ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការពារសិទ្ធិមនុស្ស៖ ករណី​សកម្មជន​គួរត្រូវ​ជម្រះ​ឲ្យ​បាន​ឆាប់ ខណៈ​ក្រសួង​យុត្តិធម៌​បញ្ចប់​សំណុំរឿង​កកស្ទះ


រូបឯកសារ៖ អ្នកទោស​ អង្គុយ​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ អ្នកទោស​ អង្គុយ​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ នៅថ្ងៃ​ពុធនេះ​ ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​ពន្លឿន​នីតិវិធី​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន​ករណី​របស់​សកម្មជន​នយោបាយ​ ក៏ដូច​ជា​អ្នក​ទោស​មន​សិការ​ផ្សេង​ទៀត​ ដែល​កំពុង​ជាប់ឃុំ​ ឬស្ថិត​នៅក្រៅ​ឃុំរង់​ចំាការ​ជំនុំជម្រះ។

ការ​ស្នើរបស់​ក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស​ កើតមាន​ឡើង​ ក្រោយ​ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ពី​លទ្ធ​ផលនៃយុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​កកស្ទះរាប់ពាន់សំណុំ​រឿង​នៅតាម​សាលា​ដំបូង​រាជធានី​ និង​ខេត្ត។ ​

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក​ លោក ​ស៊ឹង សែនករុណា​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធនេះ​ថា​ ក្រសួង​យុត្តិធម៌​ បាន​រួមចំណែក​ដល់​ការ​កាត់​បន្ថយ​សំណុំ​រឿង​កកស្ទះ​នៅតុលាការ​ តែលោក​ថា ​យុទ្ធនាការ​នេះ​ ហាក់​ដូច​ជាមើល​រំលង​សំណុំ​រឿង​របស់​សកម្មជន​ដែលធ្វើ​ការងារ​សង្គម​ និង​ផ្នែក​សិទ្ធិ​មនុស្ស​ បរិស្ថាន​ ក៏ដូច​ជា​សកម្មជន​នយោបាយ ​ដែល​ខ្លះ​កំពុងជាប់​ឃុំ និង​ខ្លះ​ទៀត​បានស្ថិត​នៅ​ក្រៅ​ឃុំ​ តែមិន​ទាន់​ទទួល​បាន​ការជំនុំ​ជម្រះ​។

«រឿង​ដែល​សកម្មជន​សង្គម​ នយោបាយ​ ឬក៏បរិស្ថាន​អីទាំង​អស់​នេះ​ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យ​មើល​ ដើម្បី​ពិចារណា​ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​រក​ដំណោះស្រាយ​ផង​ដែរ​ ពីព្រោះ​យើង​ដឹង​ហើយ​ក្នុង​ករណីទាំង​អស់​នេះ​ គឺ​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ​អន្តរជាតិ​ច្រើន​ណាស់​។ អីចឹង​ចំណុច​ទាំង​អស់​នេះ​ ក៏ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​បន្ធូរបន្ថយ​នូវ​ស្ថានភាព​តានតឹង​ផ្នែកនយោបាយ​ និង​ការ​រិះគន់​ទៅ​លើ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​អី​ជាដើមហ្នឹង ដើម្បី​កុំឲ្យ​មានការ​បន្ត​នូវ​ការដាក់​សម្ពាធផ្សេង​ៗទៀត​មក​លើ​កម្ពុជា​ទៀត​»។

