កំណត់និពន្ធ៖ ពិភពលោកនឹងប្រារព្ធទិវានារីអន្តរជាតិក្នុងសប្ដាហ៍នេះ។ នៅកម្ពុជាវិញ អ្នកឃ្លាំមើល និងតស៊ូមតិដើម្បីស្ត្រីបាននិយាយថា បញ្ហាស្ត្រីនៅតែមានលក្ខណៈប្រឈមដូចឆ្នាំមុនៗដែរ ក៏ប៉ុន្តែគេបានសង្កេតឃើញការចូលរួមយ៉ាងសកម្មជាងមុននៅក្នុងវិស័យសេដ្ឋកិច្ច និងការងារ ហើយនៅពេលមានវិបត្តិនយោបាយដ៏ជ្រាលជ្រៅនេះ ស្ត្រីងាយរងគ្រោះជាងបុរស។ លោក អូន ឆេងប៉រ នៃ VOA បានសម្ភាសកញ្ញា សេង រាសី អ្នកសម្របសម្រួលកម្មវិធីសមភាពយ៉េនឌ័រក្នុងវិស័យនយោបាយនៃអង្គការសីលកា នៅក្នុងបន្ទប់ផ្សាយរបស់ VOA នៅរាជធានីភ្នំពេញដូចតទៅ៖
VOA៖ តើយើងអាចបរិយាយយ៉ាងដែរអំពីស្ថានភាពទូទៅរបស់ស្រ្តីនៅប្រទេសកម្ពុជា នាឆ្នាំកន្លងទៅ?
សេង រាសី៖ បើសិនជាយើងមើលលើបញ្ហាមួយឆ្នាំកន្លងទៅនេះ បញ្ហាប្រឈមរបស់ស្ត្រី មិនមានអ្វីខុសប្លែកពីឆ្នាំកន្លងទៅទេ ក៏ប៉ុន្តែភាពប្រសើរឡើងនៃការកាត់បន្ថយការប្រឈមហ្នឹងក៏មានមួយចំនួនដែរ នៅខាងក្នុងនោះ នៅលើវិស័យនយោបាយ ទាក់ទងនឹងចំនួនស្ត្រីក្នុងការឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ និងការឈរឈ្មោះនៅថ្នាក់ជាតិ ដែលយើងមិនទាន់មានការបោះឆ្នោតនៅឡើយទេ។ ក៏ប៉ុន្តែជាបឋម យើងដឹងអំពីទិន្នន័យមួយដែលមានការធ្លាក់ចុះនោះគឺការធ្លាក់ចុះចំនួនស្ត្រីជាតំណាងរាស្ត្រក្នុងរដ្ឋសភា បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ អីចឹងទៅចំនួនស្ត្រីនៅសល់ចំនួនប្រហែលជា១០%ទេ បើធៀបនឹងសមាជិកសភាសរុប។
បញ្ហានានា ដូចជាបញ្ហាអំពើហិង្សា បញ្ហារំលោភក្នុងរូបភាពផ្សេងៗ យើងឃើញថា ករណីទាំងនេះនៅតែកើតឡើង បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាល និងអាជ្ញាធរផ្សេងៗ។ អ្វីដែលជាការបារម្ភជាងគេគឺយើងមើលឃើញថា ករណីរំលោភផ្លូវភេទ អ្នកប្រព្រឹត្តហ្នឹងកាន់តែមានវ័យក្មេងទៅៗ រីឯអ្នកទទួលរងហ្នឹងក៏ក្មេងដែរ។ បានន័យថា អ្នកដែលប្រព្រឹត្ត អ្នកដែលរំលោភគេហ្នឹងកាន់តែក្មេងទៅ រីឯអ្នកដែលត្រូវបានគេរំលោភហ្នឹងក៏ក្មេងដែរ។ ដោយសារតែការណ៍ដែលមិនមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីឱ្យស្រ្តីគាត់ចេញទៅខាងក្រៅ ធ្វើឱ្យជនល្មើសហ្នឹងអាចឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបាន ស្របពេលដែលនៅមានទស្សនៈមួយចំនួន យល់ឃើញថា នៅពេលដែលមានករណីរំលោភកើតឡើង គេសួរថា ស្ត្រីហ្នឹងមានស្លៀកខ្លីទេ? ស្ត្រីហ្នឹងមានដើរយប់ទេ? អីចឹងវាធ្វើឱ្យការមើលឃើញហ្នឹងមិនបានបន្ទោសទៅលើជនល្មើសទេ តែបែរជាបន្ទោសលើជនរងគ្រោះ។
