ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១០​ឆ្នាំ​ក្រោយ​បាត់​ដី​ទៅ​ក្រុមហ៊ុន​ស្ករអំពៅ​អ្នក​ភូមិ​ធ្លាក់​ក្នុង​បំណុល​ហើយ​​កូនៗ​បោះបង់​ការ​សិក្សា


រថយន្តដឹកអំពៅតាមបណ្តោយផ្លូវក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)
រថយន្តដឹកអំពៅតាមបណ្តោយផ្លូវក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)

ជិត​១០​ឆ្នាំ​មក​ហើយ ​ជីវិត​របស់​អ្នកស្រី ឃន ខន បាន​ផ្លាស់​ប្តូរ ចាប់​តាំង​ពីអ្នកស្រីបាត់​បង់ដីធ្លី​ប្រមាណ​៣ហិកតា​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ​ នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

អ្នកស្រី​ ឃន ​ខន​ ដែល​មាន​អាយុ​៦៤​ឆ្នាំ​ ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ស្រែ​ច្រាប​លើ​ដី​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​សហគមន៍​នៅ​ទីនោះ។ ផ្ទះ​បច្ចុប្បន្ន​របស់​អ្នក​ស្រី​នៅ​ចម្ងាយ​ជាង​១០​គីឡូ​ម៉ែត្រ​ពី​ដី​ចាស់​ដែល​អ្នកស្រី​ចោទ​ថា​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ​បានរឹប​អូស​យក។

អ្នកស្រី​បាន​ថ្លែង​ថា​អ្នកស្រី​មិន​ធ្លាប់​ជំពាក់​បំណុល​គេ​ មុន​ពេល​បាត់បង់ដី​នោះ​ទេ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ អ្នកស្រី​កំពុង​ជំពាក់​ធនាគារ​ចំនួន​២ ដែលសរុប​ទឹកប្រាក់​ប្រមាណ​៥.០០០ដុល្លារ​អាមេរិក និង​ជំពាក់​ឯកជន​ប្រមាណ​១ពាន់​ដុល្លារ​ទៀត។

អ្នកស្រី​ ឃន ​ខន ​ដែល​មាន​កូន​៧នាក់ បន្ថែម​ថាអ្នកស្រី​ត្រូវ​ការ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាពប្រចាំ​ថ្ងៃ រហូត​ដល់​មាន​ការ​ខ្ចី​ជា​បន្តបន្ទាប់។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOAនៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ភូមិ​ស្រែច្រាប ឃុំ​ត្រពាំង​ជោរកាល​ពី​ថ្ងៃ​ពុធថា៖

«រដ្ឋាភិបាល​បើ​ដោះស្រាយ​ឲ្យ​យើង​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​យើង​តវ៉ា​រហូត​ខ្លាំងៗ [វា​មិន​អី​ទេ]។ ទទួល​ថា​ដោះ​ស្រាយ​ខែ​នេះ ខែ​នោះ ឆ្នាំ​នេះ ឆ្នាំ​នោះ អត់​ឃើញ។ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជំពាក់​ចង​ក ជំពាក់​រដ្ឋ[ធនាគារ] ជំពាក់​ឯកជន។ បើ​មិន​ជឿ​ ទៅ​ដើរ​សួរ​តាម​ភូមិ មិន​មែន​តែ​ខ្ញុំ​មួយ​ទេ»។

អ្នកស្រី​ ឃន ​ខន​ គឺ​ជា​អ្នកប៉ះពាល់​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​ប៉ះពាល់​និងរង​គ្រោះប្រមាណ​១២០០​គ្រួសារ​ដែល​ទីលំ​នៅ​ និង​ដីធ្លី​របស់​ពួកគេ ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ ​តាំង​ពី​១០​ឆ្នាំ​មុន​មក។

ក្រោយ​ពី​មាន​ជម្លោះ​ដីធ្លី​នោះ​មក ​ប្រជាជន​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ស៊ី​ឈ្នួល​ឲ្យ​អ្នក​ដទៃ ​ដើម្បី​រក​ប្រាក់​ចំណូល​ជា​ដើម​ហើយ​មួយ​ចំនួន​ទៀត​បាន​ចាក​ចេញ​ទៅ​រស់​នៅ​តំបន់​ផ្សេង​ៗ​ទៀត។

ជីវិត​របស់​អ្នកស្រី​ ឃន ខន ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ និង​ជួប​ការ​លំបាក​ច្រើន​ចាប់​តាំង​ពី​ពេល​ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ ​យក​ដី​ដែល​មាន​ទំហំ​៣​ហិកតា​របស់​អ្នក​ស្រី​និង​ដី​របស់​កូន​អ្នកស្រី​៤នាក់​ទៀត​ ដែល​មាន​ទំហំ​សរុប​ជាង ​១០​ហិកតា។

