ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​សន្យា​អភិវឌ្ឍ​តំបន់​ព្រំដែន បើ​ខ្លួន​ឈ្នះ​ឆ្នោត


រូបឯកសារ៖ លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​​ក្រុមអ្នក​តំណាង​ស្រ្តី​គណបក្សគណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)​​
រូបឯកសារ៖ លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​​ក្រុមអ្នក​តំណាង​ស្រ្តី​គណបក្សគណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)​​

លោក កឹម សុខា លើក​ឡើង​ថា ទឹកដី​និង​ព្រំដែន​​​គឺជា​បញ្ហា​សំខាន់​ដែល​ប្រជាពលរដ្ឋ​កំពុង​​យក​ចិត្ត​ទុក​ដាក់ ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​ជិត​ខាង​តែង​តែ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ការ​អភិវឌ្ឍ​តំបន់​តាម​ព្រំដែន​ឲ្យ​រីក​ចម្រើន គឺជា​បញ្ហា​ចាំបាច់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ហើយ​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ជំរុញ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​តំបន់​ព្រំដែន​ឲ្យ​កាន់តែ​ច្រើន​ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត។

លោក កឹម សុខា ថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​យុវជន​ដែល​ជា​សកម្មជន​បក្ស​មក​ពី​តាម​បណ្ដា​ខេត្ត​រាប់​រយ​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​វិច្ឆិកា។

លោក កឹម សុខា លើក​ឡើង​ថា ទឹកដី​និង​ព្រំដែន​គឺជា​បញ្ហា​សំខាន់​ដែល​ប្រជាពលរដ្ឋ​កំពុងយក​ចិត្ត​ទុក​ដាក់ ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​ជិត​ខាង​តែង​តែ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់។

លោក កឹម សុខា ក៏​បាន​រិះគន់​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ហាម​ឃាត់​ប្រជា​ពល​រដ្ឋ​មិន​ឲ្យ​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​កន្លង​មក​ ថា​ជា​ការ​ប្រកាស​ដែល​មិន​មាន​យន្ត​ការ​ច្បាស់​លាស់ និង​គ្មាន​ប្រសិទ្ធ​ភាព។

«ឧទាហរណ៍ ឥឡូវ​ប្រជាពលរដ្ឋ​យើង​នៅ​តាម​ព្រំ​ដែន យើង​ស្រែក​ប្រាប់​ថា សូម​ឲ្យ​បង​ប្អូន​នៅ​តាម​ព្រំ​ដែន​ កុំ​ជួល​ដី​ឲ្យ​យួន កុំ​ជួល​ដី​ឲ្យ​សៀម កុំ​ជួល​ដី​ឲ្យ​បរទេស​ យើង​ស្រែក​ប៉ុណ្ណឹង​គឺ​អត់​គ្រប់គ្រាន់​ទេ។ មិន​ជួល​ឯណា ​បើ​អត់​មាន​ទឹក ធ្វើ​ស្រែ។ ទឹក​មក​ពី​ស្រុក​យួន​ទាំងអស់»។

លោក កឹម សុខា បន្ថែម​ថា នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត និង​ដឹកនាំ​ប្រទេស គណបក្ស​លោក​នឹង​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ព្រំ​ដែន​ ដើម្បី​ពង្រឹង​ការ​ការពារ​ព្រំ​ដែន​ដោយ​មិន​ចាំបាច់​សាង​សង់​កំផែង​ការពារ​ដូច​ការ​គ្រោង​របស់​ប្រជាធិបតី​អាមេរិក​ថ្មី​នោះ​ទេ។