រយៈពេលមួយឆ្នាំកន្លងទៅនេះ អង្គការស្ត្រីជាច្រើនបានធ្វើការទៅលើការផ្លាស់ប្ដូរការគិត ដោយផ្ដោតទៅលើទោសកំហុសរបស់អ្នកដែលប្រព្រឹត្ត ជាជាងការស្ដីបន្ទោសទៅលើជនរងគ្រោះ។
ងាកមកមើលស្ត្រីនៅក្នុងវិស័យការងារវិញ ទាំងផ្នែកក្នុងប្រព័ន្ធ ទាំងផ្នែកក្រៅប្រព័ន្ធ យើងមើលឃើញថា កម្មការិនីលោកបានទទួលកិច្ចការងារច្រើន បើទោះជាមានស្ថានភាពលំបាកនៅក្នុងជីវភាពរស់នៅ ក៏ប៉ុន្តែយើងបានមើលឃើញថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានផ្ដល់កញ្ចប់អត្ថប្រយោជន៍ផ្សេងៗ ជាពិសេសសម្រាប់ស្ដ្រី ឱ្យមានថវិកាសម្រាប់ការលំហែមាតុភាពក្រោយពីការសម្រាលកូនរបស់ពួកគាត់។
ប៉ុន្តែវានៅតែជាបញ្ហាប្រឈមដែលយើងទទួលដឹងពីព័ត៌មាន ពីសំណាក់អង្គការដៃគូដែលគាត់ធ្វើការទាក់ទងទៅនឹងកម្មករ ដោយសារតែនៅក្នុងច្បាប់គេបាននិយាយថា នៅពេលដែលបុគ្គលិកហ្នឹងពេញសិទ្ធិ។ ក៏ប៉ុន្តែវាមានករណីពីរនៅក្នុងហ្នឹង។ នៅរោងចក្រខ្លះ នៅពេលដែលគេដឹងថា គាត់ហ្នឹងពោះធំ គេដេញកម្មការិនីទាំងនោះចេញពីការងារ ដោយសារតែកុងត្រា (កិច្ចសន្យា)ការងារគាត់ហ្នឹងជាលក្ខណៈរយៈពេលខ្លី ដែលនាំឱ្យគាត់អាចត្រូវបញ្ឈប់ពីការងារដោយសារតែគាត់នោះពោះធំ មានទម្ងន់។
អត្ថប្រយោជន៍ទៅដល់ហើយ ក៏ប៉ុន្តែយើងត្រូវមើលថា ធ្វើដូចម្ដេចទើបអាចឱ្យពួកគាត់អាចឈោងចាប់អត្ថប្រយោជន៍ទាំងនោះបាន។
នៅលើវិស័យសហគ្រិនភាពវិញ ខ្ញុំមើលឃើញថា មានស្ត្រីច្រើនណាស់ ដែលបានក្លាយជាម្ចាស់សហគ្រាស ឬក៏មុខជំនាញផ្សេងៗ ទាំងក្នុងវ័យក្មេង។ វាជាមោទនភាពមួយសម្រាប់ទាំងអស់គ្នាដែរថា ស្ត្រីអាចឈោងចាប់មុខតំណែងជាអ្នកដឹកនាំ ជានាយកប្រតិបត្តិជាដើម។ ស្របពេលដែលមានបញ្ហាប្រឈមក្នុងរយៈពេលមួយឆ្នាំ ក៏មានការលូតលាស់ជាវិជ្ជមានជាច្រើននៅខាងក្នុងនោះដែរ ខណៈដែលការចូលរួមរបស់ស្ត្រី នៅក្នុងសកម្មភាពសង្គមមានលក្ខណៈផុសផុលជាងមុន។
VOA៖ គេអង្កេតឃើញមានការចូលរួមផុលផុសពីសំណាក់ស្ត្រីទាំងក្នុងវិស័យអប់រំសិក្សាធិការ វិស័យការងារ នយោបាយ និងសេដ្ឋកិច្ចជាដើម។ អ្វីទៅជាកត្តាដែលជំរុញឱ្យមានការចូលរួមច្រើនយ៉ាងដូច្នេះ?
