សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នាចុងខែធ្នូនេះ ដើម្បីទាមទារឱ្យដោះលែងសកម្មជន ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។ នេះបើតាមលិខិតមួយច្បាប់របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី១៦ ខែធ្នូ ដែលជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ។
លិខិតដែលវីអូអេទទួលបានឱ្យដឹងថា សមាគមគ្រោងនឹងរៀបចំការប្រមូលផ្តុំគ្នាមានចំនួនមនុស្សយ៉ាងតិច១០០នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ដើម្បីសម្តែងមតិ ទាមទារឱ្យដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីពឱ្យមានសេរីភាពឡើងវិញ។
ពួកគេក៏មានគម្រោងដង្ហែយកញត្តិទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីផងដែរ។ នេះបើតាមលិខិតដដែលនោះ។
លោក រ៉ុង ឈុន មេដឹកនាំសហជីព និងជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរមិនទាន់បានណាត់ជួបដើម្បីជជែកអំពីការជួបជុំនេះនៅឡើយទេ តែលោករំពឹងថា អាជ្ញាធរនឹងអញ្ជើញក្រុមការងាររបស់លោក ដើម្បីពិភាក្សាអំពីសំណើនេះ នៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។
លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារ អះអាងថា ការបន្តឃុំឃាំងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព ដូចជាកញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ ជាដើមជារឿងអយុត្តិធម៌ ដោយពួកគេមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
លោកថ្លែងថា៖ «យើងឃើញថា វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ណាស់ អ៊ីចឹងហើយបានជាសមាគមសម្រេចចិត្តធ្វើការប្រមូលផ្តុំដើម្បីសម្តែងមតិទាមទារឱ្យមានការដោះលែងពួកគាត់»។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សាលាក្រុងបានទទួលលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរួចហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ពេលណានឹងជួបជជែកជាមួយសមាគមនោះទេ៕