ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បែក​ធ្លាយ​សំឡេង​​សន្ទនា​ឯកជន​និង​នយោបាយ​បង្ក​កង្វល់​ដល់​ការ​បំពាន​សិទ្ធិ​​បុគ្គល


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។

រហូត​មក​ដល់​ពេល​នេះ ​មាន​ការ​ផ្សព្វផ្សាយ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​ជា​ច្រើន​ទៀត​ពី​ការ​​សន្ទនា​​តាម​ទូរស័ព្ទ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ជា​ការ​សន្ទនា​ជាមួយ​ដៃគូ​ស្នេហា​របស់​ពួក​គេ។

កាល​ពី​ថ្ងៃ​ចន្ទ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​សរសើរ​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុកមួយ​ឈ្មោះ​ថា​សីហា​ដោយ​លោក​ថា​ពូកែ​ក្នុង​ការ​ថត​សំឡេង​សន្ទនា​របស់​លោក​ជាមួយ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា។ ​

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​ម៉ាស៊ីន​ចាប់​សំឡេង​នេះ​មាន​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ អ៊ីស្រាអែល​និង​អាល្លឺម៉ង់។ លោក​បន្ថែម​ថា​ចារកម្ម​របស់​អាមេរិក​បាន​លួច​ស្តាប់​មេដឹកនាំ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​សន្ទនា​គ្នា។

លោក​មានប្រសាសន៍​ថា៖

«ឥឡូវ​ខ្ញុំ​អត់​ស្គាល់​អា Page សីហា​ទេ ​ព្រោះ​ខ្ញុំ​អត់​ស្គាល់​វា ​មិន​ដឹង​វា​នៅ​ណា ​មុខ​វា​ម៉េច​អា​សីហា​ហ្នឹង ​អាហ្នឹង​វា​ចាប់​បាន​ទាំង​សំឡេង ​គ្រាន់​បើ​អា​សីហា ​អ្ហែង​ប៉ុណ្ណឹង​គ្រាន់​បើ អ្ហែង​ចេះ​ចាប់​សំឡេង​អញ​ជាមួយ​ឯកឧត្តម​ កឹម សុខា ​បាន។ អា​នោះ​គ្រាន់​បើ»។

លោក​បន្ថែម​ថា៖

«បែក​ធ្លាយ​សំឡេង​ប៉ុន្មាន​ថ្ងៃ​នោះ ​នោះ​ហើយ​ដែល​ហ៊ុន សែន ​វាយ​មួយ​ដៃ​ធ្វេង តែ​នៅ​ដៃ​ស្តាំ​អត់​ទាន់​វាយ​ទេ»។

នៅ​ថ្ងៃ​ដដែល​នោះ ​លោក ហ៊ុន សែន ​បាន​ឲ្យ​សារព័ត៌មាន​Fresh Newsដែល​មាន​និន្នា​ការ​ទៅ​រក​រដ្ឋាភិបាល ​បញ្ចេញ​សារ​សន្ទនា​រវាង​រូប​លោក​និង​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​លោក ម៉ៅ មុនីវណ្ណ ​ដោយ​លោក​ថា​តំណាងរាស្រ្ត​រូប​នោះ​បាន​រាយការណ៍​មក​រូប​លោក​ថា​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ចោទ​ប្រកាន់​ភរិយា​និង​កូន​ប្រុស​របស់​នាយក​រដ្ឋមន្រ្តី​ថា​ជា​ភរិយា​និង​កូន​មេដឹកនាំ​វៀតណាម។ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​បើ​មាន​ការ​ចាំបាច់​លោក​នឹង​បង្ហោះ​សារ​ឆ្លង​ឆ្លើយ​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​សារ​សន្ទនា​រវាង​រូប​លោក​និង​លោក សម រង្ស៊ី ​ផង​ដែរ។​

ការ​លេច​ធ្លាយ​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​បាន​កើត​ឡើង​កាន់​តែ​ច្រើន​ឡើង​ចាប់ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ នៅ​ពេល​ដែល​សារព័ត៌មាន​Fresh News​បាន​ផ្សព្វផ្សាយ​នូវ​ការ​បែកធ្លាយ​សំឡេង​សន្ទនា​ស្នេហា​ដែល​គេ​ចោទ​ថា​ជា​សំឡេង​របស់​លោក កឹម សុខា និង​ស្រី​កំណាន់​របស់​លោក។