សេង រាសី៖ យើងអង្កេតឃើញការចូលរួមសកម្ម នាពេលកន្លងទៅនេះ វាមានហេតុផលប៉ុន្មានដែរ។ លទ្ធភាពក្នុងការទទួលបានព័ត៌មានរបស់ស្ត្រីវ័យក្មេង មានចំនួនច្រើន តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ទូរទស្សន៍ និងវិទ្យុផ្សេងៗ។ អីចឹងហើយធ្វើឱ្យស្ត្រីកាន់តែយល់ដឹងអំពីតួនាទី និងសិទ្ធិរបស់គាត់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងឱកាសដែលគាត់ទទួលបាន ព្រោះអី ទាំងនៅវិស័យសាធារណៈ និងសង្គមស៊ីវិល ចំពោះអ្នកដែលគាត់ចូលបំពេញការងារក្នុងមួយឆ្នាំនេះណា ក្មេងៗច្រើនមែនទែន យុវជនតែម្ដង។ ដោយសារតែលទ្ធភាពនៃការទទួលបានព័ត៌មាន និងការជំរុញ និងការបើកចិត្តជាងមុនបន្តិច ក្នុងការអនុញ្ញាតឱ្យកូនស្រីទទួលបានការសិក្សាមួយដែលមានភាពប្រសើរឡើងជាងពេលមុន។
VOA៖ គេអង្កេតឃើញថា ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ មានការដាក់បញ្ចូលតំណាងរាស្ត្រ៥៥រូបចូលទៅបំពេញចន្លោះនៃអវត្តមានគណបក្សនេះនៅក្នុងរដ្ឋសភា តែក្នុងចំណោមនោះមានស្ត្រីតែពីររូបទេ។ រីឯក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលមានកៅអីប្រកួតប្រជែង៥៨នោះ មានតែ៥រូបទេដែលជាស្ត្រីបានឈ្នះអាសនៈ។ តើការណ៍មានផលប៉ះពាល់យ៉ាងណាខ្លះដែរ?
សេង រាសី៖ តួលេខនេះសបង្ហាញឱ្យឃើញថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ស្ត្រីរងគ្រោះខ្លាំងជាងគេបង្អស់ មិនថា វិបត្តិនយោបាយ មិនថា សង្គ្រាម មិនថា វិបត្តិសេដ្ឋកិច្ច ឬអ្វីទេ ដោយសារស្ត្រីបានចូលរួមចំណែកយ៉ាងខ្លាំងនៅខាងក្នុងការឈរឈ្មោះ រួមចំណែកយ៉ាងខ្លាំងនៅខាងក្នុងសកម្មភាពសេដ្ឋកិច្ច រួមចំណែកយ៉ាងខ្លាំងនៅខាងក្នុងការកៀងគរ។
អីចឹងហើយ វិបត្តិនយោបាយមួយនេះធ្វើឱ្យស្ត្រីជាច្រើនបានបាត់បង់ឱកាសរបស់ខ្លួនឯង នៅក្នុងការចូលរួមចំណែក។ អីចឹងហើយការបាត់បង់ឱកាសហ្នឹង វាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងកន្លងមក ទាំងរដ្ឋាភិបាល ទាំងសង្គមស៊ីវិល ទាំងដៃគូពាក់ព័ន្ធផ្សេងៗទៀត ហាក់បីដូចជាធាក់ថយក្រោយវិញខ្លាំងមែនទែន។ ស្របពេលដែលយើងព្យាយាមរុញវាទៅមុខ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ ធានាឱ្យបាន៥០-៥០នោះ ឃើញថា បានតែជាង១០%នៅក្នុងរដ្ឋសភា។ អីចឹងយើងសួរមកខ្លួនឯងទៀតថា យើងប្រឹងប៉ុន្មានទៀតឱ្យបាន៤០%ទៀតដល់ឆ្នាំ២០៣០។