ស្វាមី​របស់​អ្នកស្រី លោក លឹម វ៉ាន់ អតីត​ទាហាន​ខ្មែរ​ក្រហម បាន​ស្លាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខណៈអ្នកស្រី​ ដែល​បាក់​ដៃ​ខាង​ស្តាំ ដោយសារ​គ្រោះ​ថ្នាក់ ពុំ​មាន​ដី​ធ្វើ​ស្រែ​ចម្ការ ចិញ្ចឹម​សត្វ​គោ មាន់​ទា ដូច​កាល​ពី​មុន។

អ្នកស្រី​ត្រូវ​បង់​ធនាគារ​ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​ទៀត ដោយ​ក្នុង​មួយ​ខែ ​អ្នកស្រី​ត្រូវ​បង់​ជាង​៧០ម៉ឺន​រៀល​ ហើយ​ប្រាក់​នោះ គឺ​ត្រូវ​បាន​ជួយ​បង់​ដោយ​កូន​ប្រុស​ពៅ​របស់​អ្នកស្រី គឺ​លោក​ វ៉ាន់​ ប្រុស ​អាយុ​២០​ឆ្នាំ ដែល​ឈប់​រៀន ​ស៊ី​ឈ្នួល​ដឹក​ឈើ​ឲ្យ​គេ។

អ្នកស្រី ឃន ខន អាយុ៦៤ឆ្នាំ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)
អ្នកស្រី ឃន ខន អាយុ៦៤ឆ្នាំ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)

ក្រៅ​ពី​ជំពាក់​បំណុល​គេ​ដែល​អ្នកស្រី​អះអាង​ថា​ពិបាក​នឹង​សង អ្នកស្រី​បង្ហាញ​ការ​សោកស្តាយ​ដែល​កូន​ប្រុស​របស់​អ្នកស្រី៣​នាក់ បាន​ឈប់​រៀន​នៅ​ថ្នាក់​ទាបៗ ក្រោយ​ពេល​អ្នកស្រី​បាត់​បង់​ដីធ្លី ហើយ​ពួកគេបច្ចុប្បន្ន​ធ្វើ​ការ​ស៊ី​ឈ្នួល​ដឹក​ឈើ​ឲ្យ​គេ​ដើម្បី​ជួយ​ជីវភាព​អ្នកស្រី។

អ្នកស្រី​មាន​ប្រសាសន៍ថា៖«កូន​ខ្ញុំ អត់​បាន​រៀន​ទៅ​ថ្នាក់​ខ្ពស់​នឹង​គេ មក​ពី​អា​បាត់​បង់​ដី​ហ្នឹង។ បើ​នៅ​ដី កូន​ខ្ញុំ​អាច​បាន​រៀន​ទៅ​ច្រើន បាន​ចេះ​ចំណេះ​វិជ្ជា ធ្វើ​ការ​នឹង​គេ​បាន​ខ្ពស់ៗ មិន​បាន​ធ្វើ​ខ្ញុំ​គេ រាល់​តែ​ថ្ងៃ»។

មិន​ត្រឹម​តែ​អ្នកស្រីដែល​បាត់បង់​ដី​នោះ​ទេ កូនៗ​របស់​អ្នកស្រី​៤នាក់​ផ្សេង​ទៀត ក៏​បាន​បាត់បង់​ដី​សរុប​ទាំង​អស់​ជាង​១០ហិកតា​ ទៅ​ក្រុមហ៊ុន​ស្ករអំពៅ​ដែល​គ្រប់​គ្រង​ដោយ​ឧកញ៉ា​ លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ឆ្នាំ​២០១០។

កូន​របស់​អ្នកស្រី គឺ​អ្នកស្រី​ វ៉ាន់ សៅរី អាយុ​៣០​ឆ្នាំ​ បាន​ថ្លែង​ថា​អ្នកស្រី​បាន​បាត់បង់​ដី​ធ្លី​ចំនួន​២​ហិកតា​កន្លះ ដែល​អ្នកស្រី​ធ្លាប់​ធ្វើ​ស្រែ​ ដើម្បី​បាន​អង្ករ​ហូប​ប្រចាំ​ឆ្នាំ។ ប៉ុន្តែ​អ្នកស្រី​ដែល​មាន​កូន​២នាក់ លែង​បាន​ធ្វើ​ស្រែ​ទៀតហើយ និង​ត្រូវ​ចំណាយ​លុយ​ទិញ​អង្ករ​គេ​ហូប​វិញ។

