អន្លង់វែងដែលជាទីតាំងការពារខ្លួនចុងក្រោយរបស់ពួកខ្មែរក្រហម បានក្លាយជាកន្លែងទីមួយសម្រាប់ស្វែងយល់អំពីដំណើរការផ្សះផ្សា និងការកសាងសន្តិភាពក្នុងប្រទេសកម្ពុជា។ ក្រុមបញ្ញវន្តថ្លែងថា សន្តិភាពអាចបន្តបានជានិរន្តនៅកម្ពុជា ប្រសិនបើមេដឹកនាំ និងអ្នកជំនាន់ក្រោយមិនយកចិត្តហិង្សាមកដឹកនាំប្រទេស ហើយចេះទទួលយកគំនិតផ្ទុយគ្នាសម្រាប់ស្ថាបនាប្រទេស។
អ្នកសិក្សាស្រាវជ្រាវ និងអ្នកធ្លាប់រងគ្រោះក្នុងសម័យខ្មែរក្រហម បានអំពាវនាវឲ្យកូនខ្មែរជំនាន់ក្រោយប្រឹងប្រែងស្វែងយល់អំពីប្រវត្តិសាស្ត្រនៃជម្លោះផ្ទៃក្នុងរបស់ផងខ្លួន ដើម្បីរក្សាសន្តិភាពនាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។
ការលើកឡើងរបស់ពួកគេធ្វើឡើងកាលពីដើមខែកញ្ញានេះ បន្ទាប់ពីការទស្សនាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែងដែលជាទីប្រយុទ្ធចុងក្រោយរបស់កងទ័ពខ្មែរក្រហមដឹកនាំដោយប៉ុល ពត និងតាម៉ុក។
អ្នកស្រី ហូយ សុជីវណ្ណី ប្រធានអង្គការបម្លាស់ប្តូរជាវិជ្ជមានសម្រាប់កម្ពុជា (Positive Change for Cambodia) ថ្លែងប្រាប់ VOA នៅពេលដើរចាកចេញពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលជាកន្លែងរំឭកដល់យុគសម័យនៃការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។
«ការរំឭកឡើងវិញ (remembrances of Pol Pot regime) អំពីការកាប់សម្លាប់សម័យ ប៉ុល ពត រម្លឹកឡើងវិញថា ការឈឺចាប់របស់ប្រជាជន ដែលបានរងគ្រោះដោយសម័យ ប៉ុល ពតនោះ ឈឺចាប់ប៉ុណ្ណា? ហើយឲ្យក្មេងជំនាន់ក្រោយរៀនសូត្រ ឲ្យក្មេងជំនាន់ក្រោយហ្នឹងគិតថា ធ្វើយ៉ាងណា ធ្វើយ៉ាងណា កសាងសន្តិភាពផ្ទៃក្នុង កសាងសន្តិភាពពីបេះដូង ពីអារម្មណ៍គ្រប់ៗគ្នា កុំឲ្យមានចិត្តក្តៅគគុក កុំឲ្យមានចិត្តបេះដូងហ្នឹងហិង្សា រវាងក្រុម និងក្រុម រវាងស្ថាប័ន និងស្ថាប័ន ដែលជាជម្លោះមួយកកើតដល់សង្គ្រាម។ នេះគឺជាជម្លោះដ៏ធំ ដែលយើងបានរៀនសូត្រកន្លងមក»។
អ្នកស្រី ហូយ សុជីវណ្ណី ដែលជាអ្នកនាំសារសន្តិភាពពីកម្ពុជាទៅកាន់បណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងប្រទេសផ្សេងទៀត បានលើកឡើងថា ការស្ថាបនាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មានភាពយឺតយ៉ាវបន្តិចក៏ពិតមែន តែមជ្ឈមណ្ឌលនេះនឹងផ្តល់ឱកាសឲ្យអ្នកសិក្សាស្រាវជ្រាវ និងមេដឹកនាំកម្ពុជាជំនាន់ក្រោយបានសែ្វងយល់ពីដំណើរនៃការផ្សះផ្សារ និងកសាងសន្តិភាពនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៨មក។
