លោកថា លោកចង់ឃើញអន្តរាគមន៍បន្ថែមទៀតពីក្រុមសហជីព និងសមាគម អង្គការក្រៅរដ្ឋាភិបាលនានានៅប្រទេសអាមេរិកនិងកាណាដា ដើម្បីឲ្យសេរីភាពសហជីព និង អង្គការសង្គមស៊ីវិល សមាគមនានាមានភាពប្រសើរឡើងក្នុងប្រទេសកម្ពុជា។
លោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យផងនោះ គ្រោងនឹងជួបសហគមន៍ខ្មែរ ក្នុងរដ្ឋនានាក្នុងប្រទេសអាមេរិក និង កាណាដា ក្នុងដំណើរទស្សនកិច្ចរបស់លោករយៈពេលជិត ២ខែ ចាប់ផ្តើមពីស.រ.អា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះ។ លោកមានគម្រោងការជួបជាមួយតំណាងសហជីព និង អង្គការធំៗក្នុងប្រទេសអាមេរិកផងដែរ។
ថ្លែងប្រាប់ VOA តាមប្រព័ន្ធហ្វេសប៊ុក លោក រ៉ុង ឈុន បានបន្ថែមថាក្រុមសហជីព និងអង្គការ សមាគមន៍កម្ពុជាត្រូវការសេរីភាពបន្ថែមទៀត។
លោកនិយាយថា៖ «នៅប្រទេសកម្ពុជាយើងឃើញមានច្បាប់ដូចជាច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីអង្គការសង្គមស៊ីវិល នៅកម្ពុជាមានការរឹតបន្តឹងសហជីបក៏ដូចជាសមាគមក្នុងការធ្វើសកម្មភាព»។
លោក រ៉ុង ឈុន បានសង្កត់ធ្ងន់ថា ការរឹតត្បិតទាំងនោះរួមទាំងសិទ្ធិចុះបញ្ជី សិទ្ធិចងក្រងជាសហជីព សិទ្ធិជួបប្រជុំ សិទ្ធិអន្តរាគមន៍ដល់សមាជិកនិងកម្មករជាដើមដែលមានការរិតបន្តឹងដោយច្បាប់។
លោកបានអះអាងថា ក្រុមសហជីពនិងអង្គការនៅស.រ.អា.និងកាណាដាជាដៃគូរបស់សមាគមលោក ហើយតែងជួយអន្តរាគមន៍និងចេញជាសេចក្តីថ្លែងការណ៍អំពីរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យមានការកែទម្រង់លក្ខខណ្ឌការងារនិងបញ្ហានានារបស់កម្មករនិងសង្គមស៊ីវិល។
ប្រទេសកម្ពុជាកំពុងរងការគំរាមពីសហភាពអឺរ៉ុបនិងស.រ.អាទាក់ទិននឹងការដកប្រព័ន្ធអនុគ្រោះពន្ធ នាំចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុបនិងស.រ.អា ប្រសិនបើកម្ពុជាមិនស្តារប្រជាធិបតេយ្យនិង សិទ្ធិមនុស្ស ហើយនឹងសិទ្ធិអង្គការ សមាគមន៍ សហជីព លក្ខខណ្ឌការងារ៕