អ្នកស្រី វ៉ាន់ សៅរី អាយុ៣០ឆ្នាំ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)
អ្នកស្រី វ៉ាន់ សៅរី អាយុ៣០ឆ្នាំ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)

អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ពិបាក​ខ្លាំង វា​អត់​មាន​ដី​ស្រែ ធ្វើ​ស្រែ។ បើ​ខ្ញុំ​ឥឡូវ​ហ្នឹង អស់​ដី​ធ្វើ​ស្រែ​ហើយ។ បាន​ម៉ែ​ចែក​ឲ្យ​ហ្នឹង​គ្រាន់​បាន​ធ្វើ​ស្រែ ដល់​ពេល​គេ​យក​បាត់​ទៅ អត់​មាន​អី​ធ្វើ​ផង»។

អ្នកស្រី​បន្ត​ថា ​អ្នកស្រីធ្លាប់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​បាន​ប្រមាណ​១​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៧ ខាង​ផ្នែក​ច្រក​ស្ករ​សចូល​ការ៉ុង។ អ្នកស្រី​ថា​អ្នកស្រី​មិន​ចង់​ធ្វើ​ការ​នៅ​ទីនោះ​ទេ ប៉ុន្តែគ្មាន​ជម្រើស ​ដោយសារ​ត្រូវការ​ថវិកា។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖«អារម្មណ៍​ខឹង បើ​យើង​អត់​ការងារ​ធ្វើ​អញ្ចឹង​ទៅ ចេះ​តែ​ចូល​ធ្វើ បើ​យើង​អត់​ចូល យើង​អត់​មាន​លុយបង់​គេ»។ អ្នកស្រី​បាន​ជំពាក់​លុយធានាគារ ប្រមាណ​៥​ពាន់​ដុល្លារ​ផង​ដែរ។

អ្នកស្រី​ វ៉ាន់ សៅរី ​ដែល​ជាស្រ្តី​មេម៉ាយ ​កំពុង​បារម្ភ​អំពី​អនាគត​កូនៗ​ដែល​កំពុង​រៀន​ថ្នាក់​ទី​៦ និង​ថ្នាក់​ទី​៣ ខណៈ​អ្នកស្រី​ស៊ី​ឈ្នួល​ដក​ដំឡូង​ឲ្យ​គេ​នៅ​ក្នុងឃុំត្រពាំងជោរ​ ស្រុក​ឳរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

អ្នកស្រី​បាន​ថ្លែង​ថា៖«បារម្ភ! ​វា​ចង់​ចេះ​រៀន​ទៅ​មុខ​អញ្ចឹង​ទៅ ខ្លាច​យើង​អត់​មាន​លុយ​ឲ្យ​វា​រៀន ព្រោះ​អី​កូន​ខ្ញុំ​រៀន​ចេះ​ណាស់ រាល់​ថ្ងៃ​ វា​ចង់​រៀន ខ្លាច​ទៅ​មុខ​ទៅ រក​លុយ​អត់​បាន​ឲ្យ​វា​រៀន»។

តំណាង​ប្រជាពលរដ្ឋ​ដែល​បាត់​បង់​ដី​ធ្លី​ដែរ​ លោក សឹង សុខុម មាន​ប្រសាសន៍ថា​ ប្រជាពលរដ្ឋ​ដែល​បន្ត​តវ៉ា​ទាមទារ​ដីធ្លី​រាប់​រយ​គ្រួសារបាន​ជួប​ការ​លំបាក​ជា​បន្តបន្ទាប់ ​រហូត​ដល់​ធ្លាក់​ទៅ​ក្នុង​បំណុល​ ចំណាក​ស្រុក និង​កូនៗ​មិន​បាន​ចូលរៀន​ជា​ដើម។

លោក ​សុខុម ​ដែល​បាត់​បង់​ដី​ទៅ​ក្រុមហ៊ុន​អំពៅ​ប្រមាណ​១ហិកតា​កន្លះ បាន​ថ្លែង​ប្រាប់​VOAនៅ​ផ្ទះ​របស់​លោក​ថា៖ «បន្ទាប់​ពី​គាត់​បាត់​បង់​ដី​ធ្លី​ទៅ ជីវភាព​គាត់​ធ្លាក់​ដុនដាប​ខ្លាំង ដោយសារ​គាត់​ខ្វះ​ស្រូវ អង្ករ​ហូប​អញ្ចឹង។​ទីមួយ​ប្រឈម​នឹង​ការ​ខ្វះ​បាយ​ហូប។ ចំណូល​ដែល​គាត់​រក​បាន​តិច​តួច ទិញ​តែ​លើ​អង្ករ លើ​បាយ​ហូប ហើយ​ត្រូវ​បាត់​បង់​ការ​សិក្សា​កូនៗ​របស់​ពួកគាត់ ដោយសារ​យើង​មិន​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលា»។

លោក​បន្តថា ​ប្រជាពលរដ្ឋ​រង​គ្រោះ ​និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ក៏​បាន​ទៅ​ធ្វើ​ការ​ឲ្យក្រុមហ៊ុន​ស្ករ​អំពៅ​ផង​ដែរ នៅ​ពេល​ក្រុមហ៊ុន​ត្រូវ​ការ​កម្លាំង​មនុស្ស​ច្រើន ដោយសារ​ពួកគេ​ត្រូវ​ការ​ប្រាក់​ចំណូល។ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មិន​ត្រូវ​ការ​កម្លាំង​ពលកម្ម​ដូច​មុន​ទៀត​ទេ ដោយសារ​ក្រុមហ៊ុន​ប្រើ​គ្រឿង​ម៉ាស៊ីន​ជំនួស​វិញ។

កាល​ពី​ពេល​ថ្មីៗ​នេះ ធនាគារ​ANZដែលផ្តល់​កម្ចី​៤០​លាន​ដុល្លារដល់​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុង​ផាត់ កាល​ពី​ឆ្នាំ​២០១១ បាន​សម្រេច​ផ្តល់​កញ្ចប់​ថវិកា​ចំណេញ​ពី​កម្ចី​នេះ ដល់​គ្រួសារ​ទាំង​ឡាយ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បង្ខំ​ឲ្យ​ផ្លាស់​ប្តូរ​ទីលំនៅដ្ឋាន។ ធនាគារANZ​របស់​ប្រទេស​អូស្ត្រាលី​ ​បាន​ទទួល​ស្គាល់​កំហុស​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ ក្រោយ​មានការ​ប្តឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ អស់​រយៈ​ពេល​៥ឆ្នាំ។ ការ​ទទួល​ខុស​ត្រូវ​របស់​ធនាគារ​នេះ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ទាំងនេះ​ត្រូវ​បាន​ក្រុម​អ្នក​តស៊ូ​មតិ​គាំទ្រ​និង​សាទរ​ ​ហើយ​ពួក​គេ​ថា​ ទង្វើ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ដទៃ​ៗ​ទៀត​យក​តម្រាប់​តាម​និង​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

ទោះជាយ៉ាងណា​ក៏​ដោយ ​ក្រោយ​ការ​ប្រកាស​សេចក្តី​សម្រេច​នេះ លោក អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជាដែល​ជួយ​ដាក់ពាក្យ​បណ្តឹង​ក្នុង​នាម​តំណាង​ឲ្យ​ពលរដ្ឋ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថានេះ​ជាការ​ទទួល​ស្គាល់​ដ៏​សំខាន់​មួយ តែ​លោក​ថា«​វា​មិន​អាច​ជំនួស​ឲ្យ​ការ​ទទួល​ខុសត្រូវ​ណា​មួយ​របស់​ក្រុមហ៊ុន​ស្ករ​ភ្នំពេញ ​ក្នុង​ការ​ផ្តល់​សំណង​ពេញលេញ​ដល់​សហគមន៍សម្រាប់​ការ​ខូច​ខាត​ទាំង​ឡាយ​របស់​ពួកគាត់​ឡើយ»។

តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ លោក សឹង សុខុម មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​មួយ គាត់​ស្តា​សិទ្ធិ​មនុស្ស​មក​វិញ​ដែរ ហើយ​ក៏​ជា​ផល​ប្រយោជន៍​មួយ ធ្វើ​ឲ្យ​សហគមន៍​បាន​ចែក​រំលែក​ក្នុង​ការ​លំបាក​របស់​គាត់​មួយ​ចំនួន​ដែរ ហើយ​យើង​ត្រេក​អរ​មែន​ទែនចំពោះANZ​ដែល​ធ្លាប់​តែ​បដិសេធ​មិន​ចរចា ហើយ​ឥឡូវ​នេះ បែរ​ជា​ចរចា​ហើយ ព្រម​ឲ្យ​ប្រាក់​ចំណេញ​មក​សហគមន៍​វិញ​ទៀត»។

ចំណែក​អ្នកស្រី ឃន ខន ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​របស់​អ្នកស្រី​ឲ្យ​បាន​ឆាប់ៗ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ANZ គាត់​គ្រាន់​តែ​ប្រាក់​ចំណេញ​ផង។ គាត់​សុខ​ចិត្ត​នឹក​ឃើញ​ថា គាត់​ហ្នឹង​ឲ្យ​ប្រាក់​ហ្នឹង​មក ឲ្យ​ក្រុមហ៊ុន​ហ្នឹង​អភិវឌ្ឍ​ខុស​ច្បាប់​លើ​ដី​ពួក​ខ្ញុំ។ គាត់​គិត​ឃើញ​អញ្ចឹង បាន​គាត់ផ្តល់​លុយ​ហ្នឹង ប្រាក់​ចំណេញ​ឲ្យ​មក​យើង។ ហើយ​ចុះ​រដ្ឋាភិបាល​យើង ប្រជាពលរដ្ឋ​យើង ខ្លួន​ឯង សុំ​ឲ្យ​គាត់​ហ្នឹង​ឆាប់​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ ដូច​ANZ​ផង»។

លោក លី​ យ៉ុង​ផាត់ ម្ចាស់​ក្រុម​ហ៊ុន​ស្ករ​ស​ភ្នំពេញ​ និង​ជាព្រឹទ្ធសមាជិក​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​នេះ​ជា​ការ​សម្រេច​របស់​ធនាគារ​ANZ ​ហើយ​លោក​ថា​ក្រុមហ៊ុន​របស់​លោក​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អស់​ហើយ។

លោក​បាន​ថ្លែង​ប្រាប់​VOA​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​ថា៖«អូ អា​រឿង​ហ្នឹង​ រឿង​ក្រុម​ហ៊ុន​គេ យើង​មិន​ហ៊ាន​ទៅ​បកស្រាយ​ជំនួស​គេ អត់​បាន​ទេអាហ្នឹង។ រឿង​ក្រុមហ៊ុន​គេ​ សិទ្ធិ​គេ ឲ្យ​គេ​ធ្វើ​របស់​គេ​ទៅ»។

ឆ្លើយ​តប​នឹង​ការ​អះអាង​អំពី​«ស្ករ​ប្រឡាក់​ឈាម»ដែល​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​បាន​ដាក់​ឈ្មោះ​ឲ្យ លោក លី យ៉ុង​ផាត់ មាន​ប្រសាសន៍​ថា៖ «ប្រឡាក់​ឈាម​ណា​ ឥឡូវ​រក​ស្ករ​ស៊ី​អត់​បាន​ផង។ អត់​អី​ទេ គេ​ថា​ម៉េច​ សិទ្ធិ​គេ​និយាយ​ លើ​គេ​ យើង​ធ្វើ​ម៉េច»។

លោក​បន្ថែម​ថា៖ «កន្លង​ទៅ ខ្ញុំ​ដោះ​អស់​ច្រើន​ហើយ។ ទាំង​អា​៥០០​ដុល្លារ​ហ្នឹង[សំណង​ដែល​ផ្តល់​ឲ្យ​ពលរដ្ឋ​រង​គ្រោះ] ដោះ​មិន​ដឹង​ប៉ុន្មាន​លើក​ហើយ។ ឥឡូវ​យើង​ទុក​ឲ្យ​ក្រសួង​ជា​អ្នក​ដោះស្រាយ​ម្តង ព្រោះ​ក្រសួង គេ​មាន​គណៈ​កម្មការ​គេ​មើល​ការ​ខុស​ត្រូវ»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ សេង​ ឡូត ​អ្នកនាំពាក្យ​ក្រសួង​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​បាន​នៅ​ឡើយ​ទេ។

សម្រាប់​អ្នក​ស្រី ​ឃន ​ខន​ អ្នកស្រី​សង្ឃឹម​ថា​ថវិកា​ដែល​នឹង​ផ្តល់ដោយ​ធនាគារ នឹងអាច​ឲ្យ​អ្នកស្រី​ដោះស្រាយ​បំណុល​គេ​បាន​ខ្លះ។ តែ​អ្នកស្រី​នៅ​តែ​បន្ត​ទាមទារ​ដី​ធ្លី និង​សំណង​នៃ​ការ​ខូចខាតក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​មក​នេះ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «វា​យឺត​ពេល​ហើយ ក៏​ប៉ុន្តែ​ក្រែងលោ​វា​គ្រាន់​រំលស់​អី​អញ្ចឹង​ណា វា​យឺត​ពេល។ វា​យឺត​ខ្លាំង​ណាស់។ បើ​សិន​ឲ្យ​តាំង​ពី​មុន បើ​សិន​ឲ្យ​តាំង​ពី​មុន វា​អត់​ជំពាក់​ទេ»៕

XS
SM
MD
LG