«ក្នុងប្រទេសយើង អ្នកដឹកនាំប្រទេសកម្ពុជា ក៏ដូចជា អ្នកដឹកនាំជំនាន់ក្រោយៗទៀត រៀនសូត្រថា ធ្វើយ៉ាងម៉េចនោះ យុវជននឹងអត់មានហ្មងបេះដូង បេះដូងក្តៅ អត់មានហ្មងបេះដូងសង្រ្គាម អត់មានហ្មងបេះដូងជម្លោះ ដើម្បីអំណាច ដើម្បីត្រួតត្រាគឺអត់មាន។ ហើយគិតថា អ្វីដែលជាចំណុចខ្វះចន្លោះ យើងគួរតែរួមគ្នាកសាង កែលម្អធ្វើយ៉ាងម៉េចឲ្យចំណុចទាំងឡាយ ដែលប្រជាជនកំពុងតែ មានហ្នឹង បានដោះស្រាយឡើងដោយសន្តិវិធី និងអភិវឌ្ឍន៍។ នេះជាទស្សនៈរបស់ខ្ញុំ»។
តំបន់អន្លង់វែងមានប្រវត្តិស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋបាលប្រទេសកម្ពុជា និងប្រទេសសៀម រហូតដល់ការចូលមកដល់នៃអាណាព្យាបាលបារាំង។ ហើយនៅពេលបង្កើតរបបសង្គមរាស្ត្រនិយមរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ ទើបតំបន់នេះបានស្ថិតក្រោមការគ្រប់គ្រងជាអចិន្ត្រៃយ៍របស់កម្ពុជា។ របបសង្គមរាស្ត្រនិយមបានបង្កើតខេត្តមួយចេញពីខេត្តសៀមរាបគឺខេត្តឧត្តរមានជ័យ ដែលមានតំបន់អន្លង់វែង ដែលពេលនោះជាភូមិមួយ។ ក្រោយមកតំបន់ដែលនៅជាប់ប្រទេសថៃនៅភាគខាងជើងនេះ បានក្លាយជាស្រុកមួយនៃខេត្តឧត្តរមានជ័យ។ នេះបើយោងតាមសៀវភៅប្រវត្តិសាស្ត្រស្តីពីសហគមន៍ អន្លង់វែង ដែលជាទីកន្លែងការពារខ្លួនចុងក្រោយរបស់ចលនាខ្មែរក្រហម។
សៀវភៅនោះក៏បានបញ្ជាក់ឲ្យដឹងទៀតថា ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម តំបន់អន្លង់វែង មានរដ្ឋបាលច្របូកច្របល់ និងមានរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងការបោសសម្អាតផ្ទៃក្នុង ការចាប់ខ្លួន និងការប្រហារជីវិត។
អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមួយរូប គឺសុន សេន និង ក្រុមគ្រួសារ រួមទាំងនារសារ និងអ្នកបើកបរថយន្តទាំងអស់ចំនួន១១នាក់ ត្រូវបានប្រហារជីវិតជាមួយគ្នា នៅខែមិថុនាឆ្នាំ១៩៩៧ ក្នុងស្រុកអន្លង់វែងនេះ។ ការសម្លាប់ផ្តាច់ផ្តិលពូជដ៏គួរឱ្យរន្ធត់នេះត្រូវបានគេចាត់ទុកថា ជាសកម្មភាពចុងក្រោយរបស់ចលនាខ្មែរក្រហម។ ក្រោយការសម្លាប់សុន សេន ជម្លោះរវាងតាម៉ុក និងប៉ុល