រូបឯកសារ៖ អ្នកស្រី ​ចក់ សុភាព​ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ នៅ​ក្នុងពិធីបុណ្យ រំឭកខួបបួន​ឆ្នាំនៃ​ការ​សម្លាប់លោក ​កែម ឡី។ ពិធីបុណ្យ​នេះធ្វើ​ឡើង​នៅស្រុក​ត្រាំកក់​ ខេត្តតាកែវ ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​
រូបឯកសារ៖ អ្នកស្រី ​ចក់ សុភាព​ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ នៅ​ក្នុងពិធីបុណ្យ រំឭកខួបបួន​ឆ្នាំនៃ​ការ​សម្លាប់លោក ​កែម ឡី។ ពិធីបុណ្យ​នេះធ្វើ​ឡើង​នៅស្រុក​ត្រាំកក់​ ខេត្តតាកែវ ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​អ្នក​ស្រី ចក់ សុភាព​ សាទរ​ចំពោះ​ការខិតខំ​របស់​ក្រសួង​យុត្តិ​ធម៌​ ដែល​បាន​ផ្តួចផ្តើម​ឲ្យមាន​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​ ដែល​កកស្ទះ​នៅតុលាការ។ យ៉ាង​ណា​ក៏ដោយ អ្នកស្រីប្រាប់​វីអូអេ​ថា​ស្ថាប័ន​តុលាការ​ ក៏​គួរ​សិក្សា​លើ​ករណី​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​ រង់​ចាំ​ការ​កាត់​ទោស​ ដែល​អ្នកស្រី​ជឿថា​ អាច​ជា​ផ្នែកមួយ​នៃ​ឫសគល់​ នាំឲ្យ​មានការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលាការ។

«ត្រូវ​ធ្វើការ​ពិនិត្យ​គ្រប់​ករណី​ទាំង​អស់​ ហើយ​ជាពិសេស​ត្រូវ​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ពាក់​ព័ន្ធ​ហ្នឹង​ ហើយ​ជម្រើស​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហ្នឹង ​មិនគួរ​យក​មក​ប្រើ​ប្រាស់​នោះ​ទេ​ នៅ​ខណៈ​ដែល​យើង​ឃើញ​ករណី​ មាន​ការ​កក​ស្ទះ​ ហើយ​និង​យើង​ឃើញ​ជា​ពិសេស​នៅ​ក្នុង​បរិបទ​កូវីដ​នេះ​ ក៏មានការ​ឆ្លង​រីករាល​ដាល​ អីចឹង​តុលាការ​គួរ​តែ​ពិចារណា​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​ជម្រើស​ផ្សេង​ ជាជាង​ការ​ដាក់​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នេះ»។

អ្នកស្រី​បន្ថែមថា ​សិទ្ធិទទួល​បាន​ការ​ជំនុំ​ជម្រះ​ឆាប់​រហ័ស ​គួរតែ​ត្រូវបាន​ផ្តល់​ឲ្យជនជាប់ឃុំជាទូទៅ​ មិនថា​ ជា​សកម្មជន​ ឬជាពលរដ្ឋ​សាមញ្ញនោះ​ទេ ដើម្បី​បញ្ជាក់​ពីប្រសិទ្ធ​ភាពនៃ​ដំណើរការ​អនុវត្ត​ន៍នីតិវិធី​ផ្តល់​យុត្តិធម៌​របស់​តុលាការ។

«មាន​ករណី​មួយ​ចំនួន​ទៀត​ ជាពិសេស ​គឺ​ករណី​ដែល​ជាប់​មានការ​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​ ដែល​ពាក់​ព័ន្ធ​មិនត្រឹមតែ​ពលរដ្ឋ​ទូទៅ​ទេ យើង​ឃើញ​មួយរយៈ​នេះ ​ក៏មាន​សំណុំរឿង​ពាក់​ព័ន្ធ​សកម្មជន​នយោបាយ​ ឬក៏សកម្មជន​សិទ្ធិ​មនុស្ស​ ហើយ​ក៏មាន​ ការ​ចាប់​ខ្លួនថ្មី​ៗ​ ចំពោះ​សកម្មជន​យុវជន​បរិស្ថាន​អីជាដើម​។ ខ្ញុំយល់​ថា​ ការ​ធានានូវ​នីតិវិធី​មួយ​ដែល​ផ្តល់​ពេលវេលា​គ្រប់​គ្រាន់ ហើយ​និង​មិន​ពន្យារពេល​សម្រាប់​អ្នក​ពាក់​ព័ន្ធ​ ដើម្បី​ទទួលបាន​នូវ​សិទ្ធិ​យុត្តិធម៌​ ហើយ​និង​ទទួល​បាន​នូវ​ការ​ធានា​ដល់​សិទ្ធិ​ជំនុំ​ជម្រះ​ដ៏យុត្តិធម៌​ ដល់ពួក​គាត់​នោះ​ គឺ​ចាំបាច់​ណាស់»។