«យើង​មាន​លុយ​ឯណា​ទៅ​កសាង​ព្រំ​ដែន​នូវ​ជញ្ជាំង​តាម​ព្រំ​ដែន​ទាំង​អស់? អត់​ទេ។ អញ្ចឹង​យើង​ធ្វើ​ម៉េច?​ យើង​ត្រូវ​អភិវឌ្ឍន៍​ព្រំដែន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទៅ​នៅ​ហ្នឹង​ច្រើន។ ដើម្បី​ឲ្យ​ពួក​គាត់​ទៅ​នៅ​តាម​ព្រំ​ដែន​ច្រើន​ ទាល់តែ​កន្លែង​ហ្នឹង​មាន​ការ​រីក​ចម្រើន។ ទី១ មាន​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំ​ដែន​ផ្លូវ​ល្អ ទី២ រៀប​ចំ​ឲ្យ​មាន​ទី​ផ្សារ វត្ត​អារាម ឲ្យ​មាន​ការងារ​ធ្វើ រោងចក្រ ឬ​ក៏​បង្កើត​កសិកម្ម​ឲ្យ​គាត់»។

នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​ មន្ត្រី​គណបក្ស​ប្រឆាំង​ពីរ​រូប​គឺ​លោក​ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​ និង លោក​ អ៊ុំ សំអាន​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀម​រាប​ ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឃុំខ្លួន​ និង​ផ្ដន្ទាទោស​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​នានា​របស់​ពួកគេ​ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​ផែន​ទី​ និង​ការ​កំណត់​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់ VOA ថា បញ្ហា​ព្រំដែន​ជា​បញ្ហា​សំខាន់​ និង​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ។

ទោះ​ជា​យ៉ាងណា​លោក​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង ​ដើម្បី​អាច​ឈាន​ទៅ​អភិវឌ្ឍន៍​នៅ​តំបន់​ទាំង​នោះ តាំងពី​ឆ្នាំ​១៩៩៥​មក។

«ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​ក្នុង​គោល​នយោបាយ​នេះ គឺ​ខិតខំ​កសាង​ខ្សែ​បន្ទាត់​ព្រំ​ដែន ដែល​ពី​មុន​ជា​សមរភូមិ ដែលជា​តំបន់​ក្រី​ក្រ ដែល​ជា​តំបន់​ដាច់​ស្រយាល​ ឲ្យ​ទៅ​ជា​ព្រំ​ដែន​សាមគ្គី​ភាព មិត្តភាព និង​សហប្រតិបត្តិការ ព្រមទាំង​ជា​តំបន់​អភិវឌ្ឍន៍ ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន កសាង​សុខដុម​រមណីយដ្ឋាន​របស់​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង។ ដូច្នេះ​ហើយ វា​ត្រូវ​អនាគត​ទៅ​ក្នុង​ទិសដៅ​នេះ​ ព្រំ​ដែន​គឺជា​តំបន់​អភិវឌ្ឍន៍»។

ចាប់​តាំង​ពី​ឆ្នាំ​២០១១ ​រហូត​ដល់​ឆ្នាំ​២០១៦​នេះ កម្ពុជា​បាន​ចេញ​កំណត់​ទូត​ជា​បន្ត​បន្ទាប់​ជាង​២០​ដង​ តវ៉ា​ទៅ​កាន់​ភាគី​វៀតណាម​ពាក់ព័ន្ធ​នឹង​បញ្ហា​សកម្មភាព​របស់​វៀតណាម​ក្នុង​ការ​សាងសង់​ប៉ុស្តិ៍ ​ផ្លូវ ​និង​ការ​ជីក​ស្រះ​ទឹក នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម។

លោកស្រី កុយ ពិសី​ អនុ​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ប្រាប់ VOA ថា កម្ពុជា​កំពុង​បន្ត​កិច្ចការ​បោះ​បង្គោល​ព្រំ​ដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​មិន​ទាន់​អាច​កំណត់​ពី​ពេល​វេលា​បញ្ចប់​បាន​នៅ​ឡើយ។