ជាមួយ​ការ​បែក​ធ្លាយ​នេះ​នាំឲ្យ​មាន​ការ​ចាប់​ខ្លួន​មន្រ្តី​អាដហុក​៤នាក់​និង​គ.ជ.ប​ម្នាក់ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ថា​បាន​សម​គំនិត​មិន​ឲ្យ​សាក្សី​និយាយ​ការ​ពិត។

ការ​សន្ទនា​តាម​ទូរស័ព្ទ​ត្រូវបាន​យក​មក​ធ្វើ​ជា​ភស្តុតាង​នៃរឿង​ក្តីនេះ។​

រហូត​មក​ដល់​ពេល​នេះ ​មាន​ការ​ផ្សព្វផ្សាយ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​ជា​ច្រើន​ទៀត​ពី​ការសន្ទនាតាម​ទូរស័ព្ទ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ជា​ការ​សន្ទនា​ជាមួយ​ដៃគូ​ស្នេហា​របស់​ពួក​គេ។

លោក​មេធាវី ​សុក សំអឿន ​មាន​ប្រសាសន៍​ថា​ក្រម​ព្រហ្មទណ្ឌ​និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​មាន​ចែង​ពី​ចំណុច​នៃ​ការ​ថត​សំឡេង​នេះ។

លោក​បន្ត​ថា​បើ​តាម​ច្បាប់​ ការ​ថត​សំឡេង​និង​ការ​ផ្សព្វផ្សាយ​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​ភាគី​ពាក់ព័ន្ធ​នៃ​កិច្ច​សន្ទនា។

លោក​មាន​ប្រសាសន៍​ថា៖

«តែ​គ្រាន់តែ​ប្រសិន​បើ​ច្បាប់​ព្រហ្មទណ្ឌ​មាន​លក្ខណៈ​រាង​បន្ធូរ​បន្តិចដោយ​សារ​ស្អី ​ដោយ​សារ​ប្រសិន​បើ​សាម៉ី​ខ្លួន​បើ​ដឹង​ថា​គេ​ថត​ហើយ។ គេ​ផ្សាយ​ហើយ​អីចឹង យើង​មិន​តវ៉ា​ យើង​នៅ​ស្ងៀម មាន​ន័យ​ថា​យើង​អនុញ្ញាត​ឲ្យ​គេហ្នឹង​ថត​បាន​។ អាហ្នឹង​អត់​ខុស​ច្បាប់ ​តែ​បើ​សិន​ជា​សាម៉ី​ខ្លួន​តវ៉ា ប្តឹង​អី​អញ្ចឹង​ អាហ្នឹង​វា​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ»។

លោក​បញ្ជាក់​បន្ថែមថា​៖

«ការ​ទម្លាយ​វា​ខុស អ្នក​ដែល​ទម្លាយ​ហ្នឹង​ វា​ខុស​ច្បាប់​ហើយ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​របស់អ្នក​ពាក់ព័ន្ធ»។

បើតាម​លោក​មេធាវី ​ប្រសិន​បើ​មាន​ការបែក​ធ្លាយ​សំឡេង​ អាជ្ញាធរ​ពាក់ព័ន្ធ​អាច​សួរ​នាំ​ភាគី​ដែល​ត្រូវ​បាន​ទម្លាយ​នោះ​ថា​តើ​ពួកគេ​ចង់​ដាក់​ពាក្យ​បណ្តឹង​ឬទេ។

លោក​ សុក សំអឿន ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ​ព្រោះ​ពួកគេ​យល់​ថា​រដ្ឋ​មិន​ការពារ​ឬ​អសមត្ថភាព​ក្នុង​ការ​ការពារ​សិទ្ធិ​ឯកជនភាព​របស់​ពួក​គេ។