បើយើងគិតពីឥឡូវនេះទៅ ឆ្នាំនេះ ឆ្នាំ២០១៨ហើយ ហើយជិតកៀកដល់បោះឆ្នោតហើយ ហើយអីចឹងទៅ នៅសល់ពេលតែប៉ុន្មានឆ្នាំ។ យើងបោះឆ្នោតបានប៉ុន្មានដងទៀត? អីចឹងទៅបើសិនជាគណបក្សនយោបាយទាំងអស់ដែលប្រុងឈរឈ្មោះ ក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ មិនដាក់បេក្ខភាពស្ត្រីនៅលេខរៀង និងទីតាំងដែលសង្ឃឹមជាប់នោះទេ ការសម្រេចបាននៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះនឹងបរាជ័យ ដូចអ្វីដែលយើងទទួលជាមេរៀនហើយស្រាប់នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។
ខ្ញុំឆ្លៀតឱកាសនេះទទូចដល់គណបក្សនយោបាយដែលប្រុងប្រៀបខ្លួនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៨នេះ សូមគិតគូរឱ្យមែនទែនក្នុងការដាក់បេក្ខភាពស្ត្រី។ ខ្ញុំមិនជឿថា ស្ត្រីមិនមានសមត្ថភាពក្នុងការធ្វើការងារនេះទេ។ បើសិនជាស្ត្រីមិនមានសមត្ថភាព មិនមែនអ្នកនៅខាងក្នុងឃុំសង្កាត់នៅមូលដ្ឋាន ដែលយើងបានធ្វើការជាមួយដែលយើងបានធ្វើការស្រាវជ្រាវ បានឆ្លើយមកយើងវិញថា ស្ត្រីធ្វើការមានប្រសិទ្ធភាព មានការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាជាងឃុំដែលមិនមានសមាសភាពស្ត្រី។ យើងជឿជាក់ថា វាមិនមែនសម្រាប់តែថ្នាក់ឃុំទេ នៅថ្នាក់ជាតិក៏នឹងមានលទ្ធផលស្រដៀងគ្នាដែរ។
ដូច្នេះហើយ នៅពេលដែលយើងឈានទៅរកលទ្ធិប្រជាធិបតេយ្យ ពេលដែលយើងឈានទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានមូលបទថា «នឹងមិនទុកនរណាម្នាក់ចោល»។ អីចឹងបើសិនជាស្ត្រីមិនបានចូលធ្វើការស្មើមុខស្មើមាត់ ទាំងចំនួននិងគុណភាព ក្នុងការឆ្លើយតប ក្នុងការតាក់តែងគោលនយោបាយ និងក្នុងការតាក់តែងច្បាប់ សួរថា ស្ត្រីប៉ុន្មានរូបទៀត ដែលត្រូវបានទុកចោល? ច្រើន មិនមែនតែមួយទេ!
VOA៖ ខណៈដែលមានការចូលរួមកាន់តែសកម្មក្នុងវិស័យសេដ្ឋកិច្ច និងការងារ ពីសំណាក់ស្ត្រី តើស្ត្រីមានការរំពឹងទុកអ្វីខ្លះពីសង្គមជាតិ សហគមន៍ដែលនៅជុំវិញខ្លួន?