ក្រសួង​យុត្តិធម៌​បានឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា​ក្រសួង​សម្រេច​ប្រកាស​បិទបញ្ចប់​យុទ្ធនាការ​ដោះស្រាយ​សំណុំកកស្ទះ​ ក្រោយ​ចំណាយ​ពេល​ប្រមាណ​១ឆ្នាំ ដើម្បីបំបែក​សំណុំ​រឿងព្រហ្មទណ្ឌទូទៅ បាន​ជាង​៩​០%នៃ​សំណុំរឿង​កកស្ទះទាំង​អស់​ជិត​៤ម៉ឺនសំណុំរឿង។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃទី​២៩​ ខែមិថុនា​ ក្រសួង​បាន​បង្ហាញថា​តាម​រយៈ​យុទ្ធនា​ការ​ដែល​បានដំណើរ​ការ​តាំងពីថ្ងៃទី​១៨ ​ខែ​ឧសភា ​ឆ្នាំ​២០២០ដល់​ថ្ងៃទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២១​ សាលា​ដំបូង​រាជធានី​ខេត្តទូទាំង​ប្រទេស​បាន​ដោះស្រាយ​សំណុំរឿង​ ព្រហ្មទណ្ឌ​ ដែល​កកស្ទះ​ទាំង​ដំណាក់​កាល​អយ្យការ​ ទាំង​ដំណាក់​កាល​ស៊ើបសួរ​ និង​ទាំង​ដំណាក់​កាល​ជំនុំជម្រះ ​មានចំនួន​សរុប​ជាង​៣៧.៩០០​រឿង​ ស្មើ​នឹង​៩៦​%នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​សរុប​ជាង​៣៩.៥០០រឿង។

រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធនេះ​ថា​យុទ្ធនាការ​ដែល​បានធ្វើ​កន្លងមកនោះ​ គឺផ្តោតលើ​សំណុំរឿង​ទូទៅ​ ហើយ​ក៏បាន​ទទួល​នូវលទ្ធផល​ជា​ដុំ​កំភួន​ផងដែរ។ ប៉ុន្តែ​លោក​ថាការរាត​ត្បាត​ជំងឺឆ្លង​កូវីដ​១៩​បានធ្វើ​ឲ្យសាលាដំបូង​ចំនួនពីរ​ នៅ​មិនទាន់អាចបិទ​បញ្ចប់​យុទ្ធនាការ​ជម្រះសំណុំរឿង​កកស្ទះនេះ។

«យើង​ដោះស្រាយ​បាន​៩៦% ​ហើយ​ចំពោះ​សំណុំរឿង​ព្រហ្មទណ្ឌ​ គឺ​សំណុំ​រឿង​ទូទៅ​ យើង​អត់​គិត​ថា​សកម្មជន​ ឬមិន​សកម្មជន​អី​ទេ នយោបាយ​ មិន​នយោបាយ ​គឺ​យើង​ផ្តោត​ទៅលើ​សំណុំរឿង​ព្រហ្ម​ទណ្ឌ​ទូទៅ។​ ឯចំណែក​ឧបសគ្គ​ ការ​លំបាក​ ដូច​ជា​មិន​មាន​អីទេ មាន​ការ​ចូលរួម​ការ​សហការ​ ការ​ប្តេជ្ញា​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​វិធាន​នៃ​យុទ្ធនាការ​ដែល​បាន​ដាក់​ចេញហ្នឹង គ្រាន់តែ​ថា​ឧបសគ្គ​បញ្ហា​ប្រឈម​ គឺ​មាន​តែ​កូវីដ​ទេ ដោយសារ​តែ​ការ​យាយី​ពីកូវីដ​ហ្នឹង​ គឺ​សាលាដំបូង​ពីរ​មិន​ទាន់​បាន​បិទបញ្ចប់​នៅ​ឡើយ​ទេ គឺ​ខេត្ត​ព្រះសីហនុ ​ហើយ​និង​ភ្នំពេញ ដែលទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ពីកូវីដ​១៩នេះ»។

