ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ត្រៀម​បំបិទ​មាត់​មេធាវី​ការពារ​សិទ្ធិមនុស្ស


ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កាន់​រូបថត​របស់​មេធាវី​សិទ្ធិ​មនុស្ស​ឈ្មោះ Pu Zhiqiang និង​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​ទំនាក់ទំនង​របស់​ចិន​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក Pu នៅ​ហុងកុង​កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។
ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កាន់​រូបថត​របស់​មេធាវី​សិទ្ធិ​មនុស្ស​ឈ្មោះ Pu Zhiqiang និង​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​ទំនាក់ទំនង​របស់​ចិន​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក Pu នៅ​ហុងកុង​កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។

អាជ្ញាធរ​ចិន​នឹង​កំណត់​ឲ្យ​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ដ៏​សំខាន់​ម្នាក់​ លោក Pu Zhiqiang ឡើង​សវនាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ លោក Pu ដែល​ត្រូវ​បាន​គេ​ឃុំឃាំង​អស់​រយៈពេល​ជាង​១ឆ្នាំ​កន្លះ​មក​ហើយ​នោះ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៨​ឆ្នាំ ពី​បទ​ចោទ​លើ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ ដើម្បី​ញុះញង់​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ក្រុម​ជនជាតិ​ដើម​ភាគតិច​ និង​បង្ក​ភាពចលាចល។ ​

រដ្ឋាភិបាល​នានា​នៃ​បណ្តា​ប្រទេស​លោក​ខាងលិច ដោយ​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​នេះ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​មេធាវី​រូប​នេះ។ អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ឲ្យ​ដឹង​ថា សវនាការ​របស់​លោក Pu គឺ​ជា​សវនាការ​ដែល​មាន​លក្ខណៈ​នយោបាយ ដែល​ចោទ​ជា​សំណួរ​ទៅ​លើ​ការ​ប្តេជ្ញា​របស់​ចិន​ចំពោះ​នីតិរដ្ឋ។ តាម​ពិត​ទៅ រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ចិន​ការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ថ្វីត្បិត​តែ​ជា​ធម្មតា អាជ្ញាធរ​តែងតែ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺណិត​ក៏​ដោយ។

មេធាវី​ម្នាក់​របស់​លោក​ Pu គឺ​លោក Shang Baojun មាន​ប្រសាសន៍​ថា ពួកគេ​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន និង​បញ្ចេញ​សេចក្ដី​សង្ឃឹម​ថា តុលាការ​អាច​ក្រោក​ឈរ​ឡើង​ដើម្បី​ដាក់​សម្ពាធ​ និង​ធ្វើ​ការ​កាត់ក្តី​ដោយ​យោង​ទៅ​តាម​ច្បាប់៕

XS
SM
MD
LG