បុគ្គលនិងអង្គការខ្មែរអាមេរិកាំងចំនួនបីក្នុងចំណោមអង្គការអាស៊ីអាមេរិកាំងចំនួន៦ ត្រូវបានអង្គការមិនស្វែងរកប្រាក់កម្រៃ Southeast Asia Resource Action Center (SEARAC) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រគល់ពានរង្វាន់ដល់ពួកគេសម្រាប់ស្នាដៃការងារជួយដល់សង្គមនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅនេះ។
នៅក្នុងពិធីប្រគល់ពានរង្វាន់ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅឯសណ្ឋាគារ Renaissance ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ភ្ញៀវប្រមាណ ២០០នាក់ ដែលភាគច្រើនជាសមាជិកសហគមន៍អាស៊ីអាមេរិកាំង បានចូលរួមអបអរសាទរដល់ជ័យលាភីខ្មែរអាមេរិកាំងទាំងបី ដែលមានលោក Many Uch ទទួលបានពានរង្វាន់បុគ្គលផ្លាស់ប្ដូរសង្គម (Individual Changmaker) អង្គការ Khmer Girls in Action ទទួលបានពានរង្វាន់អ្នកបង្កើតចលនាផ្លាស់ប្តូរ (Transformative Movement Builder) និងយុទ្ធនាការ ReleaseMN8 ទទួលបានពានរង្វាន់យុទ្ធនាការប្រចាំឆ្នាំ (Campaign of the Year)។
នៅមុនពេលពិធីប្រគល់ពានរង្វាន់ចាប់ផ្តើម លោក Many បានថ្លែងប្រាប់ VOA ដោយទឹកមុខរំភើបរីករាយថា នៅពេលដែលលោកបង្កើតក្រុមការងារមួយដែលមានឈ្មោះថា FIGHT (Formerly Incarcerated Group Healing Together) កាលពីឆ្នាំ២០១៥ លោកមិនដែលគិតនោះទេថា ពីរឆ្នាំក្រោយមកស្នាដៃការងារជួយដល់សហគមន៍របស់លោកត្រូវបានគេទទួលស្គាល់យ៉ាងដូច្នេះ។
លោកបានថ្លែងថា «ខ្ញុំមិនទន្ទឹងរង់ចាំរង្វាន់ឬអ្វីមួយសម្រាប់ការងាររបស់ខ្ញុំនោះទេ។ យើងធ្វើវាដោយសារទឹកចិត្តនិងស្មារតីជួយគ្នាទៅវិញទៅមក។ យើងចង់ធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងមួយដែលល្អប្រសើរជាងមុន»។
លោក Many គឺជាសហស្ថាបនិកម្នាក់ក្នុងចំណោមសហស្ថាបនិក២នាក់ទៀតនៃអង្គការ FIGHT ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដើម្បីជួយផ្តល់ជាការគាំទ្រនិងធនធានសម្រាប់សិក្សាដល់សមាជិកសហគមន៍អាស៊ីអាមេរិកាំងដែលជាប់ពន្ធនាគារនៅក្នុងរដ្ឋ វ៉ាស៊ីនតោន។
លោក Many ធ្លាប់ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៧ ចំពោះបទល្មើសបើករថយន្តរត់គេចខ្លួនក្រោយពីប្លន់ទ្រព្យសម្បត្តិអ្នកដទៃ។ ក្រោយពីចេញពីពន្ធនាគារនៅឆ្នាំ១៩៩៧ លោកត្រូវជាប់ក្នុងមន្ទីរឃុំឃាំងអន្តោប្រវេសន៍អស់រយៈពេល២ឆ្នាំទៀត និងត្រូវរងការបញ្ជូនខ្លួនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញតាមច្បាប់អន្តោប្រវេសន៍របស់អាមេរិកដែលត្រូវបានអនុម័តកាលពីឆ្នាំ១៩៩៦។ នៅក្នុងពន្ធនាគារ លោក Many ចាប់ផ្តើមអានសៀវភៅ ច្បាប់អន្តោប្រវេសន៍ ច្បាប់ព្រហ្មទណ្ឌ និងរៀនអាននិងនិយាយភាសាខ្មែរ។ បន្ទាប់ពីត្រូវបានគេដោះលែងឲ្យមានសេរីភាព លោកបានធ្វើការងារស្ម័គ្រចិត្តនិងជួយដល់សង្គមជាច្រើន រហូតដល់ឆ្នាំ២០១០ អភិបាលរដ្ឋ វ៉ាស៊ីនតោន ក៏បានផ្តល់ការលើកលែងទោសដល់លោក។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួននេះហើយ ទើបធ្វើឲ្យលោក Many ខិតខំប្រឹងប្រែងជួយដល់អ្នកជាប់ពន្ធនាគារអាស៊ីអាមេរិកាំងដទៃទៀតដែលកំពុងត្រូវការការគាំទ្រនិងលើកទឹកចិត្តពីសហគមន៍របស់ខ្លួន។ លោកបានមានប្រសាសន៍ថា «អ្វីដែលប្រព័ន្ធផ្តល់ឲ្យគឺមិនគ្រប់គ្រាន់នោះទេ។ ប្រព័ន្ធនោះគឺគ្រាន់តែដើម្បីដាក់ទោសអ្នកនិងធ្វើឲ្យអ្នកកាន់តែអាក្រក់ជាងមុនប៉ុណ្ណោះ។ អ្នកមិនបានរៀនអ្វីទាំងអស់ ហើយអ្នកក៏មិនអាចល្អប្រសើរជាងមុនបានដែរ»។
លោក Many ក៏បានលើកឡើងទៀតថា ការគាំទ្រពីសហគមន៍ដូចជាជាការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ផ្តល់ជាសៀវភៅ និងធនធានចាំបាច់នានា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយដល់អ្នកជាប់ពន្ធនាគារទាំងនោះឲ្យក្លាយខ្លួនទៅជាបុគ្គលដ៏ល្អក្នុងសង្គម ក្រោយពីពួកគេចេញពីពន្ធនាគារវិញ។
លោកបាននិយាយថា «ប្រសិនបើអ្នកមិនធ្វើអ្វីទាល់តែសោះ ពួកគេនឹងចេញមកវិញជាមនុស្សដដែល។ ដូច្នេះនេះគឺជាឱកាសរបស់អ្នកក្នុងការជួយដល់ពួកគេ ខណៈដែលពួកគេកំពុងតែស្ថិតនៅក្នុងពន្ធនាគារ»។
លោក Sophal Ear ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ SEARAC បានថ្លែងប្រាប់ VOA ក្រោយពីពិធីប្រគល់រង្វាន់នោះបានបញ្ចប់ថា ការងាររបស់សហគមន៍ខ្មែរអាមេរិកាំងដែលជាជ័យលាភីទាំងបីនោះ គឺអស្ចារ្យណាស់ ហើយលោកមានមោទនភាពណាស់ដែលស្នាដៃការងាររបស់ពួកគេត្រូវបានអង្គការ SEARAC ទទួលស្គាល់។
លោកបាននិយាយថា «ការងាររបស់ពួកគេក្នុងនាមជាមេដឹកនាំអង្គការមិនស្វែងរកប្រាក់កម្រៃមិនទទួលបានប្រាក់ច្រើនទេ ហើយអ្នកខ្លះគឺជាអ្នកស្ម័គ្រចិត្ត ដូច្នេះរឿងតែមួយគត់ដែលយើងអាចផ្តល់ដល់ពួកគេបានគឺទទួលស្គាល់ស្នាដៃការងារដ៏លំបាករបស់ពួកគេ»។
ចំណែកឯអង្គការ Khmer Girls in Action ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វ័រញ៉ា ដែលជាជ័យលាភីមួយទៀតពីអង្គការ SEARAC នោះ បានធ្វើកិច្ចការងារជាច្រើនដើម្បីជួយដល់ជនជាតិភាគតិចនៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ជួយដល់ស្ត្រីនិងក្មេងស្រីដែលមានដើមកំណើតខ្មែរ។ អង្គការដែលមានអាយុកាល២០ឆ្នាំនេះ ធ្វើការដើម្បីលើកកម្ពស់យេនឌ័រ បង្កើតវគ្គបណ្តុះបណ្តាល ផ្តល់អំណាចដល់ស្ត្រី និងលើកទឹកចិត្តពួកគេក្នុងតួនាទីជាអ្នកដឹកនាំផងដែរ។
អ្នកស្រី Lian Cheun ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលជានាយកប្រតិបត្តិនៃអង្គការនេះបានថ្លែងប្រាប់ VOA ថា ជាមធ្យមមានមនុស្សប្រមាណ៥០ទៅ៦០នាក់ក្នុងមួយសប្តាហ៍ដែលមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាដែលរៀបចំឡើងដោយអង្គការរបស់អ្នកស្រី។ អ្នកស្រីបានបញ្ជាក់ថា ភាគច្រើននៃសិក្ខាកាមទាំងនោះគឺជាសិស្សស្រីថ្នាក់វិទ្យាល័យ ដែលពួកគេតែងតែចូលរួមក្រោយពីទំនេរពីការសិក្សានិងនៅពេលចុងសប្តាហ៍។
អ្នកស្រី Lian បានគូសបញ្ជាក់ថា ថ្វីត្បិតតែសហរដ្ឋអាមេរិកជាប្រទេសអភិវឌ្ឍន៍ដែលមានការគោរពសិទ្ធិស្រ្តីនិងបុរសស្មើគ្នាក៏ពិតមែន ក៏វប្បធម៌នៃការមិនសូវឲ្យតម្លៃស្ត្រីនៅក្នុងសង្គមខ្មែរនៅតែចាក់ដោតនៅក្នុងសហគមន៍ខ្មែរអាមេរិកាំង។
អ្នកស្រី Lian បាននិយាយថា «ជាញឹកញយ នៅក្នុងវប្បធម៌របស់យើង ក្មេងស្រីនិងស្ត្រីមិនត្រូវបានគេឲ្យតម្លៃដូចជាបុរសនោះទេ។ អង្គការរបស់យើងលើកតម្កើងក្មេងស្រីនិងស្ត្រី ដោយសារយើងឲ្យតម្លៃពួកគេ។ យើងចង់ឃើញពួកគេមានតម្លៃស្មើគ្នា ហើយយើងក៏ឲ្យតម្លៃទៅលើភាពជាអ្នកដឹកនាំផងដែរ»។
អ្នកនាង Savong Chhorm គឺជាភ្ញៀវចូលរួមម្នាក់ក្នុងចំណោមពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាច្រើនទៀតដែលមកចូលរួមអបអរសាទរដល់ជ័យលាភីខ្មែរអាមេរិកាំងនៅក្នុងពិធីប្រគល់រង្វាន់នោះ។ អ្នកនាង Savong ដែលជាអ្នកតស៊ូមតិទៅលើអំពើហិង្សាក្នុងគ្រួសារនិងការបំពានផ្លូវភេទនៃអង្គការ Freedom Inc ក្នុងទីក្រុង Madison រដ្ឋ Wisconsin បានថ្លែងដោយអារម្មណ៍ត្រេកអរថា អ្នកនាងមានមោទនភាពនិងមានកិត្តិយសណាស់ ដែលបានមកចូលរួមនិងគាំទ្រដល់ពលរដ្ឋខ្មែរអាមេរិកាំង ដែលបានទទួលរង្វាន់នេះ។
អ្នកនាងបាននិយាយថា «ការងាររបស់ពួកគេពិតជាសាកសមនឹងទទួលបានការទទួលស្គាល់ណាស់ ពីព្រោះវាជាការងារអន្តរជាតិ។ វាមិនត្រឹមតែប៉ះពាល់ដល់អ្នករស់នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់អ្នករស់នៅក្នុងប្រទេសកម្ពុជាដែរ»។
ពានរង្វាន់យុទ្ធនាការប្រចាំឆ្នាំពីអង្គការ SEARAC ត្រូវបានប្រគល់ដល់យុទ្ធនាការ ReleaseMN8 ដែលត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៦ ដោយសមាជិកក្រុមគ្រួសារនិងសហគមន៍ខ្មែរអាមេរិកាំង នៅរដ្ឋ មីនីសូតា ដើម្បីទាមទារឲ្យមានការដោះលែងពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ៨នាក់ ដែលត្រូវបានចាប់ខ្លួននិងរងការបញ្ជូនទៅប្រទេសកម្ពុជាវិញ។
អ្នកស្រី Montha Chum ដែលជាសហស្ថាបនិកនៃយុទ្ធនាការ ReleaseMN8 បានថ្លែងប្រាប់ VOA ថា ការសហការគ្នាក្នុងចំណោមសមាជិកសហគមន៍ជនជាតិភាគតិចនៅក្នុងសហរដ្ឋអាមេរិក ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយឲ្យពួកគេទទួលបានការគោរពសិទ្ធិនិងយុត្តិធម៌។
អ្នកស្រី Montha បានមានប្រសាសន៍ថា «នៅពេលដែលយើងសហការគ្នាបានល្អនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងអំឡុងពេលដែលមានវិបត្តិនេះ ហើយធ្វើការងារដែលយើងបានធ្វើកន្លងមក វាបង្ហាញថា ការសាមគ្គីគ្នាគឺពិតជាអស្ចារ្យណាស់»។
យុទ្ធនាការ ReleaseMN8 នេះ ប្រមូលផ្តុំសមាជិកសហគមន៍ជនជាតិភាគតិចនៅអាមេរិក ដើម្បីតវ៉ាប្រឆាំងនឹងការបញ្ជូនពលរដ្ឋអាស៊ីអាមេរិកាំង ជាពិសេសពលរដ្ឋខ្មែរអាមេរិកាំងដែលធ្លាប់មានទោសពីអតីតកាលទៅប្រទេសកម្ពុជាវិញ តាមរយៈការប្រមូលផ្តុំសាធារណៈ ការអប់រំតាមសហគមន៍ និងតាមរយៈការផ្សព្វផ្សាយព័ត៌មានជាដើម។
ក្នុងចំណោមបុរសខ្មែរអាមេរិកាំងទាំង៨នាក់ បុរសបីនាក់ត្រូវបានចៅក្រមអន្តោប្រវេសន៍ចេញសេចក្តីសម្រេចឲ្យរួចផុតពីការបញ្ជូនខ្លួនទៅប្រទេសកម្ពុជា។អ្នកស្រី Montha ក៏បានអំពាវនាវឲ្យមានការគាំទ្របន្ថែមទៀតពីសំណាក់សហគមន៍ជនជាតិភាគតិចនៅអាមេរិកដើម្បីឲ្យយុទ្ធនាការរបស់អ្នកស្រីអាចបន្តធ្វើការងាររបស់ខ្លួននិងជួយដល់អ្នកដទៃទៀតនៅសហរដ្ឋអាមេរិកនេះ។
អ្នកស្រីបាននិយាយថា «អ្វីដែលកំពុងកើតឡើងចំពោះសហគមន៍ខ្មែរ សហគមន៍វៀតណាម សហគមន៍អាស៊ីអាគ្នេយ៍នៅអាមេរិកនេះគឺខុសនិងអយុត្តិធម៌។ យើងស្នើឲ្យអ្នកទាំងអស់គ្នាគាំទ្រការងាររបស់យើងនិងចូលរួមធ្វើការជាមួយនឹងយើង ដោយសារតែវាផ្តល់ផលប៉ះពាល់ដល់សហគមន៍របស់យើង និងបំបែកបំបាក់ក្រុមគ្រួសាររបស់យើង»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ SEARAC ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង១០០នាក់ត្រូវបានចាប់ឃុំខ្លួន និងប្រឈមនឹងការបញ្ជូនខ្លួនទៅកាន់ប្រទេសកម្ពុជា ក្រោយពីរដ្ឋាភិបាលកម្ពុជាប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការចេញលិខិតធ្វើដំណើរដល់បុគ្គលចំនួន២៦នាក់ ដែលអាមេរិកចង់បញ្ជូនទៅកម្ពុជា។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្នុងរយៈពេលមិនដល់មួយខែផង បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មមិនផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ចំពោះការមិនព្រមទទួលយកបុគ្គលដែលអាមេរិកបញ្ជូនខ្លួនទៅកម្ពុជា។
ក្រោយពីពិធីប្រគល់រង្វាន់ដែលមានការសម្តែងរបាំបុរាណខ្មែរនិងឡាវនោះបានបញ្ចប់អ្នកស្រី Catherin Nou ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ SEARAC បានថ្លែងប្រាប់ VOA ជាមួយនឹងក្តីសង្ឃឹមយ៉ាងមុះមុតថា «ខ្ញុំសង្ឃឹមថា ពានរង្វាន់នេះនឹងបន្តលើកទឹកចិត្តដល់ពួកគេឲ្យធ្វើការងាររបស់ខ្លួន ដោយសារតែពួកគេដឹងថា មានសហគមន៍មួយដែលគាំទ្រដល់ការងាររបស់ពួកគេ»៕