ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា ការរាលដាលនៃការជួញដូរមនុស្សកំពុងជួយបង្កើនទ្រព្យសម្បត្តិនៅលើពិភពលោក ដែលធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវបានគេកេងយកប្រយោជន៍ដោយពួកអ្នកគ្រប់គ្រងលើក្រុមកម្មករនិងពួកអ្នកធ្វើពាណិជ្ជកម្មខាងផ្លូវភេទនៅគ្រប់ប្រទេសក្នុងពិភពលោក។
នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានហៅការកេងយកប្រយោជន៍ខាងពលកម្មនេះថា ជាទាសភាពសម័យទំនើប ការធ្វើបាបក្មេងស្រីនិងស្រ្តីឲ្យធ្លាក់ចូលក្នុងពេស្យាចារហើយនិងការបង្ខំបុរស ស្រ្តី និងកូនក្មេងឲ្យធ្វើការងារផ្សេងៗនៅទូទាំងសាកលលោកដែលទទួលបានកម្រៃទាបបំផុត។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry មានប្រសាសន៍ថា ការជួញដូរមនុស្សនិងទាសភាពសម័យទំនើប ជាឧស្សាហកម្មដែលមានទឹកប្រាក់ប្រចាំឆ្នាំ១៥០ពាន់លានដុល្លា។ លោករដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា របាយការណ៍នៅឆ្នាំនេះ អំពាវនាវជាចាំបាច់ឲ្យមានចំណាត់ការ ហើយបានជំរុញឲ្យរដ្ឋាភិបាលនានាពង្រឹងនិងអនុវត្តច្បាប់របស់ខ្លួន។
លោករដ្ឋមន្រ្តី Kerry មានប្រសាសន៍ទៀតថា៖ «ដូចជាប្រទេសផ្សេងៗទៀតដែរ យើង មានការទទួលខុសត្រូវដើម្បីធ្វើឲ្យប្រសើរឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងការធ្វើការងារដោយការបង្ខិតបង្ខំហើយនិងពាណិជ្ជកម្មផ្លូវភេទ»។
របាយការណ៍នោះបានប្រាប់ឲ្យដឹងថា៖ «ការជួញដូរមនុស្សគ្មានព្រំដែន និងគ្មានការគោរពច្បាប់ទេ។ វាកើតមានឡើងនៅក្នុងទីផ្សារពលកម្មត្រឹមត្រូវតាមច្បាប់និងទីផ្សារពលកម្មខុសច្បាប់ ទាំងនៅក្នុងឧស្សាហកម្មត្រឹមត្រូវតាមច្បាប់និងខុសច្បាប់ ដែលកំពុងប៉ះពាល់កម្មករដែលមានជំនាញនិងគ្មានជំនាញមកពីគ្រប់ស្រទាប់នៃការអប់រំទាំងអស់»៕