ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​គ្រោង​បើក​សវនាការ​សំណុំ​រឿង​លោក ​រ៉ុង ឈុន​ ស្រប​ពេល​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ


រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។

សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​សវនាការជំនុំជម្រះ​ទោស ​លោក ​រ៉ុង​ ឈុន​ មេដឹកនាំ​សហជីព​មួយ​រូប​ ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៨ ខែ​មិថុនា ខណៈ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ។ នេះ​បើ​តាម​លិខិត​របស់​ព្រះរាជអាជ្ញា​រង ​សេង ហៀង ​ដែល​វីអូអេ​ទទួល​បាន​កាល​ពី​សប្តាហ៍​មុន។

លោក រ៉ុង ឈុន ​អាយុ​៥១​ឆ្នាំ ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​មុន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ក្រោយ​និយាយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ ដោយ​បាន​ជួប​ប្រជា​ពលរដ្ឋ​ដែល​អះអាង​ថា​ដី​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា​ជា​ច្រើន​រយ​ម៉ែត្រ។​

បើ​តាម​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ុង​ ឈុន តុលាការ​នឹង​បើក​សវនាការ​លើ​លោក ​រ៉ុង ឈុន​ និង​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​កញ្ញា ស កណិការ​ អាយុ​៣៨​ឆ្នាំ​ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​មិថុនា ដោយ​មាន​មេធាវី​ការពារ​ក្តី​ពីរ​រូប​ គឺ​លោក​ សំ សុគង់​ និង​លោក​ ឡោ ជុនធី។

សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ធ្វើ​ឡើង​ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​ភាគី​មេធាវី​ ដែល​សុំ​ឲ្យ​តុលាការ​ដោះលែង​មេដឹកនាំ​សហជីព​រូប​នេះ និង​កញ្ញា ស កណិការ​ ឲ្យ​បាន​ស្ថិត​នៅក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន។

លិខិត​របស់​ក្រុម​មេធាវី​ បាន​លើកឡើង​ពី​ការ​ឃុំ​ខ្លួន​លើស​កំណត់​ច្បាប់​និង​ហេតុផល​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​គាំទ្រ​ដល់​សំណើ​សុំ​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តី ។

លិខិត​របស់​ក្រុម​មេធាវី ចុះ​ថ្ងៃ​ទី​៣១​ ខែ​ឧសភា ​ឆ្នាំ​២០២១​ ឲ្យ​ដឹង​ថា៖​ «សមត្ថកិច្ច​បាន​ឃាត់​ខ្លួនកូន​ក្តី​ខ្ញុំ​បាទ​ រ៉ុង​ ឈុន​ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ ឆ្នាំ​២០២០​ និង ស កណិការ​ នៅ​ថ្ងៃ​ទី​៧​ ខែ​សីហា ​ឆ្នាំ​២០២០​ បើ​គិត​ពី​ថ្ងៃ​ឃាត់​ខ្លួន​កូន​ក្តី​ខ្ញុំ​មក​ដល់​ថ្ងៃ​នៃ​ការ​ដាក់​ពាក្យ​សុំ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​ គឺ​កូន​ក្តី​ខ្ញុំ​បាទ ​រ៉ុង ឈុន​ ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​នេះ​មាន​រយៈ​ពេល​ជាង​១០​ខែ​ និង​កូន​ក្តី​ខ្ញុំ​បាទ​ម្នាក់​ទៀត​ ស កណិការ​ ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​នេះ​មាន​រយៈ​ពេលជិត​១០​ខែ»។

រូបឯកសារ៖ រថយន្តដឹកអ្នកទោសជាច្រើននាក់ ដែល​រួមមានទាំង​លោក រ៉ុង ឈុន មេដឹកនាំសហជីព បានមកដល់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ រថយន្តដឹកអ្នកទោសជាច្រើននាក់ ដែល​រួមមានទាំង​លោក រ៉ុង ឈុន មេដឹកនាំសហជីព បានមកដល់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ក្រុម​មេធាវី​អះអាង​ថា​រយៈ​ពេល​នៃ​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ក្នុង​បទល្មើស​មជ្ឈិម​ ដែល​ចែង​ក្នុង​មាត្រា​២០៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​គឺ​មិន​ឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហួស​រយៈ​ពេល​៤​ខែ។