ពត បានកើតឡើងរហូតដល់ ប៉ុល ពត ត្រូវបានកម្លាំងទ័ព និងប្រជាជនសាមញ្ញស្មោះត្រង់នឹងតាម៉ុក បង្កើតតុលាការមហាជនកាត់ទោស ប៉ុល ពត ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទសម្លាប់សុន សេន និងប៉ុនប៉ងសម្លាប់តាម៉ុក និងការបំផ្លាញកិច្ចខិតខំផ្សះផ្សាជាតិនានា។ មកដល់ឆ្នាំ១៩៩៨ កម្លាំងសេសសល់របស់ខ្មែរក្រហមបានធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ហើយក៏ជាទីបញ្ចប់នៃចលនាខ្មែរក្រហម។
លោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានថ្លែងប្រាប់ក្រុមនិស្សិតអ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីនៃអង្គការសង្គមស៊ីវិល ដែលបានទៅសិក្សាស្វែងយល់ពីមជ្ឈមណ្ឌលនោះថា ដំណើរនៃការកសាងសន្តិភាពគឺជាការប្រើប្រាស់ពេលវេលាបង្កើតក្របខណ្ឌ និងស្រាវជ្រាវពីប្រវត្តិសាស្ត្រ រួចផ្តល់ការអប់រំ ដើម្បីបង្ការជម្លោះផ្សេងៗដែលធ្លាប់កើតមានឡើងពីអតីតកាល មិនឲ្យកើតមានឡើង ទៅថ្ងៃខាងមុខ ក្នុងប្រទេសកម្ពុជា។
លោក លី សុខឃាង ថ្លែងថា៖
«លទ្ធផលគឺអាស្រ័យលើពេលវេលាក្នុងការធ្វើកិច្ចការហ្នឹង និងក្របខណ្ឌការងារដែលយើងកំពុងធ្វើវា។ កិច្ចការនេះនិយាយអំពីការអប់រំ ហើយយើងប្រើប្រវត្តិសាស្ត្រជាការឆ្លុះបញ្ចាំង។ នៅពេលប្រជាជនបានរៀនសូត្រអំពីប្រវត្តិសាស្ត្ររបស់យើង ពួកគេនឹងមិនធ្វើរឿងច្រំដែលចាស់ៗឡើងវិញ ដូចនៅមុនសម័យខ្មែរក្រហម ក្នុងអំឡុងពេលនៃសម័យខ្មែរក្រហម និងក្រោយពីសម័យខ្មែរក្រហមទេ»។
លោកបានថ្លែងបន្តថា ការបង្កើតតុលាការកាត់ទោសខ្មែរក្រហមក៏ជាចលករសំខាន់ក្នុងការទប់ស្កាត់មិនឲ្យមេដឹកនាំកម្ពុជា យកលំនាំតាមរបៀបរបបដឹកនាំដូចក្នុងសម័យប៉ុល ពត ផងដែរ។
«ដូច្នេះ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា យើងបង្កើតតុលាការ ដើម្បីដាក់ទណ្ឌកម្ម ដោយសារតែវាជាសារសំខាន់ផងដែរ សម្រាប់ការដាក់ទណ្ឌកម្ម និងការមានតុលាការ។ នៅពេលអ្នកប្រព្រឹត្តបទឧក្រិដ្ឋ មិនយូរមិនឆាប់ ឬក៏អ្នកដឹងទេថា វាអាចស៊ីពេលច្រើនរាប់ឆ្នាំ ដើម្បីនាំយកមកកាត់ទោស សម្រាប់ស្វែងរកយុត្តិធម៌ម្តងទៀត។ ដូច្នេះវាជាបញ្ហានៃការដាក់ទណ្ឌកម្ម វាជាបញ្ហានៃការស្រាវជ្រាវ និងការអប់រំ។ ដូច្នេះហើយទើបបានជាយើងព្យាយាមធ្វើឲ្យមានឥទ្ធិពល និងបង្ហាញយុវជនក្មេងៗជំនាន់ក្រោយ និងមេដឹកនាំរបស់យើងផងដែរថា នៅពេលអ្នកប្រព្រឹត្តបទឧក្រិដ្ឋ តុលាការមួយនឹងកើតឡើងទៅថ្ងៃអនាគត។ អ្នកដឹងទេថា នៅក្នុងប្រទេសយើង បើគ្មានតុលាការនេះទេ ប្រជាជននឹងមិនបានដឹងអ្វីនោះឡើយ»។