សេង រាសី៖ ភ្ជាប់ជាមួយនឹងបញ្ហាប្រឈមនៃការចូលរួមរបស់ស្ត្រីនេះ ទាមទារឱ្យមានការបើកចិត្តឱ្យទូលាយមែនទែន ពីសំណាក់សហគមន៍ ពីសំណាក់អ្នកនៅជុំវិញខ្លួនរបស់គាត់ ឱ្យយល់ឃើញពីសារៈសំខាន់របស់ស្ត្រី។ ដរាបណា មិនមានការមើលឃើញអំពីប្រសិទ្ធភាព និងសមិទ្ធផលរបស់ស្ត្រីទេ រឿងនេះនឹងនៅតែកើតមាន។
ដោយសារតែផ្នត់គំនិតថា អ្នកដែលអាចដឹកនាំគេបាន ជាពិសេសលើរឿងនយោបាយ គួរតែជាមនុស្សប្រុស ព្រោះមនុស្សប្រុសខ្លាំង ចិត្ដដាច់។ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ជាយុវជនម្នាក់ ក៏ជាសកម្មជនម្នាក់ ជាអ្នកធ្វើការរឿងស្ត្រីម្នាក់ ខ្ញុំត្រូវការអ្នកដឹកនាំដែលមានព្រហ្មវិហារធម៌ អ្នកដឹកនាំដែលយល់ពីតម្រូវការប្រជាពលរដ្ឋ។ ខ្ញុំមើលឃើញថា អ្នកដឹកនាំ មិនថា ស្រី ឬប្រុសទេ យើងត្រូវការការចូលរួមឱ្យដូចគ្នា ដើម្បីឱ្យការឆ្លើយតបទៅនឹងតម្រូវការហ្នឹង វាមានតុល្យភាព មានសមមាត្រ។ បើសិនជាយើងឱ្យមានតែមួយចំហៀងច្រើនជាង លើសលុប អីចឹងវាធ្វើឱ្យយើងបាត់បង់សំឡេង នាំឱ្យវាមានការលំបាកនៅខាងក្នុងនោះដែរ។
VOA៖ ឆ្នាំកន្លងទៅនេះដែរ គេសង្កេតឃើញចលនាសាកលមួយ ឈ្មោះថា #MeeToo ដែលបណ្ដានារី បុរស ទូទាំងពិភពលោក បានប្រើប្រាស់បណ្ដាញសង្គមដើម្បីបើកកកាយនូវរឿងរ៉ាវនៃការរំលោភបំពានផ្លូវភេទ។ តើកញ្ញាយល់យ៉ាងដូចម្ដេចដែរចំពោះចលនាសកលមួយនេះ?
សេង រាសី៖ កន្លងមក នៅពេលដែលមានការរើសអើង មានអំពើហិង្សា ការបៀតបៀន គឺយើងចង់ឱ្យស្ត្រីមានសេចក្តីក្លាហានក្នុងការទម្លាយរឿងនេះ គឺវាមិនមែនជារឿងខ្មាសអៀនក្នុងការទម្លាយរឿងរបស់ខ្លួន ដែលខ្លួនឯងជួបប្រទះទេ។ ក៏ប៉ុន្តែគឺជាការប្រាប់រឿងរ៉ាវមួយ ដែលមានឥទ្ធិពល និងសំខាន់ ដែលមនុស្សម្នាក់ប្រមូលភាពក្លាហានរបស់ខ្លួនឯង និយាយទៅកាន់អ្នកដទៃទៀតថា ខ្លួនឯងក៏មានរឿងហ្នឹងកើតឡើងដែរ។
ខ្ញុំដឹងថា រឿងនេះវាមិនងាយស្រួលទេ ក្នុងការឱ្យនរណាម្នាក់និយាយប្រាប់រឿងរ៉ាវដែលគួរឱ្យឈឺចាប់។ ប៉ុន្តែនៅពេលយើងមិនក្លាហានក្នុងការនិយាយនេះហើយ ធ្វើឱ្យអ្នកប្រព្រឹត្តកាន់តែបានចិត្ត ពីព្រោះអី គាត់ដឹងថា អ្នកដែលគាត់ទទួលរងហ្នឹង នឹងមិនហ៊ាននិយាយទេ ព្រោះអីគិតថា វាប៉ះពាល់កិត្តិយស វាអី។ យើងមិនទាមទារឱ្យគាត់ទម្លាយរឿងឯកជនភាពរបស់គាត់ឱ្យដល់ណាដល់ណី ឬក៏ជ្រាលជ្រៅអ្វីទេ ប៉ុន្តែយើងសង្ឃឹមថា គាត់នឹងអាចចែករំលែកអំពីបទពិសោធន៍ដែលគាត់រងគ្រោះ។ ព្រោះអីក្នុងចលនា #MeeToo នេះ មិនចាំបាច់ទាល់តែយើងនិយាយឈ្មោះខ្លួនឯងនោះទេ យើងអាចសរសេររឿងរ៉ាវរបស់អ្នកណាក៏បាន លាក់ឈ្មោះក៏បានដែរ។
រឿងទីមួយវាបានបញ្ជាក់ប្រាប់ថា នៅពេលដែលពិភពលោកកំពុងអភិវឌ្ឍសេដ្ឋកិច្ច កំពុងតែអភិវឌ្ឍសង្គម កំពុងតែមានអគារអ្វីព្រោងព្រាតទាំងអស់គ្នាហ្នឹង ប៉ុន្តែនៅក្នុងអគារដ៏ល្អស្អាត ស្ត្រីនៅតែរងការបៀតបៀនជារៀងរាល់ថ្ងៃ។ អីចឹងហើយវាជាការដាស់ឱ្យឮថា នេះជាសំឡេងស្ត្រីដែលកើតឡើង។ រឿងមួយទៀត យើងចង់ប្រាប់ទៅអ្នកប្រព្រឹត្តថា យើងឈប់ស្ងាត់ស្ងៀមហើយ យើងនិយាយ យើងបំបែកភាពស្ងប់ស្ងាត់របស់យើង។ នៅពេលដែលយើងបំបែកភាពស្ងៀមស្ងាត់នេះ ដូច្នេះអ្នកឯងលែងធ្វើវាបានតាមចិត្ត ដូចដែលអ្វីដែលអ្នកឯងគិតថា ពួកខ្ញុំនឹងស្ងាត់ស្ងៀមទៀតហើយ។ បើទោះជាខ្ញុំមិននិយាយ ក៏មានបងប្អូនស្ត្រី អ្នកដទៃទៀតនឹងនិយាយដែរ។
VOA៖ ក្នុងនាមជាសកម្មជន តើកញ្ញាមានសារអ្វីផ្ញើជូនក្នុងឱកាសទិវានារីអន្តរជាតិឆ្នាំនេះ?
សេង រាសី៖ ខ្ញុំសង្ឃឹមថា ឆ្លងកាត់ពេលវេលាដ៏សែនលំបាកជាច្រើន ស្ត្រីនៅតែអាចដើរទៅមុខទៀតបាន។ ស្ត្រីនៅតែអាចដើរទៅមុខទៀតបាន ជាមួយនឹងភាពមោះមុតរបស់ខ្លួនឯង។ ហើយភាពជាអ្នកដឹកនាំរបស់ស្ត្រី មិនមែនទាល់តែដឹកនាំមនុស្ស១០នាក់ ២០នាក់ ១០០នាក់ទេ។ ភាពជាអ្នកដឹកនាំរបស់ស្ត្រី ទោះជាមិនបានដឹកនាំអ្នកណា យ៉ាងហោចក៏យើងដឹកនាំជីវិតខ្លួនឯងដែរ សម្រេចលើជីវិតខ្លួនឯងដែរ។
ហើយនៅពេលដែលយើងមានភាពជាម្ចាស់លើជីវិតខ្លួនឯង ដែលយើងអាចសម្រេចថា យើងចង់ដើរផ្លូវណា ពេលនោះហើយដែលយើងក្លាយជាមេដឹកនាំពិតប្រាកដ។ ជំហានបន្ទាប់ទៀត យើងចង់ដឹកនាំប៉ុន្មាននាក់ក៏បានដែរ នៅពេលដែលយើងច្បាស់ខ្លួនឯង។ សូមលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ ស្របពេលដែលមានព្យុះភ្លៀង យើងនៅតែអាចដើរឆ្លងកាត់ព្យុះភ្លៀង បន្តជីវិតរបស់ខ្លួនឯង។
សុបិនចុងក្រោយរបស់ស្ត្រីមិនមែនគ្រាន់តែជាការរៀបការនោះទេ តែសុបិនចុងក្រោយរបស់ស្ត្រី គឺទៅធ្វើអ្វីដែលខ្លួនចង់បានក្នុងគោលដៅរបស់ខ្លួនឯង ព្យាយាមធ្វើអ្វីទៅតាមសមត្ថភាព ទេពកោសល្យ បញ្ចេញវាឱ្យអស់ ដើម្បីឱ្យវាចេញជាសារៈប្រយោជន៍ដល់គ្រួសារ សង្គម និងជាពិសេសដឹកនាំជីវិតខ្លួនឯង៕
VOA៖ សូមអរគុណច្រើន កញ្ញា សេង រាសី ដែលបានផ្តល់បទសម្ភាសន៍ដល់ VOA បាទ!
សេង រាសី៖ ចា៎ អរគុណច្រើន សូមជម្រាបលា ចា៎!