ក្នុង​ការ​សើ្ន​សុំ​ឲ្យ​លោក ​រ៉ុង ឈុន​ និង​កញ្ញាស​ កណិការ​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ដដែល​នេះ​ ក្រុម​មេធាវី​បាន​លើក​ហេតុផល​ថា​កូន​ក្តី​របស់​ពួក​គេ​មាន​លំនៅឋាន​ពិតប្រាកដ​ និង​មាន​ក្រុម​គ្រួសារ ដែល​នឹង​មិន​គេច​វេះ​ពីកិច្ច​សហការ​ជាមួយ​តុលាការ​ ដើម្បី​បន្ត​នីតិវិធី​ជំនុំជម្រះ​ទោស​នោះ​ទេ។

ក្រុម​មេធាវី​បាន​ពន្យល់​ក្នុង​ន័យ​ដើម​ថា៖​ «កូន​ក្តី​យើង​ខ្ញុំ​ធ្វើ​ការ​សន្យា ​និង​មិន​គេចវេះ និង​បង្ហាញ​ខ្លួន​គ្រប់​ដំណាក់​កាល​នៃ​នីតិវិធី​ តាម​ការ​កោះ​ហៅ​របស់​តុលាការ​គ្រប់​ពេល​ទាំង​អស់ ​គាត់​នឹង​វិល​ត្រឡប់​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ ឬ​សមត្ថកិច្ច​គ្រប់​ពេល​វេលា​ នៅ​ពេល​គាត់​បាន​ទទួល​ដីកា​ពី​តុលាការ​ឲ្យ​ចូល​មក​បំភ្លឺ​ ហើយ​កូន​ក្តី​របស់​ខ្ញុំ​គឺ​ជា​មនុស្ស​ដែល​មាន​អាកប្បកិរិយា​ស្លូតបូត​សុភាព​រាបសារ»។

សវនាការ​របស់​លោក ​រ៉ុង ឈុន​ និង​កញ្ញា​ ស កណិការ កើត​មាន​ឡើង​ ស្រប​ពេលអង្គការ​សង្គម​ស៊ីវិល​ចំនួន​២០​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​ ​ទាម​ទារ​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មនសិការទាំង​អស់។

សេចក្តីថ្លែងការណ៍​រួម​បាន​លើកឡើង​ពី​ក្តី​កង្វល់​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ក្នុង​ពន្ធនាគារដែល​មាន​សភាព​ចង្អៀត​ណែន​ ហើយ​បានស្នើ​សុំឲ្យ​តុលាការ​ពិចារណា​ដោះលែង​អ្នកទោស​មនសិការ​ទាំង​នោះ។

សេចក្តីថ្លែង​ការណ៍របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ ដែល​ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ជាដើម​ បាន​អធិប្បាយ​តាម​ន័យ​ដើម​ថា៖ «ដោយ​មើល​ឃើញ​ពី​របាយការណ៍​នៃ​ករណី​កើន​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​ រួម​ផ្សំ​នឹង​អ្នក​ទោស​ច្រើន​ពេក​នៅ​ក្នុង​ពន្ធនាគារ​ យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ​អហិង្សា​ទាំង​អស់​ ដែល​ជា​វិធានការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​បណ្តាល​មក​ពី​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា»។

អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ប្លង់ សុផល​ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​សវនាការ​លើលោក ​រ៉ុង ឈុន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ឡើយ។​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មួយ​រូប​ទៀត គឺ​លោក​ អ៊ី រិន្ទ ​មិន​ឆ្លើយ​សំណួរ​ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម។

ដោយ​ឡែក​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន​ ប្រតិកម្ម​ទៅ​នឹង​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ​នោះ​ថា​ធ្វើ​ឡើង​«មិន​សម​ស្រប​ ខុស​នឹង​នីតិវិធី​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​មាន​ចរិត​ជា​នយោបាយ»។ ​

លោក​អធិប្បាយ​លើ​ប្រព័ន្ធ​បណ្តាញ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​អាទិត្យថា​ «​នៅ​កម្ពុជា មិន​មាន​អ្នក​ទោស​នយោបាយ​ ឬ​អ្នក​ទោស​មន​សិការ​ដូច​ការ​លើក​ឡើង​របស់​អង្គការ​ទាំង​២០​នេះ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​ទោស ​ដោយ​សារ​តែ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ»។

លោក​បន្ថែម​ថា​នៅ​កម្ពុជា ​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​ គឺ​ជា​សិទ្ធិ​ មិនមែន​ជា​បទល្មើស​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ ការ​បញ្ចេញមតិ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ សន្តិសុខ​ជាតិ​ និង​សណ្តាប់ធ្នាប់​សាធារណៈ ​ជា​ដើម។ល។ គឺ​ជា​បទ​ល្មើស​ មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​នោះ​ទេ ចំណែក​ឯអ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ទាំង​នេះ​ក៏ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​ និង​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ទោស​មនសិការ​ដូច​ការ​លើក​ឡើង​របស់​អង្គការ​ទាំង​២០​នេះ​ទេ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ស្រី ​ចក់​ សុភាព ថ្លែង​ថា​តុលាការ​គួរ​ពិចារណា​សម្រេច​ឲ្យ​លោក ​រ៉ុង​ ឈុន​ និង​អ្នក​ទោស​មនសិការ​ឯ​ទៀត​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ បើ​មើល​ទៅ​លើ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ។