លោក ហេង ស្រ៊ាង អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម និង​នយោបាយ ប្រាប់ VOA ថា គោល​នយោបាយ​របស់​គណ​បក្ស​ប្រឆាំង​ក្នុង​ការ​អភិវឌ្ឍ​ព្រំ​ដែន​ អាច​សម្រេច​ទៅ​បាន ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​សិក្សា​ពី​គោល​នយោបាយ និង​លទ្ធភាព​ឲ្យ​បាន​ច្បាស់​លាស់។

ទោះ​ជា​យ៉ាង​ណា​ លោក​បន្ត​ថា ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ហាក់​ជា​គម្រោង​ដែល​ពិបាក​នឹង​អាច​សម្រេច​បាន ដែល​សូម្បី​តែ​រដ្ឋាភិបាល​ក៏​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​បាន​នៅ​ឡើយ។

ដូច្នេះ​លោក​បន្ថែម​ថា​ គណ​បក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​រួមគ្នា​ដោះ​ស្រាយ។

«គោល​នយោបាយ​គិត​ថា​ទៅ​ខាង​ព្រំ​ដែន​ខាង​អី ខ្ញុំ​គិត​ថា​ វា​ប្រហែល​ជា​នៅ​ឆ្ងាយ​នៅ​ឡើយ​ទេ ពីព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ស្រុក​សព្វថ្ងៃ ក្នុង​ប្រទេស ក្នុង​ក្រុង​យើង​សព្វ​ថ្ងៃមួយ​ចំនួន​ហ្នឹង ក៏​នៅ​តែ​ផ្លូវ​បាក់​បែក ក៏​នៅ​តែ​មិន​ទាន់​បាន​ធ្វើ​ផ្លូវ​ហ្នឹង​ឲ្យ​មាន​ដំណើរ​ការ​ស្រួល​ផង​ ហើយ​ចរាចរ​បុកគ្នា​ស្លាប់​រាល់​ថ្ងៃ​ហ្នឹង​មិន​ទាន់​ដោះ​ស្រាយ​បាន​ផង។ ​ដូច្នេះ​ទម្រាំ​តែ​ទៅ​ធ្វើ​នៅ​តំបន់​ព្រំ​ដែន​ទៀត​នោះ។ អា​ហ្នឹង​ប្រហែល​ជា​អាច​គ្រាន់​តែ​ជា​ការ​ការ​ឃោស​នា​គោល​នយោបាយ​ឲ្យ​វា​ល្អ​ពីរោះ។ ប៉ុន្តែ​ការ​អនុវត្ត​ខ្ញុំ​គិត​ថា ​នៅ​ឆ្ងាយ​ណាស់។ ជាថ្មី​ម្ដង​ទៀត​ដូច​ថា ​ខ្មែរ​យើង​នៅ​ឈ្លោះ​គ្នា​នៅ​ឡើយ​ហ្នឹង។ យើង​អត់ទាន់​មូល​មាត់​រឹងមាំ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជាតិ​បាន​នៅ​ឡើយ​ទេ។ ដូច្នេះ​សូម្បី​តែ​បញ្ហា​ក្នុង​ស្រុក​យើង​ដោះ​ស្រាយ​អត់​ទាន់​បាន​ផង ទម្រាំ​តាម​បញ្ហា​ព្រំ​ដែន​ទៀត»។

លោក ហេង ស្រ៊ាង បន្ថែម​ថា ការ​អភិវឌ្ឍ​ព្រំ​ដែន​ អាច​ធ្វើ​ឲ្យ​កម្ពុជា​កសាង​បន្ទាត់​ព្រំដែន​រឹងមាំ​ ជួយ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរឡើង និង​បញ្ចៀស​នូវ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​យុវជន​ដែល​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​ជាដើម។

នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​ស្វែង​រក​ថវិកា​ពី​ប្រទេស​ចិន​បន្ថែម​ទៀត​សម្រាប់​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​មួយ​ចំនួន​ជាប់​ប្រទេស​វៀតណាម និង​ឡាវ ដែល​លោក​អះអាង​ថា​ ធ្វើ​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG