សកម្មជនស៊ីរីនិយាយថាក្រុមឧទ្ទាមរដ្ឋឥស្លាមបានបាញ់ទម្លាក់យន្តហោះមួយគ្រឿង ដែលគេជឿថាជារបស់ក្រុមកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ហើយដែលបានវាយប្រហារគោលដៅលើក្រុមឧទ្ទាមអស់រយៈពេល៣ខែមកនោះ។
អង្គការសិទ្ធិមនុស្សប្រទេសអង់គ្លេសមានមូលដ្ឋានក្នុងប្រទេសស៊ីរីបានថ្លែង នៅថ្ងៃពុធនេះថា យន្តហោះនោះធ្លាក់នៅក្នុងតំបន់រ៉ាក់ហ្គា (Raqqa) ។ ទីក្រុងនេះជាទីតាំងដ៏រឹងមាំរបស់ក្រុមឧទ្ទាម ដែលបានកាន់កាប់មួយផ្នែកធំនៃភាគខាងកើតប្រទេសស៊ីរី ហើយនិងភាគខាងជើងនិងភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ចាប់តាំងពីដើមឆ្នាំនេះ។
អង្គការនេះបាននិយាយថាអ្នកបើកយន្តហោះត្រូវបានគេជឿថាជាជនជាតិអារ៉ាប់ម្នាក់ ហើយក្រុមឧទ្ទាមរដ្ឋឥស្លាមបានបញ្ចេញរូបថតដែលបង្ហាញថាក្រុមឧទ្ទាម របស់ខ្លួនចាប់បានអ្នកបើកយន្តហោះនោះ។
ប្រទេសហ៊្សកដានី (Jordan ) បារ៉ែន (Bahrain) អារ៉ាប៊ីសាអូឌីត( Saudi Arabia ) និងប្រទេសអារ៉ាប់រួម កំពុងចូលរួមក្នុងការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរី។ គេគ្មានឃើញការអត្ថាធិប្បាយពីក្រុមសម្ព័ន្ធមិត្តនៅឡើយទេ៕