ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃចន្ទនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនមួយកន្លែង ដែលមានតម្លៃប្រមាណ៧ពាន់៣០០លានដុល្លារអាមេរិក ដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីទៅកាន់ទីក្រុង Bandung នៃខេត្តWest Java របស់ប្រទេសនេះ ដែលជាគម្រោងមួយ ដែលត្រូវបានផ្តល់ថវិកាសាងសង់ដោយប្រទេសចិន និងមានបញ្ហាជាច្រើនកើតឡើង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង១៤២គីឡូម៉ែត្រនេះ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ប្រធានាធិបតី និងជាផ្នែកមួយនៃកម្មវិធីក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ចិននោះ បានប្រឈមនឹងបញ្ហាជាច្រើនតាំងពីបញ្ហាផ្គត់ផ្គង់សម្ភារៈ ការពន្យារពេលដោយសារជំងឺកូវីដ១៩ និងតម្លៃសាងសង់ឡើងខ្ពស់ជាដើម។
ការបើកដំណើរការឱ្យមានការប្រើប្រាស់រថភ្លើងល្បឿនលឿន ដែលមានឈ្មោះថា «Whoosh» នៅថ្ងៃចន្ទនេះកើតមានឡើងដោយការពន្យារពេលយ៉ាងយូរ ដែលកាលពីដំបូងឡើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។
លោក Joko Widodo បានថ្លែងក្នុងអំឡុងពេលដាក់ឱ្យដំណើរការថា «ឈ្មោះនេះត្រូវបានបំផុសគំនិតដោយសំឡេងនៃរថភ្លើងល្បឿនលឿនដែលប្រញាប់ប្រញាល់»។
លោក Joko Widodo បាននិយាយថា ល្បឿនប្រតិបត្តិការអតិបរមារបស់រថភ្លើងអាចឡើងដល់៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយហៅវាថា «ទំនើបកម្មនៃការដឹកជញ្ជូនដ៏ធំរបស់យើងដែលមិនប៉ះពាល់ដល់បរិស្ថាន» ។
ទេសរដ្ឋមន្ត្រីឥណ្ឌូណេស៊ីលោកLuhut Pandjaitan ដែលមើលការខុសត្រូវលើគម្រោងសាងសង់ បាននិយាយក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះថា អ្នកធ្វើដំណើរលើរថភ្លើងល្បឿនលឿននេះ មិនត្រូវបានគិតថ្លៃឡើយចាប់តាំងពីសប្តាហ៍ទី២ខែកញ្ញាមក ហើយនឹងត្រូវពន្យារពេលយកថ្លៃធ្វើដំណើររហូតដល់ពាក់កណ្តាលខែតុលារខាងមុខ។
សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ី និងចិនបានសាងសង់ផ្លូវរថភ្លើងនេះ៕