នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រុងប្រៀបបញ្ចេញការវាយតម្លៃប្រចាំឆ្នាំនៃការខំប្រឹងប្រែងនៅថ្ងៃព្រហស្បតិ៍នេះ របស់រដ្ឋាភិបាលបរទេសនៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រុមសកម្មជន កំពុងសម្តែងនូវការព្រួយកង្វល់ថា ភូមិសាស្រ្តនយោបាយ បានបន្តជះឥទ្ធិពលដល់ចំណាត់ថ្នាក់របស់ប្រទេសនីមួយៗ។
ការយកចិត្តទុកដាក់ភាគច្រើន បានផ្តោតអារម្មណ៍លើការធ្វើឲ្យប្រសើរឡើងនូវប្រភេទTier 3 ទៅកាន់ប្រភេទ Tier 2 ក្នុងបញ្ជីឃ្លាំមើលក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំហៅកាត់ថា (TIP)។
ប្រទេសថៃ ស្ថិតនៅចំណុចកណ្តាលក្នុងតំបន់ពោរពេញដោយក្រុមជួញដូរមនុស្សដែលមានការជួយឧបត្ថម្ភពីមន្រ្តីរួមគំនិតនិងពុករលួយ។ លោកស្រី Kristen Abrams នាយិកាអង្គការសម្ព័ន្ធភាពដើម្បីបញ្ចប់ទាសភាពនិងការជួញដូរមនុស្ស ឬ (ATEST) បានមានប្រសាសន៍ថា «ស្ថានភាពកំពុងកាន់តែអាក្រក់ឡើងៗនៅក្នុងប្រទេសថៃសម្រាប់កម្មករចំណាកស្រុក។ នៅប្រទេសនោះនៅតែមានភាពល្បីល្បាញពីការជិះជាន់កម្លាំងពលកម្ម ជាពិសេសនៅក្នុងឧស្សាហកម្មអាហារសមុទ្រ។ យើងជឿជាក់ថា ប្រទេសថៃត្រូវតែស្ថិតក្នុងប្រភេទ Tier 3»។
របាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ (TIP) ផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសនានាផ្អែកលើប្រព័ន្ធដែលមាន៣ថ្នាក់ឬTier 3។ Tier 1 រួមមានប្រទេសដែលរដ្ឋាភិបាលអនុវត្តបានពេញលេញទៅតាមបទដ្ឋានអប្បរមា។ Tier 2 គឺជាប្រទេសដែលមិនបានអនុវត្តឲ្យបានពេញលេញទៅតាមបទដ្ឋានអប្បរមា ក៏ប៉ុន្តែ កំពុងខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអនុវត្តតាម។
ចំណាត់ថ្នាក់ទាបបំផុតគឺ Tier 3 ដែលរួមមានប្រទេសនានាដែលរដ្ឋាភិបាលរបស់ប្រទេសនោះ មិនបានអនុវត្តឲ្យបានពេញលេញទៅតាមបទដ្ឋានអប្បរមាហើយមិនបានប្រឹងប្រែងអនុវត្តទាល់តែសោះ។ ចំណាត់ថ្នាក់ Tier 3 អាចបណ្តាលឲ្យមានការដាក់ទណ្ឌកម្មហើយទទួលបានជំនួយមានកម្រិតពីសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗទៀត៕