ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៍​ «ផ្លូវ​លេច​ឡើង​មួយ» បង្ហាញ​អំពី​ភាពក្រីក្រ​ និង​ដំណោះស្រាយ


រូបភាពឯកសារ៖ អ្នកកាសែត​ Sheryl WuDunn និង​Nicholas Kristof។
រូបភាពឯកសារ៖ អ្នកកាសែត​ Sheryl WuDunn និង​Nicholas Kristof។

សៀវភៅ​ «ផ្លូវលេចឡើង​មួយ»​ (A Path Appears) និង​ពិព័រណ៍​ថ្មី​មួយ​នៃ​សៀវភៅ​នេះ​​នៅ​ក្រុង​ឡូសអេនជឺឡែស​បង្ហាញ​ពី​បែប​ផែន​ដែល​មនុស្ស​អាច​មាន​ឥទ្ធិពល​ដល់​ពិភព​ជុំវិញ​ខ្លួន​របស់​ពួកគេ។

តួនាទី​របស់​អង្គការ​មិនស្វែង​រក​ប្រាក់​ចំណេញ​ក្នុង​ការដោះស្រាយ​ភាពក្រីក្រ​ក្នុង​ពិភពលោក ​គឺ​ជា​ ការ​ផ្តោត​សំខាន់​របស់​ពិព័រណ៍​មួយ​ ដែល​ផ្អែក​តាម​សៀវភៅ​មួយ​ក្បាលនិពន្ធ​ដោយ​អ្នក​កាសែត​ពីរ​រូប​គឺ Nicholas Kristof និង​ Sheryl WuDunn។​ ​

​អ្នកស្រី Sheryl WuDunn​ និយាយ​ថា​ សៀវភៅ​ «ផ្លូវលេច​ឡើង​មួយ» ដែល​អ្នកស្រីបាន​និពន្ធ​រួមគ្នា​ជាមួយ​នឹង​ស្វាមី​របស់​អ្នកស្រី​បង្ហាញ​អំពី​ក្រុម​អង្គការដែល​ជួយ​ក្មេងៗ​ ​និង​គ្រួសារ​របស់​ពួកគេ។​ សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ព​ផ្សាយ​កាលពី​ឆ្នាំមុន​ ហើយ​ពិព័រណ៍​នៃ​សៀវភៅ​នេះ​ទើបតែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​វប្បធម៌ Skirball ដែល​ជា​សារមន្ទីរ​ជ្វីព​មួយ​ ដែល​សង្កត់​ធ្ងន់​ពី​ដំណើរការ​ប្រជាធិបតេយ្យ។​ ចំណង​ជើង​សម្រាប់​ទាំង​សៀវភៅ​ និង​ពិពរណ៍​នោះកើត​ចេញ​ពី​អ្នក​និពន្ធ​ជនជាតិ​ចិន​ឈ្មោះ​ Lu Xun។

អ្នកស្រី Wudunn បាន​និយាយ​ថា​ « តាម​ពាក្យ​របស់​លោក​ Lu Xun ​ក្តីសង្ឃឹម​គឺ​ដូចជា​ផ្លូវ​នៅ​ជនបទ​មួយ​អញ្ចឹង។​ ដំបូង​ឡើយ​ វា​គ្មាន​អ្វី​ទាំងអស់​ ពេល​មាន​មនុស្ស​កាន់​តែច្រើន​ដើរ​ទៅ​ដើរ​មក​ ផ្លូវ​មួយ​លេច​ចេញជា​រូបរាង​ឡើយ។ ​ឥឡូវនេះ​ ​យើង​បាន​រក​ឃើញ​ផ្លូវ​នានា​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​ហើយ»។

ពិព័រណ៍​នេះ​បង្ហាញ​អំពី​ឧបករណ៏​ច្នៃប្រឌិតថ្មី​ដូចជា​ ធុងរុញទឹកHippo Water Roller ដែល​ត្រូវ​បាន​លក់​ដោយ​សហគ្រាស​សង្គម​មួយ​នៅ​អាហ្រ្វិក​ខាង​ត្បួង។ ធុង​រមៀល​នេះ​ ផ្ទុក​ទឹក​បាន​៩០​លីត្រ​ ហើយ​អាច​នឹង​រុញ​បាន​ដោយ​ក្មេង​ម្នាក់។​ ឧបករណ៍​មួយ​ផ្សេង​ទៀត​ហៅ​ថា Peepoo ជា​បង្គន់លក្ខណៈ​ថង់​កញ្ចប់​ ដែល​អាច​រំលាយ​ដោយ​បាក់តេរី​មីក្រូ​សរីរាង្គ​ ហើយ​ដែល​ដោះស្រាយនូវ​បញ្ហា​កង្វះខាត​អនាម័យ​ក្នុង​សហគមន៍​មួយ​ចំនួន។​ កញ្ចប់​ថាមពល​ព្រះអាទិត្យបត់​រាង​វ៉ាលី​ ផ្តល់​ពន្លឺ​នៅ​កន្លែង​ផ្សេងៗ​ និង​ការ​ផ្តល់​ឲ្យ​នូវបាល់ទាត់​ដោយ​មិន​គិតថ្លៃ​ ទៅ​ឲ្យ​ប្រជាជន​វ័យ​ក្មេង​ ដែល​បាល់​ទាំង​នោះ​មាន​សរសេរ​ជា​សារ​អំពី​ការបញ្ឈប់​ការរីករាល​ដាល​នៃ​ជំងឺ​អេដស៍។

​នៅ​ក្នុង​ពិព័រណ៍​នោះ បាន​លើក​បង្ហាញ​អំពី​អង្គការ​មួយ​ហៅ​ថា​ Chrysalis​ ដែល​ជួយ​អ្នក​គ្មាន​ផ្ទះ​សម្បែង​ក្នុង​ក្រុង​ឡូសអេនជឺឡែស។​ នាយក​ប្រតិបត្តិ​លោក​ Mark Loranger មាន​ប្រសាសន៍​ថា ​ភាព​គ្មាន​ទី​ជ្រកកោន​ គឺជា​បញ្ហា​ចម្រុះ​មួយ​ ហើយ​អង្គការ​Chrysalis កំណត់ការ​ដោះស្រាយបញ្ហា​នេះ​តាម​រយៈ​ថ្នាក់រៀន​និង​ការបណ្តុះ​បណ្តាល​ការងារ។ លោក​និយាយ​ថា​ «ពិតណាស់​ ការងារ​គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​បញ្ហា​នេះ។​ យើង​ត្រូវតែ​បញ្ជាក់​ថា ​បុរស​និង​ស្រ្តី​ដែល​ត្រៀមខ្លួន​រួចរាល់​ ដែល​មាន​ឆន្ទៈ​ ហើយ​ដែល​អាច​បំពេញ​ការងារ​បាន​នោះ មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ»។

អង្គការ​ផ្សេងៗ​ទៀត​ដែល​បាន​បង្ហាញ​ក្នុង​ពិព័រណ៍​ ផ្តោត​ទៅលើ​ការ​អប់រំ​ ដូចជា​ការសិក្សា​ដោយ​ឥត​បង់ថ្លៃ​នៅ​សាលា Kibera សម្រាប់​នារី ក្នុង​រដ្ឋ​ធានី​ណៃរ៉ូប៊ី​ ប្រទេស​កេនយ៉ា​ និងអង្គការ​ South Central Scholars ដែល​ជា​អង្គការ​សប្បុរសធម៌​មួយ​នៅ​ក្រុង​ឡូសអេនជឺឡែស​ ដែល​ជួយ​សិស្ស​ក្រីក្រ​នៅក្នុង​ទីក្រុង​ ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​មហាវិទ្យាល័យ។​

សាលា​ផ្នែក​សុខភាព​សាធារណៈFielding នៅ​សកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ (University of California) ក្រុង ឡូសអេនជឺឡែស​ បាន​ផ្តល់​ទិន្នន័យ​សម្រាប់​ពិព័រណ៍​ ដែល​បង្ហាញ​ពី​ភាពខុស​គ្នា​ក្នុង​សមភាព​យេនឌ័រ​ សុខភាព និង​ការអប់រំ​សម្រាប់​កុមារ​ ដែល​បង្ហាញ​តាម​រយៈ​តារាង​ក្រាហ្វិក​ អំពី​បណ្តា​ប្រទេស​ដែល​ផ្តល់​ការអប់រំ​ឥត​បង់​ថ្លៃ​ដល់​ចប់​អនុវិទ្យាល័យ​ ឬ​ប្រទេស​ហាមឃាត់​អាពាហ៍ពិពាហ៍​កុមារ។​ លោក​ Neal Baer​ ពី​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ជា​គ្រូពេទ្យ​ និង​ជា​ផលិតករ​ទូរទស្សន៍​ម្នាក់ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ពិព័រណ៏​នេះ​ បាន​និយាយ​ថា​ អ្នក​មក​មើល​ពិព័រណ៍អាច​ចូលរួម​បាន​ភ្លាមៗ​តាម​រយៈ​គេហទំព័រ​មួយ​ឈ្មោះ​ ActionLab។​

« ActionLab​ នឹង​នៅ​ទីនេះ​នៅពេល​ពិព័រណ៍​បញ្ចប់​ ហើយ​បន្ទាប់ពី​អ្នក​បាន​ឃើញ​ និង​ស្គាល់អង្គការ​ប្រហែល​៤០ ផ្សេងៗ​គ្នា​ និង​ឥទ្ធិពល​របស់​ពួកគេ​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​មនុស្ស​ យើង​នឹង​ផ្តល់នូវ​វិធានការ​ដែល​អាច​ប្រព្រឹត្តទៅ​បាន​មួយ​ដែល​អ្នក​អាច​ចូលរួម​បាន»។

លោក​និយាយ​ថា​សារ​នៃ​ពិព័រណ៏​នេះ​ គឺថា​យើង​ម្នាក់ៗ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន​ដែរ៕

ប្រែសម្រួលដោយ ទុំ ម្លិះ

XS
SM
MD
LG