លោក​មានប្រសាសន៍​ថា៖

«ប៉ុន្តែ​ឥឡូវ​នៅ​បញ្ហា​រឿង​ការ​អនុវត្ត​ច្បាប់​ ដូច្នេះ​បើ​សិន​យើង​ធ្វើ​ច្បាប់​ហើយ ​អត់​អនុវត្ត​ មិន​ខិតខំ​ដើម្បី​អនុវត្ត​ការពារ​សិទ្ធិ​ឯកជន​ប្រជាពលរដ្ឋ​ទេ ​មាន​ន័យ​ថា​រដ្ឋ​យើង​ធ្វេសប្រហែស ​ឬ​ក៏​ព្រងើយ​កន្តើយ ​មិន​ខ្វល់​នឹង​ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​ប្រជាពលរដ្ឋ​ទេ ​អាហ្នឹង​បើ​ក្នុង​ច្បាប់​អន្តរជាតិ ​វា​ទៅ​ជា​រឿង​ថា​រដ្ឋ​ហ្នឹង​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​ ព្រោះអី​អត់​បាន​ប្រឹង​ប្រែង​ការពារ»។

មាត្រា​៩៧​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ចុង​ឆ្នាំ​២០១៥ ​ចែង​ថា​ការ​លប​ស្តាប់​ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ទៅ​១​ឆ្នាំ។

តែ​ចំណុច​នេះ​មិន​ត្រូវ​យក​មក​អនុវត្ត​ ក្នុង​ករណី​ដែល​ការ​ស្តាប់​ឬ​ការ​ថត​ការ​សន្ទនា​នោះ​ធ្វើ​ឡើង​ដោយ​មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​ឬ​ដោយ​អាជ្ញាធរ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ។

មាត្រា​បន្ត​ថា​ត្រូវ​ផ្តន្ទា​ទោស​ដូចគ្នា​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹម​សារ​នៃ​ការ​សន្ទនា​ ដោយ​ពុំបាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​នៃ​ភាគីនៃ​ការ​សន្ទនា​ឬ​ពី​អាជ្ញាធរ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យឬ​ពី​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។​

ចំណែក​មាត្រា​៣០១​នៃក្រម​ព្រហ្មទណ្ឌ​ចែងថា​អំពើ​ស្តាប់​ឬ​ថត​សម្តី​ដែល​និយាយ​ជា​ឯកជន​ឬ​ជា​ការ​សម្ងាត់​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ​ត្រូវ​ផ្តន្ទាទោស​ពី​១ខែ​ទៅ​១​ឆ្នាំ លើក​លែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។ ប៉ុន្តែ​បើ​សិន​ជា​មាន​ការ​ព្រមព្រៀង​ នោះ​អំពើ​ស្តាប់​ឬ​ថតសំឡេង​នោះ​មិន​ខុស​ច្បាប់​នោះ​ទេ។

លោកស្រី Wan-Hea Lee ​តំណាង​ការិយាល័យ​ឧត្ដម​ស្នង​ការ​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ប្រាប់​VOA​តាម​សារ​អេឡិកត្រូនិក​ថា​សិទ្ធិ​ឯកជនភាព​ត្រូវបាន​ការពារ​ក្រោម​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​នយោបាយនិង​សិទ្ធិ​ស៊ីវិល ​រដ្ឋធម្មនុញ្ញ ​ក្រម​ព្រហ្មទណ្ឌ​និង​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍។

លោក​ស្រី​មានប្រសាសន៍​បន្ថែម​ថា៖

«ការ​ថត​សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទគឺ​ខុស​ច្បាប់​និង​រំលោភ​បំពាន​សិទ្ធិ​ឯកជន។ ​ ហើយ​បទ​ល្មើស​នេះ​កាន់​តែ​កើន​ឡើង​នៅ​ពេល​កិច្ច​សន្ទនា​ទាំង​នោះ​ត្រូវ​បាន​ទម្លាយ»។

លោក​ស្រី​បញ្ជាក់​ថា​៖ «រាល់​ការ​បែក​ធ្លាយ​ថ្មីៗ​នេះ​ធ្វើ​ឡើង​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​ តែ​ការ​បែក​ធ្លាយ​ខ្លះ​បាន​នាំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​និង​ការ​ចោទ​ប្រកាន់។ នេះ​ច្បាស់ណាស់​ថា​មិន​ស្រប​តាម​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស»។

