មជ្ឈមណ្ឌលឯកសារកម្ពុជាចូលរួមស្តារ និងអភិរក្សតំបន់អន្លង់វែងដែលជាអតីតមូលដ្ឋានចុងក្រោយរបស់ខ្មែរក្រហម។ ការស្តារ និងការអភិរក្សនេះគឺដើម្បីបង្ហាញឲ្យឃើញពីប្រវត្តិសាស្ត្រកម្ពុជា ដែលចាប់ផ្តើមមានសន្តិភាព ការផ្សះផ្សារបង្រួបបង្រួមជាតិ ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គម្រោងស្តារ និងអភិរក្សនេះមានគោលបំណងមួយផ្នែកសម្រាប់ការអប់រំ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម។
តំបន់អន្លង់វែងត្រូវគេគិតថា ជាតំបន់ដែលត្រូវធ្វើការអភិរក្ស និងអភិវឌ្ឍដើម្បីបង្ហាញដល់សាធារណជន និងអ្នកទេសចរណ៍អំពីសន្តិភាព និងសង្គ្រាម។ គម្រោងនេះត្រូវគេគិតថា អាចជាការអប់រំដ៏សំខាន់សម្រាប់ទប់ស្កាត់អំពើប្រល័យពូជសាសន៍មិនឲ្យកើតមានឡើងជាថ្មី។
គម្រោងស្ថាបនា អភិរក្ស និងអភិវឌ្ឍនេះនឹងចាប់ផ្តើមពីការស្ថាបនាទីតាំងប្រជុំ ដែលមេដឹកនាំខ្មែរក្រហម ប៉ុល ពត ប្រមុខរដ្ឋខ្មែរក្រហមគឺ ខៀវ សំផន និងតា ម៉ុក មេបញ្ជាការយោធាកំពូលរបស់ខ្មែរក្រហមបានជួបប្រជុំគ្នាតស៊ូប្រដាប់អាវុធ ហើយនឹងការសាងសង់ផ្ទះតាម៉ុក ការបង្កើតបុស្តិ៍ផ្តល់ព័ត៌មានតាមព្រំដែន ការអប់រំអំពីប្រវត្តិសាស្ត្រជាដើម។
លោក លី សុខឃាង ប្រធានគម្រោងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា ដំណើរការស្ថាបនា និងអភិរក្សនេះបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
«តំបន់ហ្នឹងគឺអាចថា ជាតំបន់មួយដែលឆ្លុះបញ្ចាំងពីមនោគមន៍វិជ្ជា និងរបៀបដឹកនាំ របៀបរស់នៅ។ នៅពេលដែលយើងមើលទៅ បានយើងដឹងថា ហ្នក ដោយសារតែបញ្ហាបែបហ្នឹងហើយបានជាប្រទេសយើងឆ្លងកាត់នូវអំពើប្រល័យពូជសាសន៍ សង្គ្រាមស៊ីវិល ទំរាំតែបានសន្តិភាព អញ្ចឹង»។
កងទ័ពខ្មែរក្រហមក្នុងតំបន់អន្លង់វែងបានចាប់ផ្តើមបញ្ឈប់ការវាយប្រយុទ្ធគ្នាហើយចុះចូលជាមួយរដ្ឋាភិបាលកាលពីឆ្នាំ១៩៩៨ ដែលធ្វើឲ្យកម្ពុជាចាប់ផ្តើមមានសន្តិភាព ការផ្សះផ្សារ បង្រួបបង្រួមជាតិទូទាំងប្រទេស។
លោក សុខឃាង បានអះអាងថា ក្រុមការងារអភិវឌ្ឍ និងអភិរក្សតំបន់ប្រវត្តិសាស្ត្រអន្លង់វែងបានសរសេរជាសៀវភៅប្រវត្តិសាស្ត្រ ហើយឥឡូវបានធ្វើជាសៀវភៅណែនាំសម្រាប់បង្រៀនមគ្គុទេសន៍ទេសចរណ៍ និងផ្តល់ការអប់រំតាមវិទ្យាល័យ អនុវិទ្យាល័យ និងបញ្ជៀបចូលតាមរយៈភ្ញៀវទេសចរណ៍។ លោកបានបញ្ជាក់បន្ថែមថា កម្ពុជាព្យាយាមបង្កើតការអប់រំទាំងថា្នក់ជាតិ តំបន់ និងពិភពលោក ដើម្បីជំរុញរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍។
«ខ្ញុំគិតថា ការទប់ស្កាត់នៃអំពើឃោរឃៅ សម្លាប់រង្គាលហ្នឹងគឺជាបញ្ហា ដែលយើងត្រូវចងចាំ មិនត្រឹមតែជំនាន់នេះទេ តែជំនាន់តៗទៅមុខទៀត។ ដូច្នេះហើយបានជាយើងបង្កើតនូវកំណត់ត្រាប្រវត្តិសាស្ត្រមួយច្បាស់លាស់ តាមរយៈតុលាការ តាមរយៈតុលាការខ្មែរក្រហម និងតាមរយៈការអប់រំប្រវត្តិសាស្ត្រហ្នឹង»។
លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា ជនរងគ្រោះជាច្រើន ជាពិសេសដើមបណ្តឹងរដ្ឋប្បវេណី ទំនងជាគាំទ្រការស្តារនិងអភិរក្សទីតាំងប្រវត្តិសាស្ត្រនេះ។
«អញ្ចឹងកិច្ចការ ជាចរិតរបស់ដើមបណ្តឹង រដ្ឋប្បវេណី និយាយជារួមគាត់ចង់បានការបន្សល់នូវអ្វីដែលគេហៅថា កេរអាករសម័យខ្មែរក្រហម ក៏ដូចជាស្តូបសំខាន់ៗ នៅទីប្រជុំជន ហើយអន្លង់វែងវាជាផ្នែកមួយនៃទីក្រុង»។
លោកថ្លែងថា ការប្រមូលភស្តុតាង និងឯកសារគឺជារឿងរស៊ើបសម្រាប់អ្នកនយោបាយជំនាន់ចាស់ និងថ្មី តែលោកថា ទំនងជាគ្មានការបដិសេធទេចំពោះគម្រោងនៅអន្លង់វែងនេះ។
ក៏ប៉ុន្តែលោក ជុំ ម៉ី អ្នករស់រានមានជីវិតពីគុកទួលស្លែង បានថ្លែងថា តំបន់ប្រវត្តិសាស្ត្រអំពីខ្មែរក្រហមគួរតែធ្វើឡើងនៅសារមន្ទីរ កសាងនៅសារមន្ទីរ ទួលស្លែង ផងដែរ ព្រោះនេះជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាកន្លែង ដែលលោកខិតខំផ្សព្វផ្សាយការអប់រំ កុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ ការអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រអន្លង់វែងនេះកំពុងនៅក្នុងដំណាក់កាលការសរសេរគម្រោង និងពិភាក្សាឡើងវិញ ក្រោយពីត្រូវពន្យារពេលជិត១០ឆ្នាំ។
លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានថ្លែងថា គម្រោងនេះស្ថិតក្នុងដំណាក់កាលរៀបចំ និងពិភាក្សា ដោយត្រូវរង់ចាំការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាល។ តែលោកថា គណៈកម្មការមានការប្រជុំរាល់បីខែម្តង ដើម្បីពិភាក្សាអំពីគម្រោងស្តារ និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រនេះ។
តំបន់អន្លង់វែង ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃនៅភាគខាងជើងប្រទេស គឺជាអតីតទីតាំងរឹងមាំចុងក្រោយរបស់ពួកខ្មែរក្រហម ដែលបន្តរហូតមកដល់ឆ្នាំ១៩៩៨ ទោះបីជាកិច្ចព្រមព្រៀងក្រុងបារីសបានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ ដែលពេលនោះភាគីជម្លោះទាំងអស់បានព្រមព្រៀងថា ឈប់បាញ់គ្នា ហើយយកសន្តិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស។
ដោយសារយុត្តិធម៌ជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការកសាងសន្តិភាពនោះប្រទេសកម្ពុជាបានសម្រេចយល់ព្រមមួយអ.ស.ប.ធ្វើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមមួយចំនួន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះជាង១លាន៧សែននាក់ ដែលត្រូវសម្លាប់ កាលពីចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ទោះបីជារដ្ឋាភិបាលកម្ពុជាបានសន្យាថា មិនយកទោសពៃរ៍ដល់ពួកអតីតខ្មែរក្រហមក្តី៕