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលជាគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាប់ដំណើរការតាំងពីឆ្នាំ ២០១៤។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងនៅក្នុងទីបញ្ជាការប្រយុទ្ធចុងក្រោយរបស់តាម៉ុក ដែលស្ថិតលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់កម្ពុជាថៃ។ កិច្ចការសំខាន់ៗរបស់មជ្ឈមណ្ឌលនេះគឺការផ្តល់ឱកាសស្រាវជ្រាវដល់អ្នកដែលចង់យល់ដឹងអំពីប្រវត្តិសម័យ ប៉ុល ពត ឬខ្មែរក្រហម និងអភិរក្សតំបន់ប្រវត្តិសាស្ត្រចំនួន១៤ កន្លែងក្នុងស្រុកអន្លង់វែង ដែលរួមមាន កន្លែងដុតខ្មោច ប៉ុល ពត ផ្ទះតាម៉ុក និងបឹងអន្លង់វែងជាដើម។ ការិយាល័យធ្វើការរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងក៏ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រនេះផងដែរ។
លោក លី សុខឃាង ប្រាប់ VOA បន្ថែមថា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងកំពុងក្លាយជាទីប្រមូលផ្តុំសម្រាប់ការស្រាវជ្រាវ។
«ឥឡូវនេះ យើងមានកូនសិស្សមកច្រើនណាស់ជារៀងរាល់ឆ្នាំ។ ដូចជាឆ្នាំ២០១៦ហ្នឹង យើងមានកូនសិស្សមកប្រហែលជាជិត៣០០នាក់ ដែលមកពីសាកលវិទ្យាល័យផ្សេងៗ។ ហើយអ្នកទាំងអស់ហ្នឹង តំណាក់កាលដំបូងនេះ គឺថា យើងតម្រូវឲ្យគាត់ជួបជាមួយនឹងបងប្អូនអ្នកភូមិយើងនៅក្នុងអន្លង់វែងយើងនេះ។ ហើយគាត់បានប្រែក្លាយពីការសម្ភាសរបស់គាត់ហ្នឹងទៅជាអត្ថបទ ដើម្បីចុះផ្សាយនៅក្នុងកាសែតរស្មីកម្ពុជា ក៏ដូចជាទស្សនាវដ្តីស្វែងរកការណ៍ពិត ដើម្បីឲ្យអ្នកផ្សេងទៀតយល់ថា រឿងរ៉ាវប្រវត្តិសាស្ត្ររបស់មនុស្សម្នាក់ៗ ដែលឆ្លងកាត់ជំនាន់ខ្មែរក្រហមកន្លងមកហ្នឹងគឺថា មានការលំបាកផ្សេងៗគ្នា ដើម្បីឲ្យគាត់យល់»។
លោកបានថ្លែងបន្ថែមថា៖
«ការណ៍ដែលការណ៍យល់ហ្នឹងហើយដែលជំរុញឲ្យមានការយោគយល់គ្នាទៅវិញទៅមក។ ការអត់ឱន ហើយនិងការផ្សះផ្សា ហើយចុងក្រោយគឺថា យើងជំរុញឲ្យមានការកសាងសន្តិភាពទំាងអស់គ្នា ពីព្រោះពាក្យសន្តិភាពនេះមិនមែនមានន័យថា ម្នាក់ ឬក៏ពីរនាក់ដែលធ្វើបានទេ គឺថា ត្រូវការទាំងប្រជាជនមូលដ្ឋាន ស្ថាប័នផ្សេងៗ អង្គការក្រៅរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលនិងអង្គការអន្តរជាតិផ្សេងៗ ដែលពាក់ព័ន្ធ»។