លោក​ស្រី​បន្ថែម​ទៀត​ថា​ប្រជាជន​ដែល​រស់​នៅ​កម្ពុជា​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​ថត​សំឡេង។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«ច្បាប់​និង​ការ​ពង្រឹង​ច្បាប់​ចាំបាច់​ត្រូវ​តែ​កែ​លម្អ​ឡើង​ ចំពោះ​សិទ្ធិ​ឯកជនភាព​ ជា​ពិសេស​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា ​ដូច​ដែល​ត្រូវបាន​ចង្អុល​បង្ហាញ​ដោយ​អ្នករាយការណ៍​ពិសេស​លើ​សិទ្ធិ​ឯកជន​ភាព»។

លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

លោក​ ប្រេដ អាដាមស៍​ (Brad Adams)​ ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights​ Watch ​បាន​ប្រាប់​VOA​ថាការ​ថត​សំឡេង​ទាំង​នេះ​រំលោភ​លើ​ច្បាប់​ជាតិ​និង​អន្តរជាតិ​ ដែល​ចែង​ពី​សិទ្ធិ​ឯកជនភាព​របស់​ប្រជាពលរដ្ឋ។​ លោក​បាន​ចាត់​ទុក​ការ​បែក​ធ្លាយ​សារ​សន្ទនា​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ដែល​លោក ហ៊ុន សែន​ ទទួល​ស្គាល់​សំឡេង​សន្ទនា​នេះ។

លោក​បាន​ថ្លែង​ប្រាប់​VOAតាម​ទូរស័ព្ទ​ថា៖ «វា​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ដែល ហ៊ុន សែន និយាយ​ថា​នោះ​ជា​សំឡេង​របស់​គាត់​ពិត ជាមួយ​កឹម សុខា ​ដោយ​លោក​បាន​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា​រដ្ឋាភិបាល​បាន​ថត​និង​ផ្សព្វផ្សាយ​សំឡេង​នោះ​ ប៉ុន្តែ​នៅ​ក្នុង​សំឡេង​នោះ គាត់​គំរាម​បក្ស​ប្រឆាំង»។

លោក​បន្ថែម​ថា៖ «វា​ច្បាស់​ណាស់​ហើយ​ថា​វា​ខុស​ច្បាប់​ ប៉ុន្តែ​ហ៊ុន សែន គិត​ថា​មាន​ច្បាប់​មួយ​សម្រាប់​ហ៊ុន សែន និង​ច្បាប់​មួយ​ទៀត​សម្រាប់​អ្នក​រាល់​គ្នា។ នេះ​ដូចជា​អ្វី​ដែល​ឪពុកម្តាយ​និយាយ​ថា​ធ្វើ​អ្វី​តាម​ខ្ញុំ​និយាយ ប៉ុន្តែ​កុំ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ធ្វើ»។

ក្នុងពិធី​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ ​វត្តសិរីសាគរ​ ខេត្ត​ព្រៃវែង លោក ហ៊ុន សែន ​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ឥឡូវ​នេះ​រញ្ជួយ​ផែនដី​ហើយ​ដែល​មាន​ការ​ថត​សំឡេង​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា​ចារកម្ម​សហរដ្ឋអាមេរិក​បាន​លួច​ស្តាប់​ទូរស័ព្ទ​នៃ​ការ​សន្ទនា​របស់​ថ្នាក់​ដឹកនាំ​នៅ​អឺរ៉ុប​ តែ​មិន​មាន​អ្នក​រិះគន់​ ​បែរ​មក​រិះគន់​ការ​បែកធ្លាយ​សំឡេង​នៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​ស្រុក​យើង​នៅ​ពេល​បែក​ធ្លាយ​ស្អីៗ ​ខុស​ច្បាប់​ទាំង​អស់ ឥឡូវ​អត់​មាន​អាណា​ហ៊ាន​ជេរ​អាមេរិកកាំង​ ជេរពួកCIAថា​ខុស​ច្បាប់ CIAវា​ស្តាប់​ទាំង​អាណា​ដែលពួក​មេដឹក​នាំ​នៅ​អឺរ៉ុប និយាយ​គ្នា​ផង​ និយាយ​រួម​យើង​ផ្ញើ​សារ​មិន​ដឹងថាថ្ងៃណា​ ពួកCIA​បញ្ចេញ​របស់​យើង​ដែល​យើង​ទាក់ទង​គ្នា ប្រយ័ត្ន​វើយ ​អាណា​ផ្ញើ​រូប​ភាព​អាសអាភាស​នៅ​ក្នុង​ហ្នឹង»។

លោក ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី មាន​ប្រសាសន៍​ថា​ការ​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​នេះ​នាំ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​គ្រប់គ្រង ខណៈ​ពិភពលោក​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​លួច​ថត​សំឡេង​ផង​ដែរ។ លោក​បន្តថា​រដ្ឋាភិបាល​ទុក​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិចារណា​ខ្លួន​ឯង​ទៅ​លើ​ភាព​ពិត​ឬ​មិន​ពិត​នៃ​ការ​បែក​ធ្លាយ​នេះ។

លោក​មាន​ប្រសាសន៍ថា​៖

«ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​អត់​មាន​និន្នា​ការ​ណា​មួយ ដែល​ចង់​ឲ្យ​មាន​អ្នក​លប​ស្តាប់ ​ឲ្យ​អ្នក​នេះ អ្នក​នោះ​ដឹង​នោះ​ទេ គឺ​យើង​អត់ដឹង​ទេ។ យើង​ក៏​ដឹង​ភាគី​ទីបី​ដែល​វា​បញ្ចេញ​អាសាច់​រឿង​ហ្នឹង​មក»។

ទាក់ទង​នឹង​ការ​ព្រមាន​បញ្ចេញ​សារ​សន្ទនា​ផ្សេងៗ​ទៀត​ លោក ផៃ ស៊ីផាន​ បាន​ថ្លែង​ទៀត​ថា​លោក​នាយក​រដ្ឋមន្រ្តីមាន​សិទ្ធិ​ការពារ​កិត្តិយស​របស់​លោក ដែល​លោក​ថា​មិន​ខុស​ច្បាប់​នោះ​ទេ។​

លោក​បន្ថែមថា៖

«ព្រោះ​អាហ្នឹង​ជា​បុគ្គល​ផ្ទាល់ ​រវាង​សម្តេច​នាយក​រដ្ឋមន្រ្តី​ជា​បុគ្គល​ដែល​លោក​ឆ្លង​ឆ្លើយ​ជាមួយ​បុគ្គល​ផ្សេងមួយ​ទៀត ដូច្នេះ​លោក​ជា​បុគ្គល​ទីពីរ​ ហើយ​លោក​បាន​និយាយ​យ៉ាង​ដូចម្តេច លោក​បាន​ប្រាប់​ការ​ពិត​ទៅ​ដល់​សាធារណៈ ​អាហ្នឹង​អត់​មាន​ខុស​ច្បាប់ មិន​មែន​ច្បាប់​ណា​មួយ ដែល​ហាម​មិន​ឲ្យ​ភាគី​ណាមួយ​ដែល​និយាយ​ផ្ទាល់​ជាមួយ​ភាគី​ដទៃ ​ទម្លាយ​ប្រាប់​អ្នក​ដទៃ​ ពីព្រោះ​អត់​មាន​ច្បាប់​ហាម​ទេ»។

​ពាក់ព័ន្ធ​នឹង​ការ​លួច​ស្តាប់​សំឡេង​ឆ្លង​ឆ្លើយ​តាម​ទូរស័ព្ទ​ឯកជន​នេះ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ខៀវ សុភ័គ​ ធ្លាប់​បាន​ប្រាប់​VOAថា​សមត្ថកិច្ច​នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​លួច​ថត​សំឡេង​បុគ្គល​ឯកជន​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ ​ប្រសិន​បុគ្គល​ដែល​រង​ការ​លួច​ថត​នោះ​មិនប្តឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត៕

XS
SM
MD
LG