ក្រុមមន្រ្តីចិនបានត្រូវចាប់ខ្លួនពីការសូកប៉ាន់នៅពេលមានការស៊ើបអង្កេតពីការប្រព្រឹត្តអំពើពុករលួយនៅក្នុងក្រុមហ៊ុនរថភ្លើង SGR។ ការចាប់ខ្លួននេះកត់សម្គាល់ជាលើកដំបូងដែលក្រុមមន្រ្តីចិន នឹងប្រឈមមុខនឹងការចោទប្រកាន់ ទាក់ទិនទៅនឹងក្រុមហ៊ុន Standard Gauge Railways។
ក្រុមអាជ្ញាធរកេនយ៉ាបានចាប់ខ្លួនមន្រ្តី៧នាក់នៅក្រុមហ៊ុនផ្លូវ និងស្ពានរបស់ចិន (CRBC) ចំពោះការសូកប៉ាន់ក្រុមអ្នកស៊ើបអង្កេត ដែលកំពុងស្វែងរកអំពើពុករលួយទាក់ទិននឹងក្រុមហ៊ុនអយស្ម័យាន Standard Gauge Railways។ នេះតាមកាសែត Daily Nation ដែលជាកាសែតដ៏ធំបង្អស់មួយរបស់កេនយ៉ា ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ។
ការចាប់ខ្លួននេះកត់សម្គាល់ជាលើកទីមួយដែលក្រុមមន្រ្តីចិនបានប្រឈមការចោទប្រកាន់ពីការទាក់ទិននឹងក្រុមហ៊ុនStandard Gauge Railways ឬ (SGR) ដែលបានធ្វើឲ្យភាពចម្រូងចម្រាស់ចាប់តាំងពីការសម្ភោធផ្លូវរទេះភ្លើងរវាងរដ្ឋធានីណៃរ៉ូប៊ីនិងទីក្រុង Mombasaដែលជាទីក្រុងឆ្នេរសមុទ្រដ៏សំខាន់មួយនៅពាក់កណ្តាលឆ្នាំ២០១៧។
កាសែត The Nation បានរាយការណ៍ថា ទីភ្នាក់ងារនៅគណៈកម្មការក្រមសីលធម៌ និងប្រឆាំងអំពើពុករលួយឬ (EACC) បានចាប់ខ្លួនជនជាតិចិន៣នាក់ និងមន្រ្តីកេនយ៉ា៤នាក់ ដែលធ្វើការឲ្យក្រុមហ៊ុនផ្លូវ និងស្ពានរបស់ចិន (CRBC) ហើយនឹងប្រឈមការចោទប្រកាន់នៅក្នុងតុលាការ។
គណៈកម្មការក្រមសីលធម៌និងប្រឆាំងអំពើពុករលួយឬ (EACC) បានប្រាប់ឲ្យដឹងនៅក្នុងប្រព័ន្ធសារតាម Twitterថា ការសូកប៉ាន់នោះមានចំនួនទាំងអស់៥សែន Shillings ដែលជាប្រាក់របស់កេនយ៉ា ឬប្រហែល៤ពាន់៨រយ៥០ដុល្លារសហរដ្ឋអាមេរិក។
កាសែត The Nation នោះបានដកស្រង់សម្តីប្រភព ដែលមិនប្រាប់ឈ្មោះនៅក្រុមហ៊ុនរទេះភ្លើងដែលបានអះអាងថា ការស៊ីសំណូកដែលកំពុងស៊ើបអង្កេតមានទឹកប្រាក់ប្រហែល១លាន Shillings ក្នុងមួយថ្ងៃ ឬប្រហែល៩ពាន់៧រយដុល្លារ។
ដោយផ្អែកលើការលក់សំបុត្រប្រចាំថ្ងៃដែលមានប្រហែល៤ពាន់សំបុត្រហើយតម្លៃសំបុត្រជាមធ្យមថ្លៃ១៥ដុល្លារ៥០សេនក្នុងមួយសំបុត្រ ប្រាក់ចំណូលប្រចាំថ្ងៃជាង១៥ភាគរយ អាចត្រូវបានលួចបន្លំ។
ប្រាក់ជាង៣ពាន់លានដុល្លារដែលក្រុមហ៊ុនអយស្ម័យាន Standard Gauge Railways ឬ (SGR)បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០១៧ ក៏ប៉ុន្តែ បានខូចឈ្មោះដោយការចោទប្រកាន់ពីអំពើពុករលួយនិងការប្រកាន់ពូជសាសន៍ ហើយនឹងការព្រួយកង្វល់ពីការជោគជ័យខាងសេដ្ឋកិច្ចរបស់ខ្លួន។
ផ្លូវរទេះភ្លើងដែលមានឈ្មោះថា «Madaraka Express» ដែលភ្ជាប់ទីក្រុងធំបំផុត២របស់ប្រទេសកេនយ៉ាពីទីក្រុង Nairobi ទៅទីក្រុង Mombasaបានត្រូវគេចាត់ទុកថាជាមធ្យោបាយមួយដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរហើយនឹងជួយជំរុញសេដ្ឋកិច្ច។
ក៏ប៉ុន្តែ គម្រោងនេះ បានចំណាយប្រាក់ច្រើនបំផុតនៅពេលដែលការងារបានជឿនលឿនទៅមុខ ហើយអ្នកសង្កេតការខ្លះនិយាយថា រដ្ឋាភិបាលកេនយ៉ាបានចំណាយប្រាក់ច្រើនពេកសម្រាប់គម្រោងនេះដែលជំនួសផ្លូវរទេះឈ្មោះ” Lunatic Express “ ដែលជាផ្លូវរទេះភ្លើងសម័យអណានិគមដែលបានស្ថាបនាដោយចក្រភពអង់គ្លេស។
ការចាប់ខ្លួនកាលពីថ្ងៃអាទិត្យមិនមែនជាការចោទប្រកាន់លើកដំបូងប្រឆាំងនឹងពួកមន្រ្តីដែលមានចំណងទាក់ទងនឹងក្រុមហ៊ុនStandard Gauge Railwaysឬ (SGR) ទេ។
កាលពីខែសីហា មន្រ្តីជាន់ខ្ពស់កេនយ៉ា២នាក់បានរងការចោទប្រកាន់ពីការប្រព្រឹត្តិអំពើពុករលួយដែលទាក់ទិនទៅនឹងការទទួលបានដីធ្លីសម្រាប់សាងសង់ផ្លូវរទេះភ្លើង។ការិយាល័យរបស់រដ្ឋអាជ្ញាបានកំណត់សញ្ញាណមន្រ្តីនិងពាណិជ្ជករកេនយ៉ាជាង១០នាក់ដែលត្រូវបានចាប់ខ្លួន៕
ប្រែសម្រួលដោយជឹង ប៉ូជីន