សៀវភៅប្រវត្តិសាស្ត្រស្តីពីសហគមន៍អន្លង់វែង ដែលជាទីការពារខ្លួនចុងក្រោយរបស់ចលនាខ្មែរក្រហម បានឲ្យដឹងបន្ថែមថា តាម៉ុក ដែលមានឈ្មោះពីរផ្សេងទៀតគឺ អ៊ុង ជឿន ឬ ឈិត ជឿន បានហៅតំបន់អន្លង់វែងជាប្រទេសមួយ។ នៅចុងឆ្នាំ១៩៩០ និង១៩៩១ តាម៉ុក និងមេដឹកនាំកំពូលខ្មែរក្រហម នៅអន្លង់វែង បានបង្កើតភូមិជាច្រើន ដោយផ្អែកលើធនធានធម្មជាតិ និងលក្ខខណ្ឌភូមិសាស្ត្រដែលនៅក្បែរភូមិនីមួយៗ។ ឧទាហរណ៍ ឈ្មោះភូមិទំនប់លើត្រូវបានដាក់ដោយផ្អែកលើទំនប់ទឹកមួយដែលតាម៉ុកបានកសាងនៅក្បែរនោះ។ ភូមិទួលត្បែងជាឈ្មោះដែលខ្មែរក្រហមបានដាក់ ដោយផ្អែកលើធនធានដ៏ច្រើននៃដើមត្បែងក្នុងភូមិនោះ។
ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ខ្មែរក្រហមឲ្យស្ថិតក្រៅច្បាប់នៅឆ្នាំ១៩៩៤ ក្រុមមេដឹកនាំខ្មែរក្រហមនៅអន្លង់វែង ជាពិសេសគឺតាម៉ុក ដែលជាមេដឹកនាំកំពូលនៅតំបន់នោះ បានប្រែក្លាយអន្លង់វែងជាស្រុកអន្លង់វែង ដែលមាន១១ឃុំ និង៥៥ភូមិ។ ចំនួនប្រជាជនទាំងអស់ក្នុងតំបន់នេះ ត្រូវបានចាត់ទុកថា ជាសហគមន៍យោធា។ តាម៉ុកក៏ផ្តើមឲ្យមានពិធីមង្គលការឡើងវិញ ហើយបានដាក់ឲ្យដំណើរការសាលារៀនបឋមសិក្សា និងមន្ទីរពេទ្យ។ តាម៉ុកបានបន្សល់ទុកស្នាដៃនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងតំបន់អន្លង់វែង។
យ៉ាងណាក្តី តាម៉ុកបានស្លាប់នៅឆ្នាំ២០០៦ ដោយជំងឺ និងក្នុងពេលលោកត្រូវបាននាំមកកាត់ទោសនៅសាលាក្តីខ្មែរក្រហម ជាមួយមេដឹកនាំខ្មែរក្រហមនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតផ្សេងទៀត។
បន្ទាប់ពីទស្សនាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង លោក ពូ សុវចនា អនុប្រធានវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) បានប្រាប់ VOA ថា របបខ្មែរក្រហមកើតឡើងដោយសារកំហឹងវណ្ណៈ មាន ក្រ។ លោកថា ប៉ុល ពតបានចងគំនុំនឹងក្រុមសក្តិភូមិ ដើម្បីធ្វើបដិវត្តន៍បំពេញមហិច្ឆតានយោបាយរបស់ខ្លួន។ លោកបានបន្តថា មជ្ឈមណ្ឌលសនិ្តភាពអន្លង់វែងនឹងក្លាយជាទីកសាងសន្តិភាពរឹងមាំមួយ ទៅថ្ងៃអនាគត ប្រសិនបើអ្នកនយោបាយខ្មែរយល់ពីសារៈសំខាន់នៃមជ្ឈមណ្ឌលនេះ។
«ការរីកចម្រើនរបស់មជ្ឈមណ្ឌលនេះឲ្យមានការរីកចម្រើនបានលុះត្រាតែអ្នកនយោបាយទាំងអស់គ្នាហ្នឹងគិតថា មានសារៈសំខាន់ណាស់ដើម្បីគន្លឹះ ហើយដើម្បីជាគ្រាប់ពូជមួយ ដែលយើងបណ្តុះសន្តិភាពពិតប្រាកដ ហើយសន្តិភាពពិតប្រាកដកើតឡើង នៅពេលណាមួយដែលយើងចេះស្រឡាញ់គ្នា ចេះរាប់អានគ្នា ហើយយកជាតិជាទិសដៅ ដើម្បីសន្តិភាពពិតប្រាកដ ហើយនិងដើម្បីការសុខដុមរមនា»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលបានរួមដំណើរជាមួយក្រុមបញ្ញវន្តទៅសិក្សាស្វែងយល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនោះ បានប្រាប់ VOA នៅទីបញ្ជាការយោធាចុងក្រោយរបស់តាម៉ុកថា ការមិនរម្លឹកពីអតីតកាលជាដំណើរនៃការផ្សះផ្សា និងការរក្សាបាននូវសុខដុមនីយកម្មរវាងប្រជារាស្ត្រខ្មែរសាមញ្ញ និងប្រជាពលរដ្ឋដែលជាអតីតទាហានខ្មែរក្រហម ឬជនស៊ីវិល ដែលនៅគោរពមនោគមវិជ្ជាស្នេហាជាតិរបស់ខ្មែរក្រហម ដែលរមែងចាត់ទុកជនជាតិយួនថាជា «សត្រូវ»។
«កាលណាយើងមានវត្តមានកន្លែងនេះបាទ គឺយើងថា យើងមានទំនាក់ទំនង មានអីចឹងដែរ ជួយទៅដល់តំបន់នេះ គឺទាំងអ្នកស្រុកផងហ្នឹងបាទ។ ហ្នឹងក៏អាដែល ហើយយើងអត់គិតពីរឿងអតីតកាល របស់គាត់ អីគាត់ទៀតទេបាទ អញ្ចេះ។ ម្ល៉ោះហើយអាហ្នឹង គឺដូចជា គេហៅឲ្យគាត់ហ្នឹងបំភ្លេចអតីតកាលរបស់គាត់ ហើយក៏អាដែលបណ្តុះបណ្តាលឲ្យគិតថា នែ៎ វាមានការជ្រើសរើសទៅរកហៅថា នែ៎ៗផ្លូវទៅរកសន្តិភាព ទៅរកការរស់នៅសុខដុមរមនាជាមួយគ្នា ជាមួយទាំងអស់គ្នាបាទ។ ម្ល៉ោះហើយអាចរារាំងនូវអាជម្លោះ ហើយនឹងសង្គ្រាម ឬការច្បាំងគ្នាទៅថ្ងៃក្រោយនោះបាទ»។
អ្នកវិភាគរូបនេះក៏បានចាត់ថា ទុកការទទួលយកគំនិតផ្ទុយគ្នាមកដឹកនាំប្រទេសជាវិធីសាស្ត្រនៃការរក្សាសន្តិភាព និងបញ្ចៀសរាល់វិវាទទាំងឡាយ ដែលនៅបន្តយាយីសង្គមកម្ពុជា ក្រោយការរលំរលាយនៃរបបខ្មែរក្រហមដែលមានគោលដៅប្រែក្លាយកម្ពុជាឲ្យក្លាយជាសង្គមកសិកម្ម និងរស់នៅដោយស្មើភាពគ្នា។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានថ្លែងថា៖
«មនុស្សតាំងពីកើតមក សូម្បីតែកូនភ្លោះ ក៏វាខុសគ្នាដែរ។ ម្ល៉ោះគេអាចមានទស្សនៈខុសយើង។ គេអាចមានរូបរាងខុសយើង។ រួចទទួលស្គាល់អាភាពខុសៗគ្នានេះទៅបាទ។ ប៉ុន្តែអាចមានគំនិតស្រដៀងៗគ្នា ឬក៏រួមគ្នាបាទអញ្ចេះ។ រួចគំនិតយើងក៏អាចខុសគេ។ គំនិតគេក៏វាអាចខុសយើង។ ប៉ុន្តែអាចមានគំនិតផ្តេកផ្តួលទៅលើការណ៍ពិត ហើយគឺអាដែលអាចជាផលប្រយោជន៍រួមគំនិតហ្នឹងបាទ យកមកប្រើប្រាស់គំនិតហ្នឹង។ រឿងអីក៏យើងថា ទេ! អាដែលដោយសារគេ មិនមែន ដោយសារយើង មិនមែនដោយសារគំនិតយើង បោះបង់ចោលគំនិតគេ ឬក៏ទាត់ បដិសេធចោលទេ! អត់ទេ!»។
អន្លង់វែងមានសភាពស្ងប់ស្ងាត់ដូចបណ្តាភូមិនានានៅតាមទីជនបទនៃប្រទេស។ ប៉ុន្តែជីវិតរស់នៅទីនោះនៅតែមានភាពរស់រវើកជាមួយចិត្តគំនិតសមូហនិយម និងមានគំនិតស្របគ្នាក្នុងការរស់នៅដោយឯករាជ្យ។ នេះបើយោងតាមសៀវភៅប្រវត្តិសាស្ត្រស្តីពីសហគមន៍អន្លង់វែង ដែលជាទីការពារខ្លួនចុងក្រោយរបស់ចលនាខ្មែរក្រហម បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM)។
ខុសពីមនោគមវិជ្ជាដឹកនាំដើមរបស់ខ្មែរក្រហមដែលផ្តេកផ្តួលខ្លាំងលើការរស់ជាសមូហភាព អន្លង់វែង ក្រោមការដឹកនាំរបស់តាម៉ុក បានចាប់ផ្តើមមានកម្មសិទ្ធិឯកជន។ ក្រុមគ្រួសារយោធាត្រូវបានលើកទឹកចិត្តឲ្យផលិតស្បៀងខ្លួនឯង និងធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លីដោយខ្លួនឯង។
លោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានថ្លែងថា មជ្ឈមណ្ឌលនេះមានកិច្ចការលើសពីការរក្សាទុករឿងរ៉ាវដែលបានកើតឡើងនៅអន្លង់វែងសម្រាប់ការស្រាវជ្រាវ និងការស្វែងយល់អំពីដំណើរនៃការផ្សះផ្សាជាតិ និងសន្តិភាព។ លោកបានបញ្ជាក់ឲ្យដឹងថា មជ្ឈមណ្ឌលនេះបានខិតខំស្តារប្រព័ន្ធបរិស្ថាន ដោយបានដាំដើមឈើឡើងវិញនៅតំបន់អន្លង់វែង ដែលរងគ្រោះយ៉ាងខ្លាំងពីការកាប់បំផ្លាញព្រៃឈើ បង្កើនការអភិវឌ្ឍក្នុងតំបន់អន្លង់វែង និងថែរក្សាតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រ។
លោក លី សុខឃាង បានបញ្ជាក់ឲ្យដឹងថា ទោះបីមានធ្វើសមាហរណកម្មរបស់ចលនាខ្មែរក្រហមជាមួយរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៨ក៏ដោយ ក៏ប៉ុន្តែអតីតទាហានខ្មែរក្រហមនៅបន្តរស់ជាក្រុម និងរក្សាការគោរពមនោគមវិជ្ជាខ្មែរក្រហម ព្រោះថា តំបន់របស់ពួកគេគ្មានអំពើចោរកម្ម និងការប្រព្រឹត្តអំពើពុករលួយជាដើម។ លោកបានបន្ថែមថា អតីតសមាជិកនៃចលនាខ្មែរក្រហមត្រូវការពេលវេលាច្រើនទៀត ដើម្បីអនុញ្ញាតឲ្យពួកគេលុបបំបាត់ចោលនូវមនោគមវិជ្ជាដែលគេបានទទួលក្នុងសម័យកាលធ្វើបដិវត្តន៍របស់ពួកគេ៕