina ដែលជាអ្នកទិញនោះ។ យើងបានសុំឲ្យមានដំណើរការតម្លាភាពកាន់តែខ្លាំងឡើងនៃការដាក់ដេញថ្លៃទាំងនេះដែលយើងអាចនិយាយថា ប្រទេសនេះមានកិច្ចព្រមព្រៀងដ៏ល្អនោះ»។
លោក Andrew Kamau ប្រធានរដ្ឋបាលប្រេងឥន្ធនៈរបស់កេនយ៉ា និយាយថា ព័ត៌មានដែលរដ្ឋាភិបាលបានផ្តល់ឲ្យថាតើក្រុមហ៊ុនណាបានទិញប្រេងហើយនឹងថាតើក្រុម ហ៊ុននោះទិញប្រេងក្នុងតម្លៃប៉ុន្មាននោះ ជាការគ្រប់គ្រាន់ហើយ។
លោក Kamau និយាយថា៖ «វាជាការអត្ថាធិប្បាយមិនត្រឹមត្រូវទេ។ យើងបានប្រាប់ពួកគេថាតើក្រុមហ៊ុនណាដែលទិញប្រេងនោះ។ តើតម្លៃប៉ុន្មានដែលពួកគេទិញនិងចំនួនប៉ុន្មាន។ តើពួកគេចង់បានអ្វីទៀត? លោកដឹងហើយថា មនុស្សមានការភ័យខ្លាចគ្រប់ប្រភេទ ដូច្នេះ ខ្ញុំប្រាកដជាមិនអាចនិយាយអំពីបញ្ហានេះទេ។ ក្រសួងក៏មានការស្ទាក់ស្ទើរដើម្បីចែករំលែកព័ត៌មានថាតើគេចំណាយប៉ុន្មាននៅក្នុងការរុករកប្រេងនោះ»។
ចិនបានជួយកេនយ៉ាធ្វើផ្លូវថ្នល់និងផ្លូវរទេះភ្លើងប្រកបដោយស្តង់ដាមួយដែលចំណាយប្រាក់រាប់លានដុល្លារ។
លោក Wanguhu និយាយទៀតថា លោក ភ័យខ្លាចពីអនាគត ប្រសិនបើចិននឹងក្លាយជាអ្នកទិញប្រេងដ៏សំខាន់មួយមកពីកេនយ៉ានោះ។
លោក Wanguhu និយាយទៀតថា៖ «បញ្ហាប្រឈមគឺថា យើងបានជំពាក់បំណុលចិនយ៉ាងច្រើនដែលមាននៅក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់ផ្លូវរទេះភ្លើង (SGR) ហើយបំណុលនេះច្រើនណាស់ដែលយើងមើលឃើញថា ប្រេងរបស់យើងនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ចិន ហើយភាពគ្រោះថ្នាក់នេះធ្វើឲ្យយើងមិនអាចសងបំណុលដែលយើងអាចធ្លាក់ចូលក្នុងកិច្ចព្រមព្រៀងមួយដែលមិនសាកសម្យសម្រាប់ប្រទេសយើង»។
លោកស្រី Hellen Odegi ជាអ្នកជំនាញប្រេងនិងឧស្ម័ននិយាយថា ប្រវត្តិសាស្រ្តមិនអនុគ្រោះដល់កេនយ៉ានទេ នៅពេលដែលនិយាយពីការរៀបចំចាត់ចែងធនធានសាធារណៈនោះ។
លោកស្រី Hellene បានថ្លែងថា៖ «ផ្នែកមួយដែលខ្ញុំព្រួយបារម្ភនោះគឺ ពីព្រោះតែប្រវត្តិសាស្រ្តដែលយើងមាននៅក្នុងប្រទេសកេនយ៉ាគឺការប្រើប្រភពធនធានមិនត្រឹមត្រូវ យើងមិនបានទទួលស្គាល់ពីការប្រឈមមុខមួយទៀតដូចជាអ្វីដែលយើងបានឃើញកាលពី៣ឆ្នាំកន្លងមកនេះ ដែលប្រាក់យ៉ាងច្រើនបានបាត់បង់នៅក្នុងរដ្ឋាភិបាលស្រុកនិងរដ្ឋាភិបាលកណ្តាល ដូច្នេះយើងមិនបានរកប្រាក់ហើយប្រាក់នេះ នឹងចូលទៅក្នុងហោប៉ៅរបស់ក្រុមហ៊ុន២តែប៉ុណ្ណោះ»។
ប្រទេសកេនយ៉ា បានផលិតប្រេងប្រហែល២ពាន់ធុងក្នុងមួយថ្ងៃ។ កាលពីខែមុន ក្រុមហ៊ុនរុករកប្រេង Tullow បានប្រាប់ឲ្យដឹងថា ផលិតផលប្រេងអាចកើនឡើងដល់១សែនធុងក្នុងមួយថ្ងៃនៅឆ្នាំ២០២៤៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន