ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​នាំ​យក​ខ្សែ​ភាពយន្ត​អាហ្រិ្វកទៅ​​បញ្ចាំង​នៅ​ក្នុង​រោង​កុន​ទ្វីប​អាហ្រ្វិក


បដារបស់ខ្សែភាពយន្តអាហ្វ្រិកខាងត្បូងដែលមានចំណងជើងថា "Necktie Youth"
បដារបស់ខ្សែភាពយន្តអាហ្វ្រិកខាងត្បូងដែលមានចំណងជើងថា "Necktie Youth"

ជា​ទូទៅ​ នៅ​យប់​ថ្ងៃ​សុក្រ​ ក្នុង​ទី​ក្រុង​ Abidjan អ្នក​ទៅ​ទស្សនា​ខែ្ស​ភាព​យន្ត​ជា​ញឹក​ញាប់​ត្រូវ​ជ្រើស​រើស​រវាង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​អាមេរិក​ ឬ​រឿង​កំប្លែង​បារាំង​ ដែល​ចាក់​បញ្ជាំង​ក្នុង​រោង​កុន​មួយ​ក្នុង​ចំណោម​រោង​ភាពយន្ដ​ទាំង​បី​នៅ​ក្នុង​ក្រុង។

ប៉ុន្តែ​យប់​នេះ​ខ្សែ​ភាពយន្ដ​អាហ្វ្រិក​ខាង​ត្បូង​ដែល​បាន​ទទួល​ពាន​រង្វាន់​រឿង​ «យុវជន​ក្រវ៉ាត់ក​» (Necktie Youth) ក៏​ត្រូវ​បាន​ចាក់​បញ្ចាំង​ផង​ដែរ។

ខ្សែ​ភាពយន្ត​ ស-ខ្មៅ​នេះគឺ​ជា​រឿង​និទាន​ដើម​និយាយ​អំពី​យុវជន​អាហ្វ្រិក​ខាង​ត្បូង​ដែល​បាន​ទទួល​រង​ការ​ធ្វើ​បាប។

លោក Bienvenu​ ដែលជា​ទស្សនិក​ជន​មួយ​រូប​ បាន​និយាយ​ថា ​លោក​ចូល​ចិត្ត​ខ្សែ​ភាពយន្ដ​នេះ។
លោក​បាន​និយាយ​ថា «ខ្ញុំ​ចូល​ចិត្ត​មិត្ដភាព​ដែល​ខុស​ជាតិ​សាសន៍​នៅ​ក្នុង​រឿង​នេះ ​វា​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​អាហ្រ្វិក​ខាង​ត្បូង។»

លោក Bienvenu ធំ​ឡើង​នៅ​ក្នុង​ទីក្រុង ​Kinshasa ដោយ​មើល​ភាពយន្ត​អាមេរិក​និង​បារាំង​ជា​ច្រើន។ លោក​និយាយ​ថា ​មិន​មាន​ខ្សែ​ភាព​យន្ត​ក្នុង​ស្រុក​ច្រើន​ទេ។

«ខ្ញុំ​អាច​រាប់​នឹង​ម្រាម​ដៃ​ខ្ញុំ​បាន​ដើម្បី​បង្ហាញ​ពីចំនួន​ខ្សែ​ភាពយន្ដ​កុងហ្គោ​ដែល​ខ្ញុំ​បាន​មើលទេ។ ខ្ញុំ​ចង់​ឱ្យ​យើង​បើក​ទូលាយ​នៅ​ក្នុង​ពិភព​លោក ប៉ុន្តែ​ ខ្ញុំ​ចង់​លើក​កម្ពស់​ភាពយន្ត​អាហ្វ្រិក​ផង​ដែរ។ យើង​មាន​តារា​សម្ដែង​ច្រើន​ មាន​ខ្សែ​ភាពយន្ដ​ច្រើន​ ប៉ុន្តែ​មាន​ធនធាន​តិច​តួច​ គ្មាន​ទីផ្សារ ហើយ​មិន​មាន​អ្នក​ស្គាល់»។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​លោក Steven Markovitz ផលិតករ​អាហ្រ្វិក​ខាង​ត្បូង​ បាន​បង្កើត​បណ្តាញ​ចាក់​ផ្សាយ​រឿង​អាហ្វ្រិក​ ឬ ASN នៅ​ដើម​ឆ្នាំ​នេះ​ដោយ​មាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិទ្យា​ស្ថាន​ Goethe ​របស់​ប្រទេស​អាល្លឺម៉ង់។ បណ្តាញ​នេះ ​មាន​គោល​បំណង​ដើម្បី​លើក​កម្ពស់​ខ្សែ​ភាពយន្ត​អាហ្វ្រិក​ទៅ​ទស្សនិកជន​អាហ្រ្វិក ​និង​ចែក​ចាយ​រឿង​ក្នុង​ស្រុក​កាន់តែ​ច្រើន​នៅ​ទូទាំង​ទ្វីប​នេះ។

អ្នក​គ្រប់គ្រង​ ASN លោក ​Khanyo Mjamba បាន​ពន្យល់​ថា៖
«ផលិតករ​មួ​យ​ចំនួន​ ប្រហែល​ជា​មិន​មាន​ថវិកា​ដើម្បី​ចែក​ចាយ​ខ្សែ​ភាពយន្ត​ដោយ​ខ្លួន​ឯង​ទេ ព្រោះ​ប្រសិន​បើ​អ្នក​ជា​អ្នក​ចែកចាយ​នៅ​អាហ្វ្រិក​ខាង​ត្បូង ​អ្នក​ប្រហែល​ជា​មិន​ស៊ាំ​ជាមួយ​ស្ថាន​ភាព​នៅ​ប្រទេស​នីហ្សេរីយ៉ា​និង​ការដែល​អាច​បញ្ជូល​ខ្សែ​ភាពយន្ត​របស់​អ្នក​ ទៅ​ក្នុង​ទីផ្សារ​នោះ​របៀប​ណា​ទេ»។

លោក Mjamba បាន​ពន្យល់​ថា ​បច្ចុប្បន្ន​នេះ ​ការ​ជ្រើស​រើស​ខ្សែ​ភាពយន្ដ​ដែល​ឈ្នះ​ពាន​រង្វាន់​ចំនួន​ប្រាំមួយ​ ពី​ប្រទេស​កេនយ៉ា ​ស៊ូដង់ ​កូតឌីវ័រ ​និង​អាហ្រ្វិក​ខាង​ត្បូង​ ត្រូវ​បាន​បញ្ជាំង​ក្នុង​រោង​កុន​ដែល​បង់​លុយ​សម្រាប់​ការ​ចាក់​បញ្ជាក់​ ហើយ​ដែល​ត្រូវ​ចែក​ជា​ពីរ​ចំណែក ​រវាង​ក្រុមហ៊ុន​ផលិតកម្ម និងASN។
«ការ​យក​ថ្លៃ​បញ្ចាំង​នេះ​ អាច​ជា​បញ្ហា​ប្រឈម​មួយ ដោយ​មាន​កន្លែង​មួយ​ចំនួន​ ជា​ពិសេស​ កន្លែង​តូចៗ​មិន​សូវ​មាន​រឿង​បញ្ចាំង​ច្រើន»។

ប៉ុន្តែ លោក Mjamba បាន​និយាយ​ថា ​កន្លែង​បញ្ជាំង​ភាគ​ច្រើន​យល់​ពី​តម្រូវការ​ក្នុង​ការ​ដាក់​បញ្ចាំង​រឿង​អាហ្រ្វិក ទោះបីជា​ពួក​គេ​ទទួល​បា​នផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​តិច​តួច​នៅ​ដំណាក់កាល​ដំបូង​នេះ​ក៏​ដោយ។

លោក Mjamba​ និយាយ​ថា​ ពួក​គេ​មាន​គោល​បំណង​បង្ហាញ​រឿង​ល្អ​បំផុត​នៃ​វិស័យ​ភាពយន្ត​អាហ្វ្រិក។

«ខ្សែ​ភាពយន្ត​ដែល​អ្នក​ផលិត​ភាពយន្ត​បានមើល​ហើយ​បានជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​និយាយ​ថា​ អ្ហេ!​ ខ្ញុំ​ក៏​អាច​ផលិត​ខ្សែ​ភាពយន្ដ​ដូច្នេះ​បាន​ដែរ ខ្ញុំ​ហ៊ាន​ធ្វើ​ខ្សែ​ភាពយន្ដ​មួយ​ដែល​មិន​ទាន់​បាន​ផលិត​នៅ​ឡើយ។»

រហូត​មក​ដល់​ពេល​នេះ មាន​ការ​បញ្ជាំង​ប្រហែល​២០​ដង ក្នុង​ប្រទេស​ចំនួន​១៦ ​ត្រូវ​បាន​រៀបចំ​ចាក់​បញ្ចាំង។ ASN ​សង្ឃឹម​ថា​នឹង​ឈាន​ដល់​៣០​ នៅ​ចុង​ឆ្នាំ​នេះ៕

ប្រែស​ម្រួល​ដោយ៖ ឆាយ​ គីមហ៊ង

XS
SM
MD
LG