ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់នៃកងទ័ពជើងគោកថៃឋិតនៅក្នុងចំណោមមនុស្សជាប់សង្ស័យ៨៨នាក់ ដែលបានចេញបង្ហាញខ្លួននៅក្នុងសាលតុលាការមួយក្នុងប្រទេសថៃកាលពីថ្ងៃអង្គារ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់អំពីការជួញដូរមនុស្ស។
ពួកជនជាប់សង្ស័យទាំងនេះបានត្រូវចោទប្រកាន់ថា បានជួញដូរពួកជនអំបូរ Rohingya កាន់សាសនាឥស្លាម ដែលបានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ឆ្លងកាត់សមុទ្រ ដើម្បីរត់គេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញខាងសាសនា និងការផាត់ចោលដោយប្រទេសភូមា និងប្រទេសបង់ក្លាដែស។ ការជួញដូរមនុស្សនេះបានកើតមានឡើងនៅចន្លោះខែមករា ឆ្នាំ២០១១ និងខែឧសភាឆ្នាំនេះ។ ពួកជនជាប់សង្ស័យទាំងនេះបានត្រូវចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរថៃបានធ្វើការបង្ក្រាបមួយដែលបាននាំឲ្យរកឃើញសាកសពជនចំណាកស្រុករាប់សិបនាក់ដែលបានត្រូវកប់នៅជិតជំរុំឃុំឃាំងមួយនៅក្នុងព្រៃមួយនៅជិតព្រំដែនថៃ និងម៉ាឡេស៊ី។
ពួករដ្ឋអាជ្ញានិយាយថា ពួកជនទេសន្តរប្រវេសន៍ទាំងនេះបានត្រូវឃុំឃាំងនៅក្នុងជំរុំ ឬនៅក្នុងសមុទ្រ ដែលនៅទីនោះពួកគេបានត្រូវបង្អត់អាហារ ត្រូវវាយដំ ត្រូវរំលោភសេពសន្ធវៈ និងបានត្រូវសម្លាប់។
រឿងក្តីនេះអាចរងការប៉ះពាល់នៅពេលដែលលោកឧត្តមសេនីយ៍ Paween Pongsirin ដែលជាប៉ូលីសអ្នកស៊ើបអង្កេតជាន់ខ្ពស់លើរឿងក្តីនេះបានលាលែងចេញពីតំណែង និងរំសាយកងឯកភាពលោក បន្ទាប់ពីលោកបានត្រូវបញ្ជាឲ្យផ្លាស់ទៅកាន់តំបន់ខាងត្បូងនៃប្រទេសថៃ ដែលមានការបះបោរ។ លោក Paween បានមានប្រសាសន៍ថាលោកភ័យខា្លចថា ជីវិតលោកអាចមានគ្រោះថ្នាក់ដោយសារពួកអ្នកជួញដូរមនុស្សអាចនឹងធ្វើការសងសឹកអំពីការស៊ើបអង្កេតរបស់លោក។
ប្រទេសថៃបានធ្វើការបង្ក្រាបនេះ បន្ទាប់ពីក្រសួងការបរទេសស.រ.អាបានដាក់ប្រទេសថៃនៅក្នុងលំដាប់ថ្នាក់ទាបបំផុតនៃបញ្ជីមួយរបស់ក្រុមប្រទេស ដែលបានធ្វើតិចបំផុតតាមស្តង់ដារសម្រាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស៕