ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​កាន់តែ​ច្រើន​ចូល​កាន់​តំណែង​នយោបាយ


រូបឯកសារ៖ លោក Daniel Johan ដើរ​ហែរក្បួន​នៅ​តំបន់ប្រជុំជន Singkawang នៃខេត្ត West Kalimantan ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ លោក Daniel Johan ដើរ​ហែរក្បួន​នៅ​តំបន់ប្រជុំជន Singkawang នៃខេត្ត West Kalimantan ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅ​ខែ​តុលា​ខាងមុខ​នេះ លោក Kevin Wu វ័យ ៤៥ ឆ្នាំ​នឹង​ចូល​កាន់​តំណែង​ជា​សមាជិក​សភា​តំបន់​ហ្សាការតា​ជា​លើក​ដំបូង​បង្អស់។ លោក​គឺជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ជាប់ឆ្នោត​អំបូរ​ចិន​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញតិ្ត​ឥណ្ឌូណេស៊ី។

លោក Wu គឺជា​អ្នកតស៊ូមតិ​ដ៏​មុតមាំ​ដើម្បី​សិទ្ធិ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​តាំងពី​ឆ្នាំ ២០០៨ មក ហើយ​លោក​បាន​ជួយ​បង្កើត​វិហារ​សក្ការៈបូជា​បែប​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​ដែល​ពលរដ្ឋ​ភាគច្រើន​គឺជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​នេះ។ ឥឡូវនេះ លោក​គឺជា​សហគ្រិន​ម្នាក់​ដែល​គាំទ្រ​អាជីវកម្ម​ខ្នាតតូច។

លោក​បាន​ថ្លែង​ថា៖ «ប្រសិនបើ​យើង​មើល​ឃើញ​ភាព​អយុត្តិធម៌ យើង​មាន​ជម្រើស​ពីរ គឺ​ទទួល​យក​តាម​ព្រេងវាសនា ឬ​តស៊ូ​និង​សង្ឃឹម​ដើម្បី​ការ​ផ្លាស់ប្តូរ។ ខ្ញុំ​ជ្រើស​យក​ជម្រើស​ទី​ពីរ»។

លោក Wu បាន​បញ្ជាក់​ថា លោក​មាន​ទឹកចិត្ត​តស៊ូ​ដើម្បី​សិទ្ធិ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​នេះ​គឺ​ដោយសារ​លោក​អតីត​ប្រធានាធិបតី Abdurrahman Wahid។ លោក Wahid ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការ​គាំទ្រ​របស់​លោក​ក្នុងការ​ទទួល​យក​ជាតិសាសន៍​និង​សាសនា​ផ្សេងៗ។

កាលពី​ខែ​កុម្ភៈ ពលរដ្ឋ​ឥណ្ឌូណេស៊ី​ជិត ២០៥ លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស។ បើ​យោង​តាម​ជំរឿន​ចុងក្រោយ​កាលពី​ឆ្នាំ ២០១០ ពលរដ្ឋ​ឥណ្ឌូណេស៊ី ១,២% ក្នុង​ចំណោម​ប្រជាជន​សរុប​មាន​ជាប់​សែ​ស្រឡាយ​ចិន ដែល​មាន​ចំនួន​ជាង ២ លាន ៨ សែន​នាក់។

លោក Johanes Herlijanto ប្រធាន​ក្រុម Indonesian Sinology Forum ដែល​ចង់​លើកតម្កើង​ទំនាក់​ទំនង​រវាង​ឥណ្ឌូណេស៊ី​និង​ចិន បាន​ថ្លែង​ថា នៅក្នុង​ការ​បោះឆ្នោត​លើក​នេះ លោក​ឃើញ​មាន​ឈ្មោះ​អ្នកនយោបាយ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ដែល​ព្យាយាម​ដណ្តើម​អាសនៈ​ក្នុង​សភា​ជាតិ ក៏ដូចជា​អាសនៈ​នៅ​ក្នុង​ក្រុមប្រឹក្សា​សង្កាត់ ខេត្ត និង​មូលដ្ឋាន​នានា​ច្រើន​ជាង​ក្នុង​អំឡុង​ការ​បោះឆ្នោត​សភា​កាលពី​ឆ្នាំ ២០១៩។

លោក Herlijanto បាន​និយាយ​ថា ភាព​សកម្ម​និយម​ផ្នែក​នយោបាយ​ក្នុង​ចំណោម​សហគមន៍​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ត្រូវបាន​ពង្រឹង​ឡើង​នៅ​ក្នុង​រយៈពេល ២៦ ឆ្នាំ​ចុងក្រោយ​នេះ តាំងពី​ពេល​ដែល​មាន​កុបកម្ម​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​កាលពី​ខែ​ឧសភា ឆ្នាំ ១៩៩៨ មក ដែល​នៅ​ពេល​នោះ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ជាច្រើន​ត្រូវបាន​គេ​ធ្វើទុក្ខ​បុកម្នេញ។

លោក​បាន​បន្ថែម​ថា លោក​បាន​ឃើញ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ច្រើន​ជាង​មុន​បម្រើការ​ជា​មន្ត្រី​សាធារណៈ។

លោក Herlijanto បាន​ពន្យល់​ថា មាន​អង្គការ​នានា​ដែល​ផ្តល់​ការ​អប់រំ​ផ្នែក​នយោបាយ​ដល់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​តាំងពី​ចុង​ទសវត្សរ៍ ១៩៩០ មក។

លោក​បាន​ថ្លែង​ថា៖ «ករណី​នេះ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ដែល​ធ្លាប់​មាន​អារម្មណ៍​មិន​សុខស្រួល​ក្នុង​ចិត្ត​ឱ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​និង​ជាប់​ឆ្នោត​ដើម្បី​ជួយ​ឱ្យ​បាន​សកម្ម​នៅក្នុង​ការ​លើកកម្ពស់​ផ្នែក​សុខុមាលភាព​សាធារណៈ​ក្នុង​នាម​ជា​អ្នកនយោបាយ»។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Suharto ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ជាច្រើន​ប្រឈម​នឹង​ការ​រើសអើស ការ​ធ្វើទុក្ខ​បុកម្នេញ និង​ការ​ដាក់​កំហិត​ក្នុង​សង្គម ដូចជា​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ប្រើ​ឈ្មោះ​ចិន មិន​ឱ្យ​អនុវត្ត​ជំនឿ​ប្រពៃណី និង​មិន​ឱ្យ​បង្ហាញ​វប្បធម៌​ចិន​ជាដើម ហើយ​សូម្បីតែ​សញ្ជាតិ​របស់​ពួកគេ​ក៏​មិន​ត្រូវបាន​ទទួលស្គាល់​ពេញលេញ​ផងដែរ។

ប៉ុន្តែ បន្ទាប់ពី​លោក Wahid ចូល​កាន់​អំណាច​ជា​ប្រធានាធិបតី​នៅ​ខែ​តុលា ឆ្នាំ ១៩៩៩ ការ​រើសអើង​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ត្រូវបាន​បញ្ចប់​ដោយ​ការ​ចេញ​ក្រឹត្យ​លេខ ៦ របស់​ប្រធានាធិបតី​បញ្ជាក់​អំពី​ការ​ការពារ​សិទ្ធិ​របស់​ជនជាតិ​ភាគតិច។

លោក Wahid ដែល​គេ​ស្គាល់​ជាទូទៅ​ថា «Gus Dur» គឺជា​អតីត​ប្រធាន​អង្គការ Nahdlatul Ulama ដែល​ជា​អង្គការ​អ៊ិស្លាម​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​លោក​ជាប់​សែស្រឡាយ​ចិន អារ៉ាប់ និង​ជ្វា។

លោក Daniel Johan វ័យ ៥២ ឆ្នាំ​កាន់​ព្រះពុទ្ធសាសនា​បាន​ធ្វើជា​សមាជិក​សភា​ឥណ្ឌូណេស៊ី​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក ហើយ​លោក​នឹង​បន្ត​បម្រើការ​ជា​សមាជិក​សភា​ខាង​គណបក្ស Indonesian Renaissance Party (PKB) នេះ​នៅ​អាណត្តិ​ទី ៣ ដែល​មាន​រយៈពេល ៥ ឆ្នាំ​ជា​បន្ត​ទៀត​នៅ​ខែ​តុលា​ខាងមុខ។

លោក​បាន​និយាយ​ថា លោក Wahid និង​មេដឹកនាំ​គណបក្ស PKB ដទៃទៀត​ដូចជា​លោក Muhaimin Iskandar ជាដើម គឺជា​អ្នក​ដែល​បាន​ធ្វើ​ឱ្យ​លោក​មាន​ទឹកចិត្ត​ធ្វើ​នយោបាយ។

លោក Johan មាន​ភាព​សកម្ម​នៅ​ក្នុង​សមាគម Chinese Clans Association of Indonesia។ លោក​បាន​ប្រាប់ VOA ថា លោក​បាន​ចំណាយ​ពេល​ជាច្រើន​ខែ​ធ្វើការ​ក្នុង​សហគមន៍​អ្នក​បោះឆ្នោត​ដែល​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​នៅ​ក្នុង​ខេត្ត West Kalimantan ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​ទុកចិត្ត​និង​បោះឆ្នោត​ឱ្យ​អ្នកនយោបាយ​ឥណ្ឌូណេស៊ី​អំបូរ​ចិន។

ទោះបីជា​ភាព​សកម្មនិយម​និង​ការ​ចូលរួម​ក្នុង​នយោបាយ​មាន​ការ​កើនឡើង​ក្នុង​ចំណោម​សហគមន៍​ឥណ្ឌូណេស៊ី​អំបូរ​ចិន​ក៏ដោយ ក៏​អ្នកនយោបាយ​និង​ថ្នាក់ដឹកនាំ​សមាគម​ចិន​នៅ​ឥណ្ឌូណេស៊ី​នៅតែ​ដឹង​ថា​ផ្នត់គំនិត​រើងអើស​ជាតិសាសន៍​ចិន​នៅតែ​មាន ពិសេស​នៅ​តាម​តំបន់​ជនបទ។

លោកHerlijanto បាន​និយាយ​ថា ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​ទាំង ៣ រូប​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​មាន​អ្នកគាំទ្រ​ជា​ពលរដ្ឋ​ឥណ្ឌូណេស៊ី​អំបូរ​ចិន «ដូច្នេះ​ការ​ប្រកាន់​យក​នូវ​នយោបាយ​អត្តសញ្ញាណ​ដែល​មាន​ការ​បែងចែក​គឺ​មិន​មែន​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​ឆ្លាតវៃ​នោះទេ»៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG