ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សុខាភិបាល៖ ​បុរស​​ម្នាក់​នៅ​សៀមរាប​​ស្លាប់​ដោយ​​សារ​​ជំងឺ​បេះដូង មិន​មែន​ចាក់​វ៉ាក់សាំង


បុរសម្នាក់កំពុងសម្អាតសួននៅមុខផ្លាកសម្គាល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ (រូបថតដោយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប)
បុរសម្នាក់កំពុងសម្អាតសួននៅមុខផ្លាកសម្គាល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ (រូបថតដោយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប)

ប្រមាណ​ ១២ ​ម៉ោង បន្ទាប់​ពី​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ លោក ស៊ាង​ តុលា អាយុ ៣៩ ​ឆ្នាំ ដែល​ជា​អ្នក​បម្រើ​ការ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ និង​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប បានស្លាប់។

មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ដែល​ជា​កន្លែង​លោក​ចាក់វ៉ាក់សាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា បាន​លើក​ឡើង​ថា​ ការ​ស្លាប់​នេះ មិន​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំងនោះ​ទេ ប៉ុន្តែ​ដោយសារលោក​មាន​ជំងឺ​បេះដូង ដែល​ក្រសួង​សុខាភិបាល​ហាម​មិន​ឲ្យ​ចាក់​វ៉ាក់សាំង។

លោក ស៊ាង​ តុលា បាន​ស្លាប់​កាលពីថ្ងៃ​ទី​ ២ ខែ​មីនា ឆ្នាំ ​២០២១ វេលា​ម៉ោង ​៤​និង​១២នាទី ទៀប​ភ្លឺ​។

មន្ទីរ​ពទ្យ​បង្អែក​ខេត្ត​សៀម​រាប​បាន​ចេ​ញលិខិត​បំភ្លឺ​មួយ​ដោយ​ថា លោក​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​របស់​ចិន​ឈ្មោះ​ស៊ីណូហ្វាម ​(Sinopharm) កាល​ពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​ ១ ខែ​មីនា។

មន្ទីរ​ពេទ្យ​បញ្ជាក់​ថា៖ «ការ​ពិនិត្យ​និង​វាយ​តម្លៃ​មុន​ចាក់​របស់​មន្រ្តី​បម្រើ​ការ​នៅ​កន្លែង​ចាក់​វ៉ាក់សាំង ឃើញ​ថា​ គាត់​ពុំ​មាន​បញ្ហា​ដែល​ត្រូវ​ហាម​ចាក់​វ៉ាក់​សាំង​ទេ»។

ភ្លាមៗ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​លោក​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ បើ​តាម​សេចក្តី​បំភ្លឺ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប ភរិយា​របស់​អ្នក​ដែល​ស្លាប់​បាន​លើក​ឡើង​ថា​ នៅ​យប់​ថ្ងៃ​ទី ​១ ខែ​មីនា បន្ទាប់ពី​ត្រឡប់​មក​ពី​មន្ទីរពេទ្យ លោក​បាន​បរិភោគ​អាហារ​ជុំគ្រួសារ​ធម្មតា ហើយ​មុន​ពេល​ចូល​សម្រាក​គាត់​បាន​ត្អូញ​ថា​ «​ឈឺ​ទ្រូង​និង​អស់​កម្លាំង​ ដោយ​សារ​មិន​សូវ​បាន​សម្រាក»។

បន្ទាប់​មក លោក​ក៏​ស្ថិត​ក្នុង​សភាព​សន្លប់ និង​គាំង​ដង្ហើម​ម្តងៗ​។ មន្ទីរ​ពេទ្យ​បញ្ជាក់​ថា ​ការ​ស្លាប់​នេះ ដោយសារ​សរសៃ​ឈាម​បេះដូង ​(Myocardial infarction) មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩​ ទេ។

ជាធម្មតា មុន​ពេល​ចាក់​វ៉ាក់សាំង ប្រជាពលរដ្ឋ​កម្ពុជាត្រូវ​បាន​សួរ​នាំ​អំពី «ភាព​ស្មោះ​ត្រង់» ​លើ​បញ្ហាសុខ​ភាព​របស់​ពួកគេ​ថា មិន​មាន​បញ្ហា​នោះ​ទេ។ ចំណុច​សុខភាព​ត្រូវ​បាន​ក្រសួង​សុខាភិបាល​កំណត់ មិន​គួរ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ​១៩ មាន​ដូច​ជាអាការៈ​ក្តៅ​ខ្លួន មាន​ជំងឺ​ផ្លូវ​ដង្ហើម ហឺត ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់​ធ្ងរ ជំងឺ​ថ្លើម តម្រង​នោម ជំងឺ​ប្រកាច់ អាឡាក់​ស៊ី ស្រ្តី​មាន​ផ្ទៃ​ពោះ អ្នក​មាន​ប្រវត្តិ​ប្រតិកម្ម​ជាមួយ​វ៉ាក់​សាំង និង​អ្នក​មាន​ប្រវត្តិជំងឺកូវីដ​១៩​ ជា​ដើម​។

​អ្នក​ចាក់​វ៉ាក់​សាំង​ក៏​ត្រូវ​ចុះហត្ថលេខា​លើ​លិខិតព្រម​ព្រៀង​ទទួល​ចាក់ ដោយ​ទទួល​ខុស​ត្រូវ​ចំពោះ​ហានិភ័យ​ក្រោយ​ចាក់​វ៉ាក់សាំង ក្នុង​នោះ​មាន​ការ​ស្លាប់​ផង​ដែរ។ ចំណុច​មួយទៀត គឺ​ថា ​ការ​ចាក់​វ៉ាក់​សាំង​នេះ​អាច​មាន​ប្រតិកម្ម ដូច​ជា​ញាក់ គ្រុនក្តៅ ឈឺ​សាច់​ដុំ ល្ហិតល្ហៃ ឈឺ​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​ចាប់​នៅ​កន្លែង​ចាក់។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​មូល​ហេតុ​អ្វី​បាន​ជា​លោក ស៊ាង តុលា ​ដែល​ស្លាប់​នោះ ព្រម​ទទួល​ចាក់​វ៉ាក់​សាំង ខណៈ​ខ្លួន​មាន​ជំងឺ​បេះដូង ឬ​ក៏​មូល​ហេតុ​អ្វី​បាន​ជា​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់​សាំង ខណៈ​លោក​មាន​ជំងឺ​បេះ​ដូង។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​គ្រួសារ​លោក ស៊ាង តុលា ដែលស្លាប់​បាន​នៅ​ឡើយ​ទេ។

រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាសន៍​ថា គួរ​តែ​មានការ​ស្រាវជ្រាវ​និង​ពន្យល់​បន្ថែម​ថា ​តើ​អ្នក​មាន​បញ្ហា​បេះ​ដូង​អាច​ចាក់​វ៉ាក់​សាំង​បាន​ ឬ​យ៉ាង​ណា ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង និង​ទុក​ចិត្ត​ចំពោះ​វ៉ាក់សាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ដែល​ពន្យល់​អំពី​ការ​មិន​ពាក់ព័ន្ធ​គ្នារវាង​ជំងឺ​បេះដូង​ ហើយ​និង​វ៉ាក់​សាំង គឺមាន​សារ​សំខាន់​បំផុត​ដែល​ប្រជាពលរដ្ឋ​អាចនឹង​ចង់​ដឹង»។

ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប លោក ប៉ែន ផល​គុណ បាន​បដិសេធ​មិនអត្ថាធិប្បាយ​បន្ថែម​លើ​សេចក្តី​បំភ្លឺ​ដែល​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​បញ្ជាក់​នៅ​ហ្នឹង​ហើយ​អស់​តើ។ អត់​មានអី​ថែម​ទៀត​ទេ ប៉ុណ្ណឹង​ឯង។ គ្រប់​អស់​ហើយ»។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ លោក​ ក្រុស សារ៉ាត់ ក៏​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ប៉ុន្តែ​លោក​ថា ​ករណី​នេះ​ខាង​មន្ទីរ​ពេទ្យ​បង្អែក​បានបក​ស្រាយ​រួច​ហើយ។ លោក​ក៏​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ថា​ តើ​គ្រូពេទ្យ​ដែល​ស្លាប់​នោះ មាន​សុខភាព​មិន​ល្អ​មុន​ពេល​ចាក់ ឬ​ក៏​គ្រូ​ពេទ្យ​មិន​បាន​សួរ​នាំ​ឲ្យ​បាន​ដិត​ដល់ មុន​ពេល​ចាក់​វ៉ាក់​សាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​បច្ចេក​ទេស​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ។ គឺ​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប។ គឺ​ជា​រឿង​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។ គេ​បាន​វិនិច្ឆយ​អីហើយអស់​ហើយ»។

VOA ​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី​ ឱ វណ្ណឌីន ​បាន​នៅ​ឡើយ​ទេ។

វ៉ាក់សាំង ​Sinopharm ​របស់​ចិន ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ប្រកាស​ថា​មាន​ប្រសិទ្ធភាព​ក្នុង​អត្រា ៧៩,​៣៤% ​ក្នុង​ការ​សាកល្បង​ដំណាក់​កាល​ទី ​៣។ វ៉ាក់សាំង​ ៦០​ ម៉ឺន​ដូស​ ដែល​អាច​ចាក់​មនុស្ស​បាន​ ៣០ ​ម៉ឺន​នាក់ ត្រូវ​បានផ្តល់​ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន ហើយ​កម្ពុជា​កំពុង​បន្ត​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ សម្រាប់​ក្រុម​ជួរ​មុខ ក្នុង​នោះ​មាន​គ្រូ​ពេទ្យ​ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ជាង ​៨ ​ម៉ឺន​នាក់​ហើយ ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ។

ទាក់ទង​នឹង​ចំនួន​មនុស្ស​ចាក់​វ៉ាក់សាំង​នេះ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះសារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «នេះ​ជា​តួ​លេខ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនុក​ចិត្ត​ខ្ពស់​របស់​ប្រជាជន​កម្ពុជា​ទៅ​លើ​វ៉ាក់​សាំង​ចិន»។

ប៉ុន្តែ​ ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​នេះ។

កាល​ពីថ្ងៃ​ច័ន្ទ​ ប្រទេស​ចិន​បាន​ប្រកាស​ថា​វ៉ាក់​សាំង ​៤០ ​ម៉ឺន​ដូស​ទៀត​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ដែល​អាច​ចាក់​មនុស្ស​ប្រមាណ ​២០ ​ម៉ឺន​នាក់ នឹង​មក​ដល់​កម្ពុជា នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ចាក់​វ៉ាក់សាំងរបស់​ក្រុម​ហ៊ុន​ Astra​Zeneca តាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​កូវីដ​១៩ ជា​សាកល​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ដែល​ហៅ​ថា​កូវ៉ាក់ ​(COVAX)។ វ៉ាក់សាំង​ចំនួន​ ៣២៤.០០០ ដូស ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​អង្គារ។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​វ៉ាក់​សាំង​ Sinopharm លោក​មិន​អាច​ចាក់​បាន​ទេ​ព្រោះ​លោក​មាន​អាយុ​លើស​៥៩​ឆ្នាំ។

ចំណែក​វ៉ាក់​សាំង​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នេះ លោក​ថា ​លោក​អាច​ចាក់​បាន ព្រោះ​វ៉ាក់​សាំង​នេះ​អនុញ្ញាត​ឲ្យ​អ្នក​មាន​អាយុ​លើស​ពី​ ៦០ ​ឆ្នាំ​ចាក់​បាន។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ក្នុង​រាជធានីភ្នំពេញ​ដដែល​ ក្រោយ​ចាក់​វ៉ាក់សាំង​ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ថ្លែង​ដែរ​ថា «បញ្ហា​ទាក់​ទិន​នឹង​វេជ្ជ​សាស្រ្ត​បច្ចេក​ទេស វា​មិន​មែន​ជា​បញ្ហា​នយោបាយ​នោះ​ទេ»។

លោក​បញ្ជាក់​ថា ​អ្នក​ដែល​គិត​ថា​វ៉ាក់សាំង​សម្លាប់​មនុស្ស មិន​បាច់​មក​ចាក់​នោះ​ទេ៕

XS
SM
MD
LG