លោក​ស្រី​យល់​ថា​ការ​ដោះលែង​អ្នក​ទោស​មនសិការ និង​សកម្ម​ជន​ផ្សេង​ទៀត​ ​អាច​បើក​ផ្លូវ​ឲ្យ​កម្ពុជា​បញ្ចៀស​ការ​រិះគន់​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​ ពាក់​ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​ ដូច​អ្វី​ដែល​សហគមន៍​អឺរ៉ុប​បាន​ឆ្លើយតប​មក​កម្ពុជាកាល​ពី​កន្លង​ទៅ។

«កន្លង​មក គឺកម្ពុជា​យើង​បាន​ទទួល​នូវ​ការ​សម្រេច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ខាង​សហភាព​អឺរ៉ុប​ដែល​គាត់​ ធ្វើការ​ដក​ហូត​ ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ខ្លះ​នោះ​ ក៏​ជា​វិធាន​ឆ្លើយ​តប​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែរ​ ហើយ​ក៏​មាន​ការ​លើក​ឡើង​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ សហរដ្ឋ​អាមេរិក ​ក៏​មាន​ការ​លើក​ដែរ»។ ​

ការ​បើក​សវនាការ​សំណុំ​រឿង​របស់​លោក ​រ៉ុង ឈុន​ ក៏​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​អ្នកស្រី​ Wendy Sherman ​អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា។​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ អ្នកស្រី​ Sherman ​បាន​ស្នើ​សុំ​ឲ្យ​មេដឹកនាំ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​បើក​ចំហ​សិទ្ធិ​សេរីភាព​នយោបាយ​ សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​ ក្រោយ​ពី​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នេះ។

​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​អ្នកស្រី​ Sherman​ក៏​បាន​អំពាវនាវ​ដល់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ឲ្យ​ទម្លាក់​ចោល​ឲ្យ​បាន​ទាន់​ពេល​នូវ​ការ​ចោទ​ប្រកាន់​មាន«លក្ខណៈ​នយោបាយ»ទាំងអស់​និង​បើក​ឡើង​វិញ​នូវ​សេរីភាពនយោបាយ​ និង​សង្គម​ស៊ីវិល​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣។

លោក ​សំ សុគង់ ​មេធាវី​ការពារ​ក្តី​មួយ​រូប​ឲ្យ​លោក ​រ៉ុង ឈុន​ និង​កញ្ញា ស កណិការ​ បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការ​អំពាវនាវ​របស់​អ្នកស្រី Sherman អាច​ជា​ដើម​ទុន​មួយ​សម្រាប់​ការ​ទាមទារ​សេរីភាព​ឲ្យ​កូនក្តី​របស់​លោក។

«ដោយ​សារ​តែ​ក្រុម​មេធាវី​គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ ស្នើ​សុំ​ឲ្យ​ដោះលែង​កូន​ក្តី​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ហើយ​វា​ស្រប​ជាមួយ​នឹង​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​សហរដ្ឋ​អាមេរិក​ហ្នឹង​ បាន​មកទស្សនកិច្ច​ហ្នឹង​ដែរ​ អីចឹង​ខ្ញុំ​គិត​ថា​បើ​សិន​ជា​អនុ​រដ្ឋមន្ត្រី​គាត់​បានជជែក​ ហើយ​និយាយ​ទាក់​ទង​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​ការ​ដោះលែងអ្នក​ទោស​នយោបាយ​ អ្នក​ទោស​មនសិការ​អី​ផ្សេងៗ​ហ្នឹង​ អាហ្នឹង​ក៏​អាច​ថា​ជា​ការ​សង្ឃឹម​មួយ​ដែល​អាច​តុលាការ​យក​មក​ពិចារណា​ផងដែរ»។

លោក​មេធាវី​បន្ថែម​ថា​លោក ​រ៉ុង ឈុន​ និង​កញ្ញា ស កណិការ​ ទំនង​ជា​មិន​អាច​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​សាល​សវនាការ​បាន​ទេ​ ក្រោម​ហេតុ​ផល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ពន្ធនាគារ៕

XS
SM
MD
LG