លោក ​អ៊ី រិន្ទ​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​ឆ្លើយ​សំណួររបស់វីអូអេ​ដែល​ផ្ញើតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម។

ដោយ​ឡែក ​មេដឹកនាំ​សហភាព​ការងារ​កម្ពុជា ​លោក ​អាត់​ ធន់ បញ្ជាក់​ថាលោក​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តុលាការ​ចំនួន​៧សំណុំ​រឿង​ គិតចាប់​តាំង​ពីឆ្នាំ​២០១៣​មក។ ក៏ប៉ុន្តែ​ក្រោយ​មាន​យុទ្ធនាការ​ដោះ​ស្រាយ​សំណុំរឿង​កកស្ទះ​នេះ​ លោក​នៅសល់​តែពីរ​សំណុំ​រឿង​ទៀត​ ដែលត្រូវ​ដោះស្រាយ​។ សំណុំរឿង​ទាំង​អស់​នោះ​ គឺ​ជាប់​ពាក់​ព័ន្ធនឹង​សកម្មភាព​សហជីព​របស់​លោក។

មេដឹកនាំ​សហជីព​រូបនេះ​ចង់​ឃើញ​តុលាការ​បញ្ចប់​សំណុំរឿង​របស់​លោក​ដែល​នៅ​សេសសល់​នេះ និង​ដោះស្រាយ​សំណុំរឿង​របស់​សកម្មជន​សហជីព​ផ្សេង​ទៀត​ ដើម្បី​ឲ្យលោក​ និង​ពួកគេ​មាន​សេរីភាព​ពេញលេញ​ក្នុងការ​តស៊ូមតិ​ការពារ​ប្រយោជន៍​របស់កម្មករ។

«ហ្នឹង​ហើយ​ការណ៍​ដែល​ទុក​មាន​ន័យថា​របៀប​ដូច​ជា​នៅ​តែ​ចង​ បើ​យើង​មិន​អាច​ធ្វើ​អី​បាន​ នៅ​ពេល​ដែល​ធ្វើ ​គេ​អាច​យក​សំណុំរឿង​ហ្នឹង​ យក​មក​ចោទ​ប្រកាន់​ឡើង​វិញ​ ឬក៏​អាហ្នឹង​ និយាយ​ទៅ​ជា​ឧបសគ្គ​នៅ​ក្នុង​ការបំពេញ​សកម្មភាព​ការងារ​របស់​យើង​ កាលណា​យើង​ជាប់​សំណុំរឿង​នៅ​តុលាការ​»។

គួរបញ្ជាក់​ថា​ក្នុង​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កកស្ទះ​នេះ ​ក្រសួង​យុត្តិធម៌​បាន​កោត​សរសើរ​ចំពោះការ​ចូលរួម​របស់​មន្រ្តី​តុលាការ​ទាំងអស់ ​ហើយ​ធានា​បាន​នូវ​ការ​អនុវត្តន៍​យ៉ាង​ត្រឹមត្រូវ​នូវអភិក្រម​ការងារ​ គឺ«លឿន ត្រឹមត្រូវ ​យុត្តិធម៌​និង​មិន​ពុក​រលួយ»។ ក្រសួង​យុត្តិធម៌​បញ្ជាក់ថា​យុទ្ធនាការ​រយៈពេល​ប្រមាណ​១ឆ្នាំនេះ ក៏​បាន​ជួយ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ នូវ​បុគ្គល​សរុប​ចំនួន​៣៩.៣០១នាក់​ ដែល​ក្នុង​នោះ​មាន​ការ​ដោះ​លែង​ពីពន្ធនាគារ​ ការ​សម្រេច​មិន​ឃុំខ្លួន​ និងការ​សម្រេច​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ជំនួស​ឲ្យ​ការ​ចោទ​ប្រកាន់ជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG